Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ក្រុង​របស់​ពួក​លេវី

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ ថា៖

2 «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ប្រគល់​ទី​ក្រុង​ក្នុង​មត៌ក​ជា​កេរ‌អាករ​របស់​គេ ឲ្យ​ពួក​លេវី​រស់​នៅ​ផង ហើយ​ក៏​ត្រូវ​ប្រគល់​វាល​ស្មៅ​នៅ​ជុំ‌វិញ​ទី​ក្រុង​ទាំង​នោះ​ឲ្យ​ពួក​លេវី​ដែរ។

3 ដូច្នេះ គេ​នឹង​មាន​ទី​ក្រុង​សម្រាប់​រស់​នៅ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន សម្រាប់​ហ្វូង​គោ ហ្វូង​ចៀម និង​សត្វ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន​របស់​គេ។

4 វាល​ស្មៅ​នៅ​ជុំ‌វិញ​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី ត្រូវ​វាស់​ចាប់​ពី​កំផែង​ក្រុង ចេញ​ទៅ​ក្រៅ​ប្រវែង​មួយ​ពាន់​ហត្ថ។

5 ត្រូវ​វាស់​នៅ​ខាង​ក្រៅ​ទី​ក្រុង ពីរ​ពាន់​ហត្ថ​ទៅ​ទិស​ខាង​កើត ពីរ​ពាន់​ហត្ថ​ទៅ​ទិស​ខាង​ត្បូង ពីរ​ពាន់​ហត្ថ​ទៅ​ទិស​ខាង​លិច ពីរ​ពាន់​ហត្ថ​ទៅ​ទិស​ខាង​ជើង ហើយ​ទី​ក្រុង​ស្ថិត​នៅ​កណ្ដាល។ នេះ​នឹង​បាន​ជា​វាល​ស្មៅ​សម្រាប់​ឲ្យ​គេ​ឃ្វាល​សត្វ​នៅ​ជុំ‌វិញ​ទី​ក្រុង​ទាំង​នោះ។

6 ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ពួក​លេវី ត្រូវ​ឲ្យ​មាន​ទី​ក្រុង​ជម្រក​ចំនួន​ប្រាំមួយ សម្រាប់​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​គេ​បាន​រត់​ទៅ​ជ្រក ហើយ​ក្រៅ​ពី​នោះ អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ទី​ក្រុង​ចំនួន​សែ‌សិប​ពីរ​ទៀត​ទៅ​គេ។

7 អស់​ទាំង​ទី​ក្រុង​ដែល​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី មាន​ទាំង​អស់​សែ‌សិប​ប្រាំបី ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ផង។

8 រីឯ​ទី​ក្រុង​ក្នុង​កេរ‌អាករ​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី គឺ​កុល‌សម្ព័ន្ធ​ធំ ត្រូវ​យក​ទី​ក្រុង​ច្រើន ឯ​កុល‌សម្ព័ន្ធ​តូច ត្រូវ​យក​ទី​ក្រុង​តិច។ កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​ប្រគល់​មត៌ក​ឲ្យ​ពួក​លេវី តាម​ចំណែក​ដែល​ខ្លួន​បាន​ទទួល»។


ទីក្រុង​ជម្រក

9 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ថា៖

10 «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា ពេល​ណា​អ្នក​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន

11 នោះ​អ្នក​រាល់​គ្នា​ត្រូវ​ជ្រើស​រើស​ទី​ក្រុង​ខ្លះ ធ្វើ​ជា​ទី​ក្រុង​ជម្រក​សម្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា​បាន​រត់​ទៅ​ជ្រក​នៅ​ទី​នោះ។

12 ទី​ក្រុង​ទាំង​នោះ​នឹង​បាន​ជា​ជម្រក​ការពារ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​អ្នក​ដែល​សង‌សឹក ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ត្រូវ​ស្លាប់ មុន​ពេល​ជំនុំ‌ជម្រះ​នៅ​មុខ​ក្រុម​ជំនុំ។

13 ក្នុង​ចំណោម​ទី​ក្រុង​ដែល​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ ត្រូវ​យក​ទីក្រុង​ប្រាំមួយ​ធ្វើ​ជា​ទី​ក្រុង​ជម្រក​សម្រាប់​អ្នក​រាល់​គ្នា។

14 អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ទី​ក្រុង​បី​នៅ​ត្រើយ​ទន្លេ​យ័រ‌ដាន់​ខាង‌អាយ ហើយ​ទី​ក្រុង​បី​ទៀត​នៅ​ក្នុង​ស្រុក​កាណាន ធ្វើ​ជា​ទី​ក្រុង​ជម្រក។

15 ទី​ក្រុង​ទាំង​ប្រាំ​មួយ​នេះ​នឹង​បាន​ជា​ជម្រក​ដល់​កូន​ចៅ​អ៊ីស្រា‌អែល សម្រាប់​អ្នក​ប្រទេស​ក្រៅ និង​សម្រាប់​អ្នក​ណា​ម្នាក់​ដែល​ស្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​គេ​ដោយ​អចេតនា​បាន​រត់​ទៅ​ជ្រក​កោន។


ក្រឹត្យ‌វិន័យ​អំពី​ឃាតក និង​អ្នក​សង​សឹក​ដោយ​ឈាម

16 ប៉ុន្ដែ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​យក​របស់​អ្វី​មួយ​ដែល​ធ្វើ​ពី​ដែក ហើយ​វាយ​គេ​រហូត​ដល់​ស្លាប់ នោះ​ឈ្មោះ​ថា​ជា​ឃាតក​ហើយ ឯ​ឃាតក​ត្រូវ​តែ​សម្លាប់​ចោល។

17 ប្រសិន‌បើ​អ្នក​ណា​ម្នាក់​យក​ថ្ម​កាន់​នៅ​ដៃ ហើយ​វាយ​ម្នាក់​ទៀត​ដែល​អាច​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ នោះ​ឈ្មោះ​ថា​ជា​ឃាតក​ហើយ ឯ​ឃាតក​ត្រូវ​តែ​សម្លាប់​ចោល។

18 ឬ​ប្រសិន‌បើ​អ្នក​ណា​ម្នាក់​យក​គ្រឿង​ឈើ​កាន់​នៅ​ដៃ ហើយ​វាយ​ម្នាក់​ទៀត​ដែល​អាច​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ នោះ​ឈ្មោះ​ថា​ជា​ឃាតក​ហើយ ឯ​ឃាតក​ត្រូវ​តែ​សម្លាប់​ចោល។

19 អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម គឺ​ជា​អ្នក​ដែល​ត្រូវ​សម្លាប់​ឃាតក​នោះ។ ពេល​គេ​ជួប​អ្នក​នោះ​នៅ​វេលា​ណា អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម ត្រូវ​តែ​សម្លាប់​អ្នក​នោះ​ចោល។

20 ប្រសិន‌បើ​អ្នក​នោះ​ច្រាន​គេ​ដោយ​ចិត្ត​ស្អប់ ឬ​លប​ចោល​គេ​នឹង​អ្វី​មួយ ហើយ​គេ​ក៏​ស្លាប់

21 ឬ​លើក​ដៃ​វាយ​គេ​ដោយ​ចិត្ត​ស្អប់ ហើយ​អ្នក​នោះ​ក៏​ស្លាប់ នោះ​អ្នក​ដែល​វាយ​គេ ត្រូវ​តែ​សម្លាប់​ចោល ព្រោះ​អ្នក​នោះ​ជា​ឃាតក ឯ​អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម ត្រូវ​សម្លាប់​ឃាតក​នោះ​ចោល នៅ​ពេល​គេ​ជួប​នឹង​អ្នក​នោះ។

22 ប៉ុន្ដែ ប្រសិន‌បើ​អ្នក​នោះ ស្រាប់​តែ​ច្រាន​គេ ដោយ​ឥត​មាន​ចិត្ត​ស្អប់ ឬ​ចោល​របស់​អ្វី​ទៅ​លើ​គេ ដោយ​ឥត​មាន​លប​ពួន

23 ឬ​បាន​ទម្លាក់​ថ្ម​ណា​មួយ​ទៅ​លើ​គេ ដោយ​មិន​បាន​ឃើញ ដែល​អាច​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ តែ​អ្នក​នេះ​មិន​មែន​ជា​ខ្មាំង‌សត្រូវ ហើយ​ក៏​មិន​ដែល​ប៉ង​នឹង​ធ្វើ​អាក្រក់​ដល់​គេ

24 នោះ​ក្រុម​ជំនុំ​ត្រូវ​ជំនុំ‌ជម្រះ​អ្នក​ដែល​បាន​សម្លាប់​គេ និង​អ្នក​ដែល​រក​សង‌សឹក​ដោយ​ឈាម​គេ​នោះ តាម​មាត្រា​ច្បាប់​ទាំង​នេះ។

25 ក្រុម​ជំនុំ​ត្រូវ​រំដោះ​អ្នក​ដែល​បាន​សម្លាប់​គេ ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​រក​សង‌សឹក​ដោយ​ឈាម​នោះ។ បន្ទាប់​មក ក្រុម​ជំនុំ​ត្រូវ​បញ្ជូន​អ្នក​នោះ​ត្រឡប់​ទៅ​ទី​ក្រុង​ជម្រក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក​នោះ​វិញ ហើយ​ត្រូវ​ឲ្យ​គេ​រស់​នៅ​ក្នុង​ទី​ក្រុង​នោះ រហូត​ដល់​ពេល​សម្ដេច​សង្ឃ ដែល​បាន​ចាក់​ប្រេង​បរិសុទ្ធ​តាំង​ឡើង​នោះ​ស្លាប់។

26 ប៉ុន្តែ ប្រសិន‌បើ​អ្នក​ដែល​សម្លាប់​គេ​នោះ​ចេញ​ក្រៅ​ព្រំ​ទី​ក្រុង​ជម្រក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក​កោន​នៅ​វេលា​ណា

27 ហើយ​ជួន​ជា​អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម បាន​ប្រទះ​ឃើញ​នៅ​ខាង​ក្រៅ​ព្រំ​ទី​ក្រុង​ជម្រក រួច​សម្លាប់​អ្នក​នោះ​ទៅ នោះ​គ្មាន​ទោស​ដោយ​ឈាម​របស់​អ្នក​នោះ​ឡើយ។

28 ដ្បិត​អ្នក​សម្លាប់​គេ​ត្រូវ​រស់​នៅ​ក្នុង​ទី​ក្រុង​ជម្រក ដែល​ខ្លួន​ជ្រក​កោន​នោះ រហូត​ដល់​ពេល​សម្ដេច​សង្ឃ​ស្លាប់ តែ​ក្រោយ​ពី​សម្ដេច​សង្ឃ​នោះ​ស្លាប់​ផុត​ទៅ នោះ​អ្នក​សម្លាប់​គេ​អាច​ត្រឡប់​មក​ស្រុក ដែល​ជា​កេរ‌អាករ​របស់​ខ្លួន​វិញ​បាន។

29 នេះ​ជា​បញ្ញត្តិ​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។

30 ប្រសិន‌បើ​អ្នក​ណា​ម្នាក់​សម្លាប់​គេ ឃាតក​នោះ​ត្រូវ​សម្លាប់​ចោល ដោយ​សំអាង​លើ​ភស្តុតាង​របស់​ពួក​ស្មរ​បន្ទាល់ តែ​បើ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់ នោះ​មិន​អាច​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​ណា​ត្រូវ​ស្លាប់​បាន​ឡើយ ។

31 ម្យ៉ាង​ទៀត អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​សំណូក ដើម្បី​លោះ​ជីវិត​ឃាតក​ណា ដែល​មាន​ទោស​ត្រូវ​ប្រហារ​ជីវិត​នោះ​ឡើយ អ្នក​នោះ​ត្រូវ​តែ​ស្លាប់

32 ក៏​មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​សំណូក ដើម្បី​លោះ​អ្នក​ដែល​បាន​រត់​ទៅ​ជ្រក​កោន​ក្នុង​ទី​ក្រុង​ជម្រក ឲ្យ​ត្រឡប់​មក​រស់​នៅ​ក្នុង​ស្រុក​វិញ មុន​ពេល​សម្ដេច​សង្ឃ​ស្លាប់​នោះ​ដែរ។

33 មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​នោះ ទៅ​ជា​ស្មោក‌គ្រោក​ឡើយ ដ្បិត​ឈាម​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​ស្មោក‌គ្រោក ហើយ​មិន​អាច​ធ្វើ​ពិធី​អ្វី​នឹង​សម្អាត​ស្រុក​ដោយ​ព្រោះ​តែ​ឈាម​បាន​ខ្ចាយ​នោះ​ឡើយ មាន​តែ​ឈាម​របស់​អ្នក​ដែល​បាន​កម្ចាយ​ឈាម​នោះ​ប៉ុណ្ណោះ។

34 មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ ហើយ​ដែល​យើង​ក៏​ស្ថិត​នៅ​កណ្ដាល​នោះ​ដែរ ទៅ​ជា​សៅ‌ហ្មង​ឡើយ ដ្បិត​យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​នៅ​កណ្ដាល​កូន​ចៅ​អ៊ីស្រា‌អែល»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម