លោកយ៉ូអាប់ក្រោកឡើង ចេញដំណើរទៅស្រុកកេស៊ួរី ហើយនាំសម្តេចអាប់សាឡុម វិលមកក្រុងយេរូសាឡឹមវិញ។
២ សាំយូអែល 15:8 - អាល់គីតាប កាលខ្ញុំស្នាក់នៅក្រុងកេស៊ួរី ក្នុងស្រុកស៊ីរី ខ្ញុំបានបន់អុលឡោះតាអាឡាថា ប្រសិនបើទ្រង់ប្រោសប្រណីឲ្យខ្ញុំវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ខ្ញុំនឹងធ្វើគូរបានជូនអុលឡោះតាអាឡា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតកាលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ នៅស្រុកកេស៊ូរី-អើរ៉ាមនៅឡើយ នោះទូលបង្គំបានបន់ទុកថា បើកាលណាព្រះយេហូវ៉ានាំទូលបង្គំ ត្រឡប់មកឯក្រុងយេរូសាឡិមវិញ នោះទូលបង្គំនឹងប្រតិបត្តិដល់ព្រះយេហូវ៉ា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលទូលបង្គំស្នាក់នៅក្រុងកេស៊ួរី ក្នុងស្រុកស៊ីរី ទូលបង្គំបានបន់ព្រះអម្ចាស់ថា ប្រសិនបើព្រះអង្គប្រោសប្រណីឲ្យទូលបង្គំវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកាលទូលបង្គំ ជាអ្នកបំរើទ្រង់ នៅស្រុកកេស៊ូរី-អើរ៉ាមនៅឡើយ នោះទូលបង្គំបានបន់ទុកថា បើកាលណាព្រះយេហូវ៉ានាំទូលបង្គំ ត្រឡប់មកឯក្រុងយេរូសាឡិមវិញ នោះទូលបង្គំនឹងប្រតិបត្តិដល់ព្រះយេហូវ៉ា |
លោកយ៉ូអាប់ក្រោកឡើង ចេញដំណើរទៅស្រុកកេស៊ួរី ហើយនាំសម្តេចអាប់សាឡុម វិលមកក្រុងយេរូសាឡឹមវិញ។
សម្តេចអាប់សាឡុមឆ្លើយថា៖ «ពីព្រោះខ្ញុំសូមឲ្យលោកមកទីនេះ តែលោកបដិសេធ។ ខ្ញុំចង់ឲ្យលោកចូលទៅជួបស្តេច ហើយសួរថា ហេតុអ្វីបានជាស្តេចហៅខ្ញុំឲ្យវិលមកពីស្រុកកេស៊ួរី? ប្រសិនបើខ្ញុំនៅទីនោះ គឺប្រសើរជាង! ឥឡូវនេះ ខ្ញុំចង់ចូលទៅជួបស្តេចណាស់ ប្រសិនបើខ្ញុំមានកំហុសអ្វី សូមស្តេចសម្លាប់ខ្ញុំចុះ!»។
ស្តេចប្រាប់ថា៖ «ចូរទៅដោយសុខសាន្តចុះ!»។ ដូច្នេះ សម្តេចអាប់សាឡុមក៏ទៅក្រុងហេប្រូន។
កូនទីពីរ នាមគីឡាប ប្រសូតពីនាងអប៊ីកែល ដែលត្រូវជាភរិយារបស់សពលោកណាបាល នៅភូមិកើមែល កូនទីបី នាមអាប់សាឡុម ប្រសូតពីនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ស្តេចតាលម៉ាយ ស្តេចស្រុកកេសួរី
ឱអុលឡោះអើយ! ខ្ញុំត្រូវតែជូនជំនូន តាមពាក្យដែលខ្ញុំបានសន្យាជាមួយទ្រង់ ខ្ញុំនឹងធ្វើគូរបានអរគុណទ្រង់។
ពេលណាអ្នកសន្យាជាមួយអុលឡោះអំពីរឿងអ្វីមួយ ត្រូវសម្រេចតាមពាក្យដែលអ្នកសន្យាឲ្យបានរួសរាន់ ដ្បិតទ្រង់មិនអធ្យាស្រ័យឲ្យមនុស្សលេលាឡើយ។ ត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា។
អ្នករាល់គ្នាអះអាងថា អ្នករាល់គ្នាចុះសន្ធិសញ្ញាជាមួយមច្ចុរាជ ព្រមទាំងចុះកិច្ចព្រមព្រៀងជាមួយ ស្ថានមនុស្សស្លាប់។ កាលណាមានគ្រោះកាចមកដល់ អ្នករាល់គ្នានឹងមិនត្រូវអន្តរាយឡើយ ព្រោះអ្នករាល់គ្នាយកការកុហកធ្វើជាទីពឹង និងយកការភូតភរជាជំរក។
អ្នករាល់គ្នាប្រថុយជីវិត ដោយចាត់ខ្ញុំឲ្យទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ទាំងពោលថា “សូមទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំឲ្យយើងខ្ញុំផង អ្វីៗដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ មានបន្ទូល សូមប្រាប់យើងខ្ញុំមក យើងខ្ញុំនឹងធ្វើតាមទាំងអស់”។
ប៉ុន្តែ បើអ្នករាល់គ្នាមិនពេញចិត្តគោរពបម្រើអុលឡោះតាអាឡាទេ ចូរជ្រើសរើសយកព្រះណាមួយ ដែលអ្នករាល់គ្នាពេញចិត្តនឹងគោរពបម្រើនៅថ្ងៃនេះទៅ គឺមានព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងនាយទន្លេអឺប្រាត ឬព្រះរបស់ជនជាតិអាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើអុលឡោះតាអាឡា»។
នាងទូរអាអង្វរអុលឡោះដោយសច្ចាថា៖ «ឱ! អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! សូមមើលមកខ្ញុំ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំ ហើយកុំបំភ្លេចខ្ញុំឡើយ។ ប្រសិនបើទ្រង់ប្រោសប្រទានឲ្យខ្ញុំមានកូនប្រុសមួយ ខ្ញុំនឹងយកកូននោះមកជូនទ្រង់ ដើម្បីឲ្យនៅបម្រើទ្រង់អស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។
សាំយូអែលសួរថា៖ «តើឲ្យខ្ញុំទៅម្តេចកើត? បើស្តេចសូលជ្រាប គាត់មុខជាសម្លាប់ខ្ញុំមិនខាន»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរដឹកគោញីស្ទាវមួយទៅ ហើយប្រាប់គេថា ខ្ញុំមកធ្វើគូរបានជូនអុលឡោះតាអាឡា។