សាស្តា 5 - អាល់គីតាបត្រូវចេះប្រមាណពាក្យសំដីនៅពេលទូរអា 1 ពេលណាអ្នកទៅដំណាក់របស់អុលឡោះត្រូវពិចារណាឲ្យបានល្អិតល្អន់។ ត្រូវចូលទៅជិតទ្រង់ ដើម្បីត្រងត្រាប់ស្ដាប់ ជាជាងចង់ធ្វើគូរបានដោយចិត្តមិនស្មោះត្រង់ ដូចមនុស្សលេលា ដ្បិតអ្នកទាំងនោះពុំដឹងថាខ្លួនប្រព្រឹត្តអំពើអាក្រក់ទេ។ 2 កុំឆាប់បើកមាត់និយាយពេក ហើយក៏មិនត្រូវប្រញាប់ពោលពាក្យសន្យានឹងអុលឡោះលឿនពេកដែរ ដ្បិតអុលឡោះនៅសូរ៉កា រីឯអ្នកវិញ អ្នកស្ថិតនៅលើផែនដី។ ដូច្នេះ ត្រូវចេះប្រមាណពាក្យសំដីរបស់ខ្លួន។ 3 ការខ្វល់ខ្វាយច្រើនបណ្ដាលឲ្យយល់សប្ដិច្រើន ហើយការនិយាយច្រើនក៏បណ្ដាលឲ្យខុសច្រើនដែរ។ 4 ពេលណាអ្នកសន្យាជាមួយអុលឡោះអំពីរឿងអ្វីមួយ ត្រូវសម្រេចតាមពាក្យដែលអ្នកសន្យាឲ្យបានរួសរាន់ ដ្បិតទ្រង់មិនអធ្យាស្រ័យឲ្យមនុស្សលេលាឡើយ។ ត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា។ 5 បើអ្នកមិនសន្យា នោះប្រសើរជាងសន្យា តែមិនធ្វើតាមពាក្យដែលខ្លួនបានសន្យា។ 6 កុំបណ្តោយឲ្យមាត់របស់អ្នក នាំខ្លួនអ្នកទាំងមូលឲ្យមានទោស ហើយដោះសាជាមួយអ៊ីមុាំថាអ្នកបានសន្យាដោយច្រឡំឡើយ។ ធ្វើដូច្នេះអុលឡោះខឹង ព្រោះតែពាក្យសំដីរបស់អ្នក ហើយទ្រង់រំលាយកិច្ចការដែលអ្នកបានធ្វើ។ 7 ការយល់សប្ដិច្រើនសុទ្ធតែឥតបានការយ៉ាងណា ពោលពាក្យសំដីច្រើនក៏ឥតបានការយ៉ាងនោះដែរ។ ហេតុនេះ ចូរគោរពកោតខ្លាចអុលឡោះ។ ការប្រើអំណាចជិះជាន់អ្នកទន់ខ្សោយ 8 ប្រសិនបើអ្នកឃើញគេជិះជាន់ប្រជាជនក្រីក្រនៅក្នុងស្រុក ឬក៏ឃើញគេរំលោភច្បាប់ និងបំពានលើយុត្តិធម៌ មិនត្រូវងឿងឆ្ងល់ឡើយ។ អ្នកធំតែងតែគាំទ្រអ្នកធំដូចគ្នា ហើយមានអ្នកធំផ្សេងទៀតត្រួតពីលើអ្នកទាំងពីរ។ 9 ភោគផលដែលកើតចេញពីដី ផ្ដល់អាហារដល់មនុស្សទាំងអស់ សូម្បីតែស្ដេចក៏ទទួលស្បៀងអាហារពីស្រែចម្ការដែរ។ ទ្រព្យសម្បត្តិពុំអាចទុកឲ្យគង់បានទេ 10 អ្នកស្រឡាញ់ប្រាក់ពុំដែលស្កប់ចិត្តនឹងប្រាក់ទេ រីឯអ្នកស្រឡាញ់ទ្រព្យសម្បត្តិ ក៏មិនអាចទាញផលប្រយោជន៍អ្វីពីទ្រព្យសម្បត្តិរបស់ខ្លួនបានដែរ។ ត្រង់នេះក៏នៅតែឥតបានការ។ 11 ទ្រព្យសម្បត្តិកើនចំនួនច្រើនឡើងប៉ុណ្ណា មនុស្សដែលដេកស៊ីទ្រព្យសម្បត្តិនោះ ក៏កើនចំនួនច្រើនឡើងប៉ុណ្ណោះដែរ។ ម្ចាស់ទ្រព្យនឹងមិនទទួលផលប្រយោជន៍អ្វីពីទ្រព្យរបស់ខ្លួន ក្រៅពីឃើញទ្រព្យនោះផ្ទាល់នឹងភ្នែកឡើយ។ 12 អ្នកដែលធ្វើការនឿយហត់ រមែងដេកលក់ស្រួល ទោះបីគេមានអាហារបរិភោគតិច ឬច្រើនក្ដី រីឯអ្នកមានវិញ ទោះបីគេមានអាហារបរិភោគច្រើនយ៉ាងណា ក៏ដេកមិនលក់ដែរ។ 13 ខ្ញុំសង្កេតឃើញការមួយទៀតគួរឲ្យបារម្ភនៅលើផែនដី គឺមនុស្សសន្សំទ្រព្យទុកសម្រាប់ឲ្យខ្លួនឯងវេទនា។ 14 អ្នកនោះបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការអាក្រក់ណាមួយ ពេលកូនកើតមក នោះគ្មានអ្វីទុកឲ្យកូនឡើយ។ 15 អ្នកនោះកើតពីផ្ទៃម្ដាយមកខ្លួនទទេយ៉ាងណា ក៏វិលត្រឡប់ទៅវិញខ្លួនទទេយ៉ាងនោះដែរ។ គេនឹងលាចាកលោកនេះទៅដោយដៃទទេ គឺមិនអាចយកទ្រព្យដែលខ្លួនខំប្រឹងប្រែងរកនោះទៅជាមួយបានឡើយ។ 16 ត្រង់នេះគឺជាការមួយទៀតគួរឲ្យបារម្ភ គេកើតមកផែនដីយ៉ាងណា គេក៏វិលត្រឡប់ទៅវិញយ៉ាងនោះដែរ។ អ្វីៗដែលគេប្រឹងប្រែងធ្វើឥតបានផលប្រយោជន៍អ្វីឡើយ ដូចដេញចាប់ខ្យល់។ 17 មិនតែប៉ុណ្ណោះសោតគេរស់នៅ ក្នុងភាពអាប់អួរជារៀងរាល់ថ្ងៃ ព្រមទាំងកើតទុក្ខកង្វល់វេទនា និងក្ដៅក្រហាយផង។ 18 ខ្ញុំយល់ឃើញដូចតទៅនេះ: ក្នុងពេលដែលអុលឡោះប្រទានឲ្យមនុស្សនៅមានជីវិតដ៏ខ្លីនេះ គេត្រូវតែស៊ីផឹក ហើយទាញផលប្រយោជន៍ពីកិច្ចការដែលខ្លួនខំប្រឹងប្រែងធ្វើនៅលើផែនដី។ នេះហើយជាអំណោយទានដែលអុលឡោះប្រទានឲ្យ។ 19 អ្នកណាដែលអុលឡោះប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងប្រោសប្រទានឲ្យមានលទ្ធភាពប្រើប្រាស់ទ្រព្យធន ដែលជាចំណែករបស់ខ្លួន ហើយទាញផលប្រយោជន៍ពីកិច្ចការដែលខ្លួនខំប្រឹងប្រែងធ្វើ អ្នកនោះត្រូវគិតថា នេះហើយជាអំណោយទានរបស់អុលឡោះ។ 20 ពេលនោះ គេនឹងមិននឹកនាពីអាយុជីវិតដ៏ខ្លីរបស់គេទេ ដ្បិតអុលឡោះប្រទានឲ្យចិត្តគេមានអំណរសប្បាយ។ |
© 2014 United Bible Societies, UK.
United Bible Societies