Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ សាំ‌យូ‌អែល 3 - អាល់គីតាប

1 គ្រា​នោះ មាន​កើត​ចំបាំង​យ៉ាង​យូរ​រវាង​ញាតិ​វង្ស​របស់​ស្តេច​សូល និង​ញាតិ​វង្ស​របស់​ស្តេច​ទត។ ស្តេច​ទត​មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង ចំណែក​ឯ​ពូជ‌ពង្ស​របស់​ស្តេច​សូល​វិញ កាន់​តែ​ចុះ​ខ្សោយ​ជា​លំដាប់។


កូន​របស់​ណាពី​ទត​ប្រសូត​នៅ​ក្រុង​ហេប្រូន

2 បុត្រ​របស់​ស្តេច​ទត​ជា​ច្រើន​នាក់ បាន​ប្រសូត​នៅ​ក្រុង​ហេប្រូន គឺ​កូន​ច្បង​នាម​អាំ‌ណូន ប្រសូត​ពី​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល

3 កូន​ទី​ពីរ នាម​គីឡាប ប្រសូត​ពី​នាង​អប៊ី‌កែល ដែល​ត្រូវ​ជា​ភរិយា​របស់​សព​លោក​ណាបាល នៅ​ភូមិ​កើ‌មែល កូន​ទី​បី នាម​អាប់‌សាឡុម ប្រសូត​ពី​នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ស្តេច​តាល‌ម៉ាយ ស្តេច​ស្រុក​កេសួ‌រី

4 កូន​ទី​បួន នាម​អដូនីយ៉ា ប្រសូត​ពី​នាង​ហាគីត កូន​ទី​ប្រាំ នាម​សេផា‌ធា ប្រសូត​ពី​នាង​អប៊ី‌ថាល

5 កូន​ទី​ប្រាំ​មួយ នាម​យីត‌រាម ប្រសូត​ពី​នាង​អេក‌ឡា ដែល​ជា​ប្រពន្ធ​របស់​ស្តេច​ដែរ។ នេះ​ជា​បុត្រ​របស់​ស្តេច​ទត​ដែល​ប្រសូត​នៅ​ក្រុង​ហេប្រូន។


លោក​អប៊ី‌នើរ​មាន​ទំនាស់​ជា​មួយ​ស្តេច​អ៊ីស‌បូសែត

6 នៅ​គ្រា​ដែល​មាន​ចំបាំង​រវាង​ញាតិ​វង្ស​របស់​ស្តេច​សូល និង​ញាតិ‌វង្ស​របស់​ស្តេច​ទត​នោះ លោក​អប៊ី‌នើរ​បាន​ពង្រឹង​អំណាច​របស់​ខ្លួន ក្នុង​ញាតិ​វង្ស​ស្តេច​សូល។

7 ស្តេច​សូល​មាន​ស្នំ​ឯក​ម្នាក់​ឈ្មោះ​នាង​រីស‌ប៉ា ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​អយ៉ា។ ស្តេច​អ៊ីស‌បូសែត​បាន​សួរ​ទៅ​កាន់​លោក​អប៊ី‌នើរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​រួម​ដំណេក​ជា​មួយ​ស្នំ​ឯក​របស់​ឪពុក​យើង?»។

8 កាល​ឮ​ស្តេច​អ៊ីស‌បូសែត​និយាយ​ដូច្នេះ លោក​អប៊ី‌នើរ​ច្រឡោត​ខឹង​ជា​ខ្លាំង ហើយ​ឆ្លើយ​ទៅ​ស្តេច​វិញ​ថា៖ «តើ​ខ្ញុំ​ជា​ឆ្កែ​បម្រើ​ពួក​យូដា​ឬ? រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​សំដែង​ភក្តី‌ភាព ចំពោះ​រាជ‌វង្ស​ស្តេច​សូល​ដែល​ជា​ឪពុក​របស់​ស្តេច ចំពោះ​បង​ប្អូន និង​មិត្ត‌ភក្តិ​របស់​ស្តេច។ ខ្ញុំ​ពុំ​បាន​ប្រគល់​ស្តេច ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ទត​ឡើយ។ ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ ស្តេច​បែរ​ជា​ស្តី​បន្ទោស​ខ្ញុំ ព្រោះ​តែ​រឿង​ស្រី​ទៅ​វិញ!។

9 ដូច្នេះ ប្រសិន​បើ​ខ្ញុំ​មិន​ផ្ទេរ​រាជ្យ​នេះ​ទៅ​ឲ្យ​ស្តេច​ទត ស្រប​តាម​បន្ទូល​សន្យា​របស់អុលឡោះ‌តាអាឡា​ទេ សូម​ទ្រង់​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ!

10 ដ្បិតអុលឡោះ‌តាអាឡា​បាន​សន្យា​ថា ទ្រង់​នឹង​ដក​រាជ្យ​ចេញ​ពី​រាជ‌វង្ស​របស់​ស្តេច​សូល។

11 ស្តេច​អ៊ីស‌បូសែត​មិន​ហ៊ាន​ឆ្លើយ​ទៅ​លោក​អប៊ី‌នើរ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​គ្មាន​ដែរ ព្រោះ​គាត់​ខ្លាច​លោក​អប៊ី‌នើរ​ណាស់។


លោក​អប៊ី‌នើរ​ចុះ​ចូល​ជា​មួយ​ណាពី​ទត

12 លោក​អប៊ី‌នើរ​ចាត់​អ្នក​នាំ​សារ ឲ្យ​ចូល​ទៅ​ជួប​ស្តេច​ទត​ដើម្បី​ជម្រាប​ថា៖ «តើ​ស្រុក​នេះ​ជា​កម្ម‌សិទ្ធិ​របស់​នរណា? សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ខ្ញុំ​មក នោះ​ខ្ញុំ​នឹង​ជួយ​ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ឲ្យ​មក​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្តេច»។

13 ស្តេច​ទត​ឆ្លើយ​ទៅ​វិញ​ថា៖ «យើង​យល់​ព្រម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក ប៉ុន្តែ យើង​មាន​សំណូម​ពរ​តែ​មួយ​ប៉ុណ្ណោះ គឺ​ពេល​លោក​មក​ជួប​យើង ត្រូវ​នាំ​នាង​មិកាល់ ជា​បុត្រី​របស់​ស្តេច​សូល​មក​ជា​មួយ​ផង បើ​មិន​ដូច្នោះ​ទេ សូម​កុំ​មក​ជួប​មុខ​យើង​ឡើយ»។

14 បន្ទាប់​មក ស្តេច​ទត​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល​ថា៖ «សូម​ប្រគល់​នាង​មិកាល់ ជា​ប្រពន្ធ​របស់​ខ្ញុំ មក​ឲ្យ​ខ្ញុំ​វិញ គឺ​ប្រពន្ធ​ដែល​ខ្ញុំ​យក​ស្បែក​អង្គ‌ជាតិ​របស់​ពួក​ភីលី‌ស្ទីន ចំនួន​មួយ​រយ​នាក់​ជូន​ជា​បណ្តាការ»។

15 ស្តេច​អ៊ីស‌បូសែត​បញ្ជា​គេ​ឲ្យ​ទៅ​នាំ​នាង​មិកាល់ ពី​ផ្ទះ​ប្ដី​របស់​នាង​មក គឺ​លោក​ប៉ាស‌ធាល ជា​កូន​របស់​លោក​ឡា‌អ៊ីស។

16 លោក​ប៉ាស‌ធាល​ដើរ​ពី​ក្រោយ​នាង ទាំង​យំ​ផង រហូត​មក​ដល់​បាហ៊ូ‌រីម។ ពេល​នោះ លោក​អប៊ី‌នើរ​ប្រាប់​គាត់​ថា «ចូរ​វិល​ទៅ​វិញ​ទៅ!» គាត់​ក៏​វិល​ទៅ​ផ្ទះ​វិញ។

17 លោក​អប៊ី‌នើរ​ពិភាក្សា​ជា​មួយ​ក្រុម​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដោយ​ពោល​ថា៖ «អស់​លោក​ចង់​បាន​ទត ជា​ស្តេច តាំង​ពី​យូរ​ណាស់​មក​ហើយ។

18 ឥឡូវ​នេះ សូម​អញ្ជើញ​គាត់​មក​គ្រង​រាជ្យ​ចុះ! ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​អំពី​ស្តេច​ទត​ថា “យើង​នឹង​សង្គ្រោះ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន និង​ខ្មាំង​សត្រូវ​ឯ​ទៀតៗ តាម​រយៈ​ទត ជា​អ្នក​បម្រើ​របស់​យើង”»។

19 លោក​អប៊ី‌នើរ​និយាយ​បែប​នេះ​ជា​មួយ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ដែរ។ បន្ទាប់​មក លោក​ទៅ​ជម្រាប​ស្តេច​ទត​នៅ​ក្រុង​ហេ‌ប្រូន ឲ្យ​បាន​ជ្រាប​អំពី​សេចក្តី​សម្រេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ទាំង​មូល។

20 លោក​អប៊ី‌នើរ​ចូល​ទៅ​ជួប​ស្តេច​ទត​នៅ​ក្រុង​ហេប្រូន ដោយ​មាន​មនុស្ស​ម្ភៃ​នាក់​អម​ដំណើរ​ទៅ​ជា​មួយ។ ស្តេច​ទត​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​ជូន​លោក​អប៊ី‌នើរ និង​អស់​អ្នក​ដែល​មក​ជា​មួយ។

21 លោក​អប៊ី‌នើរ​ជម្រាប​ស្តេច​ទត​ថា៖ «សូម​ឲ្យ​ស្តេច​ជ្រាប ខ្ញុំ​ប្រុង​ប្រៀប​ខ្លួន នឹង​ចេញ​ទៅ​ប្រមែ​ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ឲ្យ​មក​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្តេច។ ពួក​គេ​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ស្តេច ហើយ​ពេល​នោះ ស្តេច​គ្រង​រាជ្យ​លើ​ស្រុក​នេះ​ទាំង​មូល តាម​បំណង​របស់​ស្តេច»។ ស្តេច​ទត​អនុញ្ញាត​ឲ្យ​លោក​អប៊ី‌នើរ​ចាក​ចេញ​ទៅ ដោយ​សុខ‌សាន្ត។


លោក​យ៉ូអាប់​ធ្វើ​ឃាត​លោក​អប៊ី‌នើរ

22 បន្តិច​ក្រោយ​មក លោក​យ៉ូអាប់ និង​ពល​ទាហាន​របស់​ស្តេច​ទត​វិល​មក​ពី​ច្បាំង​វិញ ទាំង​នាំ​យក​ជយ‌ភ័ណ្ឌ​យ៉ាង​សន្ធឹក​សន្ធាប់​មក​ជា​មួយ​ផង។ ពេល​នោះ លោក​អប៊ី‌នើរ​ពុំ​បាន​នៅ​ក្នុង​ក្រុង​ហេ‌ប្រូន​ជា​មួយ​ស្តេច​ទត​ទេ ដ្បិត​ស្តេច​អនុញ្ញាត​ឲ្យ​លោក​ចាក​ចេញ​ទៅ ដោយ​សុខ‌សាន្ត។

23 កាល​លោក​យ៉ូអាប់ និង​កង‌ទ័ព​ទាំង​មូល​ដែល​នៅ​ជា​មួយ​គាត់​មក​ដល់ មាន​គេ​ជម្រាប​គាត់​ថា៖ «លោក​អប៊ី‌នើរ ជា​កូន​របស់​នើរ​បាន​ចូល​មក​ជួប​ស្តេច ហើយ​ស្តេច​អនុញ្ញាត​ឲ្យ​គាត់​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត»។

24 លោក​យ៉ូអាប់​ក៏​ចូល​ទៅ​ជួប​ស្តេច​ទត ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​ធ្វើ​ដូច្នេះ? អប៊ី‌នើរ​ចូល​មក​ជួប​ស្តេច ហើយ​ស្តេច​អនុញ្ញាត​ឲ្យ​គេ​ចាក​ចេញ​ទៅ​ដោយ​ស្រួល។

25 ស្តេច​ស្គាល់​អប៊ី‌នើរ ដែល​ជា​កូន​របស់​លោក​នើរ​ស្រាប់​ហើយ! គឺ​គេ​មក​នេះ ដើម្បី​បោក​បញ្ឆោត​ស្តេច ដើម្បី​ស៊ើប‌ការណ៍​អំពី​ក្បួន​យុទ្ធ‌សាស្ត្រ​របស់​ស្តេច និង​ដឹង​អំពី​គ្រប់​កិច្ចការ​ដែល​ស្តេច​កំពុង​ធ្វើ»។

26 លោក​យ៉ូអាប់​ចាក​ចេញ​ពី​ស្តេច ហើយ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​តាម​លោក​អប៊ី‌នើរ។ ពួក​គេ​ហៅ​លោក​អប៊ី‌នើរ​ពី​អណ្តូង​ទឹក​ស៊ីរ៉ា​មក​វិញ។ ស្តេច​ទត​ពុំ​បាន​ជ្រាប​ពី​រឿង​នេះ​ទេ។

27 កាល​លោក​អប៊ី‌នើរ​មក​ដល់​ក្រុង​ហេ‌ប្រូន​វិញ លោក​យ៉ូអាប់​នាំ​គាត់​ចេញ​ឆ្ងាយ​ពី​មាត់​ទ្វារ​ក្រុង ធ្វើ​ហាក់​ដូច​ជា​ចង់​និយាយ​ជា​មួយ​គាត់​ដោយ​សម្ងាត់។ នៅ​ទីនោះ លោក​យ៉ូអាប់​ចាក់​លោក​អប៊ី‌នើរ​មួយ​កាំបិត​ត្រង់​ពោះ ដើម្បី​សង‌សឹក​ឲ្យ​លោក​អេសា‌អែល​ជា​ប្អូន ហើយ​លោក​អប៊ី‌នើរ​ក៏​ស្លាប់​ទៅ។

28 ក្រោយ​មក ស្តេច​ទត​ជ្រាប​អំពី​រឿង​នេះ គាត់​និយាយ​ថា៖ «អុលឡោះ‌តាអាឡា​ជ្រាប​ថា ខ្ញុំ និង​រាជ្យ​របស់​ខ្ញុំ ឥត​មាន​ពាក់​ព័ន្ធ​នឹង​រឿង​ឃាត‌កម្ម​លើ​រូប​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ​ទេ។

29 សូម​ឲ្យ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​អស់! សូម​ឲ្យ​នៅ​ក្នុង​ក្រុម​គ្រួសារ​នេះ​តែងតែ​មាន​មនុស្ស​កើត​ដំបៅ‌ងារ កើត​ឃ្លង់ ឬ​ពិការ​ជើង ហើយ​មាន​មនុស្ស​ស្លាប់​ដោយ​មុខ​ដាវ និង​ស្លាប់​ដោយ​អត់​អាហារ!»។

30 លោក​យ៉ូអាប់ និង​លោក​អប៊ី‌សាយ​ជា​ប្អូន បាន​សម្លាប់​លោក​អប៊ី‌នើរ ព្រោះ​លោក​អប៊ី‌នើរ​បាន​សម្លាប់​លោក​អេសា‌អែល ជា​ប្អូន​របស់​ពួក​គាត់​ក្នុង​ពេល​ប្រយុទ្ធ​នៅ​គីបៀន។

31 ស្តេច​ទត​បញ្ជា​ទៅ​កាន់​លោក​យ៉ូអាប់ និង​ប្រជា‌ជន​ទាំង​មូល​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ចូរ​ហែក​សម្លៀក‌បំពាក់​រួច​ស្លៀក​បាវ ហើយ​កាន់​ទុក្ខ​សព​របស់​លោក​អប៊ី‌នើរ​ទៅ»។ ស្តេច​ទត​តាម​ក្រោយ​មឈូស។

32 គេ​បាន​បញ្ចុះ​សព​លោក​អប៊ី‌នើរ​នៅ​ក្រុង​ហេ‌ប្រូន។ ស្តេច​ទត​បាន​យំ ហើយ​ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​យំ​ដែរ។

33 បន្ទាប់​មក ស្តេច​ទត​លើក​ទំនុក​មួយ​រំលឹក​ពី​លោក​អប៊ី‌នើរ​ដូច​ត​ទៅ៖ «អប៊ី‌នើរ​អើយ លោក​មិន​គួរ​ស្លាប់ ដូច​មនុស្ស​លេលា​បែប​នេះ​សោះ!

34 ដៃ​របស់​លោក​គ្មាន​ជាប់​ចំណង ជើង​របស់​លោក​ក៏​គ្មាន​ជាប់​ច្រវាក់​ដែរ តែ​លោក​បាន​ដួល​ស្លាប់ ដូច​គេ​ដួល​ស្លាប់​នៅ​មុខ​ជន​ទុច្ចរិត»។ ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​យំ​ស្តាយ​លោក​អប៊ី‌នើរ​សា​ជា​ថ្មី។

35 បន្ទាប់​មក ពួក​គេ​ចូល​ទៅ​ជួប​ស្តេច​ទត ដើម្បី​ជូន​ម្ហូប​អាហារ​ទាន់​មេឃ​នៅ​ភ្លឺ ប៉ុន្តែ គាត់​សច្ចា​ថា៖ «ប្រសិន​បើ​យើង​បរិភោគ​នំបុ័ង ឬ​អ្វី​ក៏​ដោយ​មុន​ពេល​ថ្ងៃ​លិច សូម​អុលឡោះ​ដាក់​ទោស​យើង​ចុះ!»។

36 ឃើញ​ដូច្នេះ​ប្រជា‌ជន​ទាំង​មូល​ពេញ​ចិត្ត​ណាស់ គឺ​ដូច​គេ​តែងតែ​ពេញ​ចិត្ត​ចំពោះ​កិច្ចការ​ឯ​ទៀតៗ ដែល​ស្តេច​ទត​បាន​ធ្វើ​ដែរ។

37 នៅ​ថ្ងៃ​នោះ កង‌ទ័ព និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ដឹង​ថា ស្តេច​ទត​មិន​បាន​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ​ទេ។

38 ស្តេច​ទត​បាន​បញ្ជា​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «អស់​លោក​ដឹង​ទេ​ថា ថ្ងៃ​នេះ អ៊ីស្រ‌អែល​បាត់​បង់​វរជន​ម្នាក់ ដែល​ជា​មេ​ដឹក​នាំ​ដ៏​សំខាន់!

39 ទោះ​បី​អុលឡោះ​បាន​តែង​តាំង​ខ្ញុំ ជា​ស្តេច​ក្តី ក៏​ខ្ញុំ​នៅ​តែ​ទន់​ខ្សោយ​ដែរ។ រីឯ​កូនៗ​របស់​អ្នក​ស្រី​សេរូ‌យ៉ា គេ​កាច​ជាង​ខ្ញុំ។ ដូច្នេះ សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​មនុស្ស​អាក្រក់ តាម​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត​ចុះ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម