Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ សាំ‌យូ‌អែល 15 - អាល់គីតាប


សម្តេច​អាប់‌សាឡុម​ប៉ុន‌ប៉ង​ដណ្តើម​រាជ្យ

1 ក្រោយ​មក​ទៀត សម្តេច​អាប់‌សាឡុម​រក​បាន​រទេះ​មួយ ព្រម​ទាំង​សេះ ហើយ​ចាត់​ចែង​មនុស្ស​ចំនួន​ហា‌សិប​នាក់​រត់​ពី​មុខ​ផង។

2 សម្តេច​តែងតែ​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ឈរ​នៅ​តាម​ផ្លូវ​ចូល​ទ្វារ​ក្រុង។ រៀង​រាល់​ពេល​ដែល​មាន​នរណា​ម្នាក់​ចូល​ទៅ​ជួប​ស្តេច សូម​ស្តេច​រក​យុត្តិធម៌​ឲ្យ សម្តេច​អាប់‌សាឡុម​តែង​ហៅ​គេ​មក​សួរ​ថា «អ្នក​មក​ពី​ស្រុក​ណា?»។ ពេល​គេ​ឆ្លើយ​ថា «ខ្ញុំ​មក​ពី​កុល‌សម្ព័ន្ធ​មួយ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល»។

3 សម្តេច​អាប់‌សាឡុម​តែងតែ​ពោល​ថា៖ «មើល៍! សំណុំ​រឿង​របស់​អ្នក​ត្រឹម​ត្រូវ​ហើយ ប៉ុន្តែ នៅ​ក្នុង​ដំណាក់​ស្តេច គ្មាន​នរណា​ម្នាក់​អើ‌ពើ​នឹង​អ្នក​ទេ»។

4 សម្តេច​អាប់‌សាឡុម​ពោល​ទៀត​ថា៖ «ប្រសិន​បើ​ខ្ញុំ​ជា​អ្នក​គ្រប់‌គ្រង​លើ​ស្រុក​នេះ អស់​អ្នក​ដែល​មាន​រឿង ហើយ​រត់​មក​រក​ខ្ញុំ​ឲ្យ​ជំនុំ​ជម្រះ​ក្តី នោះ​ខ្ញុំ​នឹង​រក​យុត្តិធម៌​ឲ្យ»។

5 ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​គោរព នោះ​សម្តេច​អាប់‌សាឡុម​តែងតែ​ចាប់​ដៃ​គាត់​លើក​ឡើង ហើយ​ឱប​ផង។

6 សម្តេច​អាប់‌សាឡុម​តែង​ប្រព្រឹត្ត​បែប​នេះ ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ដែល​មក​រក​ទត​ជំនុំ​ជម្រះ​ក្តី។ សម្តេច​អាប់‌សាឡុម​ទាក់‌ទាញ​ចិត្ត​ប្រជា‌ជន​អ៊ីស្រ‌អែល​តាម​របៀប​នេះ​ឯង។

7 បួន​ឆ្នាំក្រោយ​មក សម្តេច​អាប់‌សាឡុម​ជម្រាប​ស្តេច​ថា៖ «សូម​ឪពុក​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ក្រុង​ហេ‌ប្រូន ដើម្បី​លា​ពាក្យ​ដែល​ខ្ញុំ​បាន​បន់អុលឡោះ‌តាអាឡា​ផង។

8 កាល​ខ្ញុំ​ស្នាក់​នៅ​ក្រុង​កេស៊ួរី ក្នុង​ស្រុក​ស៊ីរី ខ្ញុំ​បាន​បន់អុលឡោះ‌តាអាឡា​ថា ប្រសិន​បើ​ទ្រង់​ប្រោស‌ប្រណី​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ខ្ញុំ​នឹង​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា»។

9 ស្តេច​ប្រាប់​ថា៖ «ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ!»។ ដូច្នេះ សម្តេច​អាប់‌សាឡុម​ក៏​ទៅ​ក្រុង​ហេ‌ប្រូន។

10 នៅ​ទី​នោះ សម្តេច​ចាត់​បក្ស​ពួក​យ៉ាង​សម្ងាត់ ឲ្យ​ទៅ​គ្រប់​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ប្រាប់​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ត្រែ​បន្លឺ​ឡើង ត្រូវ​នាំ​គ្នា​ប្រកាស​ថា “សម្តេច​អាប់‌សាឡុម​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ហេ‌ប្រូន!”»។

11 សម្តេច​អាប់‌សាឡុម​អញ្ជើញ​មនុស្ស​ពីរ​រយ​នាក់ ពី​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទៅ​ជា​មួយ​សម្តេច ប៉ុន្តែ អ្នក​ទាំង​នោះ​នាំ​គ្នា​ទៅ​ដោយ​សុទ្ធ​ចិត្ត ពុំ​បាន​ដឹង​រឿង​ហេតុ​អ្វី​សោះ។

12 កាល​សម្តេច​អាប់‌សាឡុម​កំពុង​តែ​ធ្វើ​គូរបាន សម្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​តាម​រក​លោក​អហ៊ី‌ថូផែល ជា​អ្នក​ស្រុក​គីឡោ។ ដូច្នេះ ចំនួន​មនុស្ស​ដែល​ចូល​រួម​បះ‌បោរ​ជា​មួយ​សម្តេច​អាប់‌សា‌ឡុម បាន​កើន​ច្រើន​ឡើង ហើយ​មាន​កម្លាំង​រឹត​តែ​ខ្លាំង​ឡើង​ដែរ។


ណាពី​ទត​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម

13 ពេល​នោះ មាន​គេ​នាំ​ដំណឹង​មក​ជម្រាប​ស្តេច​ទត​ថា៖ «ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ចូល​ដៃ​ជា​មួយ​សម្តេច​អាប់‌សា‌ឡុម​ហើយ!»។

14 ស្តេច​ទត​ក៏​បញ្ជា​ទៅ​កាន់​មន្ត្រី​ទាំង​អស់ នៅ​ក្រុង​យេរូ‌សាឡឹម​ថា៖ «ចូរ​នាំ​គ្នា​រត់​ចេញ​ទៅ ដ្បិត​យើង​មិន​អាច​គេច​ផុត​ពី​កណ្តាប់​ដៃ​របស់​អាប់‌សា‌ឡុម​បាន​ទេ។ ចូរ​ប្រញាប់‌ប្រញាល់​រត់​ភៀស​ខ្លួន​ចេញ​ទៅ ក្រែង​លោ​អាប់‌សា‌ឡុម​មក​ទាន់ ហើយ​ប្រហារ​យើង និង​អ្នក​ក្រុង​នេះ​ដោយ​មុខ​ដាវ»។

15 ពួក​មន្ត្រី​ជម្រាប​ថា៖ «ស្តេច​សម្រេច​យ៉ាង​ណា ខ្ញុំ​ទាំង​អស់​គ្នា​នឹង​ធ្វើ​តាម»។

16 ពេល​នោះ ស្តេច​ទត​ចាក​ចេញ​ពី​ទី‌ក្រុង ជា​មួយ​រាជ‌វង្សា‌នុវង្ស ដោយ​ថ្មើរ​ជើង។ ស្តេច​បាន​ទុក​ស្រី​ស្នំ​ដប់​នាក់​តែ​ប៉ុណ្ណោះ ឲ្យ​នៅ​ចាំ​ដំណាក់។

17 ពេល​ទត និង​បណ្តា‌ជន​ទាំង​ប៉ុន្មាន​ចាក​ចេញ​ពី​ទី‌ក្រុង​ហើយ ក៏​ទៅ​ឈប់​នៅ​ត្រង់​ផ្ទះ​មួយ ដែល​នៅ​ចុង​គេ​បំផុត។

18 ពួក​អ្នក​បម្រើ​ទាំង​អស់​នាំ​គ្នា​ដើរ​នៅ​មុខ​ទត គឺ​ពួក​កេរេ‌ធីម ពួក​ពេលេ‌ធីម និង​ពួក​កាថ ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​មក​ពី​ក្រុង​កាថ​តាម​បម្រើ​ទត។

19 ទត​សួរ​លោក​អ៊ីត‌តាយ ជា​ជន‌ជាតិ​កាថ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មក​តាម​យើង? ចូរ​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ ហើយ​នៅ​ជា​មួយ​ស្តេច​ថ្មី​ចុះ! ដ្បិត​អ្នក​ជា​ជន​បរទេស ដែល​គេ​និរ‌ទេស​ពី​ស្រុក​របស់​ខ្លួន​មក។

20 អ្នក​ទើប​នឹង​មក​ស្នាក់​អាស្រ័យ​ក្នុង​ស្រុក​របស់​យើង​ពុំ​ទាន់​បាន​ប៉ុន្មាន​ផង ថ្ងៃ​នេះ តើ​គួរ​ឲ្យ​យើង​នាំ​អ្នក​ទៅ​ជា​មួយ​ដែរ​ឬ? ដ្បិត​យើង​ក៏​ពុំ​ដឹង​ថា យើង​ត្រូវ​ទៅ​ទី​ណា​ផង​នោះ! ចូរ​នាំ​បង​ប្អូន​របស់​អ្នក​វិល​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ​ចុះ។ សូមអុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ចំពោះ​អ្នក ដោយ​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់»។

21 ប៉ុន្តែ លោក​អ៊ីត‌តាយ​ជម្រាប​ទត​វិញ​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប និង​ក្នុង​នាម​ស្តេច​ផ្ទាល់​ថា ស្តេច​ទៅ​ទី​ណា ខ្ញុំ​សុខ​ចិត្ត​ទៅ​ទី​នោះ ហើយ​រួម​ស្លាប់​រស់​ជា​មួយ​ស្តេច​ដែរ»។

22 ស្តេច​ទត​តប​ថា៖ «ល្អ​ហើយ! ចូរ​ធ្វើ​ដំណើរ​ទៅ​មុខ​ចុះ!»។ ដូច្នេះ លោក​អ៊ីត‌តាយ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ជា​មួយ​ពល​ទាហាន និង​ក្រុម​គ្រួសារ​របស់​គេ។

23 ពេល​ក្បួន​ដង្ហែ​ស្តេច​ចេញ​ដំណើរ ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​ទ្រហោ​យំ​យ៉ាង​ខ្លាំង។ ទត​ទៅ​កាត់​ជ្រោះ​កេដ្រូន ប្រជា‌ជន​ទាំង​មូល​ក៏​ឆ្លង​តាម​ត្រង់​ផ្លូវ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន។

24 អ៊ីមុាំ​សាដុក​ក៏​នៅ​ទី​នោះ ដោយ​មាន​ពួក​លេវី​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​អុលឡោះ​នៅ​ជា​មួយ​ដែរ។ ពួក​គេ​ដាក់​ហិប​របស់​អុលឡោះ​ចុះ អ៊ីមុាំ​អបៀ‌ថើរ​ក៏​ឡើង​ពី​ជ្រោះ​មក​ដែរ ហើយ​រង់‌ចាំ​នៅ​ទី​នោះ រហូត​ដល់​ប្រជា‌ជន​ចេញ​ផុត​ពី​ទី‌ក្រុង​ទាំង​អស់​គ្នា។

25 ស្តេច​ទត​បញ្ជា​ទៅ​កាន់​អ៊ីមុាំ​សាដុក​ថា៖ «ចូរ​នាំ​ហិប​អុលឡោះ​ទៅ​ទី‌ក្រុង​វិញ​ចុះ។ បើអុលឡោះ‌តាអាឡា​គាប់​ចិត្ត​នឹង​យើង ទ្រង់​ប្រាកដ​ជា​នាំ​យើង​មក​វិញ ហើយ​យើង​នឹង​ឃើញ​ហិប​នេះ នៅ​ក្នុង​ដំណាក់​របស់​ទ្រង់​សា​ជា​ថ្មី។

26 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ទ្រង់​មិន​គាប់​ចិត្ត​នឹង​យើង​ទៀត​ទេ សូម​ទ្រង់​សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ»។

27 ទត​បញ្ជា​ទៅ​កាន់​អ៊ីមុាំ​សាដុក​ទៀត​ថា៖ «ចូរ​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ ដោយ​សុខ‌សាន្ត ជា​មួយ​អហ៊ី‌ម៉ាស ជា​កូន​របស់​អ្នក ព្រម​ទាំង​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ​ចុះ។

28 ចំណែក​ឯ​យើង​វិញ យើង​ទៅ​រង់‌ចាំ​នៅ​តំបន់​វាល​រហោ‌ស្ថាន រហូត​ដល់​ពេល​យើង​ទទួល​ដំណឹង​ពី​អស់​អ្នក»។

29 ដូច្នេះ អ៊ីមុាំ​សាដុក និង​លោក​អបៀ‌ថើរ ក៏​សែង​ហិប​របស់​អុលឡោះ​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ស្នាក់​នៅ​ទី​នោះ។


ណាពី​ទត​ចាត់​លោក​ហ៊ូសាយ​ទៅ​ស៊ើប‌ការណ៍​ពី​ស្តេច​អាប់‌សា‌ឡុម

30 ស្តេច​ទត​ឡើង​ភ្នំ​ដើម​អូលីវ ដោយ​យំ​ផង ស្តេច​ទទូរ​ក្បាល ហើយ​ដើរ​ជើង​ទទេ។ រីឯ​បណ្តា‌ជន​ទាំង​អស់​ដែល​ឡើង​ទៅ​ជា​មួយ​ស្តេច ក៏​ទទូរ​ក្បាល ហើយ​ឡើង​ទៅ​ទាំង​យំ​ដែរ។

31 មាន​គេ​ជម្រាប​ស្តេច​ទត​ថា លោក​អហ៊ី‌ថូផែល​ស្ថិត​ក្នុង​ចំណោម​ពួក​ក្បត់​ជា​មួយ​សម្តេច​អាប់‌សា‌ឡុម​ដែរ។ ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​ធ្វើ​ឲ្យ​យោបល់​ទាំង​ប៉ុន្មាន​របស់​អហ៊ី‌ថូផែល​ប្រែ​ជា​ឥត​បាន​ការ»។

32 ពេល​ស្តេច​ទត​ឡើង​ទៅ​ដល់​កំពូល​ភ្នំ ជា​កន្លែង​ដែល​គេ​ថ្វាយ‌បង្គំ​អុលឡោះ ស្រាប់​តែ​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី មក​ជួប​គាត់ ដោយ​មាន​អាវ​រហែក និង​ដី​នៅ​លើ​ក្បាល​ផង។

33 ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា៖ «កុំ​មក​ជា​មួយ​យើង​អី! ក្រែង​អ្នក​ទៅ​ជា​បន្ទុក​មួយ​សម្រាប់​យើង

34 ចូរ​វិល​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ​ចុះ ហើយ​ប្រាប់​អាប់‌សា‌ឡុម​ថា “ខ្ញុំ​ស្ម័គ្រ​ចិត្ត​បម្រើ​លោក​ហើយ។ កាល​ពី​មុន ខ្ញុំ​បាន​បម្រើ​ឪពុក​របស់​លោក ឥឡូវ​នេះ ខ្ញុំ​ត្រូវ​តែ​បម្រើ​លោក​ដែរ”។ ធ្វើ​ដូច្នេះ អ្នក​អាច​ជួយ​យើង​ដោយ​ធ្វើ​ជា​ឧបសគ្គ ជំទាស់​នឹង​យោបល់​របស់​អហ៊ី‌ថូផែល។

35 ម្យ៉ាង​ទៀត អ៊ីមុាំ​សាដុក និង​អបៀ‌ថើរ​ក៏​ចាំ​ជួយ​គាត់​ដែរ។ អ្វីៗ​ដែល​គាត់​ឮ​ពី​ដំណាក់​ស្តេច ចូរ​ប្រាប់​អ៊ីមុាំ​សាដុក និង​អបៀ‌ថើរ​ឲ្យ​ដឹង​ផង។

36 រីឯ​អហ៊ី‌ម៉ាស់ ជា​កូន​របស់​អ៊ីមុាំ​សាដុក និង​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ ក៏​នៅ​ជា​មួយ​ឪពុក​របស់​គេ​រៀងៗ​ខ្លួន​ដែរ។ ចូរ​ចាត់​អ្នក​ទាំង​ពីរ​ឲ្យ​នាំ​ដំណឹង​ដែល​គាត់​ដឹង មក​ប្រាប់​យើង​ផង»។

37 លោក​ហ៊ូសាយ ជា​មន្ត្រី​ជំនិត​របស់​ស្តេច​ទត បាន​វិល​ចូល​ទៅ​ក្រុង​វិញ ចំ​ពេល​ដែល​សម្តេច​អាប់‌សា‌ឡុម​ចូល​ទី‌ក្រុង​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម