១ សាំយូអែល 1 - អាល់គីតាបលោកអេលី និងសាំយូអែល នាងហាណានៅកន្លែងសក្ការៈស៊ីឡូ 1 មានបុរសម្នាក់ឈ្មោះអែលកាណា រស់នៅភូមិរ៉ាម៉ាថែម-សូភីម ក្នុងតំបន់ភ្នំអេប្រាអ៊ីម គាត់ត្រូវជាកូនរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកអេលីហ៊ូវ ជាចៅទួតរបស់លោកថូហ៊ូវ ហើយត្រូវជាចៅលួតរបស់លោកស៊ូភ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។ 2 បុរសនោះមានប្រពន្ធពីរ ម្នាក់ឈ្មោះហាណា និងម្នាក់ទៀតឈ្មោះពេនីណា។ នាងពេនីណាមានកូនច្រើន រីឯនាងហាណាវិញ នាងគ្មានកូនទេ។ 3 រៀងរាល់ឆ្នាំ លោកអែលកាណាតែងតែធ្វើដំណើរពីភូមិរបស់គាត់ ទៅថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនៅស៊ីឡូ ព្រមទាំងធ្វើគូរបានទៀតផង។ នៅគ្រានោះ កូនប្រុសទាំងពីរនាក់របស់លោកអេលី គឺលោកហូបនី និងលោកភីនេហាស ធ្វើជាអ៊ីមុាំបម្រើអុលឡោះតាអាឡា នៅស៊ីឡូ។ 4 នៅថ្ងៃធ្វើគូរបាន លោកអែលកាណាមានទម្លាប់យកសាច់ទៅឲ្យនាងពេនីណាជាប្រពន្ធ និងកូនប្រុសកូនស្រីទាំងអស់របស់នាងមួយចំណែកម្នាក់។ 5 ប៉ុន្តែ ចំពោះនាងហាណាវិញ គាត់បានឲ្យមួយទ្វេជាពីរ ព្រោះគាត់ស្រឡាញ់នាងច្រើនជាង ទោះបីអុលឡោះតាអាឡាបានធ្វើឲ្យនាងទៅជាស្ត្រីអារក៏ដោយ។ 6 នាងពេនីណាជាគូវិវាទ តែងតែរុកគួនបញ្ឈឺចិត្តនាងហាណា ក្នុងគោលបំណងឲ្យនាងខឹងនឹងអុលឡោះតាអាឡា ដែលបានធ្វើឲ្យនាងទៅជាស្ត្រីអារ។ 7 នាងពេនីណាធ្វើបែបនេះជារៀងរាល់ឆ្នាំ គឺនៅពេលដែលនាងហាណាឡើងទៅម៉ាស្ចិទរបស់អុលឡោះតាអាឡានៅស៊ីឡូ នាងពេនីណាតែងតែរុកគួននាងជានិច្ច ធ្វើឲ្យនាងហាណាយំ មិនព្រមបរិភោគអ្វីសោះ។ 8 ពេលនោះ លោកអែលកាណាជាប្ដី សួរទៅនាងថា៖ «ហាណាអើយ ហេតុអ្វីបានជានាងយំ? ហេតុអ្វីបានជានាងមិនបរិភោគដូច្នេះ? ហេតុអ្វីបានជានាងព្រួយចិត្ត? ឬមួយខ្ញុំគ្មានតម្លៃស្មើនឹងកូនដប់នាក់ទេឬ?»។ 9 ក្រោយពេលគេបរិភោគ និងផឹករួចហើយ នាងហាណាក្រោកឡើង ចូលទៅម៉ាស្ជិទនៅស៊ីឡូ។ ពេលនោះ អ៊ីមុាំអេលីអង្គុយនៅមាត់ទ្វារម៉ាស្ជិទនៃអុលឡោះតាអាឡា។ 10 នាងតូចចិត្តជាខ្លាំង ហើយទូរអាទៅរកអុលឡោះតាអាឡា ទាំងយំហូរទឹកភ្នែករហាម។ 11 នាងទូរអាអង្វរអុលឡោះដោយសច្ចាថា៖ «ឱ! អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! សូមមើលមកខ្ញុំ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំ ហើយកុំបំភ្លេចខ្ញុំឡើយ។ ប្រសិនបើទ្រង់ប្រោសប្រទានឲ្យខ្ញុំមានកូនប្រុសមួយ ខ្ញុំនឹងយកកូននោះមកជូនទ្រង់ ដើម្បីឲ្យនៅបម្រើទ្រង់អស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។ 12 នាងហាណាទូរអាយ៉ាងយូរចំពោះអុលឡោះតាអាឡា។ ពេលនោះ លោកអេលីសង្កេតមើលមាត់របស់នាង។ 13 នាងទូរអាស្ងាត់ៗ ឃើញតែបបូរមាត់កំរើកតិចៗ ឥតមានឮសូរសំឡេងទេ។ ដូច្នេះ លោកអេលីនឹកស្មានថា នាងស្រវឹងស្រា។ 14 លោកក៏ពោលទៅនាងថា៖ «តើនាងនៅស្រវឹងដល់អង្កាល់ទៀត ល្មមស្វាងហើយ!»។ 15 នាងហាណាឆ្លើយតបថា៖ «ទេ លោកម្ចាស់! នាងខ្ញុំជាស្ត្រីមានទុក្ខ នាងខ្ញុំពុំបានទទួលទានស្រា ឬគ្រឿងស្រវឹងណាទេ។ នាងខ្ញុំនៅទីនេះ ដើម្បីជម្រាបអុលឡោះតាអាឡាពីទុក្ខព្រួយរបស់នាងខ្ញុំ។ 16 សូមកុំចាត់ទុកនាងខ្ញុំថា ជាស្ត្រីអាក្រក់ឡើយ នាងខ្ញុំទូរអាដល់ទ្រង់យ៉ាងយូរដូច្នេះ ព្រោះនាងខ្ញុំឈឺចាប់ និងមានទុក្ខកង្វល់ហួសប្រមាណ»។ 17 លោកអេលីនិយាយទៅកាន់នាងថា៖ «សុំអញ្ជើញទៅដោយសុខសាន្ត! សូមអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល ប្រោសប្រទានឲ្យនាងបានសម្រេចតាមពាក្យរបស់នាងចុះ!»។ 18 នាងហាណាឆ្លើយថា៖ «សូមលោកសំដែងសេចក្តីមេត្តាករុណាដល់នាងខ្ញុំផង!»។ បន្ទាប់មកនាងក៏ចេញទៅ ហើយបរិភោគម្ហូបអាហារ ព្រមទាំងមានទឹកមុខស្រស់បស់ឡើងវិញ។ 19 លោកអែលកាណា និងគ្រួសារគាត់ ក្រោកពីព្រលឹមថ្វាយបង្គំអុលឡោះតាអាឡា រួចនាំគ្នាត្រឡប់ទៅផ្ទះរបស់គេ នៅឯរ៉ាម៉ាវិញ។ លោកអែលកាណារួមរស់ជាមួយនាងហាណា ជាប្រពន្ធ ហើយអុលឡោះតាអាឡាក៏នឹកឃើញនាង។ កំណើត និងកុមារភាពរបស់សាំយូអែល 20 នៅឆ្នាំនោះនាងហាណាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា «សាំយូអែល» ដ្បិតនាងពោលថា «ខ្ញុំបានទូរអាសូមកូននេះពីអុលឡោះតាអាឡា»។ 21 ក្រោយមក លោកអែលកាណាជាប្ដី បាននាំគ្រួសាររបស់គាត់ទាំងអស់គ្នា យកគូរបានប្រចាំឆ្នាំទៅជូនអុលឡោះតាអាឡា ព្រមទាំងលាបំណន់ផង។ 22 ប៉ុន្តែ នាងហាណាពុំបានទៅជាមួយទេ ដ្បិតនាងបានប្រាប់ប្ដីថា៖ «នៅពេលដែលកូនខ្ញុំផ្តាច់ដោះ នោះខ្ញុំនឹងនាំវាទៅជូនអុលឡោះតាអាឡា ហើយទុកវានៅទីនោះរហូត»។ 23 លោកអែលកាណាជាប្ដីតបវិញថា៖ «ចូរធ្វើតាមដែលនាងយល់ឃើញថាល្អចុះ។ ដូច្នេះ ចូរនៅជាមួយកូនរហូតដល់ពេលផ្តាច់ដោះ ហើយសូមអុលឡោះតាអាឡាសម្រេចតាមបន្ទូលសន្យារបស់ទ្រង់»។ នាងហាណាក៏នៅចាំផ្ទះ និងបំបៅកូន រហូតដល់ពេលផ្តាច់ដោះ។ 24 លុះនាងផ្តាច់ដោះកូនហើយ នាងក៏នាំកូនឡើងទៅម៉ាស្ទិទរបស់អុលឡោះតាអាឡា នៅស៊ីឡូ ព្រមទាំងយកគោឈ្មោលមួយក្បាលអាយុបីឆ្នាំ ម្សៅមួយថាំង និងស្រាទំពាំងបាយជូរមួយថង់ស្បែកទៅជាមួយផង។ ពេលនោះកុមារសាំយូអែលនៅក្មេងណាស់។ 25 គេសម្លាប់គោនោះ ហើយនាំកុមារទៅជួបលោកអេលី។ 26 នាងហាណាពោលថា៖ «លោកម្ចាស់! នាងខ្ញុំជាស្ត្រីម្នាក់ដែលឈរទូរអាអង្វរអុលឡោះតាអាឡា កាលពីមុន នៅទីនេះជិតលោក។ នេះជាការពិត ដូចលោកម្ចាស់មានជីវិតនៅសព្វថ្ងៃដែរ។ 27 នាងខ្ញុំបានទូរអាអង្វរអុលឡោះតាអាឡាសូមឲ្យមានកូន ហើយទ្រង់ក៏ប្រោសប្រទានតាមពាក្យរបស់នាងខ្ញុំ។ 28 ឥឡូវនេះ នាងខ្ញុំសូមយកកូនមកជូនអុលឡោះតាអាឡា ឲ្យនៅជាមួយទ្រង់អស់មួយជីវិត»។ បន្ទាប់មក គេនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies