Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ សាំ‌យូ‌អែល 16 - អាល់គីតាប


អុលឡោះ​ជ្រើស​រើស​ណាពី​ទត​ជា​ស្តេច​ថ្មី

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​សាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​យំ​សោក​ស្តាយ​សូល​ដល់​ណា​ទៀត? យើង​បោះ​បង់​គេ​ចោល លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ហើយ។ ចូរ​យក​ស្នែង​មក​ចាក់​ប្រេង​ឲ្យ​ពេញ រួច​ធ្វើ​ដំណើរ​ទៅ។ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ផ្ទះ​លោក​អ៊ីសាយ​នៅ​ភូមិ​បេថ្លេ‌ហិម ដ្បិត​ក្នុង​ចំណោម​កូន​ប្រុស​របស់​គាត់ យើង​ជ្រើស​រើស​យក​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្តេច​ដែល​ត្រូវ​ចិត្ត​យើង»។

2 សាំយូ‌អែល​សួរ​ថា៖ «តើ​ឲ្យ​ខ្ញុំ​ទៅ​ម្តេច​កើត? បើ​ស្តេច​សូល​ជ្រាប គាត់​មុខ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ដឹក​គោ​ញី​ស្ទាវ​មួយ​ទៅ ហើយ​ប្រាប់​គេ​ថា ខ្ញុំ​មក​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា។

3 ចូរ​អញ្ជើញ​លោក​អ៊ីសាយ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ធ្វើ​គូរបាន​នោះ​ផង។ ពេល​នោះ យើង​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​នូវ​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​យក​ប្រេង​ចាក់​តែង‌តាំង​អ្នក​ដែល​យើង​នឹង​ចង្អុល​ប្រាប់»។

4 សាំយូ‌អែល​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា ហើយ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេ‌ហិម។ អស់​លោក​អះលី‌ជំអះ​ក្នុង​ភូមិ​នោះ​ចេញ​មក​ទទួល​គាត់ ទាំង​ភ័យ​ញាប់‌ញ័រ ហើយ​សួរ​គាត់​ថា៖ «តើ​លោក​អញ្ជើញ​មក​នេះ ក្នុង​គោល​បំណង​ល្អ​ឬ?»។

5 សាំយូ‌អែល​ឆ្លើយ​តប​ថា៖ «បាទ! ខ្ញុំ​មក​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ដូច្នេះ សូម​អស់​លោក​អញ្ជើញ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ហើយ​មក​ធ្វើ​គូរបាន​ជា​មួយ​ខ្ញុំ»។ សាំយូ‌អែល​ក៏​ធ្វើ​ពិធី​ជម្រះ​កាយ​ជូន​លោក​អ៊ីសាយ ព្រម​ទាំង​កូន​ប្រុសៗ​ឲ្យ​បាន​បរិសុទ្ធ និង​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ធ្វើ​គូរបាន​ដែរ។

6 កាល​លោក​អ៊ីសាយ និង​កូន​ប្រុសៗ​មក​ដល់ សាំយូ‌អែល​ក្រឡេក​ឃើញ​អេលាប​ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «ប្រាកដ​ជា​ម្នាក់​នេះ​ហើយ ដែលអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស»។

7 ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កំពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ទេ។ អុលឡោះ‌តាអាឡា​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ អុលឡោះ‌តាអាឡា​មើល​ចិត្ត​គំនិត​វិញ»។

8 លោក​អ៊ីសាយ​ហៅ​អប៊ី‌ណា‌ដាប់ ឲ្យ​ដើរ​នៅ​មុខ​សាំយូ‌អែល សាំយូ‌អែល​និយាយ​ថា៖ «អុលឡោះ‌តាអាឡា​ក៏​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។

9 លោក​អ៊ីសាយ​ឲ្យ​សាម៉ា​ដើរ​នៅ​មុខ​សាំយូ‌អែល។ សាំយូ‌អែល​និយាយ​ថា៖ «អុលឡោះ‌តាអាឡា​ក៏​មិន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។

10 លោក​អ៊ីសាយ​ឲ្យ​កូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​ដើរ​នៅ​មុខ​សាំយូ‌អែល តែ​គាត់​និយាយ​ទៅ​កាន់​លោក​អ៊ីសាយ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​នេះ អុលឡោះ‌តាអាឡា​ពុំ​បាន​ជ្រើស​រើស​នរណា​ម្នាក់​ឡើយ

11 តើ​លោក​គ្មាន​កូន​ណា​ផ្សេង​ទេ​ឬ?»។ លោក​អ៊ីសាយ​ឆ្លើយ​ថា៖ «បាទ! នៅ​សល់​កូន​ពៅ​ម្នាក់​ទៀត ដែល​កំពុង​តែ​ឃ្វាល​ចៀម»។ សាំយូ‌អែល​និយាយ​ទៅ​កាន់​លោក​អ៊ីសាយ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ហៅ​វា​មក បើ​វា​មិន​ទាន់​មក​ដល់​ទេ យើង​នឹង​មិន​បរិភោគ​ឡើយ»។

12 លោក​អ៊ីសាយ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​កូន​នោះ​មក។ កូន​នោះ​មាន​ថ្ពាល់​ក្រហម មាន​ភ្នែក​ភ្លឺ​ថ្លា និង​មាន​ទឹក​មុខ​ស្រស់​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «គឺ​ម្នាក់​នេះ​ហើយ! ចូរ​តែង​តាំង​គេ​ចុះ!»។

13 សាំយូ‌អែល​យក​ស្នែង​ប្រេង​មក ហើយ​តែង​តាំង​ទត នៅ​ចំពោះ​មុខ​បងៗ។ រស​របស់អុលឡោះ‌តាអាឡា​មក​សណ្ឋិត​លើ​ទត ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក សាំយូ‌អែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។


ណាពី​ទត​ចូល​បម្រើ​ស្តេច​សូល

14 រស​របស់អុលឡោះ‌តាអាឡា​បាន​ចាក​ចេញ​ពី​ស្តេច​សូល ហើយ​អុលឡោះ​បណ្តោយ​ឲ្យ​អ៊ីព្លេស​មួយ​មក​ធ្វើ​ឲ្យ​ស្តេច​វិល​វល់​ស្មារតី។

15 ពួក​មន្ត្រី​របស់​ស្តេច​សូល​ជម្រាប​ស្តេច​ថា៖ «អុលឡោះ​បណ្តោយ​អ៊ីព្លេស​ធ្វើ​ឲ្យ​ស្តេច​វិល​វល់​ស្មារតី​ដូច្នេះ។

16 សូម​ស្តេច​មាន​បញ្ជា​មក​ចុះ យើង​ខ្ញុំ​រង់​ចាំ​ធ្វើ​តាម​បញ្ជា​ជា‌និច្ច យើង​ខ្ញុំ​នឹង​រក​មនុស្ស​ម្នាក់ ដែល​ចេះ​ដេញ​ពិណ​មក​ជូន​ស្តេច។ កាល​ណា​អុលឡោះ​បណ្តោយ​ឲ្យ​អ៊ីព្លេស​មក​សង្កត់​លើ​ស្តេច អ្នក​នោះ​នឹង​ដេញ​ពិណ ដើម្បី​ឲ្យ​ស្តេច​បាន​ធូរ​ស្រាល»។

17 ស្តេច​សូល​បាន​បញ្ជា​ទៅ​ពួក​មន្ត្រី​ថា៖ «ចូរ​ទៅ​រក​អ្នក​លេង​ភ្លេង​ដ៏​ចំណាន​ម្នាក់ ហើយ​នាំ​មក​ជួប​យើងស»។

18 អ្នក​បម្រើ​ម្នាក់​ប្រាប់​ថា៖ «ខ្ញុំ​ស្គាល់​យុវជន​ម្នាក់ ជា​កូន​របស់​លោក​អ៊ីសាយ អ្នក​ភូមិ​បេថ្លេ‌ហិម។ គេ​ចេះ​លេង​ភ្លេង ជា​អ្នក​ក្លាហាន​អង់​អាច ជា​អ្នក​ចំបាំង​ដ៏​ខ្លាំង‌ក្លា ឈ្លាស‌វៃ​ក្នុង​ការ​និយាយ​ស្តី មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយអុលឡោះ‌តាអាឡា​ក៏​នៅ​ជា​មួយ​ដែរ»។

19 ស្តេច​សូល​ចាត់​អ្នក​នាំ​សារ​ទៅ​ប្រាប់​លោក​អ៊ីសាយ នៅ​ភូមិ​បេថ្លេ‌ហិម​ថា៖ «សូម​ឲ្យ​ទត ជា​កូន​ប្រុស​របស់​លោក ដែល​ជា​អ្នក​ឃ្វាល​ចៀម​នោះ​មក​ជួប​យើង»។

20 លោក​អ៊ីសាយ​យក​លា​មួយ​មក គាត់​រៀប‌ចំ​នំបុ័ង ស្រា​មួយ​ថង់​ស្បែក និង​កូន​ពពែ​ស្ទាវ​មួយ រួច​បញ្ជូន​ទត​ជា​កូន​ឲ្យ​យក​ទៅ​ជូន​ស្តេច​សូល។

21 ទត​ទៅ​ដល់ ចូល​ជួប​ស្តេច​សូល ហើយ​នៅ​បម្រើ​ស្តេច។ ស្តេច​សូល​ស្រឡាញ់​ទត​ណាស់ គាត់​ឲ្យ​ទត​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​ស្តេច។

22 ស្តេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​លោក​អ៊ីសាយ​ថា៖ «សូម​ឲ្យ​ទត​នៅ​បម្រើ​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​នឹង​យុវជន​នេះ​ណាស់»។

23 កាល​ណា​អុលឡោះ​បណ្តោយ​ឲ្យ​អ៊ីព្លេស​មក​សង្កត់​លើ​ស្តេច​សូល ទត​ទាញ​ពិណ​យក​មក​ដេញ។ ពេល​នោះ ស្តេច​សូល​បាន​ធូរ​ស្រាល និង​ស្រួល​ខ្លួន​ឡើង​វិញ ហើយ​អ៊ីព្លេស​ក៏​ដក​ថយ​ចេញ​ពី​ស្តេច​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម