យ៉ូស្វេ 24 - អាល់គីតាបសម្ពន្ធមេត្រីនៅស៊ីគែម 1 យ៉ូស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រអែលឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយគាត់ក៏បានកោះហៅក្រុមអះលីជំអះ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះអុលឡោះ។ 2 យ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា “ពីដើម បុព្វបុរសរបស់អ្នករាល់គ្នា គឺថេរ៉ា ជាឪពុករបស់អ៊ីព្រហ៊ីម និងណាហ៊ររស់នៅខាងនាយទន្លេអឺប្រាត ហើយគោរពបម្រើព្រះដទៃ។ 3 យើងបាននាំអ៊ីព្រហ៊ីម ជាបុព្វបុរសរបស់អ្នករាល់គ្នា ពីត្រើយខាងនាយទន្លេអឺប្រាតមក ឲ្យដើរកាត់ស្រុកកាណានទាំងមូល យើងធ្វើឲ្យកូនចៅរបស់គាត់កើនចំនួនច្រើនឡើង ហើយយើងក៏បានឲ្យគាត់បង្កើតអ៊ីសាហាក់ដែរ។ 4 យើងបានឲ្យអ៊ីសាហាក់បង្កើតយ៉ាកកូប ព្រមទាំងអេសាវ ហើយប្រគល់ឲ្យអេសាវកាន់កាប់តំបន់ភ្នំសៀរ។ រីឯយ៉ាកកូប និងកូនៗរបស់គាត់បាននាំគ្នាចុះទៅនៅស្រុកអេស៊ីប។ 5 បន្ទាប់មកយើងចាត់ម៉ូសា និងហារូនឲ្យមក ហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាចដែលយើងធ្វើនៅក្នុងចំណោមពួកគេ រួចយើងនាំប្រជាជនរបស់អ្នករាល់គ្នាចេញពីស្រុកនោះ។ 6 យើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នា ចេញពីស្រុកអេស៊ីបមកដល់សមុទ្រ។ ជនជាតិអេស៊ីបដេញតាមរហូតដល់សមុទ្រក្រហម ទាំងមានរទេះចំបាំង និងទ័ពសេះមកជាមួយផង។ 7 បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វរយើង យើងក៏ដាក់ពពកដ៏ក្រាស់នៅចន្លោះបុព្វបុរសរបស់អ្នករាល់គ្នា និងជនជាតិអេស៊ីប ហើយយើងធ្វើឲ្យទឹកសមុទ្រគ្របពីលើជនជាតិអេស៊ីប លិចលង់អស់ទៅ។ អ្នករាល់គ្នាដឹងច្បាស់ហើយថា យើងបានប្រព្រឹត្តបែបណាចំពោះជនជាតិអេស៊ីប។ ប្រជាជនរបស់អ្នករាល់គ្នារស់នៅវាលរហោស្ថានអស់រយៈពេលដ៏យូរលង់។ 8 បន្ទាប់មក យើងនាំអ្នករាល់គ្នាមកដល់ទឹកដីរបស់ជនជាតិអាម៉ូរីដែលនៅខាងកើតទន្លេយ័រដាន់។ ជនជាតិអាម៉ូរីធ្វើសង្គ្រាមជាមួយអ្នករាល់គ្នា តែយើងបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏កាន់កាប់ទឹកដីរបស់គេ។ យើងបានប្រល័យពួកគេឲ្យបាត់អស់ពីមុខអ្នករាល់គ្នា។ 9 ស្តេចបាឡាក់ជាបុត្ររបស់ស្តេចស៊ីបព័រ ដែលគ្រងរាជ្យនៅស្រុកម៉ូអាប់ បានលើកទ័ពមកច្បាំងនឹងជនជាតិអ៊ីស្រអែល។ ស្តេចបានចាត់គេឲ្យទៅហៅបាឡាម ជាកូនរបស់បេអ៊រមកដាក់បណ្តាសាអ្នករាល់គ្នា។ 10 ប៉ុន្តែ យើងមិនព្រមស្តាប់ពាក្យបាឡាមទេ គឺគាត់បែរជាឲ្យពរអ្នករាល់គ្នាវិញ ហើយយើងក៏បានរំដោះអ្នករាល់គ្នាឲ្យរួចផុតពីកណ្តាប់ដៃរបស់ស្តេចបាឡាក់។ 11 អ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូ។ មេដឹកនាំក្រុងយេរីខូ ដោយមានជនជាតិអាម៉ូរី ជនជាតិពេរីស៊ីតជនជាតិកាណាន ជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស រួមជាមួយផងបានប្រយុទ្ធតទល់នឹងអ្នករាល់គ្នា ប៉ុន្តែ យើងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា។ 12 យើងបានប្រើសត្វឪម៉ាល់ឲ្យទៅមុនអ្នករាល់គ្នា ដើម្បីដេញកំចាត់ស្តេចទាំងពីរនៃជនជាតិអាម៉ូរី ឲ្យរត់ចេញពីអ្នករាល់គ្នា។ អ្នករាល់គ្នាមានជ័យជំនះមិនមែនដោយសារដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។ 13 យើងបានប្រគល់ស្រុកមួយឲ្យអ្នករាល់គ្នា ដោយអ្នករាល់គ្នាមិនបាននឿយហត់ភ្ជួររាស់អ្នករាល់គ្នាមានទីក្រុងស្នាក់នៅដោយអ្នករាល់គ្នាមិនបានសង់ ហើយអ្នករាល់គ្នាបរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវពីចម្ការដែលអ្នករាល់គ្នាមិនបានដាំ”»។ 14 យ៉ូស្វេមានប្រសាសន៍ទៀតថា៖ «ឥឡូវនេះ ចូរកោតខ្លាចអុលឡោះតាអាឡា និងគោរពបម្រើទ្រង់ឲ្យអស់ពីចិត្ត និងដោយស្មោះត្រង់បំផុត។ ចូរដក យកព្រះដទៃដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងនាយទន្លេអឺប្រាត និងនៅស្រុកអេស៊ីបនោះចោលទៅ ហើយនាំគ្នាគោរពបម្រើអុលឡោះតាអាឡា។ 15 ប៉ុន្តែ បើអ្នករាល់គ្នាមិនពេញចិត្តគោរពបម្រើអុលឡោះតាអាឡាទេ ចូរជ្រើសរើសយកព្រះណាមួយ ដែលអ្នករាល់គ្នាពេញចិត្តនឹងគោរពបម្រើនៅថ្ងៃនេះទៅ គឺមានព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងនាយទន្លេអឺប្រាត ឬព្រះរបស់ជនជាតិអាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើអុលឡោះតាអាឡា»។ 16 ប្រជាជនឆ្លើយដូចតទៅ៖ «យើងខ្ញុំនឹងមិនបោះបង់ចោលអុលឡោះតាអាឡា ទៅគោរពបម្រើព្រះដទៃទៀតជាដាច់ខាត! 17 ដ្បិតមានតែអុលឡោះតាអាឡានេះហើយជាម្ចាស់នៃយើងខ្ញុំ ទ្រង់បាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ ចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើងខ្ញុំធ្លាប់ធ្វើជាទាសករ។ ទ្រង់បានសំដែងការអស្ចារ្យធំៗ ឲ្យយើងខ្ញុំឃើញច្បាស់នឹងភ្នែក គឺទ្រង់បានរក្សាការពារយើងខ្ញុំតាមផ្លូវដែលយើងខ្ញុំធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ជាតិសាសន៍នានា។ 18 អុលឡោះតាអាឡាបណ្តេញប្រជាជនទាំងប៉ុន្មានចេញពីមុខយើងខ្ញុំ ជាពិសេសជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនេះ។ យើងខ្ញុំក៏ចង់គោរពបម្រើអុលឡោះតាអាឡាដែរ ដ្បិតទ្រង់ជាម្ចាស់នៃយើងខ្ញុំ»។ 19 យ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាមិនអាចគោរពបម្រើអុលឡោះតាអាឡាបានទេ ដ្បិតទ្រង់ជាម្ចាស់ដ៏វិសុទ្ធ ហើយទ្រង់មិនពេញចិត្តឲ្យអ្នករាល់គ្នាគោរពព្រះមួយណាទៀតឡើយ ទ្រង់មិនអាចអត់ទោសចំពោះការបះបោរ និងអំពើបាបរបស់អ្នករាល់គ្នាទេ។ 20 ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលអុលឡោះតាអាឡា ហើយងាកទៅគោរពបម្រើព្រះដទៃទៀត ទ្រង់នឹងបែរមកដាក់ទោសអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាវិនាសសាបសូន្យ ថ្វីដ្បិតតែទ្រង់ធ្លាប់ប្រទានពរដល់អ្នករាល់គ្នារួចមកហើយក៏ដោយ»។ 21 ប្រជាជនឆ្លើយតបទៅយ៉ូស្វេវិញថា៖ «ទេ! យើងខ្ញុំគោរពបម្រើ អុលឡោះតាអាឡាតែមួយប៉ុណ្ណោះ»។ 22 យ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាសាក្សីដឹងឮខ្លួនឯងផ្ទាល់ថា អ្នករាល់គ្នាសម្រេចចិត្តគោរពបម្រើអុលឡោះតាអាឡា»។ ពួកគេឆ្លើយថា៖ «ពិតមែនហើយយើងខ្ញុំជាសាក្សី»។ 23 យ៉ូស្វេមានប្រសាសន៍ថា៖ «ឥឡូវនេះ ចូរដកព្រះដទៃ ដែលស្ថិតនៅកណ្តាលអ្នករាល់គ្នា ចោលចេញទៅ ហើយផ្ចង់ចិត្តគំនិតទៅរកអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលវិញ»។ 24 ប្រជាជនឆ្លើយតបទៅយ៉ូស្វេថា៖ «យើងខ្ញុំនឹងគោរពបម្រើអុលឡោះតាអាឡាជាម្ចាស់នៃយើង ហើយប្រតិបត្តិតាមបន្ទូលរបស់ទ្រង់ផង»។ 25 នៅថ្ងៃនោះ យ៉ូស្វេបានចងសម្ពន្ធមេត្រីជាមួយប្រជាជននៅស៊ីគែម ហើយគាត់ចេញហ៊ូកុំ និងវិន័យឲ្យពួកគេកាន់តាមទៀតផង។ 26 យ៉ូស្វេចារសេចក្តីទាំងនេះ ទុកនៅក្នុងគីតាបនៃហ៊ូកុំរបស់អុលឡោះ។ គាត់យកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅក្រោមដើមជ្រៃ ដែលស្ថិតក្នុងកន្លែងសក្ការៈរបស់អុលឡោះតាអាឡា។ 27 យ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «មើល៍! ថ្មនេះជាសាក្សីរបស់យើងរាល់គ្នា ដ្បិតថ្មនេះបានឮសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាមានបន្ទូលមកយើង ថ្មនេះនឹងទៅជាសាក្សី រារាំងអ្នករាល់គ្នាកុំឲ្យក្បត់ម្ចាស់របស់អ្នករាល់គ្នា»។ 28 បន្ទាប់មក យ៉ូស្វេបានឲ្យប្រជាជនវិលត្រឡប់ទៅកាន់ទឹកដី ដែលជាមត៌កគេរៀងៗខ្លួនវិញ។ យ៉ូស្វេបានស្លាប់ 29 ក្រោយព្រឹត្តិការណ៍ទាំងនោះមក យ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានស្លាប់ក្នុងអាយុមួយរយដប់ឆ្នាំ។ 30 គេបានបញ្ចុះសពគាត់នៅក្នុងទឹកដី ដែលជាចំណែកមត៌ករបស់គាត់នៅធីម្នាត-សេរ៉ា ក្នុងតំបន់ភ្នំអេប្រាអ៊ីមខាងជើងភ្នំកាអាស។ 31 ប្រជាជនអ៊ីស្រអែលគោរពបម្រើអុលឡោះតាអាឡា អស់មួយជីវិតរបស់យ៉ូស្វេ។ ក្រោយយ៉ូស្វេបានស្លាប់ផុតទៅ គេនៅតែគោរពបម្រើទ្រង់តទៅទៀត ក្នុងអំឡុងពេលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញអុលឡោះតាអាឡា សំដែងការអស្ចារ្យទាំងប៉ុន្មានដើម្បីជាប្រយោជន៍ដល់អ៊ីស្រអែល។ 32 រីឯឆ្អឹងរបស់យូសុះ ដែលជនជាតិអ៊ីស្រអែលនាំយកពីស្រុកអេស៊ីបមកនោះ គេបញ្ចុះនៅស៊ីគែមក្នុងចម្ការដែលយ៉ាកកូបបានទិញពីកូនចៅលោកហាម៉ោរ ជាឪពុករបស់លោកស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយស្លឹង ហើយដីនោះស្ថិតនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់កូនចៅយូសុះ។ 33 លោកអេឡាសារជាកូនហារូន ក៏បានស្លាប់ដែរ។ គេបានបញ្ចុះសពគាត់ នៅលើភ្នំរបស់លោកភីនេហាសជាកូន គឺទឹកដីដែលគាត់បានទទួលនៅតំបន់ភ្នំអេប្រាអ៊ីម។ |
© 2014 United Bible Societies, UK.
United Bible Societies