ដោយឃើញឪពុកស្រឡាញ់យូសុះខ្លាំងជាងពួកគេ ដូច្នេះ បងៗក៏នាំគ្នាស្អប់យូសុះ រហូតដល់មិនអាចនិយាយជាមួយគាត់ ដោយពាក្យសំដីទន់ភ្លន់បានឡើយ។
២ កូរិនថូស 13:11 - អាល់គីតាប នៅទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរឡើង ចូរខំប្រឹងឲ្យបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្ដគ្នា ចូរមានចិត្ដគំនិតតែមួយ ចូររស់នៅដោយសុខសាន្ដជាមួយគ្នា នោះអុលឡោះដែលជាប្រភពនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ដ មុខជានៅជាមួយបងប្អូនមិនខាន។ ព្រះគម្ពីរខ្មែរសាកល ជាទីបញ្ចប់ បងប្អូនអើយ ចូរអ្នករាល់គ្នាអរសប្បាយ! ចូរឲ្យបានគ្រប់លក្ខណ៍ ចូរទទួលការកម្សាន្តចិត្ត ចូរមានចិត្តតែមួយ ចូរនៅសុខជាមួយគ្នា នោះព្រះនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។ Khmer Christian Bible ទីបញ្ចប់នេះ បងប្អូនអើយ! ចូរមានអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរទទួលការលើកទឹកចិត្ដ ចូរមានគំនិតតែមួយ ចូររស់នៅដោយសុខសាន្តចុះ នោះព្រះជាម្ចាស់នៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្តនឹងគង់នៅជាមួយអ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះនៃសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរឡើង ចូរខំប្រឹងឲ្យបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្តគ្នា ចូរមានចិត្តគំនិតតែមួយ ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះជាម្ចាស់ដែលជាប្រភពនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត មុខជាគង់ជាមួយបងប្អូនមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេចក្ដីឯទៀត បងប្អូនអើយ ចូរមានសេចក្ដីអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរឲ្យមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូរនៅដោយមេត្រីនឹងគ្នាចុះ នោះព្រះនៃសេចក្ដីស្រឡាញ់ នឹងសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា |
ដោយឃើញឪពុកស្រឡាញ់យូសុះខ្លាំងជាងពួកគេ ដូច្នេះ បងៗក៏នាំគ្នាស្អប់យូសុះ រហូតដល់មិនអាចនិយាយជាមួយគាត់ ដោយពាក្យសំដីទន់ភ្លន់បានឡើយ។
រួចហើយ គាត់ឲ្យបងប្អូនចេញដំណើរទៅ ទាំងផ្តាំថា៖ «កុំឈ្លោះប្រកែកគ្នានៅតាមផ្លូវឡើយ»។
«មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយដែលគេនឹងដាក់ ឈ្មោះថា “អេម៉ាញូអែល”» ប្រែថា «អុលឡោះនៅជាមួយយើង»។
អុលឡោះជាបិតារបស់អ្នករាល់គ្នាដែលនៅសូរ៉កាទ្រង់គ្រប់លក្ខណ៍យ៉ាងណា សុំឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ»។
អ៊ីសាក៏ឈប់ហើយប្រាប់ថា៖ «សុំហៅគាត់មក»។ គេហៅមនុស្សខ្វាក់មក ដោយពោលថា៖ «កុំអស់សង្ឃឹមក្រោកឡើង អ៊ីសាហៅអ្នក»។
អំបិលជារបស់មួយសំខាន់ណាស់ ប៉ុន្ដែ បើវាបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចនឹងឲ្យវាប្រៃឡើងវិញបាន?
មានម្នាក់ទៀតសុំអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់! ខ្ញុំសុខចិត្ដទៅតាមលោកម្ចាស់ដែរ ប៉ុន្តែ សូមអនុញ្ញាតឲ្យខ្ញុំទៅជម្រាបលាក្រុមគ្រួសារសិន»។
គឺឲ្យខ្ញុំនៅក្នុងគេ ទ្រង់នៅក្នុងខ្ញុំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា អុលឡោះបានចាត់ខ្ញុំឲ្យមក ព្រមទាំងទទួលស្គាល់ថា អុលឡោះស្រឡាញ់គេ ដូចទ្រង់ស្រឡាញ់ខ្ញុំដែរ។
យើងគ្រាន់តែសុំឲ្យបងប្អូនចៀសវាងកុំប្រព្រឹត្ដដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ ដោយច្របាច់ក និងកុំរួមរស់ជាមួយគ្នាដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្ដិដូច្នេះបាននោះប្រពៃហើយ។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ»។
តែលោកពុំព្រមនៅទេ លោកជម្រាបលាគេទាំងពោលថា៖ «ប្រសិនបើអុលឡោះគាប់ចិត្តខ្ញុំនឹងវិលមករកបងប្អូនវិញ» រួចលោកចុះសំពៅចេញពីក្រុងអេភេសូទៅ។
បន្ទាប់មក មានគេប្រាប់ខ្ញុំថា ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងសម្លាប់គាត់។ ហេតុនេះហើយបានជាខ្ញុំបញ្ជូនគាត់មកឯកឧត្ដមភ្លាម ហើយខ្ញុំបានប្រាប់អស់អ្នកដែលចោទប្រកាន់គាត់ ឲ្យនាំពាក្យបណ្ដឹងមកជូនឯកឧត្ដមតែម្ដង»។
ត្រូវមានចិត្ដគំនិតចុះសំរុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយ តែត្រូវចាប់ចិត្ដនឹងមនុស្សដែលទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាជាអ្នកមានប្រាជ្ញាឡើយ។
ផ្នែកឯខាងបងប្អូន ប្រសិនបើបងប្អូនអាចធ្វើបាន ត្រូវរស់នៅដោយសុខសាន្ដជាមួយមនុស្សទាំងអស់ទៅ។
ដូច្នេះ យើងត្រូវស្វែងរកអ្វីដែលនាំឲ្យមានសេចក្ដីសុខ និងឲ្យមានការអប់រំគ្នាទៅវិញទៅមក។
សូមអុលឡោះ ជាប្រភពនៃសេចក្ដីសង្ឃឹមប្រោសបងប្អូនដែលមានជំនឿ ឲ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្ដគ្រប់ប្រការ ដើម្បីឲ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរដោយអំណាចរបស់រសអុលឡោះដ៏វិសុទ្ធ។
អុលឡោះ ជាប្រភពនៃសេចក្ដីសុខសាន្ដនឹងកំទេចអ៊ីព្លេសហ្សៃតន ឲ្យនៅក្រោមបាតជើងរបស់បងប្អូនក្នុងពេលឆាប់ៗ។ សូមឲ្យបងប្អូនបានប្រកបដោយក្តីមេត្តារបស់អ៊ីសាជាអម្ចាស់នៃយើង។
បងប្អូនអើយ ខ្ញុំសូមទូន្មានបងប្អូនក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងថា ចូរមានចិត្ដគំនិតតែមួយ កុំបាក់បែកគ្នាឡើយ ត្រូវចុះសំរុងគ្នាទាំងស្រុងដោយមានគំនិតតែមួយ និងមានយោបល់តែមួយ។
អុលឡោះសំរាលទុក្ខយើង នៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង ដើម្បីឲ្យយើងអាចសំរាលទុក្ខអស់អ្នកដែលមានទុក្ខវេទនា ព្រោះអុលឡោះប្រទានឲ្យយើងផ្ទាល់បានធូរស្បើយរួចហើយដែរ។
យើងសប្បាយចិត្ដ នៅពេលណាយើងទន់ខ្សោយ ហើយបងប្អូនមានកម្លាំង។ យើងទូរអាសុំសេចក្ដីតែមួយនេះ គឺសូមឲ្យបងប្អូនបានគ្រប់លក្ខណៈ។
ដើម្បីរៀបចំប្រជាជនដ៏បរិសុទ្ធឲ្យបំពេញមុខងារបម្រើ និងកសាងរូបកាយរបស់អាល់ម៉ាហ្សៀសឡើង
ចូរយកចិត្ដទុកដាក់រក្សាឯកភាពដែលមកពីរសអុលឡោះ ដោយយកសេចក្ដីសុខសាន្ដធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។
សូមអុលឡោះជាបិតា និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ ប្រទានសេចក្ដីសុខសាន្ដ និងសេចក្ដីស្រឡាញ់ ព្រមទាំងជំនឿមកបងប្អូន។
សូមបងប្អូនកាន់កិរិយាមារយាទ ឲ្យបានសមរម្យនឹងដំណឹងល្អរបស់អាល់ម៉ាហ្សៀសផង ទោះបីខ្ញុំមកឃើញបងប្អូនក្ដី ឬនៅឆ្ងាយបានឮដំណឹងពីបងប្អូនក្ដី សូមឲ្យខ្ញុំបានដឹងថា បងប្អូនមានជំហរមាំមួនដោយមានចិត្ដគំនិតតែមួយ ព្រមទាំងរួមចិត្ដថ្លើមគ្នាតយុទ្ធដើម្បីជំនឿលើដំណឹងល្អទៀតផង
ខ្ញុំសូមទូន្មាននាងអ៊ើរ៉ូឌា និងនាងស៊ុនទីចថា ចូរមានចិត្ដគំនិតតែមួយ ឲ្យសមជាអ្នករួមរស់ជាមួយអ៊ីសាជាអម្ចាស់។
ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយអ៊ីសាជាអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង!
សេចក្ដីដែលបងប្អូនបានរៀន បានទទួល និងបានឮពីខ្ញុំ ហើយការអ្វីដែលបងប្អូនបានឃើញខ្ញុំធ្វើនោះ ចូរបងប្អូនប្រព្រឹត្ដតាមទៅ។ ធ្វើដូច្នេះ អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដនឹងនៅជាមួយបងប្អូនមិនខាន។
ទាំងយប់ទាំងថ្ងៃ យើងទទូចសូមទ្រង់មេត្ដាប្រោសឲ្យបានឃើញមុខបងប្អូន ព្រមទាំងប្រទានឲ្យជំនឿរបស់បងប្អូនបានពេញលក្ខណៈ កុំបីមានចន្លោះត្រង់ណាឡើយ។
បងប្អូនអើយ បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅ ដែលគាប់ចិត្តអុលឡោះ ហើយបានប្រព្រឹត្ដតាមទៀតផង។ ដូច្នេះ នៅទីបំផុតយើងសូមអង្វរ និងសូមដាស់តឿនបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា សូមឲ្យបងប្អូនបានប្រសើរលើសនេះទៅទៀត!
ត្រូវលើកតម្លៃបងប្អូនទាំងនោះឲ្យបានខ្ពស់បំផុត ទាំងមានចិត្ដស្រឡាញ់ ដោយយល់ដល់កិច្ចការដែលគេបំពេញនោះផង។ ត្រូវរស់នៅឲ្យបានសុខជាមួយគ្នា។
សូមអុលឡោះ ជាប្រភពនៃសេចក្ដីសុខសាន្ដប្រោសបងប្អូនឲ្យបានបរិសុទ្ធទាំងស្រុង។ សូមទ្រង់ថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឲ្យបានស្អាតឥតសៅហ្មង នៅថ្ងៃអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងមក។
អុលឡោះ ជាបិតានៃយើងស្រឡាញ់យើង ទ្រង់បានសំរាលទុក្ខយើងអស់កល្បជានិច្ច ដោយសារគុណនៃទ្រង់ ហើយប្រទានឲ្យយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមអ៊ីសាអាល់ម៉ាហ្សៀសផ្ទាល់ជាអម្ចាស់នៃយើង និងអុលឡោះជាបិតា
នៅទីបំផុត បងប្អូនអើយ សូមទូរអាឲ្យយើងផង ដើម្បីឲ្យពាក្យរបស់អ៊ីសាជាអម្ចាស់ បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតទៅទៀត និងបានរុងរឿងដូចនៅក្នុងចំណោមបងប្អូនដែរ។
សូមអ៊ីសាជាអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ដ ប្រទានសេចក្ដីសុខសាន្ដគ្រប់ប្រការមកបងប្អូនគ្រប់ពេលវេលា! សូមអ៊ីសាជាអម្ចាស់នៅជាមួយបងប្អូនទាំងអស់គ្នា!
ចូរគេចចេញឲ្យផុតពីតណ្ហានៃយុវវ័យ ហើយខំប្រឹងស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ដ ជាមួយអស់អ្នកដែលគោរពអ៊ីសាជាអម្ចាស់ដោយចិត្ដបរិសុទ្ធ នោះវិញ។
ចូរខិតខំឲ្យបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំឲ្យបានបរិសុទ្ធទៀតផង បើមិនបានបរិសុទ្ធទេ គ្មាននរណាអាចឃើញអុលឡោះជាអម្ចាស់បានឡើយ។
អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដ បានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញ។ អាល់ម៉ាហ្សៀសជាអ្នកគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះគាត់បានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារឈាមរបស់គាត់។
ក៏ប៉ុន្ដែ ត្រូវឲ្យការស៊ូទ្រាំនេះ បង្កើតចេញជាផលផ្លែដ៏ល្អគ្រប់លក្ខណៈ ដើម្បីឲ្យបងប្អូនបានគ្រប់លក្ខណៈ មានគុណសម្បត្តិល្អសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ។
អ្នកនោះត្រូវចៀសវាងកុំប្រព្រឹត្ដអំពើអាក្រក់ ហើយត្រូវប្រព្រឹត្ដអំពើល្អ និងខិតខំស្វែងរកសេចក្ដីសុខសាន្ដ
នៅទីបញ្ចប់ ត្រូវមានចិត្ដគំនិតតែមួយ និងរួមសុខទុក្ខជាមួយគ្នា។ ត្រូវមានចិត្ដស្រឡាញ់គ្នាទៅវិញទៅមកដូចបងប្អូនបង្កើត មានចិត្ដអាណិតមេត្ដា និងសុភាព។
បន្ទាប់ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ អុលឡោះប្រកបដោយសេចក្តីប្រណីសន្តោសគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូន ឲ្យទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយអាល់ម៉ាហ្សៀស ទ្រង់នឹងលើកបងប្អូនឲ្យមានជំហរឡើងវិញ ប្រទានឲ្យបងប្អូនបានរឹងប៉ឹង មានកម្លាំង និងឲ្យបងប្អូនបានមាំមួនឥតរង្គើឡើយ។
សូមឲ្យបងប្អូនទាំងអស់គ្នាបានប្រកបដោយសេចក្តីប្រណីសន្តោសរបស់អ៊ីសាជាអម្ចាស់!។