Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ម៉ាកុស 9 - អាល់គីតាប

1 អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ប្រាកដ​មែន ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​នគរ​របស់​អុលឡោះ មក​ដល់​ប្រកប​ដោយ​អំណាច»។


សិរី‌រុង‌រឿង​របស់​ណាពី​អ៊ីសា

2 ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក អ៊ីសា​នាំ​លោក​ពេត្រុស​យ៉ាកកូប និង​យ៉ូហាន​ឡើង​ទៅ​លើ​ភ្នំ គឺ​អ៊ីសា​នាំ​តែ​អ្នក​ទាំង​បី​ទៅ​ដាច់​ឡែក​ពី​គេ។ ពេល​នោះ អ៊ីសា​ប្រែ​ជា​មាន​ទ្រង់​ទ្រាយ​ប្លែក​ពី​មុន​នៅ​មុខ​សិស្ស​ទាំង​បី​នាក់

3 គឺ​សំលៀក​បំពាក់​របស់​អ៊ីសា​ត្រឡប់​ជា​មាន​ពណ៌​ស​ភ្លឺ​ត្រចះ‌ត្រចង់ ដែល​គ្មាន​មនុស្ស​ណា​នៅ​លើ​ផែនដី​អាច​ធ្វើ​ឲ្យ​ស​យ៉ាង​នេះ​បាន​ឡើយ។

4 ពេល​នោះ​សិស្ស​ទាំង​បី​នាក់​ឃើញ​ណាពី​អេលី‌យ៉េស និង​ណាពី​ម៉ូសា សន្ទនា​ជា​មួយ​អ៊ីសា។

5 លោក​ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «តួន! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជំរក​បី គឺ​មួយ​សម្រាប់​តួន មួយ​សម្រាប់​ណាពី​ម៉ូសា និង​មួយ​ទៀត​សម្រាប់​ណាពី​អេលី‌យ៉េស»។

6 លោក​ពេត្រុស​និយាយ​ដូច្នេះ មក​ពី​គាត់​ពុំ​ដឹង​ថា​ចង់​និយាយ​អំពី​អ្វី​ឡើយ ដ្បិត​សិស្ស​ទាំង​បី​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។

7 ពេល​នោះ​ស្រាប់​តែ​មាន​ពពក​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា មាន​សំឡេង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ចូរ​ស្ដាប់​គាត់​ចុះ!»។

8 រំពេច​នោះ ពួក​សិស្ស​ក្រឡេក​មើល​ជុំ‌វិញ​ខ្លួន ពុំ​ឃើញ​នរណា​ទៀត​ឡើយ ឃើញ​តែ​អ៊ីសា​ប៉ុណ្ណោះ​ដែល​នៅ​ជា​មួយ​គេ។

9 ពេល​អ៊ីសា​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​បី​គាត់​ហាម‌ប្រាម​គេ មិន​ឲ្យ​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​ខ្លួន​បាន​ឃើញ​ប្រាប់​នរណា​ឡើយ រហូត​ដល់​បុត្រា​មនុស្ស​រស់​ឡើង​វិញ។

10 អ្នក​ទាំង​បី​ធ្វើ​តាម​ពាក្យ​របស់​អ៊ីសា តែ​សាក‌សួរ​គ្នា​ថា៖ «តើ “រស់​ឡើង​វិញ”មាន​ន័យ​ដូច​ម្ដេច?»។

11 បន្ទាប់​មក គេ​សួរ​អ៊ីសា​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​តួន​ចេះ​តែ​និយាយ​ថា ណាពី​អេលី‌យ៉េស​ត្រូវ​អញ្ជើញ​មក​មុន?»។

12 អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «ណាពី​អេលី‌យ៉េស​អញ្ជើញ​មក​មុន​មែន ដើម្បី​រៀប‌ចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។ ប៉ុន្ដែ ហេតុ​អ្វី​បាន​ជា​មាន​ចែង​ទុក​ក្នុង​គីតាប​ថា បុត្រា​មនុស្ស​ត្រូវ​រង‌ទុក្ខ​លំបាក​ជា​ច្រើន​ព្រម​ទាំង​ត្រូវ​គេ​មើល​ងាយ​ផង​ដូច្នេះ?។

13 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ណាពី​អេលី‌យ៉េស​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​បាន​ធ្វើ​បាប​គាត់​សព្វ​បែប​យ៉ាង​តាម​អំពើ​ចិត្ដ​របស់​គេ ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​អំពី​គាត់​ស្រាប់»។


ណាពី​អ៊ីសា​ដេញ​អ៊ីព្លេស​ចេញ​ពី​ក្មេង​ម្នាក់

14 អ៊ីសា និង​អ្នក​ទាំង​បី បាន​មក​ជួប​សិស្ស​ឯ​ទៀតៗ គាត់​បាន​ឃើញ​បណ្ដា‌ជន​ច្រើន​កុះករ​ឈរ​នៅ​ជុំ‌វិញ​សិស្ស​ទាំង​នោះ ហើយ​ឃើញ​ពួក​តួន​ជជែក​ជា​មួយ​គេ​ផង។

15 កាល​បណ្ដា‌ជន​ឃើញ​អ៊ីសា គេ​ស្រឡាំង​កាំង​គ្រប់​គ្នា ហើយ​រត់​ទៅ​គោរព​អ៊ីសា។

16 អ៊ីសា​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជជែក​ជា​មួយ​គេ​អំពី​រឿង​អ្វី?»។

17 ក្នុង​ចំ‌ណោម​បណ្ដា‌ជន មាន​បុរស​ម្នាក់​ជម្រាប​អ៊ីសា​ថា៖ «តួន! ខ្ញុំ​នាំ​កូន​ប្រុស​របស់​ខ្ញុំ​មក​រក​តួន ដ្បិត​វា​មាន​អ៊ីព្លេស​ក្នុង​ខ្លួន ធ្វើ​ឲ្យ​គ​និយាយ​ពុំ​រួច។

18 នៅ​ទី​ណា​ក៏​ដោយ ពេល​អ៊ីព្លេស​ចូល​ម្ដងៗ វា​ផ្ដួល​កូន​ខ្ញុំ​លើ​ដី​ឲ្យ​បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​រឹង​ខ្លួន។ ខ្ញុំ​បាន​សុំ​សិស្ស​របស់​តួន​ឲ្យ​ដេញ​អ៊ីព្លេស​នេះ​ដែរ ប៉ុន្ដែ គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។

19 អ៊ីសា​មាន​ប្រសាសន៍​ទៅ​បណ្ដា‌ជន​ថា៖ «នែ៎! ពួក​មនុស្ស​ពុំ​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។

20 គេ​ក៏​នាំ​វា​ចូល​មក​ជិត​អ៊ីសា។ កាល​អ៊ីព្លេស​ឃើញ​អ៊ីសា វា​ផ្ដួល​ក្មេង​នោះ​ឲ្យ​ប្រកាច់​ប្រកិន ព្រម​ទាំង​ននៀល​បែក​ពពុះ​មាត់។

21 អ៊ីសា​សួរ​ទៅ​ឪពុក​ថា៖ «តើ​វា​វេទនា​បែប​នេះ តាំង​ពី​អង្កាល់​មក?»។ ឪពុក​តប​ថា៖ «តាំង​តែ​ពី​តូច​ម៉្លេះ។

22 អ៊ីព្លេស​ធ្វើ​ឲ្យ​វា​ដួល​លើ​ភ្លើង ឲ្យ​វា​ធ្លាក់​ក្នុង​ទឹក​ជា​ច្រើន​លើក​ច្រើន​សា ចង់​ឲ្យ​វា​បាត់​បង់​ជីវិត។ ប្រសិន​បើ​តួន​អាច​ធ្វើ​បាន សូម​មេត្ដា​ជួយ​យើង​ខ្ញុំ សូម​អាណិត​អាសូរ​យើង​ខ្ញុំ​ផង»។

23 អ៊ីសា​បាន​ប្រាប់​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ពោល​ថា “ប្រសិន​បើ​តួន​អាច​ជួយ​បាន” ដូច្នេះ? អុលឡោះ​អាច​សម្រេច​កិច្ចការ​សព្វ​គ្រប់​ទាំង​អស់​ដល់​អ្នក​ជឿ»។

24 ឪពុក​របស់​ក្មេង​បន្លឺ​សំឡេង​ឡើង​ភ្លាម​ថា៖ «ខ្ញុំ​ជឿ​ហើយ! សូម​មេត្ដា​ជួយ​ឲ្យ​ខ្ញុំ ដែល​ជា​អ្នក​មិន​ជឿ​នេះ​ផង!»។

25 ពេល​នោះ​អ៊ីសា​ឃើញ​បណ្ដា‌ជន​រត់​មក អ៊ីសា​ក៏​គំរាម​អ៊ីព្លេស​ដោយ​បញ្ជា​ថា៖ «នែ៎​អ៊ីព្លេស​គ​ថ្លង់! យើង​ដាក់​បញ្ជា​ថា ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។

26 វា​ក៏​ស្រែក​ឡើង ព្រម​ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ប្រកិន​យ៉ាង​ខ្លាំង រួច​ចេញ​ទៅ។ ពេល​នោះ​ក្មេង​នៅ​ដេក​ស្ដូក​ស្ដឹង​ដូច​មនុស្ស​ស្លាប់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្មាន​ថា​វា​ស្លាប់​បាត់​ទៅ​ហើយ។

27 រីឯ​អ៊ីសា​វិញ គាត់​ចាប់​ដៃ​វា​លើក​ឡើង ក្មេង​នោះ​ក៏​ក្រោក​ឈរ។

28 កាល​អ៊ីសា​ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​សួរ​អ៊ីសា ដាច់​ឡែក​ពី​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​អ៊ីព្លេស​នេះ​ចេញ​បាន?»។

29 អ៊ីសា​ប្រាប់​ថា៖ «គេ​អាច​ដេញ​អ៊ីព្លេស​ប្រភេទ​នេះ​បាន លុះ​ត្រា​តែ​ទូរអា»។


ណាពី​អ៊ីសា​ប្រកាស​សា​ជា​ថ្មី​ថា​គាត់​ត្រូវ​ស្លាប់

30 អ៊ីសា​បាន​ចាក​ចេញ​ពី​ទី​នោះ​ជា​មួយ​ពួក​សិស្ស កាត់​តាម​ស្រុក​កាលី‌ឡេ។ អ៊ីសា​មិន​ពេញ​ចិត្ត​ឲ្យ​នរណា​ដឹង​ឡើយ។

31 អ៊ីសា​បង្រៀន​ពួក​សិស្ស​ឲ្យ​ដឹង​ថា បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក គេ​នឹង​សម្លាប់​គាត់ ប៉ុន្ដែ បី​ថ្ងៃ​ក្រោយ​ពី​គាត់​ស្លាប់គាត់​នឹង​ជីវិត​រស់​ឡើង​វិញ។

32 ពួក​សិស្ស​ពុំ​បាន​យល់​ពាក្យ​នេះ​ឡើយ តែ​គេ​មិន​ហ៊ាន​សួរ​អ៊ីសា​ទេ។


អ្នក​ដែល​ធំ​ជាង​គេ

33 អ៊ីសា និង​ពួក​សិស្ស​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​កាពើ‌ណិម។ កាល​អ៊ីសា​នៅ​ក្នុង​ផ្ទះ គាត់​បាន​សួរ​ពួក​សិស្ស​ថា៖ «ពេល​ដើរ​តាម​ផ្លូវ អ្នក​រាល់​គ្នា​និយាយ​អំពី​រឿង​អ្វី?»។

34 ពួក​សិស្ស​នៅ​ស្ងៀម ដ្បិត​កាល​ធ្វើ​ដំណើរ​តាម​ផ្លូវ គេ​បាន​ប្រកែក​គ្នា​ចង់​ដឹង​ថា​ក្នុង​ចំ‌ណោម​ពួក​គេ អ្នក​ណា​ធំ​ជាង​គេ។

35 អ៊ីសា​អង្គុយ​ចុះ គាត់​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់​ពីរ​នាក់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «អ្នក​ណា​ចង់​ធ្វើ​មេ​គេ អ្នក​នោះ​ត្រូវ​ដាក់​ខ្លួន​ឲ្យ​តូច​ជាង​គេ ព្រម​ទាំង​បម្រើ​គេ​ទាំង​អស់​គ្នា​ផង»។

36 បន្ទាប់​មក អ៊ីសា​យក​ក្មេង​ម្នាក់ ឲ្យ​មក​ឈរ​នៅ​កណ្ដាល​ពួក​សិស្ស។ អ៊ីសា​អោប​ក្មេង​នោះ រួច​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សិស្ស​ថា៖

37 «អ្នក​ណា​ទទួល​ក្មេង​ណា​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ​មិន​ត្រឹម​តែ​ទទួល​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ទទួល​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។


អ្នក​ណា​មិន​ជំទាស់​យើង​អ្នក​នោះ​ជា​ពួក​យើង

38 យ៉ះយ៉ា​ជម្រាប​អ៊ីសា​ថា៖ «តួន! យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដេញ​អ៊ីព្លេស ក្នុង​នាម​តួន។ យើង​ខ្ញុំ​បាន​ឃាត់​គេ ព្រោះ​គេ​មិន​មក​តាម​យើង​ខ្ញុំ​ទេ»។

39 អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កុំ​ឃាត់​គេ​អី ពុំ​ដែល​មាន​នរណា​អាច​ធ្វើ​ការ‌អស្ចារ្យ​ក្នុង​នាម​ខ្ញុំ រួច​បែរ​ជា​មាន​ប្រសាសន៍​អាក្រក់​អំពី​ខ្ញុំ​ភ្លាម​នោះ​ឡើយ

40 ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​យើង អ្នក​នោះ​ជា​គ្នា​យើង​ហើយ។

41 ម៉្យាង​ទៀត បើ​អ្នក​ណា​ឲ្យ​ទឹក​មួយ​កែវ​ដល់​អ្នក​រាល់​គ្នា ក្នុង​នាម​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​អាល់‌ម៉ាហ្សៀស​ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន»។


កុំ​នាំ​អ្នក​ដទៃ​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប

42 អ្នក​ណា​នាំ​អ្នក​តូច‌តាច​ម្នាក់ ក្នុង​បណ្ដា​អ្នក​ជឿ​ទាំង​នេះ​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក​គាត់​ទម្លាក់​ទៅ​ក្នុង​សមុទ្រ នោះ​ប្រសើរ​ជា​ជាង​ទុក​ឲ្យ​គាត់​នៅ​រស់។

43 ប្រសិន​បើ​ដៃ​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប ចូរ​កាត់​ចោល​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត មាន​ដៃ​តែ​ម្ខាង ប្រសើរ​ជាង​មាន​ដៃ​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​នរ៉កា ដែល​មាន​ភ្លើង​មិន​ចេះ​រលត់ [

44 ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់]។

45 ប្រសិន​បើ​ជើង​នាំ​អ្នក​ឲ្យ​ប្រ‌ព្រឹត្ដ​អំពើ​បាប ចូរ​កាត់​ចោល​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ជើង​មួយ នោះ​ប្រសើរ​ជាង​មាន​ជើង​ពីរ ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​នរ៉កា [

46 ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់]។

47 ប្រសិន​បើ​ភ្នែក​នាំ​អ្នក​ឲ្យ​ប្រ‌ព្រឹត្ដ​អំពើ​បាប ចូរ​ខ្វេះ​ចេញ​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​នគរ​អុលឡោះ​មាន​តែ​ភ្នែក​ម្ខាង​នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​នរ៉កា

48 ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់

49 ដ្បិត​មនុស្ស​គ្រប់ៗ​រូប​នឹង​មាន​ជាតិ​ប្រៃ​ដោយ‌សារ​ភ្លើង។

50 អំបិល​ជា​របស់​មួយ​សំខាន់​ណាស់ ប៉ុន្ដែ បើ​វា​បាត់​ជាតិ​ប្រៃ​ហើយ តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​វា​ប្រៃ​ឡើង​វិញ​បាន?

51 ចូរ​មាន​ជាតិ​ប្រៃ​នៅ​ក្នុង​ខ្លួន ហើយ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខ‌សាន្ដ​ទៅ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម