២ កូរិនថូស 1 - អាល់គីតាបសេចក្ដីផ្ដើម 1 ខ្ញុំ ប៉ូល ដែលអុលឡោះគាប់ចិត្តតែងតាំងជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសា ខ្ញុំ និងលោកធីម៉ូថេ សូមជម្រាបមកក្រុមជំអះរបស់អុលឡោះនៅក្រុងកូរិនថូស និងជម្រាបមកប្រជាជនដ៏បរិសុទ្ធទាំងអស់ នៅស្រុកអាខៃទាំងមូល។ 2 សូមអុលឡោះជាបិតារបស់យើង និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ប្រទានពរ និងសេចក្ដីសុខសាន្ដដល់បងប្អូន! លោកប៉ូល និងអ្នកជឿនៅក្រុងកូរិនថូសរួមសុខទុក្ខជាមួយគ្នា 3 សូមលើកតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។ អុលឡោះជាបិតាប្រកបដោយចិត្តមេត្ដាករុណា និងជាម្ចាស់ដែលជួយសំរាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។ 4 អុលឡោះសំរាលទុក្ខយើង នៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង ដើម្បីឲ្យយើងអាចសំរាលទុក្ខអស់អ្នកដែលមានទុក្ខវេទនា ព្រោះអុលឡោះប្រទានឲ្យយើងផ្ទាល់បានធូរស្បើយរួចហើយដែរ។ 5 យើងរួមទុក្ខលំបាកផ្សេងៗជាមួយអាល់ម៉ាហ្សៀសកាន់តែច្រើនយ៉ាងណា យើងក៏បានធូរស្រាលពីទុក្ខតាមរយៈអាល់ម៉ាហ្សៀស កាន់តែច្រើនយ៉ាងនោះដែរ។ 6 បើយើងត្រូវរងទុក្ខវេទនា គឺដើម្បីឲ្យអ៊ីសាសំរាលទុក្ខ និងសង្គ្រោះបងប្អូន។ បើយើងបានធូរស្បើយក្នុងចិត្ដហើយនោះ គឺដើម្បីឲ្យបងប្អូនបានធូរស្បើយក្នុងចិត្ដ ធ្វើឲ្យបងប្អូនអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដូចយើងដែរ។ 7 ដូច្នេះ កាលណាយើងគិតពីបងប្អូន យើងមានសង្ឃឹមយ៉ាងមុតមាំដោយដឹងថា បងប្អូនរងទុក្ខលំបាករួមជាមួយយើងយ៉ាងណា បងប្អូនក៏នឹងបានធូរស្រាល រួមជាមួយយើងយ៉ាងនោះដែរ។ 8 បងប្អូនអើយ យើងចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់អំពីទុក្ខវេទនាដែលកើតមានដល់យើងនៅស្រុកអាស៊ីនេះ។ យើងបានរងទុក្ខយ៉ាងខ្លាំង ហួសពីកម្លាំងដែលយើងអាចទ្រាំបាន រហូតដល់យើងអស់សង្ឃឹមថានឹងរស់រានមានជីវិតតទៅមុខទៀតផង។ 9 យើងនឹកក្នុងចិត្ដថា គេនឹងដាក់ទោសយើងដល់ស្លាប់។ រឿងនេះកើតឡើង ដើម្បីកុំឲ្យយើងពឹងផ្អែកលើខ្លួនឯង គឺពឹងផ្អែកលើអុលឡោះ ដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ 10 អុលឡោះបានរំដោះយើងឲ្យរួចផុតពីការស្លាប់ដ៏សែនវេទនានេះ ហើយទ្រង់ក៏នឹងរំដោះយើងតទៅមុខទៀតដែរ។ ពិតមែនហើយ យើងសង្ឃឹមថា ទ្រង់នឹងរំដោះយើងទៀតជាមិនខាន។ 11 រីឯបងប្អូនវិញ បងប្អូនក៏បានជួយយើង ដោយសូមអង្វរអុលឡោះ។ ហេតុនេះ អុលឡោះប្រោសប្រណីដល់យើង ដោយមានគ្នាច្រើនសូមអង្វរ ហើយក៏នឹងមានគ្នាជាច្រើនអរគុណទ្រង់អំពីយើងដែរ។ គម្រោងការរបស់លោកប៉ូល 12 សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្ដចំពោះបងប្អូនដោយចិត្ដស្មោះសរ និងដោយចិត្តបរិសុទ្ធចេញមកពីអុលឡោះ។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេ តែធ្វើតាមក្តីមេត្តារបស់អុលឡោះវិញ ត្រង់នេះហើយដែលធ្វើឲ្យយើងបានខ្ពស់មុខ។ 13 យើងមិនសរសេរសេចក្ដីណាផ្សេងទៀតមកជូនបងប្អូន ក្រៅពីសេចក្ដីដែលបងប្អូនអាន និងយល់ស្រាប់ហើយនោះឡើយ។ ខ្ញុំសង្ឃឹមថា បងប្អូនមុខជាយល់សេចក្ដីនេះជាក់ច្បាស់សព្វគ្រប់មិនខាន 14 ដូចបងប្អូនយល់មួយផ្នែករួចមកហើយថា យើងបានធ្វើឲ្យបងប្អូនខ្ពស់មុខ ហើយបងប្អូនក៏នឹងធ្វើឲ្យយើងខ្ពស់មុខនៅថ្ងៃអ៊ីសាជាអម្ចាស់នៃយើងត្រឡប់មកវិញនោះដែរ។ 15 ដោយខ្ញុំមានសេចក្ដីសង្ឃឹមដ៏មុតមាំនេះហើយ បានជាខ្ញុំមានបំណងចង់មករកបងប្អូនជាមុនសិន ដើម្បីឲ្យអុលឡោះប្រោសប្រណីបងប្អូនសាជាថ្មីម្ដងទៀត។ 16 បន្ទាប់មក ខ្ញុំនឹងចាកចេញពីបងប្អូនឆ្ពោះទៅស្រុកម៉ាសេដូន ហើយវិលពីស្រុកម៉ាសេដូនមករកបងប្អូនវិញ ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្ដដំណើរទៅស្រុកយូដាទៀត។ 17 ខ្ញុំសម្រេចចិត្ដធ្វើដូច្នេះ តើខ្ញុំសម្រេចដោយឥតបើគិតឬ? ឬមួយគម្រោងការរបស់ខ្ញុំកើតមកពីគំនិតលោកីយ៍ បានជាខ្ញុំនិយាយបាតដៃជាខ្នងដៃ ដូច្នេះ? 18 មានអុលឡោះជាសាក្សីស្រាប់ហើយ យើងមិននិយាយមកកាន់បងប្អូន ដោយពោលពាក្យប្រែប្រួលបាតដៃជាខ្នងដៃនោះទេ 19 ដ្បិតអ៊ីសាអាល់ម៉ាហ្សៀសជាបុត្រារបស់អុលឡោះដែលយើងប្រកាស គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន និងលោកធីម៉ូថេប្រកាសក្នុងចំណោមបងប្អូននោះ គាត់មិនប្រែប្រួលបាតដៃជាខ្នងដៃសោះឡើយ នៅក្នុងអ៊ីសាមានតែពាក្យសច្ចៈប៉ុណ្ណោះ។ 20 អាល់ម៉ាហ្សៀសបានធ្វើឲ្យបន្ទូលសន្យាទាំងប៉ុន្មានរបស់អុលឡោះបានសម្រេចសព្វគ្រប់ទាំងអស់។ ហេតុនេះហើយបានជាយើងពោលពាក្យ«អាម៉ីន»ទៅកាន់អុលឡោះ តាមរយៈអាល់ម៉ាហ្សៀស ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។ 21 គឺអុលឡោះហើយ ដែលប្រទានឲ្យយើង និងបងប្អូនមានជំនឿខ្ជាប់ខ្ជួនលើអាល់ម៉ាហ្សៀស ព្រមទាំងបានប្រទានរសអុលឡោះដ៏វិសុទ្ធឲ្យមកសណ្ធិតលើយើងផង 22 ហើយអុលឡោះក៏បានដៅសញ្ញាសំគាល់របស់ទ្រង់លើយើង និងប្រទានរសអុលឡោះមកបញ្ចាំចិត្ដយើងផងដែរ។ 23 ខ្ញុំសូមជម្រាបបងប្អូន ដោយមានអុលឡោះជាសាក្សីថា ហេតុដែលខ្ញុំមិនទាន់បានទៅក្រុងកូរិនថូសនោះ គឺមកពីខ្ញុំយោគយល់ដល់បងប្អូន (បើមិនពិតទេសូមអុលឡោះផ្ដាច់ជីវិតខ្ញុំចុះ)។ 24 យើងមិនចង់ត្រួតត្រាលើជំនឿរបស់បងប្អូនទេ ដ្បិតជំនឿរបស់បងប្អូនមាំមួនរួចស្រេចទៅហើយ យើងគ្រាន់តែចង់ធ្វើការរួមជាមួយបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរតែប៉ុណ្ណោះ។ |
© 2014 United Bible Societies, UK.
United Bible Societies