សូមបង្រៀនខ្ញុំឲ្យធ្វើតាមចិត្ត របស់ទ្រង់ ដ្បិតទ្រង់ជាម្ចាស់នៃខ្ញុំ សូមរសដ៏សប្បុរសរបស់ទ្រង់ដឹកនាំ ខ្ញុំឲ្យដើរ ក្នុងមាគ៌ាដែលគ្មានឧបសគ្គ។
១ ថែស្សាឡូនីច 4:3 - អាល់គីតាប បំណងរបស់អុលឡោះ គឺឲ្យបងប្អូនបានបរិសុទ្ធ ឲ្យបងប្អូនចៀសវាងអំពើប្រាសចាកសីលធម៌។ ព្រះគម្ពីរខ្មែរសាកល ដ្បិតនេះជាបំណងព្រះហឫទ័យរបស់ព្រះ គឺញែកអ្នករាល់គ្នាជាវិសុទ្ធ ដើម្បីឲ្យអ្នករាល់គ្នាចៀសវាងពីអំពើអសីលធម៌ខាងផ្លូវភេទ Khmer Christian Bible ដ្បិតនេះជាបំណងរបស់ព្រះជាម្ចាស់ គឺឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ដើម្បីឲ្យអ្នករាល់គ្នាចៀសវាងអំពើអសីលធម៌ខាងផ្លូវភេទ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះសព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីអំពើសហាយស្មន់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺឲ្យបងប្អូនបានវិសុទ្ធ* ឲ្យបងប្អូនចៀសវាងអំពើប្រាសចាកសីលធម៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីសេចក្ដីកំផិតចេញ |
សូមបង្រៀនខ្ញុំឲ្យធ្វើតាមចិត្ត របស់ទ្រង់ ដ្បិតទ្រង់ជាម្ចាស់នៃខ្ញុំ សូមរសដ៏សប្បុរសរបស់ទ្រង់ដឹកនាំ ខ្ញុំឲ្យដើរ ក្នុងមាគ៌ាដែលគ្មានឧបសគ្គ។
ខ្ញុំពេញចិត្តនឹងធ្វើតាម បំណងរបស់ទ្រង់ ហើយហ៊ូកុំរបស់ទ្រង់ដក់ នៅក្នុងដួងចិត្តខ្ញុំជានិច្ច ។
កាលណាបុរសម្នាក់ និងស្ត្រីម្នាក់រួមរ័កជាមួយគ្នា នោះគេទាំងពីរនាក់ត្រូវលាងសំអាតខ្លួនប្រាណ ហើយនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច»។
ដ្បិតអ្នកណាធ្វើតាមបំណងរបស់អុលឡោះជាបិតាខ្ញុំដែលនៅសូរ៉កា អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។
ដ្បិតគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្ដមនុស្សទាំងអស់
រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន (លើកលែងតែភរិយានោះរួមរស់ជាមួយបុរសផ្សេងក្រៅពីប្ដី) បុរសនោះធ្វើឲ្យនាងទៅជាស្ដ្រីផិតក្បត់ ប្រសិនបើនាងរៀបការម្ដងទៀត។ រីឯបុរសណារៀបការនឹងស្ដ្រីប្ដីលែង បុរសនោះក៏ប្រព្រឹត្ដអំពើផិតក្បត់ដែរ»។
«អ្នកដែលចូលទៅក្នុងនគរនៃសូរ៉កា មិនមែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា “អ៊ីសាជាអម្ចាស់! អ៊ីសាជាអម្ចាស់!”ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមបំណងរបស់អុលឡោះជាបិតាខ្ញុំ ដែលនៅសូរ៉កានោះវិញ។
ដ្បិតអ្នកណាប្រព្រឹត្ដតាមអុលឡោះ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមបំណងរបស់អុលឡោះ ដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ទ្រង់ឲ្យបានសម្រេច។
អ្នកដែលចង់ធ្វើតាមបំណងរបស់អុលឡោះមុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះ មកពីអុលឡោះ ឬមកពីខ្ញុំផ្ទាល់មិនខាន។
ប៉ុន្ដែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឲ្យបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាត កុំឲ្យរួមរស់ជាមួយគ្នា ដោយមិនរៀបការ កុំឲ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និងកុំឲ្យបរិភោគឈាម
យើងគ្រាន់តែសុំឲ្យបងប្អូនចៀសវាងកុំប្រព្រឹត្ដដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ ដោយច្របាច់ក និងកុំរួមរស់ជាមួយគ្នាដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្ដិដូច្នេះបាននោះប្រពៃហើយ។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ»។
ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងអុលឡោះ ហើយផ្ញើនឹងបន្ទូលនៃអុលឡោះស្ដីអំពីគុណរបស់ទ្រង់។ មានតែទ្រង់ទេ ដែលអាចកសាងបងប្អូនឡើងជាក្រុមជំអះ ព្រមទាំងឲ្យបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏បរិសុទ្ធ។
ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់អ៊ីព្លេសហ្សៃតន បែរមករកអុលឡោះវិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលអុលឡោះប្រោសឲ្យបានបរិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។
ចិត្ដរបស់ពួកគេពោរពេញដោយគំនិតទុច្ចរិតគ្រប់យ៉ាង គំនិតអាក្រក់ គំនិតលោភលន់ គំនិតពាល ពេញទៅដោយចិត្ដច្រណែនឈ្នានីស ចង់សម្លាប់គេ ឈ្លោះប្រកែក ល្បិចកិច្ចកល និងអបាយមុខ។ ពួកគេចូលចិត្ដបរិហារកេរ្ដិ៍គ្នា
មិនត្រូវយកតម្រាប់តាមនិស្ស័យលោកីយ៍នេះឡើយ ត្រូវទុកឲ្យអុលឡោះកែប្រែចិត្ដគំនិតបងប្អូន ឲ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា អុលឡោះគាប់ចិត្តនឹងអ្វីខ្លះ គឺអ្វីដែលល្អ ដែលគាប់បំណងទ្រង់ និងគ្រប់លក្ខណៈ។
តែឥឡូវនេះបងប្អូនបានរួចពីអំណាចបាប មកបម្រើអុលឡោះវិញ។ បងប្អូនបានផលដែលធ្វើឲ្យបងប្អូនទៅជាបរិសុទ្ធ ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច
គឺទ្រង់ហើយ ដែលបានប្រោសឲ្យបងប្អូនមានតម្លៃ ដោយចូលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ដែលបានទៅជាប្រាជ្ញាមកពីអុលឡោះ សម្រាប់យើង។ អុលឡោះប្រទានឲ្យយើងបានសុចរិត បានបរិសុទ្ធ និងលោះយើងឲ្យមានសេរីភាព។
ប៉ុន្ដែ ដើម្បីចៀសវាងកុំឲ្យមានការប្រាសចាកសីលធម៌ បុរសម្នាក់ៗត្រូវមានប្រពន្ធ ហើយស្ដ្រីម្នាក់ៗក៏ត្រូវមានប្ដីដែរ។
ខ្ញុំបារម្ភក្រែងលោពេលខ្ញុំមកដល់លើកក្រោយ អុលឡោះជាម្ចាស់របស់ខ្ញុំនឹងបំបាក់មុខខ្ញុំនៅចំពោះមុខបងប្អូន ហើយខ្ញុំត្រូវយំសោក ព្រោះតែបងប្អូនជាច្រើននាក់ដែលបានប្រព្រឹត្ដអំពើបាបកាលពីមុន តែមិនទាន់បានកែប្រែចិត្ដគំនិត លះបង់អំពើសៅហ្មងប្រាសចាកសីលធម៌ និងកាមគុណថោកទាបដែលខ្លួនបានប្រព្រឹត្ដនៅឡើយ។
យើងស្គាល់ច្បាស់នូវអំពើផ្សេងៗដែលកើតចេញមកពីនិស្ស័យលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង កាមគុណថោកទាប
ហេតុនេះមិនត្រូវធ្វើជាមនុស្សឥតគំនិតឡើយ តែត្រូវរិះគិត ឲ្យយល់បំណងរបស់អ៊ីសាជាអម្ចាស់។
មិនត្រូវធ្វើដូច្នេះ ដើម្បីគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញថា បងប្អូនចង់ផ្គាប់ចិត្ដមនុស្សឡើយ គឺត្រូវធ្វើដូចជាខ្ញុំបម្រើអាល់ម៉ាហ្សៀស ដែលយកចិត្ដទុកដាក់ ធ្វើតាមបំណងរបស់អុលឡោះ។
ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបងប្អូន យើងចេះតែទូរអា និងសូមអង្វរអុលឡោះឲ្យបងប្អូន ឥតឈប់ឈរឡើយ ដើម្បីឲ្យបងប្អូនស្គាល់បំណងរបស់ទ្រង់យ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីរសអុលឡោះ។
ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្ដស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្ដលោភលន់ គឺយកទ្រព្យសម្បត្តិធ្វើជាម្ចាស់។
លោកអេប៉ាប្រាសដែលនៅស្រុកជាមួយបងប្អូន ក៏សូមជម្រាបសួរមកបងប្អូនដែរ។ គាត់ជាអ្នកបម្រើអាល់ម៉ាហ្សៀសអ៊ីសា ហើយគាត់តែងតែតយុទ្ធសម្រាប់បងប្អូន ដោយទូរអា ឥតឈប់ឈរ ដើម្បីឲ្យបងប្អូនមានជំហររឹងប៉ឹង បានគ្រប់លក្ខណៈ និងសុខចិត្ដធ្វើតាមបំណងរបស់អុលឡោះ គ្រប់ជំពូកទាំងអស់។
បងប្អូនជ្រាបស្រាប់ហើយថា យើងបានទូន្មានបងប្អូនក្នុងនាមអ៊ីសាជាអម្ចាស់យ៉ាងណា។
ចូរអរគុណអុលឡោះគ្រប់កាលៈទេសៈទាំងអស់ ដ្បិតទ្រង់គាប់ចិត្តឲ្យបងប្អូន ដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសាធ្វើដូច្នេះឯង។
សូមអុលឡោះ ជាប្រភពនៃសេចក្ដីសុខសាន្ដប្រោសបងប្អូនឲ្យបានបរិសុទ្ធទាំងស្រុង។ សូមទ្រង់ថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឲ្យបានស្អាតឥតសៅហ្មង នៅថ្ងៃអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងមក។
ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់អ៊ីសាជាអម្ចាស់អើយ យើងត្រូវតែអរគុណអុលឡោះអំពីបងប្អូនជានិច្ច ដ្បិតអុលឡោះបានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។
អ៊ីសាបានលះបង់ជីវិតរបស់គាត់ផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ដ្រមួយទុកសម្រាប់គាត់ផ្ទាល់ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។
គឺត្រូវមានចិត្ដស៊ូទ្រាំ ដើម្បីធ្វើតាមបំណងរបស់អុលឡោះ និងទទួលផលតាមបន្ទូលសន្យានៃអុលឡោះ
ចូរប្រយ័ត្នប្រយែង កុំឲ្យបងប្អូនណាម្នាក់ប្រាសចាកសីលធម៌ ឬមានចិត្ដប្រមាថអ្វីៗដែលសក្ការៈ ដូចអេសាវបានលក់សិទ្ធិជាកូនច្បង ព្រោះតែចង់បានម្ហូបមួយចាននោះឲ្យសោះ។
សូមអុលឡោះប្រទានឲ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង តាមបំណងរបស់ទ្រង់។ សូមទ្រង់សម្រេចការអ្វីដែលគាប់បំណងទ្រង់នៅក្នុងយើងតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាអាល់ម៉ាហ្សៀសអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
សូមបងប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្ដគ្នាឡើយ ដ្បិតអុលឡោះនឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ និងផិតក្បត់។
អុលឡោះ ជាបិតាបានជ្រើសរើសបងប្អូន តាមគម្រោងការដែលទ្រង់គ្រោងទុកពីមុនមក ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់អ៊ីសាអាល់ម៉ាហ្សៀស និងឲ្យគាត់ប្រោះឈាមរបស់គាត់លើបងប្អូន។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។
ដើម្បីឲ្យបានរស់ ស្របតាមបំណងរបស់អុលឡោះ ក្នុងកំឡុងពេលនៃអាយុជីវិតដែលនៅសល់ក្នុងលោកនេះ គឺមិនរស់នៅតាមចំណង់តណ្ហារបស់មនុស្សទៀតទេ។
លោកីយ៍នេះកំពុងតែរសាត់បាត់ទៅ ហើយចិត្ដលោភលន់របស់មនុស្សលោកក៏កំពុងតែរសាត់បាត់ទៅដែរ។ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្ដតាមបំណងរបស់អុលឡោះ នឹងនៅស្ថិតស្ថេរគង់វង្សអស់កល្បជានិច្ច។
ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្ដអំពើគួរស្អប់ខ្ពើម ពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។
រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ ពួកសម្លាប់គេ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងអស់អ្នកដែលចូលចិត្ដកុហក និងអនុវត្ដតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ!