ទំនុកតម្កើង 143 - អាល់គីតាបសូមកុំប្រកាន់ទោសខ្ញុំឡើយ គីតាបសាបូររបស់ណាពីទត។ 1 ឱអុលឡោះតាអាឡាអើយ សូមទ្រង់ស្តាប់ពាក្យ ទូរអារបស់ខ្ញុំផង សូមស្តាប់ពាក្យ ទទូចអង្វររបស់ខ្ញុំ! សូមឆ្លើយតបមកខ្ញុំដោយចិត្ត សុចរិតដ៏ស្មោះស្ម័គ្ររបស់ទ្រង់។ 2 សូមកុំយកខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ទៅកាត់ក្តីឡើយ ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះ ទ្រង់ទេ។ 3 ខ្មាំងសត្រូវតាមយាយីខ្ញុំ គេជាន់ឈ្លីជីវិតខ្ញុំ គេយកខ្ញុំទៅឃុំទុកក្នុងទីងងឹត ដូចមនុស្សស្លាប់តាំងពីយូរមកហើយ។ 4 ខ្ញុំបាក់ទឹកចិត្តជាខ្លាំង ខ្ញុំទាល់គំនិត។ 5 ខ្ញុំនឹកទៅដល់ជំនាន់ដើម ខ្ញុំសញ្ជឹងគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើ ខ្ញុំពិចារណាអំពីស្នាដៃរបស់ទ្រង់។ 6 ខ្ញុំលើកដៃអង្វរទ្រង់ ខ្ញុំនៅចំពោះទ្រង់ ប្រៀបដូចជាដីហួតហែង។ - សម្រាក 7 ឱអុលឡោះតាអាឡាអើយ សូមឆ្លើយតបមកខ្ញុំជាប្រញាប់ ដ្បិតខ្ញុំពុំអាចទ្រាំតទៅទៀតបានទេ! សូមកុំលាក់មុខនឹងខ្ញុំឡើយ ដ្បិតខ្ញុំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។ 8 សូមសំដែងឲ្យខ្ញុំស្គាល់ចិត្ត មេត្តាករុណារបស់ទ្រង់តាំងពីព្រលឹម ដ្បិតខ្ញុំផ្ញើជីវិតលើទ្រង់ហើយ។ សូមប្រោសប្រទានឲ្យខ្ញុំស្គាល់ផ្លូវ ដែលខ្ញុំត្រូវដើរ ដ្បិតខ្ញុំផ្ចង់ចិត្តទៅរកទ្រង់។ 9 ឱអុលឡោះតាអាឡាអើយ សូមរំដោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវ ខ្ញុំមកជ្រកកោននៅក្បែរទ្រង់។ 10 សូមបង្រៀនខ្ញុំឲ្យធ្វើតាមចិត្ត របស់ទ្រង់ ដ្បិតទ្រង់ជាម្ចាស់នៃខ្ញុំ សូមរសដ៏សប្បុរសរបស់ទ្រង់ដឹកនាំ ខ្ញុំឲ្យដើរ ក្នុងមាគ៌ាដែលគ្មានឧបសគ្គ។ 11 ឱអុលឡោះតាអាឡាអើយ សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ ដោយយល់ដល់នាមរបស់ទ្រង់។ សូមនាំខ្ញុំចេញពីភាពអាសន្ន ដោយចិត្តដ៏សុចរិតរបស់ទ្រង់! 12 ដោយទ្រង់មានចិត្តមេត្តា ករុណាចំពោះខ្ញុំ សូមកំទេចខ្មាំងសត្រូវ និងបច្ចាមិត្ត ទាំងប៉ុន្មានរបស់ខ្ញុំ ឲ្យវិនាសសូន្យទៅ ដ្បិតខ្ញុំជាអ្នកបម្រើរបស់ទ្រង់។ |
© 2014 United Bible Societies, UK.
United Bible Societies