ពួកចៅហ្វាយ 13:20 - អាល់គីតាប គឺក្នុងពេលអណ្តាតភ្លើងឆេះពីអាសនៈឡើងទៅលើមេឃ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ក៏ឡើងទៅជាមួយអណ្តាតភ្លើងនោះដែរ។ ឃើញដូច្នេះ លោកម៉ាណូអា និងភរិយាក៏ក្រាបចុះអោនមុខដល់ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអណ្ដាតភ្លើងបានឆេះពីអាសនាឡើងទៅលើមេឃ នោះទេវតារបស់ព្រះយេហូវ៉ាក៏ហោះឡើងទៅក្នុងអណ្ដាតភ្លើង ដែលឆេះនៅលើអាសនានោះទៅ។ ឯម៉ាណូអា និងប្រពន្ធដែលកំពុងតាមមើលនោះ ក៏នាំគ្នាក្រាបចុះ ឱនមុខដល់ដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺក្នុងពេលអណ្ដាតភ្លើងឆេះពីអាសនៈឡើងទៅលើមេឃ ទេវតារបស់ព្រះអម្ចាស់ក៏ឡើងទៅជាមួយអណ្ដាតភ្លើងនោះដែរ។ ឃើញដូច្នេះ លោកម៉ាណូអា និងភរិយាក៏ក្រាបចុះឱនមុខដល់ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺកាលអណ្តាតភ្លើងបានឆេះពីលើអាសនាឡើង នោះទេវតានៃព្រះយេហូវ៉ាក៏ហោះឡើងទៅក្នុងអណ្តាតភ្លើង ដែលឆេះលើអាសនានោះទៅ ឯម៉ាណូអា នឹងប្រពន្ធក៏មើល រួចទំលាក់ខ្លួនក្រាបចុះផ្កាប់មុខដល់ដីទាំង២នាក់។ |
ក្នុងពេលដែលអ្នកទាំងពីរដើរបណ្តើរនិយាយគ្នាបណ្តើរ ស្រាប់តែមានរទេះជាភ្លើង ទឹមដោយសេះភ្លើង មកញែកអ្នកទាំងពីរឲ្យឃ្លាតចេញពីគ្នា។ ពេលនោះខ្យល់ក៏កួចអេលីយ៉េស ឡើងទៅសូរ៉កា។
ស្តេចទតងើបមុខឡើងឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាឈរនៅចន្លោះសូរ៉កា និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ស្តេចទត និងអះលីជំអះដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះអោនមុខដល់ដី។
កាលស្តេចទតទៅជិតលោកអរ៉ៅណា គាត់ក្រឡេកឃើញ គាត់ក៏ចេញពីលានបោកស្រូវមកទទួល គោរពអោនមុខដល់ដី។
ស្តេចទតសង់អាសនៈជូនអុលឡោះតាអាឡានៅកន្លែងនោះ ហើយធ្វើគូរបានដុត និងគូរបានមេត្រីភាព។ ស្តេចអង្វររកអុលឡោះតាអាឡាទ្រង់តបមកវិញ ដោយប្រទានភ្លើងពីលើមេឃ បញ្ឆេះគូរបានដុតនៅលើអាសនៈនោះ។
ទ្រង់ឡើងទៅភ្នំស៊ីយ៉ូន ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ អុលឡោះតាអាឡានាំមុខ អមដោយសំឡេងត្រែ។
នៅលើលំហអាកាសដែលស្ថិតនៅលើក្បាលសត្វទាំងនោះ មានដូចជាត្បូងកណ្ដៀងមួយ ដែលមានរាងជាបល្ល័ង្ក។ នៅលើត្បូងដែលមានរាងជាបល្ល័ង្កនោះ គឺនៅខាងលើបំផុត មានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់។
ពន្លឺដ៏ត្រចះត្រចង់ព័ទ្ធជុំវិញនោះ ដូចឥន្ទធនូ នៅថ្ងៃមានភ្លៀង គឺដូចជារស្មីនៃសិរីរុងរឿងរបស់អុលឡោះតាអាឡា។ ពេលឃើញភ្លាម ខ្ញុំក្រាបថ្វាយបង្គំអោនមុខដល់ដី ហើយខ្ញុំឮសំឡេងមួយពោលមកកាន់ខ្ញុំ។
ខ្ញុំបានឮគាត់និយាយ ហើយសំឡេងរបស់គាត់ធ្វើឲ្យខ្ញុំលង់ស្មារតី ខ្ញុំក្រាបចុះ អោនមុខដល់ដី។
គឺមានភ្លើងចេញពីអុលឡោះតាអាឡា ឆេះគូរបានដុត និងដុំខ្លាញ់នៅលើអាសនៈ។ ពេលប្រជាជនទាំងមូលឃើញ ដូច្នេះ ពួកគេបន្លឺសំឡេងអបអរសាទរ រួចក្រាបចុះអោនមុខដល់ដី។
បុត្រានេះ ជារស្មីនៃសិរីរុងរឿងរបស់អុលឡោះ និងមានលក្ខណៈដូចទ្រង់បេះបិទ។ បុត្រាទ្រទ្រង់អ្វីៗទាំងអស់ដោយសារបន្ទូលប្រកបដោយអំណាច។ លុះគាត់ប្រោសមនុស្សឲ្យបានបរិសុទ្ធ ផុតពីបាបរួចហើយ គាត់ក៏នៅខាងស្ដាំអុលឡោះដ៏ឧត្តុង្គឧត្ដមនៅសូរ៉កា។
លោកគេឌានចូលទៅយកកូនពពែមួយមករៀបចំធ្វើម្ហូប និងយកម្សៅមួយថាំងមកធ្វើនំបុ័ងឥតមេ។ គាត់ស្រង់សាច់ដាក់ក្នុងកញ្ច្រែង ហើយដួសទឹកសម្លដាក់ក្នុងចានមួយ រួចយកទៅជូនម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡានៅក្រោមដើមជ្រៃ។
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាយកចុងដំបងដែលគាត់កាន់ទៅពាល់សាច់ និងនំបុ័ងឥតមេ ពេលនោះ មានភ្លើងផុសចេញពីថ្ម ហើយឆេះសាច់ និងនំបុ័ងអស់ទៅ។ បន្ទាប់មក ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាក៏កំបាំងបាត់ទៅ។