១ របាក្សត្រ 21 - អាល់គីតាបណាពីទតជំរឿនប្រជាជនអ៊ីស្រអែល 1 អ៊ីព្លេសហ្សៃតនបានក្រោកឡើងប្រឆាំងនឹងជនជាតិអ៊ីស្រអែល ដោយជំរុញស្តេចទតឲ្យជំរឿនប្រជាជនអ៊ីស្រអែល។ 2 ស្តេចទតបានបញ្ចាទៅកាន់លោកយ៉ូអាប់ និងមន្ត្រីឯទៀតៗរបស់ប្រជាជនថា៖ «ចូរទៅរាប់ចំនួនប្រជាជនអ៊ីស្រអែល ចាប់តាំងពីក្រុងបៀរសេបា រហូតដល់ក្រុងដាន់ រួចធ្វើរបាយការណ៍ឲ្យយើង ដ្បិតយើងចង់ដឹងចំនួនប្រជាជន»។ 3 លោកយ៉ូអាប់ជម្រាបថា៖ «សូមជម្រាបស្តេច ជាអម្ចាស់! សូមអុលឡោះតាអាឡាប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ទ្រង់ កើនចំនួនឡើងមួយរយដងច្រើនជាងនេះ! ពួកគេសុទ្ឋតែជាអ្នកបម្រើរបស់ស្តេចទាំងអស់គ្នាហើយ ហេតុអ្វីបានជាស្តេចចង់ជ្រាបអំពីចំនួនរបស់ពួកគេទៀត? ធ្វើដូច្នេះ ក្រែងលោបណ្តាលឲ្យជនជាតិអ៊ីស្រអែលមានទោស»។ 4 ប៉ុន្តែ ដោយស្តេចចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ពេក លោកយ៉ូអាប់ត្រូវតែអនុវត្តតាម។ លោកយ៉ូអាប់ចាកចេញទៅ ហើយធ្វើដំណើរគ្រប់ទិសទីក្នុងស្រុកអ៊ីស្រអែល រួចវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ។ 5 លោកយ៉ូអាប់ចូលទៅជម្រាបស្តេចទតអំពីចំនួនប្រជាជន គឺក្នុងស្រុកអ៊ីស្រអែលទាំងមូលមានទាហានប្រដាប់អាវុធ ១ ១០០ ០០០នាក់ ហើយនៅស្រុកយូដា មាន៤៧០ ០០០ នាក់។ 6 គាត់ពុំបានជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវី និងពុនយ៉ាម៉ីនទេ ដ្បិតគាត់មិនពេញចិត្តនឹងបញ្ជារបស់ស្តេចទាល់តែសោះ។ 7 អុលឡោះមិនពេញចិត្តនឹងហេតុការណ៍នេះទេ ទ្រង់ក៏ប្រហារជនជាតិអ៊ីស្រអែល។ 8 ស្តេចទតអង្វរអុលឡោះថា៖ «ខ្ញុំប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះសូមទ្រង់អត់ទោសឲ្យខ្ញុំផង ដ្បិតខ្ញុំប្រព្រឹត្តដូចមនុស្សវង្វេងស្មាតីទាំងស្រុង!»។ 9 អុលឡោះតាអាឡាមានបន្ទូលមកកាន់លោកកាដ ជាអ្នកទាយរបស់ស្តេចទតថា៖ 10 «ចូរទៅប្រាប់ទតដូចតទៅ “អុលឡោះតាអាឡាមានបន្ទូលថា: យើងមានទណ្ឌកម្មបីយ៉ាង សម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ! យើងនឹងដាក់ទោសអ្នកតាមនោះ”»។ 11 លោកកាដចូលជួបស្តេចទតជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: សូមជ្រើសរើសចុះ 12 តើស្តេចចង់ឲ្យស្រុកកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ឬត្រូវបាក់ទ័ពរត់នៅចំពោះមុខដាវរបស់ខ្មាំងសត្រូវ អស់រយៈពេលបីខែ ឬចង់ឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុក គឺម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបំផ្លាញប្រជាជនក្នុងស្រុកអ៊ីស្រអែលទាំងមូល អស់រយៈពេលបីថ្ងៃ។ ឥឡូវនេះសូមស្តេចពិចារណាចុះ ខ្ញុំនឹងនាំចម្លើយទៅជូនអុលឡោះដែលបានចាត់ខ្ញុំមក»។ 13 ស្តេចទតឆ្លើយទៅកាន់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមឲ្យយើងធ្លាក់ក្នុងកណ្តាប់ដៃរបស់អុលឡោះតាអាឡា ជាជាងធ្លាក់ក្នុងកណ្តាប់ដៃរបស់មនុស្ស ដ្បិតអុលឡោះតាអាឡាមានចិត្តមេត្តាករុណាដ៏ធំធេង»។ 14 អុលឡោះតាអាឡាធ្វើឲ្យជំងឺអាសន្នរោគកើតនៅស្រុកអ៊ីស្រអែល ហើយមានប្រជាជនស្លាប់អស់ ៧០ ០០០នាក់។ 15 អុលឡោះចាត់ម៉ាឡាអ៊ីកាត់ឲ្យទៅបំផ្លាញក្រុងយេរូសាឡឹមទៀត ប៉ុន្តែ កាលអុលឡោះតាអាឡាឃើញម៉ាឡាអ៊ីកាត់បំផ្លាញក្រុងនោះ ទ្រង់ក៏ប្រែចិត្ត មិនព្រមដាក់ទោសក្រុងនោះទេ។ ទ្រង់មានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ដែលមកបំផ្លាញថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។ 16 ស្តេចទតងើបមុខឡើងឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាឈរនៅចន្លោះសូរ៉កា និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ស្តេចទត និងអះលីជំអះដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះអោនមុខដល់ដី។ 17 ស្តេចទតទូរអាអង្វរអុលឡោះថា៖ «ខ្ញុំទេតើដែលបញ្ជាឲ្យជំរឿនប្រជាជន ខ្ញុំបានប្រព្រឹត្តអំពើបាប និងអំពើអាក្រក់។ ប្រជាជនទាំងនេះពុំបានប្រព្រឹត្តអ្វីខុសទេ។ ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ សូមដាក់ទោសតែខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំប៉ុណ្ណោះបានហើយ! សូមកុំឲ្យគ្រោះកាចនេះកើតមានដល់ប្រជារាស្ត្ររបស់ទ្រង់ឡើយ!»។ 18 ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានប្រាប់លោកកាដឲ្យជម្រាបស្តេចទត ដើម្បីសូមស្តេចឡើងទៅសង់អាសនៈមួយជូនអុលឡោះតាអាឡា នៅលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។ 19 ស្តេចទតក៏ទៅ តាមពាក្យដែលលោកកាដថ្លែង ក្នុងនាមអុលឡោះតាអាឡា។ 20 ពេលនោះលោកអរ៉ៅណាកំពុងតែបោកស្រូវ។ គាត់ងាកមក ឃើញម៉ាឡាអ៊ីកាត់ កូនប្រុសរបស់គាត់ទាំងបួននាក់ ដែលនៅជាមួយគាត់នាំគ្នារត់ពួន។ 21 កាលស្តេចទតទៅជិតលោកអរ៉ៅណា គាត់ក្រឡេកឃើញ គាត់ក៏ចេញពីលានបោកស្រូវមកទទួល គោរពអោនមុខដល់ដី។ 22 ស្តេចទតប្រាប់ទៅគាត់ថា៖ «ចូរលក់លានបោកស្រូវនេះឲ្យយើងមក យើងនឹងសង់អាសនៈមួយជូនអុលឡោះតាអាឡា ដើម្បីឲ្យប្រជាជនរួចពីគ្រោះកាច។ ចូរលក់លានបោកស្រូវនេះឲ្យយើង យើងនឹងបង់ប្រាក់ពេញថ្លៃ»។ 23 លោកអរ៉ៅណាជម្រាបស្តេចទតថា៖ «សូមស្តេចយកលានបោកស្រូវនេះ ធ្វើអ្វីតាមតែស្តេចពេញចិត្តចុះ។ ខ្ញុំក៏សូមជូនគោ សម្រាប់ធ្វើជាគូរបានដុត និងរនាស់ធ្វើជាអុស ព្រមទាំងស្រូវធ្វើជាជំនូនម្សៅ ខ្ញុំសូមជូនទាំងអស់!»។ 24 ប៉ុន្តែ ស្តេចទតបានប្រាប់ទៅកាន់លោកអរ៉ៅណាថា៖ «ទេ យើងចង់ទិញរបស់ទាំងនោះពីលោកពេញថ្លៃ ដ្បិតយើងមិនអាចយកអ្វីៗដែលជារបស់លោក ទៅជូនអុលឡោះតាអាឡាជាគូរបានដុត ដោយមិនបង់ប្រាក់ឡើយ!»។ 25 ស្តេចទតប្រគល់មាសសុទ្ធប្រាំមួយរយស្លឹងជូនលោកអរ៉ៅណា ដើម្បីទិញលានបោកស្រូវ។ 26 ស្តេចទតសង់អាសនៈជូនអុលឡោះតាអាឡានៅកន្លែងនោះ ហើយធ្វើគូរបានដុត និងគូរបានមេត្រីភាព។ ស្តេចអង្វររកអុលឡោះតាអាឡាទ្រង់តបមកវិញ ដោយប្រទានភ្លើងពីលើមេឃ បញ្ឆេះគូរបានដុតនៅលើអាសនៈនោះ។ 27 បន្ទាប់មក អុលឡោះតាអាឡាបញ្ជាឲ្យម៉ាឡាអ៊ីកាត់ស៊កដាវទៅក្នុងស្រោមវិញ។ 28 នៅគ្រានោះដោយស្តេចឃើញថា អុលឡោះតាអាឡាឆ្លើយតបនឹងពាក្យទូរអាអង្វររបស់គាត់ នៅលើទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស ស្តេចតែងតែធ្វើគូរបាននៅទីនោះ។ 29 រីឯជំរំសក្ការៈរបស់អុលឡោះតាអាឡា ដែលម៉ូសាបានសង់នៅវាលរហោស្ថាន ព្រមទាំងអាសនៈធ្វើគូរបានដុត ស្ថិតនៅទីសក្ការៈទួលខ្ពស់ នៅក្រុងគីបៀន។ 30 ប៉ុន្តែ ស្តេចទតពុំអាចទៅកន្លែងនោះទេ ដើម្បីទូរអាសួរអុលឡោះដ្បិតស្តេចភ័យខ្លាចម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាប្រហារដោយមុខដាវ។ |
© 2014 United Bible Societies, UK.
United Bible Societies