ទំនុកតម្កើង 47 - អាល់គីតាបអុលឡោះជាស្តេចដ៏ខ្ពង់ខ្ពស់បំផុត ទំនុកពីសៀវភៅគ្រូចំរៀង។ ទំនុករបស់កូនចៅលោកកូរេ។ 1 ប្រជាជនទាំងឡាយអើយ ចូរទះដៃអបអរសាទរ! ចូរច្រៀងតម្កើងអុលឡោះ ដោយសប្បាយរីករាយ! 2 ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ជាទីកោតស្ញប់ស្ញែងក្រៃលែង ទ្រង់ជាស្តេចដ៏ឧត្ដម ដែលគ្រងរាជ្យលើផែនដីទាំងមូល។ 3 ទ្រង់បានបង្ក្រាបជាតិសាសន៍នានា ឲ្យធ្វើជាចំណុះយើង ហើយដាក់ប្រជាជាតិនានា ឲ្យស្ថិតនៅក្រោមអំណាចយើង។ 4 ទ្រង់បានជ្រើសរើសទឹកដី ឲ្យយើងទុកជាមត៌ក ធ្វើឲ្យយើងខ្ពស់មុខក្រៃលែង គឺយើងជាពូជពង្សយ៉ាកកូប ដែលទ្រង់ស្រឡាញ់ ។ - សម្រាក 5 ទ្រង់ឡើងទៅភ្នំស៊ីយ៉ូន ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ អុលឡោះតាអាឡានាំមុខ អមដោយសំឡេងត្រែ។ 6 ចូរនាំគ្នាច្រៀង គីតាបសាបូរជូនអុលឡោះ! ចូរនាំគ្នាច្រៀង គីតាបសាបូរ ជូនស្តេចនៃយើង! គីតាបសាបូរ 7 ដ្បិតអុលឡោះជាស្តេច នៃផែនដីទាំងមូល ចូរនាំគ្នាច្រៀងកំណាព្យជូនទ្រង់ទៅ!។ 8 អុលឡោះគ្រងរាជ្យលើប្រជាជាតិនានា ទ្រង់នៅលើបល្ល័ង្កដ៏វិសុទ្ធ។ 9 អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នា ជាមួយប្រជាជននៃអុលឡោះជាម្ចាស់របស់អ៊ីព្រហ៊ីម ដ្បិតអ្នកដឹកនាំផែនដីទាំងមូល ស្ថិតនៅក្រោមអំណាចរបស់ទ្រង់ ទ្រង់ជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់!។ |
© 2014 United Bible Societies, UK.
United Bible Societies