Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ហេព្រើរ 1 - អាល់គីតាប


សេចក្ដី​ផ្ដើម

1 នៅ​ជំនាន់​ដើម អុលឡោះ​មាន​បន្ទូល​មក​កាន់​បុព្វ​បុរស​យើង ជា​ច្រើន​លើក​ច្រើន​សា ដោយ​ប្រើ​របៀប​ផ្សេងៗ​ជា​ច្រើន តាម​រយៈ​ពួក​ណាពី។

2 គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត ទ្រង់​មាន​បន្ទូល​មក​យើង​តាម​រយៈ​បុត្រា​នៃ​ទ្រង់។ ទ្រង់​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​បុត្រា​គ្រប់‌គ្រង​ជា​មត៌ក ទ្រង់​ក៏​បាន​បង្កើត​ពិភព​ទាំង​មូល​ដោយ‌សារ​បុត្រា​ដែរ។

3 បុត្រា​នេះ ជា​រស្មី​នៃ​សិរី‌រុង‌រឿង​របស់​អុលឡោះ និង​មាន​លក្ខណៈ​ដូច​ទ្រង់​បេះ​បិទ។ បុត្រា​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​ដោយ‌សារ​បន្ទូល​ប្រកប​ដោយ​អំណាច។ លុះ​គាត់​ប្រោស​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ ផុត​ពី​បាប​រួច​ហើយ គាត់​ក៏​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​ឧត្តុង្គ​ឧត្ដម​នៅ​សូរ៉កា។

4 បុត្រា​បាន​ទទួល​នាមប្រសើរ​លើស​ពួក​ម៉ាឡា‌អ៊ីកាត់​យ៉ាង​ណា​បុត្រា​ក៏​ទទួល​ឋានៈ​ប្រសើរ​ជាង​ពួក​ម៉ាឡា‌អ៊ីកាត់​យ៉ាង​នោះ​ដែរ។


អ៊ីសា‌អាល់ម៉ា‌ហ្សៀស​មាន​ឋានៈ​ធំ​ជាង​ពួក​ម៉ាឡា‌អ៊ីកាត់

5 អុលឡោះ​ពុំ​ដែល​មាន​បន្ទូល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​ណា​ថា៖ «អ្នក​ជា​បុត្រា​របស់​យើង គឺ​យើង​ទៅ​ជា​បិតា​អ្នក​នៅ​ថ្ងៃ​នេះ» ឬ​មាន​បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ជា​បិតា​របស់​អ្នក ហើយ​អ្នក​នឹង​ទៅ​ជា​បុត្រា​របស់​យើង»សោះ​ឡើយ។

6 មួយ​វិញ​ទៀត នៅ​ពេល​អុលឡោះ​ចាត់​បុត្រា​របស់​ទ្រង់ ដែល​មាន​មុន​អ្វីៗ​ទាំង​អស់​ឲ្យ​មក​ផែនដី​នេះ ទ្រង់​មាន​បន្ទូល​ថា៖ «ម៉ាឡា‌អ៊ីកាត់​ទាំង​អស់​របស់​ទ្រង់​ ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​បុត្រា»។

7 អុលឡោះ​មាន​បន្ទូល​អំពី​ពួក​ម៉ាឡា‌អ៊ីកាត់​ថា៖ «ទ្រង់​បាន​យក​ពួក​ម៉ាឡា‌អ៊ីកាត់​ធ្វើ​ជា​ខ្យល់ និង​យក​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ធ្វើ​ជា​អណ្ដាត​ភ្លើង»។

8 ចំពោះ​បុត្រា​វិញ ទ្រង់​មាន​បន្ទូល​ថា៖ «ឱ​លោក​ម្ចាស់​អើយ​បល្ល័ង្ក​របស់​អ្នក នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ហើយ​អ្នក​គ្រង​រាជ្យ​ដោយ​យុត្ដិធម៌»។

9 អ្នក​ពេញ​ចិត្ត​តែ​នឹង​សេចក្ដី​សុចរិត អ្នក​មិន​គាប់​ចិត្ត​នឹង​អំពើ​ទុច្ចរិត​ទេ។ ហេតុ​នេះ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក បាន​តែង​តាំង​អ្នក ឲ្យ​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់ គឺ​ឲ្យ​អ្នក​បាន​ប្រសើរ​ជាង មិត្ដ‌ភក្ដិ​របស់​អ្នក»។

10 អុលឡោះ​មាន​បន្ទូល​ទៀត​ថា៖ អម្ចាស់​អើយ! អ្នក​បាន​បង្កើត​ផែនដី តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ដៃ​របស់​អ្នក​ដែរ។

11 ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​រលាយ​បាត់​ទៅ តែ​អ្នក​នៅ​ស្ថិត‌ស្ថេរ​រហូត។ ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​ចាស់​ទៅ ដូច​សម្លៀក‌បំពាក់

12 អ្នក​នឹង​បត់​ទាំង​ផែនដី ទាំង​ផ្ទៃ​មេឃ​ទុក ដូច​គេ​បត់​អាវ​ធំ ផែនដី និង​ផ្ទៃ​មេឃ​នឹង​រេច‌រឹល​ទៅ ដូច​សម្លៀក‌បំពាក់ ចំពោះ​អ្នក​វិញ មិន​ប្រែ‌ប្រួល​ឡើយ ហើយ​ជីវិត​របស់​អ្នក ក៏​មិន​ចេះ​អស់​ដែរ។

13 មួយ​វិញ​ទៀត អុលឡោះ​ក៏​មិន​ដែល​មាន​បន្ទូល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​ណា​ថា៖ «សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​របស់​អ្នក»។

14 ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​សុទ្ធ​តែ​ជា​វិញ្ញាណ ដែល​នៅ​បម្រើ​អុលឡោះ ទ្រង់​ចាត់​ពួក​គេ​ឲ្យ​មក​បំពេញ​មុខ‌ងារ ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​សង្គ្រោះ​ទុក​ជា​មត៌ក!

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម