ពួកចៅហ្វាយ 13 - អាល់គីតាបកំណើតរបស់លោកសាំសុន 1 ជនជាតិអ៊ីស្រអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡាសាជាថ្មីទៀត។ ហេតុនេះទ្រង់ប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន អស់រយៈពេលសែសិបឆ្នាំ។ 2 គ្រានោះ នៅក្រុងសូរ៉ាស់ មានបុរសម្នាក់ឈ្មោះម៉ាណូអា ក្នុងកុលសម្ព័ន្ធដាន់។ ភរិយារបស់គាត់ជាស្ត្រីអារ មិនអាចមានកូនឡើយ។ 3 ថ្ងៃមួយម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានមកបង្ហាញខ្លួនឲ្យស្ត្រីនោះឃើញ ហើយពោលថា៖ «នាងជាស្ត្រីអារ មិនអាចមានកូនបានទេ ក៏ប៉ុន្តែ នាងនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ 4 ចាប់ពីពេលនេះទៅ ត្រូវប្រយ័ត្នកុំពិសាស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនត្រូវបរិភោគអ្វីដែលមិនហាឡាល់ដែរ 5 ព្រោះនាងនឹងមានផ្ទៃពោះ រួចបង្កើតកូនប្រុសមួយ។ មិនត្រូវកោរ ឬកាត់សក់វាឡើយ ដ្បិតកូននោះនឹងត្រូវញែកជូនអុលឡោះតាំងពីក្នុងផ្ទៃម្តាយមក ទុកជាអ្នកណាសារីតមួយនាក់។ កូននោះនឹងចាប់ផ្តើមរំដោះជនជាតិអ៊ីស្រអែល ឲ្យរួចពីកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន»។ 6 ស្ត្រីនោះក៏ចូលទៅក្នុងផ្ទះ ហើយរៀបរាប់ប្រាប់ប្ដីថា៖ «មានអ្នកបម្រើមួយនាក់របស់អុលឡោះបានមកជួបខ្ញុំ គាត់មានភិនភាគដូចម៉ាឡាអ៊ីកាត់នៃអុលឡោះដែលគួរឲ្យស្ញែងខ្លាចក្រៃលែង។ ខ្ញុំមិនបានសួរគាត់ថា អ្នកមកពីណាទេ ហើយគាត់ក៏មិនបានប្រាប់ឈ្មោះឲ្យខ្ញុំស្គាល់ដែរ។ 7 គាត់ប្រាប់ខ្ញុំថា ខ្ញុំនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ គាត់ហាមខ្ញុំមិនឲ្យផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនឲ្យបរិភោគអ្វីដែលមិនហាឡាល់ដែរ ដ្បិតកូននោះនឹងត្រូវញែកជូនអុលឡោះតាំងពីក្នុងផ្ទៃម្តាយ ទុកជាអ្នកណាសារីតមួយគត់រហូតអស់មួយជីវិត»។ 8 លោកម៉ាណូអាក៏សូមអង្វរអុលឡោះតាអាឡាថា៖ ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមទ្រង់មេត្តាប្រោសប្រទានឲ្យអ្នកបម្រើរបស់ទ្រង់ ដែលទ្រង់បានចាត់មកនោះ វិលត្រឡប់មកវិញ ដើម្បីឲ្យគាត់បង្រៀនយើងខ្ញុំអំពីរបៀបដែលត្រូវប្រព្រឹត្តចំពោះកូនដែលនឹងកើតមកនោះ»។ 9 អុលឡោះស្តាប់ពាក្យសូមអង្វររបស់លោកម៉ាណូអា ហើយម៉ាឡាអ៊ីកាត់របស់អុលឡោះក៏មកជួបនឹងស្ត្រីនោះម្តងទៀត ក្នុងពេលដែលគាត់កំពុងតែអង្គុយនៅក្នុងចម្ការ។ ពេលនោះ លោកម៉ាណូអា ប្ដីរបស់នាងមិនបាននៅជាមួយទេ។ 10 នាងក៏ប្រញាប់ប្រញាល់រត់ទៅជម្រាបប្ដីថា៖ «នុ៎ះហ្ន៎! បុរសដែលបានមកជួបខ្ញុំ ពីថ្ងៃមុនអញ្ជើញមកទៀតហើយ!»។ 11 លោកម៉ាណូអាក្រោកឡើង ដើរតាមប្រពន្ធ តម្រង់ទៅរកបុរសហើយពោលថា៖ «តើអ្នកឬដែលបាននិយាយជាមួយប្រពន្ធខ្ញុំ?»។ ម៉ាឡាអ៊ីកាត់ក៏ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ 12 លោកម៉ាណូអាក៏បន្តទៀតថា៖ «បើសិនជាបានសម្រេចតាមពាក្យលោកមែន តើកូននោះត្រូវកាន់ច្បាប់ទម្លាប់អ្វីខ្លះ តើវាត្រូវរស់នៅរបៀបណា?»។ 13 ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាតបមកលោកម៉ាណូអាវិញថា៖ «ប្រពន្ធរបស់អ្នកត្រូវតមអ្វីៗទាំងប៉ុន្មានដែលយើងបានប្រាប់ 14 នាងមិនត្រូវបរិភោគអ្វីដែលធ្វើពីផ្លែទំពាំងបាយជូរ មិនត្រូវផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនត្រូវបរិភោគអ្វីៗដែលមិនហាឡាល់ដែរ។ នាងត្រូវតែប្រព្រឹត្តតាមពាក្យទាំងប៉ុន្មានដែលយើងបានប្រាប់»។ 15 លោកម៉ាណូអាពោលទៅកាន់ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាថា៖ «សូមអ្នកមេត្តារង់ចាំនៅទីនេះសិនហើយ យើងខ្ញុំទៅរៀបចំកូនពពែមួយជូនអ្នក»។ 16 ម៉ាឡាអ៊ីកាត់ឆ្លើយថា៖ «ទោះបីយើងនៅ ក៏យើងមិនបរិភោគអាហារដែលអ្នករៀបចំដែរ។ ប៉ុន្តែ បើអ្នកចង់ធ្វើគូរបានដុតជូនអុលឡោះតាអាឡា ចូរធ្វើចុះ!»។ លោកម៉ាណូអាពុំដឹងថា ជាម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាទេ 17 គាត់ក៏សួរថា៖ «តើអ្នកឈ្មោះអី សូមមេត្តាប្រាប់ឲ្យយើងខ្ញុំស្គាល់ផង ដើម្បីឲ្យយើងខ្ញុំអាចដឹងគុណអ្នក នៅពេលហេតុការណ៍នោះកើតមាន តាមពាក្យរបស់អ្នក»។ 18 ម៉ាឡាអ៊ីកាត់នៃអុលឡោះតាអាឡាតបថា៖ «ហេតុអ្វីបានជាអ្នកចង់ស្គាល់ឈ្មោះយើងដូច្នេះ? ឈ្មោះនេះប្លែកអស្ចារ្យណាស់»។ 19 បន្ទាប់មក លោកម៉ាណូអាក៏យកកូនពពែ និងម្សៅដែលត្រូវជូនជាមួយ មកដុតនៅលើថ្ម ធ្វើជាគូរបានដុតដល់អុលឡោះតាអាឡា។ ពេលលោកម៉ាណូអា និងភរិយាកំពុងអង្គុយសម្លឹងមើល ស្រាប់តែមានហេតុការណ៍ដ៏អស្ចារ្យមួយ 20 គឺក្នុងពេលអណ្តាតភ្លើងឆេះពីអាសនៈឡើងទៅលើមេឃ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ក៏ឡើងទៅជាមួយអណ្តាតភ្លើងនោះដែរ។ ឃើញដូច្នេះ លោកម៉ាណូអា និងភរិយាក៏ក្រាបចុះអោនមុខដល់ដី។ 21 កាលអ្នកទាំងពីរមើលម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាលែងឃើញទៀត ទើបលោកម៉ាណូអាដឹងថាជាម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា 22 ហើយគាត់ក៏ពោលទៅកាន់ភរិយាថា៖ «យើងប្រាកដជាស្លាប់ហើយ ព្រោះយើងបានឃើញអុលឡោះ»។ 23 ភរិយារបស់គាត់ក៏ឆ្លើយថា៖ «ប្រសិនបើអុលឡោះតាអាឡាចង់ឲ្យយើងស្លាប់មែននោះ ទ្រង់មិនទទួលគូរបានដុត និងជំនូនម្សៅរបស់យើងទេ ហើយក៏មិនសំដែងការអស្ចារ្យទាំងនេះឲ្យយើងឃើញ ព្រមទាំងប្រាប់យើងពីអ្វីៗ ដែលយើងបានឮនេះដែរ»។ 24 ភរិយារបស់លោកម៉ាណូអា បង្កើតបានកូនប្រុសមួយដែលគាត់ដាក់ឈ្មោះថា សាំសុន។ កូននោះមានវ័យចំរើនធំឡើង ហើយអុលឡោះតាអាឡាប្រទានពរគាត់។ 25 រសនៃអុលឡោះតាអាឡាបានចាប់ផ្តើមធ្វើសកម្មភាពក្នុងជីវិតគាត់ ពេលដែលគាត់ស្ថិតនៅក្នុងជំរំដាន់ ត្រង់ចន្លោះសូរ៉ាស់ និងអែសថោល។ |
© 2014 United Bible Societies, UK.
United Bible Societies