Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ ពង្សាវ‌តារ‌ក្សត្រ 2 - អាល់គីតាប


អុលឡោះ‌តាអាឡា​លើក​ណាពី​អេលី‌យ៉េស​ទៅ​សូរ៉កា

1 នៅ​គ្រា​ដែលអុលឡោះ‌តាអាឡា​ឲ្យ​ខ្យល់​កួច​អេលី‌យ៉េស​ឡើង​ទៅ​សូរ៉កា​នោះ អេលី‌យ៉េស និង​អេលី‌យ៉ាសាក់​ចាក​ចេញ​ពី​គីល‌កាល់​ទៅ​ជា​មួយ​គ្នា។

2 អេលី‌យ៉េស​មាន​ប្រសាសន៍​ទៅ​កាន់​អេលី‌យ៉ាសាក់​ថា៖ «ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិតអុលឡោះ‌តាអាឡា​ចាត់​ខ្ញុំ​ឲ្យ​ទៅ​បេត‌អែល»។ អេលី‌យ៉ាសាក់​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា ដែល​នៅ​អស់‌កល្ប និង​ក្នុង​ឈ្មោះ​អ្នក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​អ្នក​ឡើយ»។ អ្នក​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ទៅ​បេត‌អែល។

3 មាន​ណាពី​មួយ​ក្រុម​នៅ​បេត‌អែល​ចេញ​មក​ជួប​អេលី‌យ៉ាសាក់​ជម្រាប​ថា៖ «តើ​អ្នក​ជ្រាប​ឬ​ទេ​ថា ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​លើក​តួន​របស់​អ្នក​ឡើង​ទៅ​លើ​មេឃ»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។

4 អេលី‌យ៉េស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេលី‌យ៉ាសាក់​អើយ ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិតអុលឡោះ‌តាអាឡា​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរី‌ខូ»។ អេលី‌យ៉ាសាក់​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា ដែល​នៅ​អស់‌កល្ប និង​ក្នុង​ឈ្មោះ​អ្នក​ផ្ទាល់ ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​អ្នក​ឡើយ»។ អ្នក​ទាំង​ពីរ​ក៏​ទៅ​ដល់​ក្រុង​យេរី‌ខូ។

5 មាន​ណាពី​មួយ​ក្រុម​នៅ​ក្រុង​យេរី‌ខូ នាំ​គ្នា​មក​ជិត​អេលី‌យ៉ាសាក់​ជម្រាប​ថា៖ «តើ​អ្នក​ជ្រាប​ទេ​ថា ថ្ងៃ​នេះអុលឡោះ‌តាអាឡា​លើក​តួន​របស់​អ្នក​ឡើង​ទៅ​លើ​មេឃ»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។

6 អេលី‌យ៉េស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិតអុលឡោះ‌តាអាឡា​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទន្លេ​យ័រដាន់»។ អេលី‌យ៉ាសាក់​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប និង​ក្នុង​ឈ្មោះ​អ្នក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​អ្នក​ឡើយ»។ អ្នក​ទាំង​ពីរ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

7 មាន​ណាពី​ហា‌សិប​នាក់ ដើរ​តាម​ពី​ក្រោយ ហើយ​ឈរ​ពី​ចម្ងាយ។ អ្នក​ទាំង​ពីរ​ឈប់​នៅ​មាត់​ទន្លេ​យ័រដាន់។

8 ពេល​នោះ អេលី‌យ៉េស​យក​អាវ​ធំ​របស់​គាត់​មក​មូរ ហើយ​វាយ​ទឹក​ទន្លេ ទឹក​ក៏​ញែក​ចេញ​ពី​គ្នា។ អ្នក​ទាំង​ពីរ​ដើរ​កាត់​បាត​ទន្លេ។

9 កាល​អ្នក​ទាំង​ពីរ​ឆ្លង​ផុត​ហើយ អេលី‌យ៉េស​មាន​ប្រសាសន៍​ទៅ​កាន់​អេលី‌យ៉ាសាក់​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី​ពី​ខ្ញុំ ចូរ​សុំ​ឲ្យ​បាន​មុន​ពេលអុលឡោះ‌តាអាឡា លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក!»។ អេលី‌យ៉ាសាក់​ឆ្លើយ​ថា៖ «សូម​មេត្តា​ឲ្យ​រស​ដែល​ស្ថិត​នៅ​លើ​អ្នក មក​សណ្ឋិត​លើ​ខ្ញុំ​មួយ​ជា​ទ្វេ!»។

10 អេលី‌យ៉េស​មាន​ប្រសាសន៍​ថា៖ «សំណូម​ពរ​របស់​អ្នក​ពិបាក​ណាស់! ប៉ុន្តែ ប្រសិន​បើ​អ្នក​មើល​ឃើញ​ខ្ញុំ ក្នុង​ពេល​ដែលអុលឡោះ‌តាអាឡា​លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក នោះ​សំណូម​ពរ​របស់​អ្នក​ពិត​ជា​បាន​សម្រេច។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​មើល​មិន​ឃើញ​ខ្ញុំ​ទេ សំណូម​ពរ​របស់​អ្នក​ក៏​ពុំ​បាន​សម្រេច​ដែរ»។

11 ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ដើរ​បណ្តើរ​និយាយ​គ្នា​បណ្តើរ ស្រាប់​តែ​មាន​រទេះ​ជា​ភ្លើង ទឹម​ដោយ​សេះ​ភ្លើង មក​ញែក​អ្នក​ទាំង​ពីរ​ឲ្យ​ឃ្លាត​ចេញ​ពី​គ្នា។ ពេល​នោះ​ខ្យល់​ក៏​កួច​អេលី‌យ៉េស ឡើង​ទៅ​សូរ៉កា។

12 កាល​អេលី‌យ៉ាសាក់​ឃើញ​ដូច្នេះ គាត់​ស្រែក​ថា៖ «លោក​បិតា! លោក​បិតា​អើយ! លោក​ប្រៀប​ដូច​ជា​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​អ៊ីស្រ‌អែល!»។ បន្ទាប់​មក គាត់​មើល​អេលី‌យ៉េស​លែង​ឃើញ​ទៀត។ គាត់​យក​សម្លៀក‌បំពាក់​របស់​គាត់​មក​ហែក​ជា​ពីរ

13 រួច​រើស​អាវ​ធំ​របស់​អេលី‌យ៉េស​ដែល​ជ្រុះ​មក​លើ​គាត់​នោះ ហើយ​ត្រឡប់​ទៅ​មាត់​ទន្លេ​យ័រដាន់​វិញ។

14 អេលី‌យ៉ាសាក់​យក​អាវ​ធំ​របស់​អេលី‌យ៉េស​វាយ​ទឹក​ទន្លេ ទាំង​និយាយ​ថា៖ «តើអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អេលី‌យ៉េស​នៅ​ទី​ណា?»។ ពេល​ដែល​គាត់​វាយ​ទឹក​នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​គាត់​ដើរ​ឆ្លង​កាត់​ទៅ។

15 ក្រុម​ណាពី ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង​ក្បែរ​ក្រុង​យេរី‌ខូ​ពោល​ឡើង​ថា៖ «រស​របស់​អេលី‌យ៉េស មក​សណ្ឋិត​លើ​អេលី‌យ៉ាសាក់​ហើយ!»។ ពួក​គេ​ទៅ​ជួប​អេលី‌យ៉ាសាក់ រួច​នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​គាត់

16 ទាំង​ពោល​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ មាន​មនុស្ស​ពូកែ​អង់‌អាច​ហា‌សិប​នាក់ សូម​អ្នក​អនុញ្ញាត​ឲ្យ​គេ​ចេញ​ទៅ​រក​តួន​របស់​អ្នក​ចុះ ក្រែង‌លោ​រស​របស់អុលឡោះ‌តាអាឡា​នាំ​យក​គាត់​ទៅ​ទម្លាក់​នៅ​លើ​ភ្នំ ឬ​ក្នុង​ជ្រោះ​ណា​មួយ»។ អេលី‌យ៉ាសាក់​ឆ្លើយ​ថា៖ «កុំ​ចាត់​គេ​ឲ្យ​ទៅ​អី!»។

17 ប៉ុន្តែ ដោយ​គេ​ទទូច​ខ្លាំង​ពេក គាត់​ក៏​យល់​ព្រម ហើយ​និយាយ​ថា៖ «ចូរ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ចុះ!»។ គេ​ចាត់​មនុស្ស​ទាំង​ហា‌សិប​នាក់​នោះ​ឲ្យ​ទៅ​រក​អេលី‌យ៉េស អស់​រយៈ​ពេល​បី​ថ្ងៃ តែ​រក​មិន​ឃើញ​សោះ។

18 អ្នក​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​ជួប​អេលី‌យ៉ាសាក់​ដែល​ស្នាក់​នៅ​ក្រុង​យេរី‌ខូ។ អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា កុំ​ទៅ​រក​ធ្វើ​អ្វី!»។


ណាពី​អេលី‌យ៉ាសាក់​ធ្វើ​ឲ្យ​ប្រភព​ទឹក​នៅ​ក្រុង​យេរី‌ខូ​ល្អ​ឡើង​វិញ

19 អ្នក​ក្រុង​យេរី‌ខូ​ជម្រាប​អេលី‌យ៉ាសាក់​ថា៖ «លោក​ម្ចាស់​ឃើញ​ស្រាប់​ហើយ​ថា ក្រុង​នេះ​មាន​ទី​តាំង​ប្រសើរ​ណាស់ ប៉ុន្តែ ទឹក​ពុំ​ល្អ​ទេ ដូច្នេះ ដី​មិន​បង្កើត​ភោគ​ផល​ឡើយ»។

20 អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​យក​ចាន​គោម​ថ្មី​មួយ​មក​ឲ្យ​ខ្ញុំ ហើយ​ដាក់​អំបិល​ផង!»។ គេ​ក៏​ទៅ​យក​មក​ជូន​គាត់។

21 គាត់​ចេញ​ទៅ​ឯ​ប្រភព​ទឹក ហើយ​ចាក់​អំបិល​ក្នុង​ទឹក​ទាំង​មាន​ប្រសាសន៍​ដូច​ត​ទៅ៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “យើង​នឹង​ធ្វើ​ឲ្យ​ទឹក​នេះ​ល្អ​ឡើង​វិញ គឺ​មិន​បង្ក​ឲ្យ​អ្វីៗ​ស្លាប់ ឬ​ក៏​ធ្វើ​ឲ្យ​ដី​ឥត​បង្កើត​ភោគ​ផល​ទៀត​ដែរ”»។

22 ទឹក​ក៏​ល្អ​រហូត​ដល់​សព្វ​ថ្ងៃ ស្រប​តាម​ពាក្យ​ដែល​អេលី‌យ៉ាសាក់​បាន​ថ្លែង។


អុលឡោះ‌តាអាឡា ​ដាក់​ទោស​ដល់​ក្មេងៗ ដែល​ប្រមាថ​ណាពី​អេលី‌យ៉ាសាក់

23 អេលី‌យ៉ាសាក់​ធ្វើ​ដំណើរ​ពី​ទី​នោះ​ឡើង​ទៅ​បេត‌អែល។ ពេល​កំពុង​តែ​ឡើង​ទៅ​នោះ មាន​ក្មេងៗ​មួយ​ក្រុម​ចេញ​ពី​ទី‌ក្រុង​មក ហើយ​ស្រែក​ប្រមាថ​គាត់​ថា៖ «ឡើង​ទៅ តា​ទំពែក! ឡើង​ទៅ តា​ទំពែក!»។

24 គាត់​បែរ​មក​មើល​ក្មេង​ទាំង​នោះ ហើយ​ដាក់​បណ្តាសា​វា​ក្នុង​នាមអុលឡោះ‌តាអាឡា។ ស្រាប់​តែ​មាន​មេ​ខ្លា​ឃ្មុំ​ពីរ​ចេញ​ពី​ព្រៃ​មក​ហែក​ក្មេង​ទាំង​នោះ អស់​សែ‌សិប​ពីរ​នាក់។

25 គាត់​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​កើមែល រួច​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម