កាឡាទី 2:20 - អាល់គីតាប ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺអាល់ម៉ាហ្សៀសទេតើ ដែលមានជីវិតរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើបុត្រារបស់អុលឡោះ ដែលបានស្រឡាញ់ខ្ញុំ និងបានលះបង់ជីវិតសម្រាប់ខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះមិនមែនខ្ញុំទៀតទេ ដែលនៅរស់ គឺព្រះគ្រីស្ទវិញ ដែលនៅរស់ក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់ក្នុងសាច់ឈាមនៅសព្វថ្ងៃនេះ ខ្ញុំរស់ដោយសារតែជំនឿលើព្រះបុត្រារបស់ព្រះដែលស្រឡាញ់ខ្ញុំ ព្រមទាំងប្រគល់អង្គទ្រង់ជំនួសខ្ញុំ។ Khmer Christian Bible ដូច្នេះ មិនមែនខ្ញុំទេដែលរស់នៅ គឺព្រះគ្រិស្ដវិញ ដែលរស់នៅក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់នៅក្នុងសាច់ឈាមនាពេលឥឡូវនេះ ខ្ញុំរស់ដោយសារជំនឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលបានស្រឡាញ់ខ្ញុំ និងបានប្រគល់អង្គទ្រង់សម្រាប់ខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រិស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រឡាញ់ខ្ញុំ និងបានបូជាព្រះជន្មសម្រាប់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្ដីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ |
បុត្រាមនុស្សមកក្នុងពិភពលោកនេះ មិនមែន ដើម្បីឲ្យគេបម្រើគាត់ទេ គឺគាត់មកបម្រើគេវិញ ព្រមទាំងលះបង់ជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
អ៊ីព្លេសចូលមកជិតអ៊ីសា ពោលថា៖ «ប្រសិនបើអ្នកពិតជាបុត្រារបស់អុលឡោះមែន សូមធ្វើឲ្យដុំថ្មទាំងនេះទៅជានំបុ័ងមើល៍!»។
លោកណាថាណែលជម្រាបអ៊ីសាថា៖ «តួន! តួនពិតជាបុត្រារបស់អុលឡោះ ហើយពិតជាស្តេចរបស់ជនជាតិអ៊ីស្រអែលមែន»។
ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ អ្នកគង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។
គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្ដសម្លាញ់របស់ខ្លួននោះឡើយ។
សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱអុលឡោះជាបិតាអើយ! ទ្រង់ស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំស្ថិតនៅជាប់នឹងទ្រង់យ៉ាងណា សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា អុលឡោះបានចាត់ខ្ញុំឲ្យមកមែន។
អុលឡោះស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាអុលឡោះប្រទានបុត្រាតែមួយរបស់ទ្រង់មក ដើម្បីឲ្យអស់អ្នកដែលជឿលើបុត្រានោះ មានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ។
អុលឡោះជាបិតាស្រឡាញ់បុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ ឲ្យនៅក្រោមអំណាចរបស់បុត្រា។
អុលឡោះជាបិតាដែលបានចាត់ខ្ញុំឲ្យមក ទ្រង់មានជីវិតរស់ ហើយខ្ញុំមានជីវិតដោយសារទ្រង់យ៉ាងណាអ្នកបរិភោគខ្ញុំ ក៏នឹងមានជីវិតរស់ ដោយសារខ្ញុំយ៉ាងនោះដែរ។
អ្នកទាំងពីរចេះតែបន្ដដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ដ្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹកតើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹក!»។
ដំណឹងល្អនេះសំដែងឲ្យដឹងថា អុលឡោះប្រោសប្រទានឲ្យមនុស្សបានសុចរិត ដោយសារជំនឿ និងឲ្យគេកាន់តាមជំនឿ។
អុលឡោះរាប់អ្នកដែលមានជំនឿ លើអ៊ីសាអាល់ម៉ាហ្សៀសឲ្យបានសុចរិត គឺអុលឡោះធ្វើដូច្នេះ ចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ
អ៊ីសាត្រូវគេបញ្ជូនទៅសម្លាប់ព្រោះតែកំហុសរបស់យើង ហើយអុលឡោះប្រោសអ៊ីសាឲ្យរស់ឡើងវិញ ដើម្បីឲ្យយើងបានសុចរិត។
ព្រោះតែអាល់ម៉ាហ្សៀស និងដោយសារជំនឿ យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួនទាំងខ្ពស់មុខ ដោយសង្ឃឹមថានឹងបានទទួលសិរីរុងរឿងរបស់អុលឡោះ។
កាលយើងមិនទាន់មានកម្លាំងនៅឡើយ លុះដល់ពេលកំណត់ អាល់ម៉ាហ្សៀសបានស្លាប់សម្រាប់មនុស្សដែលមិនគោរពប្រណិប័តន៍អុលឡោះ។
រីឯអុលឡោះវិញ ទ្រង់បានបង្ហាញចិត្តស្រឡាញ់របស់ទ្រង់ចំពោះយើង គឺអាល់ម៉ាហ្សៀសបានស្លាប់សម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ។
ហើយក៏មិនត្រូវប្រគល់សរីរាង្គកាយរបស់បងប្អូន ឲ្យទៅបម្រើបាប និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្ដអំពើទុច្ចរិតដែរ គឺត្រូវជូនខ្លួនទៅអុលឡោះ ដូចមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សរីរាង្គកាយរបស់បងប្អូនទៅបម្រើអុលឡោះ និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្ដអំពើសុចរិត។
ដូច្នេះ ប្រសិនបើយើងរួមស្លាប់ជាមួយអាល់ម៉ាហ្សៀស យើងក៏ជឿថា យើងនឹងមានជីវិតរួមជាមួយគាត់ដែរ
ប្រសិនបើអាល់ម៉ាហ្សៀសនៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ ព្រោះតែបាបក៏ដោយ ក៏រសអុលឡោះនៅតែផ្ដល់ជីវិតឲ្យបងប្អូនដែរ មកពីអុលឡោះប្រោសបងប្អូនឲ្យបានសុចរិត។
ក៏ប៉ុន្ដែ ក្នុងការទាំងនោះ យើងមានជ័យជំនះលើសពីអ្នកមានជ័យជំនះទៅទៀត ដោយអុលឡោះជាអម្ចាស់ដែលបានស្រឡាញ់យើង។
យើងមិនចង់ត្រួតត្រាលើជំនឿរបស់បងប្អូនទេ ដ្បិតជំនឿរបស់បងប្អូនមាំមួនរួចស្រេចទៅហើយ យើងគ្រាន់តែចង់ធ្វើការរួមជាមួយបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរតែប៉ុណ្ណោះ។
ខ្ញុំសូមបញ្ជាក់ ដោយមានសេចក្ដីពិតរបស់អាល់ម៉ាហ្សៀសនៅក្នុងខ្លួនថា ក្នុងស្រុកអាខៃទាំងមូល គ្មាននរណាអាចបង្អាប់កិត្ដិយសខ្ញុំត្រង់ចំណុចនេះបានឡើយ។
ដ្បិតបងប្អូនចង់បានភស្ដុតាងថា អាល់ម៉ាហ្សៀសមានប្រសាសន៍តាមរយៈខ្ញុំ។ អ៊ីសាមិនទន់ខ្សោយចំពោះបងប្អូនទេ គឺគាត់បង្ហាញអំណាចនៅកណ្ដាលចំណោមបងប្អូនវិញ។
សូមបងប្អូនល្បងមើលខ្លួនឯងទៅ តើបងប្អូននៅតែមានជំនឿមែនឬយ៉ាងណា សូមបងប្អូនពិនិត្យពិច័យខ្លួនឯងមើលទៅចុះ! បងប្អូនមិនទទួលស្គាល់ទេឬថាអាល់ម៉ាហ្សៀសអ៊ីសានៅក្នុងបងប្អូន! ឬមួយមានតែបងប្អូនឃើញថា គាត់មិននៅជាមួយ!
ដ្បិតចិត្តស្រឡាញ់របស់អាល់ម៉ាហ្សៀសបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។
អ៊ីសាបានស្លាប់សម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលមានជីវិត លែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់អ៊ីសាដែលបានស្លាប់ និងបានរស់ឡើងវិញសម្រាប់គេ។
អ៊ីសាជាអម្ចាស់បានលះបង់ជីវិតរបស់គាត់ផ្ទាល់ ព្រោះតែបាបរបស់យើង គាត់បានរំដោះយើងឲ្យរួចផុតពីលោកីយ៍ដ៏អាក្រក់នេះ ស្របតាមបំណងរបស់អុលឡោះ ជាបិតារបស់យើង។
យើងដឹងថា អុលឡោះពុំរាប់មនុស្សឲ្យបានសុចរិត ដោយការប្រព្រឹត្ដតាមហ៊ូកុំទេ គឺបានសុចរិតដោយសារជំនឿលើអ៊ីសាអាល់ម៉ាហ្សៀសវិញ។ ដូច្នេះយើងក៏បានជឿលើអាល់ម៉ាហ្សៀសអ៊ីសាដែរ ដើម្បីអុលឡោះប្រោសយើងឲ្យបានសុចរិត តាមរយៈជំនឿលើអាល់ម៉ាហ្សៀស គឺមិនមែនដោយបានប្រព្រឹត្ដតាមហ៊ូកុំនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្ដតាមហ៊ូកុំឡើយ។
មួយវិញទៀត យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះអុលឡោះ ដោយពឹងលើហ៊ូកុំនោះឡើយ ដ្បិត«មនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ»។
អស់អ្នកដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសាបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេងៗរបស់និស្ស័យលោកីយ៍នោះចោលហើយ។
រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងឡើយ។ ដោយសារឈើឆ្កាងនេះអ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។
សូមអាល់ម៉ាហ្សៀសនៅក្នុងចិត្ដបងប្អូនដោយជំនឿ និងសូមឲ្យបងប្អូនបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្ដីស្រឡាញ់
ចូររស់នៅដោយមានចិត្ដស្រឡាញ់ ដូចអាល់ម៉ាហ្សៀសបានស្រឡាញ់យើង ហើយបានលះបង់ជីវិតសម្រាប់យើង ទុកជាជំនូនជូនអុលឡោះ និងទុកជាគូរបានដែលគាប់បំណងទ្រង់។
ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយា ដូចអាល់ម៉ាហ្សៀសបានស្រឡាញ់ក្រុមជំអះដែរ គាត់លះបង់ជីវិតរបស់គាត់ផ្ទាល់ សម្រាប់ក្រុមជំអះ
ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយអាល់ម៉ាហ្សៀស ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។
អុលឡោះគាប់ចិត្តឲ្យប្រជាជនដ៏បរិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគម្រោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺអាល់ម៉ាហ្សៀសនៅក្នុងបងប្អូន គាត់ប្រទានឲ្យបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់គាត់។
បងប្អូនក៏ទន្ទឹងរង់ចាំបុត្រារបស់ទ្រង់ ពីសូរ៉កាមក គឺអ៊ីសាដែលអុលឡោះបានប្រោសឲ្យរស់ឡើងវិញ។ អ៊ីសានេះហើយប្រោសយើងឲ្យរួចផុតពីកំហឹងដែលកំពុងតែមក។
បានស្លាប់សម្រាប់យើង ដើម្បីឲ្យយើងរស់រួមជាមួយគាត់ ទោះបីយើងនៅរស់ក្ដី ស្លាប់ក្ដី។
អ៊ីសាបានលះបង់ជីវិតរបស់គាត់ផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ដ្រមួយទុកសម្រាប់គាត់ផ្ទាល់ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។
ចំពោះមូស្ទីគ្រប់ៗគ្នា គេតែងតាំងឲ្យជូនជំនូន និងធ្វើគូរបាន ដូច្នេះ គាត់ត្រូវតែរកអ្វីយកទៅជូនជាចាំបាច់។
បងប្អូនមិនដែលបានឃើញអ៊ីសាទេ តែបងប្អូនស្រឡាញ់គាត់ ទោះបីបងប្អូននៅតែពុំទាន់ឃើញគាត់ក្ដី ក៏បងប្អូនជឿលើគាត់ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន
ប៉ុន្ដែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចទ្រង់ផ្ទាល់ដែលនៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយឈាមរបស់អ៊ីសា ជាបុត្រារបស់ទ្រង់ជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។
រីឯយើងវិញ យើងបានឃើញ ហើយយើងផ្ដល់សក្ខីភាពថា អុលឡោះជាបិតាបានចាត់បុត្រានៃទ្រង់ឲ្យមកសង្គ្រោះមនុស្សលោក។
យើងក៏ដឹងដែរថា បុត្រារបស់អុលឡោះបានមក គាត់ប្រទានប្រាជ្ញាឲ្យយើងស្គាល់ម្ចាស់ដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងម្ចាស់ដ៏ពិតប្រាកដ ដោយរួមក្នុងអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ គឺទ្រង់នេះហើយ ដែលជាម្ចាស់ដ៏ពិតប្រាកដ ទ្រង់ជាជីវិតអស់កល្បជានិច្ច។
និងអ៊ីសាអាល់ម៉ាហ្សៀសប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្ដដល់បងប្អូនដែរ! អ៊ីសាជាបន្ទាល់ដ៏ស្មោះត្រង់ គាត់រស់ឡើងវិញមុនគេបង្អស់ ហើយគាត់ជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ អ៊ីសាស្រឡាញ់យើង និងបានរំដោះយើងឲ្យរួចពីបាប ដោយសារឈាមរបស់គាត់ផ្ទាល់។
មើល៍ យើងឈរនៅមាត់ទ្វារ ទាំងគោះទ្វារទៀតផង ប្រសិនបើមានអ្នកណាម្នាក់ឮសំឡេងយើង ហើយបើកទ្វារឲ្យ យើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគរួមជាមួយអ្នកនោះ ហើយអ្នកនោះក៏នឹងបរិភោគរួមជាមួយយើងដែរ។