ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 5:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​នឹង​បងប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ដែរ។ អ្នក​ណា​ជេរ​ប្រទេច‌ផ្តាសា​បងប្អូន អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​កាត់​ទោស ហើយ​អ្នក​ណា​ត្មះ‌តិះ‌ដៀល​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ធ្លាក់​ក្នុង​ភ្លើង​នរក​អវិចី។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​ខឹង​នឹង​បងប្អូន​របស់​ខ្លួន​នឹង​ជួប​ការ​កាត់ទោស ហើយ​អ្នកណាក៏ដោយដែល​ជេរ​បងប្អូន​របស់​ខ្លួន​ថា ‘អា​ល្ងង់’ នឹង​ជួប​ការកាត់ទោស​របស់​ក្រុមប្រឹក្សា រីឯ​អ្នកណាក៏ដោយដែល​ជេរថា ‘អា​ឆ្កួត’ នឹង​ជួប​ភ្លើង​នរក​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​ដែល​ខឹង​នឹង​បងប្អូន​ខ្លួន​ឯង​ នោះ​នឹង​ត្រូវ​ជាប់​ទោស​ដែរ​ ហើយ​អ្នកណា​ហៅ​បងប្អូន​ខ្លួន​ឯង​ថា​ «អាឡប់»​ អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​កំពូល​ដាក់​ទោស‍។​ អ្នកណា​ដែល​ជេរ​គេ​ថា​ «អាឆ្កួត»​ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​ភ្លើង​នរក‍។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ប្រសិន‌បើ​អ្នក​ណា​ខឹង​នឹង​បង‌ប្អូន នោះ​នឹង​ត្រូវ​ជាប់​ជំនុំ‌ជម្រះ ហើយ​អ្នក​ណា​ជេរ​ប្រមាថ​បង‌ប្អូន​ថា "អា​ចោល​ម្សៀត" នោះ​នឹង​ត្រូវ​គេ​នាំ​ទៅ​ជួប​ក្រុម​ប្រឹក្សា ហើយ​បើ​អ្នក​ណា​ថា "អា​ឆ្កួត" នោះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ដូច្នេះ​វិញ ថា សូម្បី​តែ​អ្នក​ណា​ដែល​ខឹង​នឹង​បង​ប្អូន នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំ​ជំរះ​ដែរ ហើយ​អ្នក​ណា ដែល​ស្ដី​ឲ្យ​បង​ប្អូន​ថា «អា​ចោល‌ម្សៀត» នោះ​ក្រែង​ពួក​ក្រុម​ជំនុំ​ធ្វើ​ទោស តែ​ចំណែក​អ្នក​ណា​ដែល​ថា «អា​ឆ្កួត» នោះ​ក្រែង​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក

សូមមើលជំពូក

អាល់គីតាប

រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​នឹង​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា​ទោស​ដែរ។ អ្នក​ណា​ជេរ​ប្រទេច​ផ្ដាសា​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​កាត់​ទោស ហើយ​អ្នក​ណា​ត្មះ‌តិះ‌ដៀល​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា​ទោស​ធ្លាក់​ក្នុង​ភ្លើង​នរ៉កា​រហូត។

សូមមើលជំពូក



ម៉ាថាយ 5:22
93 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ឃើញ​ឪពុក​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​ពួក​គេ ដូច្នេះ បងៗ​ក៏​នាំ​គ្នា​ស្អប់​យ៉ូសែប រហូត​ដល់​មិន​អាច​និយាយ​ជា​មួយ​គាត់ ដោយ​ពាក្យ​សម្ដី​ទន់‌ភ្លន់​បាន​ឡើយ។


បងៗ​ពោល​មក​គាត់​វិញ​ថា៖ «តើ​ឯង​មាន​គំនិត​ចង់​សោយ​រាជ្យ​លើ​យើង​ឬ? ឬ​មួយ​ក៏​ឯង​មាន​គំនិត​ចង់​ធ្វើ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​យើង?»។ ពួក​គេ​រឹត​តែ​នាំ​គ្នា​ស្អប់​គាត់​ជាង​មុន​ទៅ​ទៀត ព្រោះ​តែ​សុបិន​ដែល​គាត់​យក​មក​តំណាល​ប្រាប់​ពួក​គេ។


គាត់​ជេរ​ប្រទេច‌ផ្ដាសា​ស្ដេច​ថា៖ «ចេញ​ទៅ! ចេញ​ទៅ! អា​ឃាត‌ក! អា​ចោល‌ម្សៀត!


ព្រះ‌បាទ​ដាវីឌ​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​ព្រះ‌រាជ‌វង្ស។ ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល ចេញ​មក​ទទួល​ស្ដេច ទាំង​ពោល​ថា៖ «ថ្ងៃ​នេះ ស្ដេច​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​រុងរឿង​ណាស់! ព្រោះ​ស្ដេច​បង្ហាញ​ខ្លួន​ទទេ​នៅ​មុខ​រាជ​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី ដូច​មនុស្ស​វិកល‌ចរិត!»។


ព្រះ‌បាទ​អហាប់​យាង​ចូល​ទៅ​ក្នុង​វាំង​វិញ ទាំង​មួម៉ៅ និង​ក្រេវ‌ក្រោធ ព្រោះ​តែ​ពាក្យ​សម្ដី​ដែល​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេសរាល ទូល​ថា “ទូលបង្គំ​គ្មាន​សិទ្ធិ​ប្រគល់​ដី​ដែល​ជា​កេរ‌មត៌ក​ពី​ដូនតា​នេះ ថ្វាយ​ព្រះ‌ករុណា​បាន​ទេ”។ ស្ដេច​ផ្ទំ​លើ​ព្រះ​ទែន បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​ជញ្ជាំង ហើយ​មិន​ព្រម​សោយ​ព្រះ‌ស្ងោយ​ឡើយ។


ព្រះ‌បាទ​អេ‌សា​ខ្ញាល់​នឹង​គ្រូ​ទាយ​ជា​ខ្លាំង ទ្រង់​ក៏​ឲ្យ​គេ​យក​លោក​ទៅ​ឃុំ‌ឃាំង ដ្បិត​ពាក្យ​របស់​លោក​បាន​ធ្វើ​ឲ្យ​ទ្រង់​ក្រេវ‌ក្រោធ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ព្រះ‌បាទ​អេ‌សា​សង្កត់‌សង្កិន​ប្រជា‌ជន​មួយ​ចំនួន។


ស្ដេច​បាន​តែង‌តាំង​ឲ្យ​មាន​ចៅ‌ក្រម នៅ​គ្រប់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា។


ខ្ញុំ​ពោល​ទៅ​កាន់​ពួក​គេ​ថា៖ «យើង​តែងតែ​រក​គ្រប់​មធ្យោ‌បាយ ដើម្បី​លោះ​ជន​រួម​ជាតិ​របស់​យើង ដែល​ត្រូវ​គេ​លក់​ទៅ​ឲ្យ​សាសន៍​ដទៃ។ ចំណែក​ឯ​អស់​លោក​វិញ អស់​លោក​បែរ​ជា​យក​បងប្អូន​រួម​ជាតិ​របស់​ខ្លួន​ទៅ​លក់​ឲ្យ​ជន‌ជាតិ​យូដា​ដូច​គ្នា!»។ ពួក​គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា រក​ពាក្យ​ឆ្លើយ​មិន​បាន​ឡើយ។


គេ​ពោល​ពាក្យ​សម្អប់​មក​លើ​ទូលបង្គំ ហើយ​វាយ​ប្រហារ​ទូលបង្គំ ដោយ​ឥត​មាន​មូល​ហេតុ​អ្វី​ទាល់​តែ​សោះ។


មនុស្ស​ល្ងី‌ល្ងើ​គិត​ក្នុង​ចិត្ត​ថា «គ្មាន​ព្រះ‌ជាម្ចាស់​ទាល់​តែ​សោះ!» គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​កិច្ចការ​ផ្សេងៗ​គួរ​ឲ្យ​ស្អប់​ខ្ពើម គឺ​គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។


អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ នឹង​មិន​ត្រូវ​ខក​ចិត្ត​ទេ គឺ​មាន​តែ​ពួក​អ្នក​ឆាប់​ក្បត់​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ត្រូវ​ខក​ចិត្ត។


សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក​ដែល​តាំង​ខ្លួន ជា​សត្រូវ​នឹង​ទូលបង្គំ បាន​អរ​សប្បាយ ព្រោះ​តែ​ទូលបង្គំ​ចាញ់ សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផល ពេប‌ជ្រាយ​ដាក់​ទូលបង្គំ​ឡើយ។


ចូរ​រំងាប់​កំហឹង និង​លះ‌បង់​ចិត្ត ក្ដៅ​ក្រហាយ​នោះ​ចោល​ទៅ កុំ​ចង​កំហឹង​ឡើយ ព្រោះ​កំហឹង​តែងតែ បង្ក​ឲ្យ​មាន​ការ​អាក្រក់។


យើង​នឹង​ឃើញ​ច្បាស់​ថា អ្នក​ប្រាជ្ញ ក៏​ដូច​ជា​មនុស្ស​ឆោត​ល្ងង់​អាប់​ឥត​ប្រាជ្ញា​ដែរ គេ​ត្រូវ​តែ​ស្លាប់​ទាំង​អស់​គ្នា ហើយ​ទុក​ទ្រព្យ‌សម្បត្តិ​ខ្លួន​ឲ្យ​អ្នក​ដទៃ។


អ្នក​ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​មូល​ហេតុ មាន​គ្នា​ច្រើន​ជាង​សក់​ក្បាល របស់​ទូលបង្គំ​ទៅ​ទៀត ពួក​មេ​បំផ្លាញ​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់ ពួក​គេ​រក​ព្យាបាទ​ទូលបង្គំ​ទាំង​យល់​ច្រឡំ តើ​ឲ្យ​ទូលបង្គំ​សង​ទៅ​គេ​វិញ​ដូច​ម្ដេច​កើត បើ​ទូលបង្គំ​មិន​បាន​យក​របស់​នោះ​សោះ!


ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​មិត្ត‌ភក្ដិ​ទូលបង្គំ ឬ​ប្រសិន​បើ​ទូលបង្គំ រឹប​អូស​យក​ទ្រព្យ​ដោយ​ឥត​ហេតុ​ផល ពី​អ្នក​ដែល​ជំទាស់​នឹង​ទូលបង្គំ​មែន​នោះ


មនុស្ស​ល្ងី‌ល្ងើ​មិន​យល់​អ្វី​ទាំង​អស់ ហើយ​មនុស្ស​ឆោត​ល្ងង់​ក៏​មិន​ដឹង​អ្វី​ដែរ។


មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ខ្លាច និង​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់ រីឯ​មនុស្ស​ល្ងង់‌ខ្លៅ​ឆាប់​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ទុក​ចិត្ត​លើ​ខ្លួន​ឯង។


សម្ដី​របស់​មនុស្ស​ខ្លៅ​បណ្ដាល​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ពេល​ណា​អ្នក​នោះ​និយាយ​រមែង​ធ្វើ​ឲ្យ​មាន​ការ​វាយ‌តប់​គ្នា។


អ្នក​ដែល​រក​បាន​ទ្រព្យ​សម្បត្តិ​ដោយ​អយុត្តិធម៌ ប្រៀប​បាន​នឹង​សត្វ​ទទា​ក្រាប​ស៊ុត​សត្វ​ដទៃ។ នៅ​ពេល​ពាក់​កណ្ដាល​អាយុ ទ្រព្យ​សម្បត្តិ​នឹង​ចាក​ចេញ​ពី​អ្នក​នោះ​ទៅ ហើយ​នៅ​ទី​បញ្ចប់ គេ​ក្លាយ​ទៅ​ជា​មនុស្ស​មិន​ដឹង​ខុស​ត្រូវ។


អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សត្រូវ​របស់​ខ្ញុំ ដោយ​ឥត​ហេតុ​ផល ដេញ​តាម​ប្រហារ​ខ្ញុំ ដូច​តាម​បាញ់​សត្វ​ស្លាប។


ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ទ្រង់​ខ្ញាល់ ហើយ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​នាំ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​មក។ គេ​ក៏​នាំ​លោក​ទាំង​បី​មក​គាល់​ស្ដេច។


ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ទ្រង់​ខ្ញាល់​នឹង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​យ៉ាង​ខ្លាំង ព្រះ‌ភ័ក្ត្រ​របស់​ស្ដេច​បាន​ផ្លាស់​ប្រែ។ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ដុត​ឡ​ភ្លើង​ឲ្យ​ក្ដៅ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដង


អ្នក​នឹង​ត្រូវ​អាម៉ាស់ និង​វិនាស​រហូត ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ​ដែល​អ្នក​បាន​ប្រព្រឹត្ត ចំពោះ​យ៉ាកុប ជា​ប្អូន​របស់​អ្នក។


នៅ​ថ្ងៃ​ដែល​ប្អូន​របស់​អ្នក​ត្រូវ​អន្តរាយ អ្នក​មិន​គួរ​ឈរ​មើល ទាំង​មាន​អំណរ​ដូច្នេះ​ទេ នៅ​ថ្ងៃ​ដែល​កូន​ចៅ​យូដា​វិនាស អ្នក​មិន​គួរ​អរ​សប្បាយ​ឡើយ នៅ​ថ្ងៃ​ដែល​គេ​រង​ទុក្ខ​វេទនា អ្នក​មិន​គួរ​ហា​មាត់​ជេរ​ប្រមាថ​ដូច្នេះ​សោះ!


ចូរ​ប្រយ័ត្ន កុំ​ទុក​ចិត្ត​មនុស្ស​លោក​ឲ្យ​សោះ ដ្បិត​គេ​នឹង​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​តុលា​ការ គេ​នឹង​យក​រំពាត់​ខ្សែ‌តី​មក​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ។


កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​ត្រឹម​តែ​រូប​កាយ ហើយ​ពុំ​អាច​សម្លាប់​ព្រលឹង​នោះ​ឲ្យ​សោះ គឺ​ត្រូវ​ខ្លាច​ព្រះ‌ជាម្ចាស់​វិញ ព្រោះ​ព្រះអង្គ​អាច​ធ្វើ​ឲ្យ​ទាំង​ព្រលឹង ទាំង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក​បាន។


ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី*​ពោល​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​បាន​ដូច្នេះ មក​ពី​បេលសេ‌ប៊ូល ជា​ស្ដេច​អារក្ស​ប្រគល់​អំណាច​ឲ្យ​ប៉ុណ្ណោះ»។


កាល​លោក​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក*​ដ៏​ភ្លឺ​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ហើយ​មាន​ព្រះ‌សូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ព្រះ‌ហឫទ័យ​នឹង​ព្រះអង្គ​ណាស់ ចូរ​ស្ដាប់​ព្រះអង្គ​ចុះ!»។


ពេល​នោះ លោក​ពេត្រុស​ចូល​មក​ជិត​ព្រះ‌យេស៊ូ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ បើ​បងប្អូន​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​មក​លើ​ទូលបង្គំ តើ​ទូលបង្គំ​ត្រូវ​អត់‌ទោស​ឲ្យ​គេ​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំ‌ពីរ​ដង​ឬ?»។


ចំពោះ​អ្នក​រាល់​គ្នា បើ​ម្នាក់ៗ​មិន​ព្រម​លើក‌លែង​ទោស​ឲ្យ​បងប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ក៏​នឹង​ធ្វើ​ទារុណ‌កម្ម​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ»។


ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​តាម​ផ្លូវ​គោក ស្វែង​រក​បញ្ចុះ‌បញ្ចូល​គេ ឲ្យ​ចូល​សាសនា​របស់​អ្នក​រាល់​គ្នា យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មនុស្ស​ម្នាក់​ដែរ។ លុះ​គេ​ចូល​សាសនា​ហើយ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​គេ​រឹត​តែ​អាក្រក់​ជួ‌ជាតិ ជាង​អ្នក​រាល់​គ្នា​មួយ​ទ្វេ​ជា​ពីរ។


នែ ពួក​ពស់​ពូជ​ពស់​វែក​អើយ! ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​គេច​ផុត​ពី​ទោស​ធ្លាក់​នរក​បាន?


បន្ទាប់​មក ព្រះអង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ឆ្វេង​ថា: “ពួក​ត្រូវ​បណ្ដា‌សា​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ជា​ភ្លើង​បម្រុង​ទុក​សម្រាប់​ផ្ដន្ទា‌ទោស​មារ*​សាតាំង និង​បរិវារ​របស់​វា​នោះ​ទៅ!


ពួក​នាយក​បូជា‌ចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់ មួល​បង្កាច់​ព្រះ‌យេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ


ពេល​នោះ មាន​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់!»។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ កុំ​ស្បថ​ដោយ​យក​មេឃ​ជា​សាក្សី​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា​ផង។


ពួក​នាយក​បូជា‌ចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ តែ​រក​មិន​បាន​សោះ។


លុះ​ព្រលឹម​ឡើង ពួក​នាយក​បូជា‌ចារ្យ*​ប្រជុំ​គ្នា​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​អាចារ្យ* និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល។ គេ​បាន​ចង​ព្រះ‌យេស៊ូ ហើយ​បញ្ជូន​ព្រះអង្គ​ទៅ​លោក​ពីឡាត។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច​នរណា គឺ​ត្រូវ​ខ្លាច​ព្រះ‌ជាម្ចាស់ ដ្បិត​ព្រះអង្គ​មាន​អំណាច​ផ្ដាច់​ជីវិត ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​នរក​ថែម​ទៀត​ផង។ មែន! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច។


លុះ​ព្រឹក​ឡើង ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជា‌ជន ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ជួប‌ជុំ​គ្នា បង្គាប់​ឲ្យ​គេ​នាំ​ព្រះ‌យេស៊ូ​ចូល​មក​ឈរ​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​របស់​គេ។


ពេល​នោះ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​មក​ប្រជុំ ហើយ​ពោល​ថា៖ «អ្នក​នោះ​បាន​ធ្វើ​ទី​សម្គាល់​ជា​ច្រើន តើ​យើង​គិត​ធ្វើ​ដូច​ម្ដេច?


គឺ​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​វិន័យ*​របស់​គេ​ថា “គេ​បាន​ស្អប់​ខ្ញុំ ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ” ។


បណ្ដា‌ជន​តប​ទៅ​ព្រះអង្គ​ថា៖ «លោក​ពិត​ជា​មាន​អារក្ស​ចូល​ហើយ​បាន​ជា​និយាយ​ដូច្នេះ តើ​នរណា​រក​សម្លាប់​លោក?»។


ជន‌ជាតិ​យូដា​ទូល​ព្រះអង្គ​ថា៖ «យើង​និយាយ​ថា លោក​ជា​សាសន៍​សាម៉ារី ហើយ​ថា​មាន​អារក្ស​ចូល​លោក​នោះ​ត្រូវ​មែន!»។


មាន​ទស្សន‌វិទូ​ខ្លះ​ខាង​អេពី‌គួរ និង​ខាង​ស្ដូអ៊ីក ក៏​បាន​សន្ទនា​ជា​មួយ​លោក​ដែរ ខ្លះ​ពោល​ថា៖ «តើ​អ្នក​ព្រោក‌ប្រាជ្ញ​នេះ​ចង់​និយាយ​ពី​រឿង​អ្វី?»។ ខ្លះ​ទៀត​ពោល​ថា៖ «គាត់​ប្រហែល​ជា​អ្នក​ឃោស‌នា​អំពី​ព្រះ​របស់​សាសន៍​បរទេស​ទេ​ដឹង!»។ គេ​ពោល​ដូច្នេះ មក​ពី​ឮ​លោក​ប៉ូល​និយាយ​ពី​ដំណឹង‌ល្អ*​ស្ដី​អំពី​ព្រះ‌យេស៊ូ និង​អំពី​ការ​រស់​ឡើង​វិញ ។


នៅ​ថ្ងៃ​បន្ទាប់ ដោយ​លោក​មេ‌បញ្ជា‌ការ​ចង់​ដឹង​ច្បាស់​នូវ​មូល​ហេតុ ដែល​នាំ​ឲ្យ​ជន‌ជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល គាត់​ក៏​ឲ្យ​គេ​ដោះ​ច្រវាក់​ចេញ​ពី​លោក។ គាត់​បញ្ជា​ឲ្យ​ពួក​នាយក​បូជា‌ចារ្យ* និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល​ជួប‌ជុំ​គ្នា ហើយ​ឲ្យ​នាំ​លោក​ប៉ូល​ចុះ​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ។


លោក​ប៉ូល​សម្លឹង​មើល​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​មាន​ប្រសាសន៍​ថា៖ «បងប្អូន​អើយ ខ្ញុំ​ដឹង​ថា អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់»។


ខ្ញុំ​បាទ​ឈរ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ស្រាប់​ហើយ បើ​អស់​លោក​ដែល​នៅ​ទី​នេះ​បាន​ឃើញ​ខ្ញុំ​បាទ​មាន​ទោស​អ្វី សូម​ថា​មក​ចុះ


ពួក​គេ​ក៏​បញ្ជា​ឲ្យ​លោក​ទាំង​ពីរ​ចេញ​ពី​អង្គ​ប្រជុំ ហើយ​ពិគ្រោះ​គ្នា​ថា៖


កាល​បាន​ឮ​ពាក្យ​ទេវតា ក្រុម​សាវ័ក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​តាំង​ពី​ព្រលឹម ហើយ​បង្រៀន​ប្រជា‌ជន។ លោក​មហា​បូជា‌ចារ្យ* និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* និង​ព្រឹទ្ធ‌សភា​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល​មក​ជួប‌ជុំ​គ្នា រួច​ចាត់​អ្នក​យាម​ឲ្យ​ទៅ​នាំ​ក្រុម​សាវ័ក​ពី​ពន្ធ‌នាគារ​មក។


លុះ​នាំ​ក្រុម​សាវ័ក​មក​ដល់​ហើយ គេ​ក៏​ឲ្យ​ឈរ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ លោក​មហា‌បូជា‌ចារ្យ​សួរ​ក្រុម​សាវ័ក​ថា៖


គេ​បាន​បំបះ‌បំបោរ​ប្រជា‌ជន បំបះ‌បំបោរ​ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​អាចារ្យ* រួច​មក​ចាប់​លោក​ស្ទេផាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*។


អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​ប៉ុន្មាន សម្លឹង​មើល​មក​លោក​ស្ទេផាន​គ្រប់ៗ​គ្នា ហើយ​ឃើញ​មុខ​របស់​លោក​មាន​ទ្រង់‌ទ្រាយ​ដូច​មុខ​របស់​ទេវតា*។


លោក​ម៉ូសេ​នេះ​ហើយ​ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: “ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បងប្អូន​របស់​អ្នក​រាល់​គ្នា”។


ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ដូច​ជា​បងប្អូន​បង្កើត។ ត្រូវ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​គោរព។


ពួក​ចោរ​ប្លន់ ពួក​លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​ប្លន់​យក​ទ្រព្យ​គេ ពុំ​អាច​ទទួល​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​ឡើយ។


បងប្អូន​បែរ​ជា​ប្ដឹង​ផ្ដល់​គ្នា​ឯង ហើយ​នៅ​មុខ​អ្នក​មិន​ជឿ​ថែម​ទៀត​ផង!


នៅ​ក្នុង​ស្រុក​តែងតែ​មាន​អ្នក​ក្រ​ជានិច្ច ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក ឲ្យ​មាន​ចិត្ត​ទូលាយ​ដល់​បងប្អូន​របស់​អ្នក ដែល​ក្រីក្រ កម្សត់ ទុគ៌ត នៅ​ក្នុង​ស្រុក»។


«ត្រូវ​តែង‌តាំង​ឲ្យ​មាន​ចៅ‌ក្រម និង​អ្នក​ត្រួត‌ត្រា នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។ អ្នក​ទាំង​នោះ​នឹង​វិនិច្ឆ័យ​ប្រជា‌ជន​នៅ​តាម​កុល‌សម្ព័ន្ធ​នានា ដោយ​យុត្តិធម៌។


មិន​ត្រូវ​ឲ្យ​បងប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​បងប្អូន​ឯ​ទៀតៗ ឬ​រំលោភ​លើ​សិទ្ធិ​គេ​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ដូច​យើង​បាន​និយាយ និង​បញ្ជាក់​រួច​ស្រេច​ហើយ។


កុំ​ឲ្យ​គេ​និយាយ​អាក្រក់​ពី​នរណា កុំ​ឲ្យ​គេ​បង្ក​រឿង តែ​ឲ្យ​គេ​មាន​ចិត្ត​សប្បុរស និង​បង្ហាញ​ចិត្ត​ស្លូត​បូត​គ្រប់​យ៉ាង ចំពោះ​មនុស្ស​ទាំង​អស់​វិញ។


ចូរ​ប្រយ័ត្ន! បើ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​បងប្អូន សូម​កុំ​បដិសេធ​មិន​ព្រម​ស្ដាប់​នោះ​ឡើយ។ ប្រសិន​បើ​ពួក​អ្នក​ដែល​បដិសេធ​មិន​ព្រម​ស្ដាប់​ពាក្យ​មនុស្ស​ទូន្មាន​គេ​នៅ​លើ​ផែនដី មិន​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ ចំណង់​បើ​យើង​ផ្ទាល់ បើ​យើង​ព្រងើយ​កន្តើយ​មិន​ព្រម​ស្ដាប់​ព្រះអង្គ ដែល​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង​ពី​ស្ថាន​បរម‌សុខ​វិញ នោះ​យើង​រឹត​តែ​ពុំ​អាច​គេច​ផុត​ពី​ទោស​ឡើយ។


បន្ទាប់​ពី​ព្រះអង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ព្រះអង្គ​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច សម្រាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះអង្គ


ឱ​មនុស្ស​ឥត​ប្រាជ្ញា​អើយ! ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជំនឿ​ឥត​បាន​ការ​អ្វី​ទាំង​អស់ តើ​អ្នក​ចង់​យល់​ទេ!


អណ្ដាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​សរីរាង្គ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ទៅ​ជា​សៅ‌ហ្មង និង​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់​យើង​ត្រូវ​ខ្លោច‌ផ្សា ព្រោះ​មាន​ភ្លើង​នរក​នៅ​ក្នុង​អណ្ដាត​នេះ។


ទោះ​បី​គេ​ជេរ​ប្រមាថ​ព្រះអង្គ ក៏​ព្រះអង្គ​មិន​តប​ត​ទៅ​គេ​វិញ​ដែរ ព្រះអង្គ​បាន​រង‌ទុក្ខ​លំបាក តែ​ព្រះអង្គ​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ ព្រះអង្គ​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះ‌ជា‌ម្ចាស់ ដែល​ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។


កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ កុំ​ជេរ​ប្រមាថ​តប​នឹង​អ្នក​ដែល​ជេរ​ប្រមាថ​បងប្អូន គឺ​ត្រូវ​ជូន​ពរ​គេ​វិញ ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បងប្អូន​បាន​ទទួល​ព្រះ‌ពរ​របស់​ព្រះអង្គ​តាម​ព្រះ‌បន្ទូល​សន្យា ។


អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បងប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ឡើយ។


ត្រង់​ហ្នឹង​ហើយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្នក​ណា​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់ អ្នក​ណា​ជា​កូន​ចៅ​របស់​មារ*។ អ្នក​ណា​មិន​ប្រព្រឹត្ត​អំពើ​សុចរិត* អ្នក​នោះ​មិន​មែន​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​អ្នក​ណា​មិន​ស្រឡាញ់​បងប្អូន អ្នក​នោះ​ក៏​មិន​មែន​កើត​មក​ពី​ព្រះអង្គ​ដែរ។


ប្រសិន​បើ​អ្នក​ណា​ម្នាក់​ឃើញ​បងប្អូន​ប្រព្រឹត្ត​អំពើ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់ ត្រូវ​តែ​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ជីវិត​ឲ្យ​បងប្អូន​នោះ។ ខ្ញុំ​និយាយ​តែ​ពី​អំពើ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់​ប៉ុណ្ណោះ។ មាន​អំពើ​បាប​ម្យ៉ាង​ដែល​បណ្ដាល​ឲ្យ​ស្លាប់ ចំពោះ​អំពើ​បាប​នោះ ខ្ញុំ​មិន​សុំ​ឲ្យ​ទូល‌អង្វរ​ទេ។


នៅ​ពេល​មហា​ទេវតា​មីកែល​ប្រកែក​ជា​មួយ​នឹង​មារ* តវ៉ា​អំពី​សព​របស់​លោក​ម៉ូសេ​នោះ លោក​ក៏​ពុំ​ហ៊ាន​ដាក់​ទោស​វា​ដោយ​ជេរ​ប្រមាថ​ឡើយ គឺ​លោក​គ្រាន់​តែ​ពោល​ថា «សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង!» ។


សេចក្ដី​ស្លាប់ និង​ស្ថាន​មច្ចុរាជ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង។ បឹង​ភ្លើង​នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។