ដានីយ៉ែល 3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ស្ដេចចេញបញ្ជាឲ្យថ្វាយបង្គំរូបបដិមា 1 ព្រះចៅនេប៊ូក្នេសាបានកសាងរូបបដិមាមួយពីមាស មានកម្ពស់ហុកសិបហត្ថ និងទទឹងប្រាំមួយហត្ថ។ ស្ដេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។ 2 ព្រះចៅនេប៊ូក្នេសាចាត់គេឲ្យទៅប្រមូលមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សាព្រះរាជ្យទ្រព្យ ព្រះរាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាមកចូលរួមក្នុងពិធីសម្ពោធរូបបដិមាដែលស្ដេចបានកសាង។ 3 ពេលនោះ ពួកមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សាព្រះរាជ្យទ្រព្យ ព្រះរាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាក៏មកជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធរូបបដិមាដោយនាំគ្នាឈរនៅមុខរូបដែលស្ដេចនេប៊ូក្នេសាបានកសាងនោះ។ 4 មានអាមាត្យម្នាក់ស្រែកឡើងយ៉ាងខ្លាំងៗថា៖ «ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសាអើយ! ចូរស្ដាប់រាជបញ្ជា! 5 ពេលណាអ្នករាល់គ្នាឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង ត្រូវនាំគ្នាឱនកាយក្រាបថ្វាយបង្គំរូបចម្លាក់មាស ដែលព្រះករុណានេប៊ូក្នេសាបានកសាង។ 6 អ្នកណាមិនក្រាបថ្វាយបង្គំ អ្នកនោះនឹងត្រូវបោះភ្លាមៗទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ»។ 7 ហេតុនេះ ពេលបានឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និងតន្ដ្រីគ្រប់យ៉ាង ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា ឱនកាយក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះចៅនេប៊ូក្នេសាបានកសាង។ មិត្តភក្ដិលោកដានីយ៉ែលបដិសេធថ្វាយបង្គំរូបបដិមា 8 នៅក្នុងពេលជាមួយគ្នានោះ មានជនជាតិខាល់ដេខ្លះនាំគ្នាចូលទៅប្ដឹង ដើម្បីចោទប្រកាន់ជនជាតិយូដា។ 9 ពួកគេទូលព្រះចៅនេប៊ូក្នេសាថា៖ «បពិត្រព្រះរាជាសូមទ្រង់មានព្រះជន្មគង់នៅជាអង្វែងតរៀងទៅ! 10 បពិត្រព្រះករុណា ព្រះអង្គបានចេញបញ្ជាឲ្យមនុស្សទាំងអស់ឱនកាយក្រាបថ្វាយបង្គំរូបបដិមាមាស នៅពេលគេឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ីគែន និងតន្ត្រីគ្រប់យ៉ាង។ 11 តាមបញ្ជានេះ អ្នកណាមិនឱនកាយក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ 12 បពិត្រព្រះករុណា មានជនជាតិយូដាខ្លះដែលទ្រង់តែងតាំងឲ្យគ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន គឺលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ពុំបានគោរពតាមរាជបញ្ជាទេ។ អ្នកទាំងនោះមិនគោរពបម្រើព្រះរបស់ព្រះករុណា ហើយក៏មិនក្រាបថ្វាយបង្គំរូបបដិមាដែលព្រះករុណាបានកសាងនោះដែរ»។ 13 ពេលនោះ ព្រះចៅនេប៊ូក្នេសាទ្រង់ខ្ញាល់ ហើយក្ដៅក្រហាយជាខ្លាំង ស្ដេចក៏ចេញបញ្ជាឲ្យគេនាំលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោមក។ គេក៏នាំលោកទាំងបីមកគាល់ស្ដេច។ 14 ព្រះចៅនេប៊ូក្នេសាមានរាជឱង្ការទៅកាន់លោកទាំងបីថា៖ «សាដ្រាក់ មែសាក់ និងអបេឌ-នេកោ អស់លោកពិតជាមិនគោរពបម្រើព្រះរបស់យើង ហើយមិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាស ដែលយើងបានកសាងមែនឬ? 15 ឥឡូវនេះ ចូរប្រុងប្រៀបខ្លួនទៅ! ពេលអស់លោកឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង អស់លោកត្រូវតែឱនកាយក្រាបថ្វាយបង្គំរូបបដិមាដែលយើងបានកសាងនេះ ប្រសិនបើអស់លោកមិនក្រាបថ្វាយបង្គំទេ យើងនឹងឲ្យគេបោះអស់លោកភ្លាម ទៅក្នុងភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅ គ្មានព្រះណាអាចជួយអស់លោកឲ្យរួចពីកណ្ដាប់ដៃរបស់យើងឡើយ!»។ 16 លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ទូលព្រះចៅនេប៊ូក្នេសាវិញថា៖ «ទូលបង្គំយើងខ្ញុំមិនបាច់ឆ្លើយនឹងព្រះករុណាអំពីរឿងនេះទេ។ 17 បពិត្រព្រះរាជា ព្រះដែលទូលបង្គំយើងខ្ញុំគោរពបម្រើ ពិតជាអាចរំដោះទូលបង្គំយើងខ្ញុំ គឺព្រះអង្គនឹងរំដោះយើងខ្ញុំឲ្យរួចពីភ្លើងដ៏សន្ធោសន្ធៅ និងឲ្យយើងខ្ញុំ រួចពីព្រះហស្ដរបស់ព្រះករុណាជាមិនខាន។ 18 ទោះបីព្រះអង្គមិនរំដោះយើងខ្ញុំក្ដី សូមព្រះករុណាជ្រាបឲ្យបានច្បាស់ថា ទូលបង្គំយើងខ្ញុំមិនព្រមគោរពបម្រើព្រះទាំងប៉ុន្មានរបស់ព្រះករុណាឡើយ ហើយយើងខ្ញុំក៏មិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះករុណាបានកសាងនេះដែរ»។ 19 ពេលនោះ ព្រះចៅនេប៊ូក្នេសាទ្រង់ខ្ញាល់នឹងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោយ៉ាងខ្លាំង ព្រះភ័ក្ត្ររបស់ស្ដេចបានផ្លាស់ប្រែ។ ទ្រង់ក៏បញ្ជាឲ្យគេដុតឡភ្លើងឲ្យក្ដៅជាងធម្មតាប្រាំពីរដង 20 រួចបញ្ជាទាហានខ្លះដែលមានកម្លាំងខ្លាំងក្លាឲ្យចាប់ចងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ទម្លាក់ទៅក្នុងឡភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ 21 គេចងលោកទាំងបី ដោយទុកសម្លៀកបំពាក់ ទាំងក្នុងទាំងក្រៅជាប់នឹងខ្លួន និងឈ្នួតផង រួចបោះទៅក្នុងឡភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ 22 ដោយសាររាជបញ្ជាដ៏តឹងតែង គេបានដុតភ្លើងយ៉ាងក្ដៅបំផុត រហូតដល់ធ្វើឲ្យទាហានដែលចាប់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ បោះទៅក្នុងភ្លើងនោះត្រូវស្លាប់។ 23 ពេលនោះ លោកទាំងបី គឺសាដ្រាក់ មែសាក់ និងអេបេឌ-នេកោ ធ្លាក់ទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ ព្រះជាម្ចាស់សង្គ្រោះមិត្តភក្ដិលោកដានីយ៉ែលពីភ្លើង 24 ពេលនោះ ព្រះចៅនេប៊ូក្នេសារន្ធត់ព្រះហឫទ័យជាខ្លាំង ទ្រង់ប្រញាប់ប្រញាល់ក្រោកឈរឡើង មានរាជឱង្ការទៅកាន់ក្រុមប្រឹក្សាថា៖ «តើយើងបានបោះមនុស្សបីនាក់ដែលជាប់ចំណងទៅក្នុងភ្លើងមែនឬមិនមែន?»។ ពួកគេទូ លព្រះរាជាថា៖ «ពិតមែនហើយ ព្រះករុណា!»។ 25 ព្រះរាជាមានរាជឱង្ការទៀតថា៖ «ហេតុដូចម្ដេចបានជាយើងឃើញមនុស្សបួននាក់ ដែលគ្មានជាប់ចំណងកំពុងតែដើរនៅក្នុងភ្លើង ដោយឥតរលាកសោះដូច្នេះ? រីឯអ្នកទីបួន មានទ្រង់ទ្រាយដូចទេវតា »។ 26 ព្រះចៅនេប៊ូក្នេសាចូលទៅជិតឡភ្លើង មានរាជឱង្ការថា៖ «លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតអើយ ចូរនាំគ្នាចេញមក!»។ លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោក៏នាំគ្នាចេញពីក្នុងភ្លើង។ 27 ពេលនោះ ពួកមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត និងក្រុមប្រឹក្សាព្រះមហាក្សត្រ ក៏រួមប្រជុំគ្នា ពួកគេឃើញថា ភ្លើងពុំមានអំណាចអ្វីលើរូបកាយរបស់បុរសទាំងបីសោះ សក់ក្បាលរបស់អ្នកទាំងបីក៏មិនឆេះ ហើយសូម្បីតែសម្លៀកបំពាក់របស់គេពុំខូចខាត ឬធុំក្លិនឈ្ងៀមដែរ។ 28 ព្រះចៅនេប៊ូក្នេសាមានរាជឱង្ការទៀតថា៖ «សូមសរសើរតម្កើងព្រះរបស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ដែលបានចាត់ទេវតា*ឲ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ។ លោកទាំងបីបានទុកចិត្តលើព្រះអង្គ ហើយមិនព្រមធ្វើតាមបញ្ជារបស់ស្ដេចទេ តែសុខចិត្តបូជាជីវិតជាជាងគោរពបម្រើ និងថ្វាយបង្គំព្រះផ្សេងក្រៅពីព្រះរបស់ខ្លួន! 29 ឥឡូវនេះ យើងសុំចេញបញ្ជាដូចតទៅ: មនុស្សទាំងអស់ ទោះបីមកពីស្រុកណា ជាតិសាសន៍អ្វី ហើយនិយាយភាសាអ្វីក៏ដោយ ឲ្យតែហ៊ាននិយាយប្រមាថព្រះរបស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ត្រូវតែទទួលទោសដល់ជីវិត ហើយផ្ទះរបស់គេនឹងត្រូវដុតឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះមនុស្សដូចព្រះអង្គទេ»។ 30 បន្ទាប់មក ព្រះរាជាប្រោសប្រទានឲ្យលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ មានបុណ្យស័ក្ដិកាន់តែខ្ពង់ខ្ពស់ឡើង នៅក្នុងអាណាខេត្តបាប៊ីឡូន។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies