ទំនុកតម្កើង 14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥អ្នកជឿនៅក្នុងចំណោមមនុស្សពាល ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 មនុស្សល្ងីល្ងើគិតក្នុងចិត្តថា «គ្មានព្រះជាម្ចាស់ទាល់តែសោះ!» គេនាំគ្នាប្រព្រឹត្តអំពើថោកទាប និងកិច្ចការផ្សេងៗគួរឲ្យស្អប់ខ្ពើម គឺគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។ 2 ព្រះអម្ចាស់ទតពីស្ថានបរមសុខមក ពិនិត្យមើលមនុស្សលោក ព្រះអង្គរកមើល ក្រែងលោមាននរណាម្នាក់ ដឹងខុសត្រូវ ហើយស្វែងរកព្រះជាម្ចាស់។ 3 ក៏ប៉ុន្តែ មនុស្សគ្រប់ៗរូបបានវង្វេងចេញឆ្ងាយ ពីព្រះជាម្ចាស់ ហើយនាំគ្នាប្រព្រឹត្តអំពើខិលខូច គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។ 4 តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សុទ្ធតែជាមនុស្សល្ងង់ឬ? អ្នកទាំងនោះចិញ្ចឹមជីវិត ដោយជិះជាន់ប្រជារាស្ត្ររបស់យើង គេមិនអង្វររកព្រះអម្ចាស់ទាល់តែសោះ។ 5 អ្នកទាំងនោះភ័យញ័រជាខ្លាំង ដោយព្រះជាម្ចាស់ជួយគាំទ្រក្រុមមនុស្សសុចរិត។ 6 «អ្នករាល់គ្នាបានធ្វើឲ្យមនុស្សទុគ៌ត បាត់បង់សេចក្ដីសង្ឃឹមរបស់ខ្លួន ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាជម្រករបស់គេ។ 7 សូមឲ្យអ៊ីស្រាអែលបានទទួល ការសង្គ្រោះពីក្រុងស៊ីយ៉ូន។ នៅពេលដែលព្រះអម្ចាស់នាំប្រជាជនរបស់ព្រះអង្គ ឲ្យងើបមុខឡើងវិញ ពូជរបស់លោកយ៉ាកុបនឹងត្រេកអរសប្បាយ ពូជរបស់លោកអ៊ីស្រាអែលនឹងមានអំណរ លើសលុប»។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies