ទំនុកតម្កើង 92 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ទូលបង្គំសប្បាយចិត្តនឹងកិច្ចការដែលព្រះអង្គធ្វើ ទំនុកតម្កើង ។ ចម្រៀងតម្កើងព្រះជាម្ចាស់នៅថ្ងៃសប្ប័ទ* 1 ឱព្រះអម្ចាស់អើយ ជាការប្រពៃណាស់ ដែលទូលបង្គំលើកតម្កើងព្រះអង្គ ស្មូត្រទំនុកតម្កើង សរសើរព្រះនាម របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត! 2 ទូលបង្គំប្រកាសអំពីព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ តាំងពីព្រលឹមមក ហើយប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្រ របស់ព្រះអង្គនៅពេលយប់ 3 ដោយលេងឃឹម ដេញចាប៉ី និងដេញពិណ។ 4 ឱព្រះអម្ចាស់អើយ កិច្ចការដែលព្រះអង្គធ្វើ បាននាំឲ្យទូលបង្គំមានអំណរដ៏លើសលុប ទូលបង្គំសប្បាយចិត្តនឹងស្នាព្រះហស្ដរបស់ព្រះអង្គ។ 5 ឱព្រះអម្ចាស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដុង្គឧត្ដមណាស់ ព្រះតម្រិះរបស់ព្រះអង្គជ្រៅពន់ប្រមាណ! 6 មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់ ហើយមនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។ 7 មនុស្សអាក្រក់លូតលាស់ឡើងដូចស្មៅ ហើយមនុស្សទាំងប៉ុន្មានដែលប្រព្រឹត្ត អំពើទុច្ចរិតក៏រីកដុះដាលឡើងដែរ ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតទៅ។ 8 រីឯព្រះអង្គវិញ នៅស្ថានលើ ព្រះអង្គនៅតែជាព្រះអម្ចាស់ជានិច្ច! 9 ឱព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាស អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។ 10 ព្រះអង្គប្រទានឲ្យទូលបង្គំ មានកម្លាំងដូចដំរី ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។ 11 ទូលបង្គំឃើញខ្មាំងសត្រូវបរាជ័យ ព្រមទាំងឮសម្រែករបស់អស់អ្នក ដែលស្អប់ទូលបង្គំ។ 12 មនុស្សសុចរិតនឹងបានរីកដុះដាលឡើង ដូចដើមត្នោត ហើយចម្រើនធំឡើង ដូចដើមតាត្រៅនៅស្រុកលីបង់។ 13 ពួកគេប្រៀបបាននឹងដើមឈើដុះ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយលូតលាស់នៅក្នុងព្រះវិហារ របស់ព្រះជាម្ចាស់។ 14 ទោះបីគេមានវ័យចាស់ជរាក្ដី ក៏គេនៅតែអាចបង្កើតកូនបានដដែល គឺប្រៀបបាននឹងដើមឈើដែលមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។ 15 ការទាំងនេះសម្តែងឲ្យឃើញថា ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ ទ្រង់មានព្រះហឫទ័យទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies