ម៉ាថាយ 12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះយេស៊ូមានអំណាចលើក្រឹត្យវិន័យថ្ងៃសប្ប័ទ (ម៉ាកុស ២.២៣-២៨ លូកា ៦.១-៥ ) 1 មានគ្រាមួយ ព្រះយេស៊ូយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ* សិស្ស*របស់ព្រះអង្គឃ្លានពេកក៏នាំគ្នាបូតកួរស្រូវមកបរិភោគ។ 2 ពួកខាងគណៈផារីស៊ី*ឃើញដូច្នោះ ទូលព្រះអង្គថា៖ «សូមលោកមើលចុះ ពួកសិស្សរបស់លោកនាំគ្នាធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ!»។ 3 ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរ មានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលឃ្លាន 4 គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយយកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់ មកសោយជាមួយពួកបរិពារ។ តាមគម្ពីរវិន័យ* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលបរិភោគនំប៉័ងនេះបាន រីឯព្រះរាជាគ្មានសិទ្ធិសោយទេ ហើយពួកបរិពារក៏គ្មានសិទ្ធិបរិភោគដែរ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ? 5 ម្យ៉ាងទៀត នៅថ្ងៃសប្ប័ទ ពួកបូជាចារ្យដែលបំពេញមុខងារនៅក្នុងព្រះវិហារ* សុទ្ធតែរំលោភលើក្រឹត្យវិន័យថ្ងៃសប្ប័ទ តែឥតមានទោសឡើយ តើអ្នករាល់គ្នាដែលអានគម្ពីរវិន័យនោះទេ? 6 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅទីនេះ មានម្នាក់ប្រសើរជាងព្រះវិហារទៅទៀត។ 7 ប្រសិនបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្ដីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែចិត្តមេត្តាករុណាប៉ុណ្ណោះ” នោះអ្នករាល់គ្នាមុខជាមិនប្រកាន់ទោសជនដែលគ្មានទោសទាំងនេះឡើយ 8 ដ្បិតបុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ*»។ ព្រះយេស៊ូប្រោសមនុស្សស្វិតដៃម្នាក់ឲ្យជា (ម៉ាកុស ៣.១-៦ លូកា ៦.៦-១១ ) 9 ព្រះយេស៊ូចាកចេញពីទីនោះ យាងចូលទៅក្នុងសាលាប្រជុំ*របស់គេ។ 10 មានបុរសស្វិតដៃម្នាក់នៅក្នុងសាលាប្រជុំនោះដែរ។ គេនាំគ្នាទូលសួរព្រះអង្គថា៖ «នៅថ្ងៃសប្ប័ទ* តើយើងមានសិទ្ធិប្រោសអ្នកជំងឺឲ្យជាឬទេ?»។ គេសួរដូច្នេះ ក្នុងគោលបំណងរកលេសដើម្បីចោទប្រកាន់ព្រះអង្គ។ 11 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើនរណាម្នាក់មានចៀមតែមួយ ហើយចៀមនោះធ្លាក់អណ្ដូងនៅថ្ងៃសប្ប័ទ តើអ្នកនោះមិនទៅស្រង់យកចៀមឡើងមកវិញទេឬ? 12 រីឯមនុស្សវិញ គេមានតម្លៃលើសចៀមឆ្ងាយណាស់! ដូច្នេះ យើងមានសិទ្ធិធ្វើអំពើល្អនៅថ្ងៃសប្ប័ទ»។ 13 ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃគាត់ក៏បានជាដូចដៃម្ខាងទៀត។ 14 ពួកខាងគណៈផារីស៊ី*ចេញពីសាលាប្រជុំ* ហើយពិគ្រោះគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។ 15 កាលព្រះយេស៊ូជ្រាបដូច្នោះ ព្រះអង្គយាងចាកចេញពីទីនោះ ទាំងមានមហាជនជាច្រើនដើរតាមព្រះអង្គទៅដែរ។ ព្រះអង្គបានប្រោសពួកគេឲ្យជាពីជំងឺទាំងអស់គ្នា 16 តែព្រះអង្គគំរាមគេយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់អ្នកដទៃថា ព្រះអង្គជានរណាឡើយ 17 ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី*អេសាយថា៖ 18 «លោកនេះហើយជាអ្នកបម្រើដែលយើងបាន ជ្រើសរើស ជាអ្នកដែលយើងស្រឡាញ់ ហើយធ្វើឲ្យចិត្តយើងរីករាយ។ យើងនឹងដាក់វិញ្ញាណរបស់យើង ឲ្យសណ្ឋិតលើលោក ហើយលោកនឹងប្រាប់ឲ្យជាតិសាសន៍ ទាំងអស់ស្គាល់សេចក្ដីសុចរិត។ 19 លោកនឹងមិនឈ្លោះប្រកែកជាមួយនរណាឡើយ ហើយក៏មិនស្រែកដាក់នរណាផង គ្មាននរណាឮសំឡេងរបស់លោកនៅ តាមទីផ្សារទេ។ 20 លោកនឹងមិនកាច់ដើមត្រែងណាដែល ទក់ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើងណាដែលហៀបនឹង រលត់នោះដែរ។ លោកធ្វើដូច្នេះ រហូតដល់លោកនាំ សេចក្ដីសុចរិតឲ្យមានជ័យជម្នះ។ 21 ជាតិសាសន៍ទាំងអស់នឹងនាំគ្នា សង្ឃឹមលើលោក» ។ ព្រះយេស៊ូឆ្លើយតបនឹងអ្នកចោទប្រកាន់ព្រះអង្គ (ម៉ាកុស ៣.២០-៣០ , លូកា ១១.១៤-២៣ ) 22 ពេលនោះ មានគេនាំបុរសអារក្សចូលម្នាក់មកគាល់ព្រះអង្គ។ អារក្សបានធ្វើឲ្យគាត់ខ្វាក់ផង គថ្លង់ផង។ ព្រះអង្គប្រោសគាត់ឲ្យជា គាត់ក៏និយាយបាន និងមើលឃើញទៀតផង។ 23 មហាជនស្រឡាំងកាំងទាំងអស់គ្នា គេពោលថា៖ «លោកនេះពិតជាព្រះរាជវង្សរបស់ព្រះបាទដាវីឌមែន!»។ 24 ប៉ុន្តែ ពួកខាងគណៈផារីស៊ី*ពោលថា៖ «អ្នកនេះដេញអារក្សបានដូច្នេះ មកពីបេលសេប៊ូល ជាស្ដេចអារក្សប្រគល់អំណាចឲ្យប៉ុណ្ណោះ»។ 25 ព្រះអង្គឈ្វេងយល់គំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចនគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាសមិនខាន រីឯក្រុង ឬក្រុមគ្រួសារណាបាក់បែកទាស់ទែងគ្នាឯង ក៏មិនអាចនៅស្ថិតស្ថេរគង់វង្សដែរ។ 26 បើមារ*សាតាំងបណ្ដេញមារសាតាំង ហើយវាបាក់បែកទាស់ទែងនឹងខ្លួនវា ធ្វើម្ដេចឲ្យរាជ្យរបស់វានៅស្ថិតស្ថេរគង់វង្សបាន!។ 27 ប្រសិនបើខ្ញុំដេញអារក្ស ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយអាងលើនរណាវិញ? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នាពុំខាន។ 28 ផ្ទុយទៅវិញ បើខ្ញុំដេញអារក្ស ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បានសេចក្ដីថា ព្រះរាជ្យ*របស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។ 29 ម្យ៉ាងទៀត ពុំមាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់គាត់ឡើយ លុះត្រាណាតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ 30 អ្នកណាមិនរួមជាមួយខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។ 31 ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើមនុស្សលោកប្រព្រឹត្តអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសឲ្យបានទាំងអស់ តែបើគេប្រមាថព្រះវិញ្ញាណវិញ ព្រះអង្គនឹងមិនលើកលែងទោសឲ្យឡើយ។ 32 បើអ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស* ព្រះជាម្ចាស់នឹងលើកលែងទោសឲ្យបាន រីឯអ្នកដែលពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ* ទោះបីនៅក្នុងលោកនេះ ឬនៅបរលោកក្ដី ក៏ព្រះអង្គមិនលើកលែងទោសឲ្យដែរ»។ ដើមឈើល្អ ដើមឈើអាក្រក់ (លូកា ៦.៤៣-៤៥ ) 33 «បើដើមល្អ ផ្លែក៏ល្អ តែបើដើមអាក្រក់វិញ ផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើតាមផ្លែរបស់វា។ 34 នែ ពូជពស់វែកអើយ! អ្នករាល់គ្នានិយាយសេចក្ដីល្អៗដូចម្ដេចបាន បើអ្នករាល់គ្នាសុទ្ធតែជាមនុស្សអាក្រក់ដូច្នេះ! ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួន។ 35 មនុស្សល្អតែងប្រព្រឹត្តល្អ ព្រោះគេមានសុទ្ធតែគំនិតល្អនៅក្នុងខ្លួន រីឯមនុស្សអាក្រក់វិញ តែងប្រព្រឹត្តអាក្រក់ ព្រោះគេមានសុទ្ធតែគំនិតអាក្រក់នៅក្នុងខ្លួន។ 36 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក ព្រះអង្គនឹងវិនិច្ឆ័យតាមពាក្យសម្ដីឥតប្រយោជន៍ ដែលគេបាននិយាយ 37 ដ្បិតអ្នកនឹងបានសុចរិតដោយសារពាក្យសម្ដីអ្នក ឬមួយអ្នកត្រូវទទួលទោសក៏ដោយសារតែពាក្យសម្ដីរបស់អ្នកដែរ»។ ទីសម្គាល់របស់លោកយ៉ូណាស (ម៉ាកុស ៨.១១-១២ លូកា ១១.២៩-៣២ ) 38 នៅពេលនោះ មានពួកអាចារ្យ* និងពួកខាងគណៈផារីស៊ី*ខ្លះ ទូលព្រះអង្គថា៖ «លោកគ្រូ សូមលោកធ្វើទីសម្គាល់ដ៏អស្ចារ្យមួយឲ្យយើងខ្ញុំឃើញផង!»។ 39 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង។ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការី*យ៉ូណាសឡើយ។ 40 លោកយ៉ូណាសស្ថិតនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។ 41 នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម នៅពេលដែលអ្នកក្រុងនីនីវេឮសេចក្ដីលោកយ៉ូណាសប្រកាស គេបានកែប្រែចិត្តគំនិត។ រីឯនៅទីនេះ មានម្នាក់ប្រសើរជាងលោកយ៉ូណាសទៅទៀត។ 42 នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រិយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះបាទសាឡូម៉ូន ប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរជាងព្រះបាទសាឡូម៉ូនទៅទៀត»។ ត្រូវប្រយ័ត្ន កុំឲ្យវិញ្ញាណអាក្រក់ចូលម្ដងទៀត (លូកា ១១.២៤-២៦ ) 43 «កាលបើវិញ្ញាណអាក្រក់ចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជម្រកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ 44 វាមុខជានិយាយថា“អញនឹងវិលត្រឡប់ទៅផ្ទះ ដែលអញទើបចេញមក”។ លុះទៅដល់ ឃើញផ្ទះនោះនៅទំនេរ បោសស្អាត ហើយតុបតែងល្អ 45 វានឹងចេញទៅបបួលវិញ្ញាណអាក្រក់ប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលនៅក្នុងអ្នកនោះ បណ្ដាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត។ រីឯមនុស្សអាក្រក់នៅជំនាន់នេះ ក៏នឹងកើតមានដូច្នោះដែរ»។ ព្រះញាតិវង្សពិតប្រាកដរបស់ព្រះយេស៊ូ (ម៉ាកុស ៣.៣១-៣៥ លូកា ៨.១៩-២១ ) 46 ព្រះអង្គកំពុងតែមានព្រះបន្ទូលទៅកាន់មហាជននៅឡើយ ស្រាប់តែមាតា និងបងប្អូនរបស់ព្រះអង្គ មកឈរចាំនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។ 47 មានម្នាក់ទូលព្រះអង្គថា៖ «ម្ដាយលោក និងបងប្អូនលោកនៅខាងក្រៅ ចង់និយាយជាមួយលោក»។ 48 ព្រះអង្គមានព្រះបន្ទូលតបទៅគាត់វិញថា៖ «តើនរណាជាម្ដាយខ្ញុំ នរណាជាបងប្អូនខ្ញុំ?»។ 49 ព្រះអង្គលើកព្រះហស្ដចង្អុលទៅពួកសិស្ស* ទាំងមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនរបស់ខ្ញុំ 50 ដ្បិតអ្នកណាធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខ* អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies