ទំនុកតម្កើង 49 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥កុំទុកចិត្តលើទ្រព្យសម្បត្តិ! ទំនុកពីសៀវភៅគ្រូចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។ 1 ប្រជាជនទាំងឡាយអើយ ចូរនាំគ្នាត្រងត្រាប់ស្ដាប់! មនុស្សម្នាដែលរស់នៅផែនដីទាំងមូលអើយ ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់ 2 គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ! 3 ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត ខ្ញុំនឹងសម្តែង ចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។ 4 ខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញ ហើយខ្ញុំនឹងដោះស្រាយប្រស្នា ទាំងលេងពិណកំដរផង។ 5 នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ ខ្ញុំនឹងមិនភ័យខ្លាចអ្វីសោះឡើយ។ 6 មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន គេអួតអាង ព្រោះមានសម្បត្តិស្ដុកស្ដម្ភ។ 7 ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ 8 ដ្បិតតម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់ គឺទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។ 9 តើមនុស្សអាចរស់រហូត ហើយគេចផុតពីរណ្ដៅមច្ចុរាជបានឬ? 10 យើងនឹងឃើញច្បាស់ថា អ្នកប្រាជ្ញ ក៏ដូចជាមនុស្សឆោតល្ងង់អាប់ឥតប្រាជ្ញាដែរ គេត្រូវតែស្លាប់ទាំងអស់គ្នា ហើយទុកទ្រព្យសម្បត្តិខ្លួនឲ្យអ្នកដទៃ។ 11 គេនឹកក្នុងចិត្តថាគេហដ្ឋានរបស់គេ នឹងនៅស្ថិតស្ថេររហូតតទៅ លំនៅដ្ឋានរបស់គេនៅគង់វង្ស ពីជំនាន់មួយទៅជំនាន់មួយ ហើយគេដាក់ឈ្មោះដីធ្លីគេ តាមឈ្មោះរបស់ខ្លួនថែមទៀត។ 12 ក៏ប៉ុន្តែ មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ គេមិនយល់ថាគេនឹងត្រូវបាត់បង់ជីវិតទៅ ដូចសត្វតិរច្ឆាននោះឡើយ។ 13 រីឯអស់អ្នកដែលទុកចិត្តលើខ្លួនឯង ហើយស្កប់ចិត្តនឹងពាក្យសម្ដីរបស់ខ្លួន អនាគតរបស់គេនឹងបានដូចតទៅនេះ - សម្រាក 14 អ្នកទាំងនោះប្រៀបដូចជាកូនចៀម ដែលយកទៅសម្លាប់។ គង្វាលឃ្វាលហ្វូងចៀមយ៉ាងណា មច្ចុរាជក៏នឹងឃ្វាលពួកគេយ៉ាងនោះដែរ។ មនុស្សសុចរិតនឹងជាន់ឈ្លីពួកគេ រូបកាយរបស់ពួកគេនឹងរលាយសូន្យ ហើយទៅរស់នៅក្នុងស្ថានមនុស្សស្លាប់។ 15 ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងរំដោះជីវិតខ្ញុំ ឲ្យរួចពីអំណាចនៃសេចក្ដីស្លាប់ ព្រះអង្គនឹងយកខ្ញុំទៅ។ - សម្រាក 16 ពេលឃើញនរណាម្នាក់ទៅជាអ្នកមាន ហើយឃើញទ្រព្យសម្បត្តិចេះតែរីកចម្រើន កុំភ័យខ្លាចអី 17 ដ្បិតពេលស្លាប់ទៅ គេពុំអាចយកអ្វីទៅជាមួយបានទេ គឺគេមិនអាចយកទ្រព្យសម្បត្តិ ចុះទៅក្នុងរណ្ដៅជាមួយឡើយ។ 18 ទោះបីគេយល់ថា ខ្លួនមានសុភមង្គលក្នុងជីវិតនេះ ហើយទោះបីមានអ្នកដទៃកោតសរសើរ ដោយឃើញគេបានចម្រុងចម្រើនក៏ដោយ 19 ក៏គង់តែគេត្រូវចុះទៅជួបជុំ នឹងដូនតារបស់ខ្លួន ចៀសមិនផុត នៅក្នុងកន្លែងដែលគេពុំអាចមើល ឃើញពន្លឺទៀតឡើយ។ 20 មនុស្សដែលមានកិត្តិយសរុងរឿង តែមិនយល់អ្វីសោះនោះ គេនឹងបាត់បង់ទៅដូចសត្វតិរច្ឆានដែរ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies