សាការី 10:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងចំរើនកំឡាំងពួកវង្សយូដា អញនឹងជួយសង្គ្រោះពួកវង្សយ៉ូសែប ហើយនឹងនាំគេមកវិញ ដ្បិតអញមានសេចក្ដីអាណិតមេត្តាដល់គេ យ៉ាងនោះ គេនឹងមានសណ្ឋាន ដូចជាអញមិនបានបោះបង់ចោលគេឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ ហើយអញនឹងស្តាប់គេ ព្រះគម្ពីរខ្មែរសាកល យើងនឹងពង្រឹងវង្សត្រកូលយូដា យើងនឹងសង្គ្រោះវង្សត្រកូលយ៉ូសែប។ យើងនឹងនាំពួកគេត្រឡប់មកវិញ ពីព្រោះយើងអាណិតអាសូរពួកគេ នោះពួកគេនឹងបានដូចជាមិនត្រូវយើងបោះបង់ចោល ដ្បិតយើងជាយេហូវ៉ា ជាព្រះរបស់ពួកគេ ហើយយើងនឹងឆ្លើយតបនឹងពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «យើងនឹងចម្រើនកម្លាំងពួកវង្សយូដា យើងនឹងសង្គ្រោះពួកវង្សយ៉ូសែប ហើយនាំគេមកវិញ ដ្បិតយើងមានសេចក្ដីអាណិតមេត្តាដល់គេ នោះគេនឹងមានសណ្ឋានដូចជា យើងមិនបានបោះបង់ចោលគេឡើយ ដ្បិតយើងនេះជាព្រះយេហូវ៉ា គឺជាព្រះរបស់គេ ហើយយើងនឹងស្តាប់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «យើងនឹងពង្រឹងកម្លាំងកូនចៅយូដា យើងនឹងសង្គ្រោះកូនចៅយ៉ូសែប យើងនឹងស្ដារស្ថានភាពរបស់ពួកគេឡើងវិញ ដ្បិតយើងនឹងអាណិតអាសូរពួកគេ។ ពួកគេនឹងប្រៀបដូចជាប្រជាជន ដែលយើងមិនបានបោះបង់ចោលសោះ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងឆ្លើយតបទៅពួកគេវិញ។ អាល់គីតាប «យើងនឹងពង្រឹងកម្លាំងកូនចៅយូដា យើងនឹងសង្គ្រោះកូនចៅយូសុះ យើងនឹងស្ដារស្ថានភាពរបស់ពួកគេឡើងវិញ ដ្បិតយើងនឹងអាណិតអាសូរពួកគេ។ ពួកគេនឹងប្រៀបដូចជាប្រជាជន ដែលយើងមិនបានបោះបង់ចោលសោះ ដ្បិតយើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ យើងនឹងឆ្លើយតបទៅពួកគេវិញ។ |
ទ្រង់នឹងលើកទង់១ឡើងសំរាប់អស់ទាំងសាសន៍ ហើយនឹងប្រមូលពួកព្រាត់ប្រាសនៃសាសន៍អ៊ីស្រាអែល ព្រមទាំងរួបរួមពួកខ្ចាត់ខ្ចាយរបស់សាសន៍យូដាមកពីទិសទាំង៤នៃផែនដី
ពីព្រោះព្រះយេហូវ៉ា ទ្រង់នឹងអាណិតអាសូរដល់ពួកយ៉ាកុប ហើយនឹងរើសអ៊ីស្រាអែលទៀត ព្រមទាំងដាក់គេឲ្យនៅក្នុងស្រុករបស់គេវិញ ឯពួកអ្នកដែលស្នាក់នៅ នោះនឹងចូលពួកគេ ហើយនៅជាប់នឹងពួកវង្សរបស់យ៉ាកុប
កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ
កុំឲ្យខ្លាចឲ្យសោះ ដ្បិតឯងនឹងមិនដែលត្រូវខ្មាសឡើយ ក៏កុំឲ្យរង្កៀសចិត្តដែរ ពីព្រោះឯងនឹងមិនដែលត្រូវមានសេចក្ដីខ្មាសទេ ឯងនឹងភ្លេចសេចក្ដីខ្មាសដែលឯងមានពីកាលនៅវ័យក្មេង ហើយឯងនឹងមិននឹកចាំពីសេចក្ដីដែលគេត្មះតិះដៀល ពីកាលនៅមេម៉ាយតទៅទៀតដែរ
ព្រះយេហូវ៉ាជាព្រះដ៏ប្រោសលោះឯង ទ្រង់មានបន្ទូលថា អញបានគេចមុខចេញពីឯងនៅតែ១ភ្លែតនោះ ដោយមានសេចក្ដីក្រោធដ៏ហូរហៀរ តែអញនឹងអាណិតអាសូរដល់ឯង ដោយសេចក្ដីសប្បុរសដ៏នៅអស់កល្បជានិច្ចវិញ។
នៅគ្រារបស់ទ្រង់ ពួកយូដានឹងបានសង្គ្រោះ ហើយពួកអ៊ីស្រាអែលនឹងនៅដោយសន្តិសុខ ឯព្រះនាមដែលគេនឹងហៅទ្រង់ នោះគឺ«ព្រះយេហូវ៉ាដ៏ជាសេចក្ដីសុចរិតនៃយើងរាល់គ្នា»
នៅគ្រានោះ ពួកវង្សយូដានឹងដើរជាមួយនឹងពួកវង្សអ៊ីស្រាអែល ហើយគេនឹងចេញពីស្រុកខាងជើងជាមួយគ្នា មកឯស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោរបស់ឯងទុកជាមរដក។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងនាំពួកឈ្លើយ ដែលចាប់ពីត្រសាលរបស់យ៉ាកុប ឲ្យត្រឡប់មកវិញ អញនឹងមានសេចក្ដីអាសូរដល់ទីលំនៅរបស់គេ ហើយទីក្រុងនឹងបានសង់ឡើងវិញ នៅលើគំនរចាស់ ហើយដំណាក់នឹងមាននៅដូចពីដើម
កូនចៅរបស់គេនឹងបានដូចជាកាលពីដើម ហើយពួកជំនុំរបស់គេ នឹងបានតាំងឡើងនៅចំពោះអញ អញនឹងធ្វើទោសដល់អស់អ្នកណាដែលសង្កត់សង្កិនគេ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅគ្រានោះ អញនឹងធ្វើជាព្រះ ដល់គ្រប់ទាំងគ្រួនៃសាសន៍អ៊ីស្រាអែល ហើយគេនឹងបានជារាស្ត្ររបស់អញ
តើអេប្រាអិមជាកូនសំឡាញ់របស់អញឬ តើជាកូនសំណប់ឬអី ដ្បិតដែលអញនិយាយទាស់នឹងវាវេលាណា នោះអញក៏នឹករឭកដល់វានៅវេលានោះឯង ដូច្នេះ អញមានចិត្តរំជួលដល់វា ហើយនឹងអាណិតមេត្តាដល់វាជាមិនខាន នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញាថ្មី នឹងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា
អញនឹងធ្វើឲ្យទាំងមនុស្សនឹងសត្វផង បានចំរើនឡើងនៅក្នុងឯង គេនឹងចំរើនឡើង ហើយសាយគ្រាយចេញទៅ នោះអញនឹងឲ្យមានមនុស្សអាស្រ័យនៅក្នុងឯងដូចយ៉ាងពីដើម ហើយប្រព្រឹត្តនឹងឯងដោយល្អជាងជាន់ដើមទៅទៀត នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មួយទៀត អញនឹងបើកឲ្យពួកវង្សអ៊ីស្រាអែល បានសួរអញពីដំណើរនោះឯង ដើម្បីឲ្យអញបានសំរេចការនោះដល់គេ គឺអញនឹងឲ្យគេចំរើនគ្នាជាច្រើនឡើង ដូចជាហ្វូងចៀម
កូនមនុស្សអើយ ចូរយកបន្ទះឈើ១មកសរសេរចុះថា សំរាប់ពួកយូដា នឹងពួកកូនចៅអ៊ីស្រាអែល ជាភឿនមិត្ររបស់គេ រួចយកបន្ទះឈើ១ទៀតសរសេរថា សំរាប់ពួកយ៉ូសែប ជាឈើរបស់ពួកអេប្រាអិម នឹងពួកវង្សអ៊ីស្រាអែលជាភឿនមិត្ររបស់គេ
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ឥឡូវនេះ អញនឹងនាំពួកយ៉ាកុបដែលនៅជាឈ្លើយឲ្យមកវិញ ហើយនឹងមានសេចក្ដីអាណិតមេត្តាដល់ពួកវង្សអ៊ីស្រាអែលទាំងមូល ហើយនឹងមានសេចក្ដីប្រចណ្ឌ ដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់អញ
គ្រានោះ ពួកកូនចៅយូដា នឹងពួកកូនចៅអ៊ីស្រាអែលនឹងបានរួបរួមគ្នា ក៏នឹងតាំងឲ្យមានអ្នកជាប្រមុខតែ១លើពួកខ្លួន ហើយនឹងឡើងចេញពីស្រុកទៅ ដ្បិតថ្ងៃនៃយេសរាលនឹងបានជាថ្ងៃយ៉ាងសំបើម។
តែអញនឹងអាណិតមេត្តាដល់ពួកវង្សយូដា ហើយនឹងជួយសង្គ្រោះគេមិនមែនដោយធ្នូ ដាវ ការតស៊ូ សេះ ឬពលសេះទេ គឺនឹងជួយសង្គ្រោះគេ ដោយសារព្រះយេហូវ៉ា ជាព្រះនៃគេវិញ
តើមានអ្នកណា ដែលមានប្រាជ្ញា ឲ្យយល់សេចក្ដីទាំងនេះបាន ឬមានគំនិតវាងវៃឲ្យបានស្គាល់សេចក្ដីទាំងនេះផង ដ្បិតអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ពួកអ្នកសុចរិតនឹងដើរក្នុងផ្លូវទាំងនោះ តែមនុស្សទុច្ចរិតនឹងចំពប់ដួលក្នុងផ្លូវនោះវិញ។:៚
អញនឹងសាបព្រោះពូជនាងនៅលើផែនដីសំរាប់អញ រួចអញនឹងអាណិតមេត្តាដល់ពួកឡូ-រូហាម៉ា ហើយនឹងនិយាយដល់ពួកឡូ-អាំមីថា ឯងជារាស្ត្ររបស់អញ នោះគេនឹងឆ្លើយតបថា ទ្រង់ជាព្រះនៃយើងខ្ញុំ។
នោះពួកវង្សយ៉ាកុបនឹងបានដូចជាភ្លើង ឯពួកវង្សយ៉ូសែបជាអណ្តាតភ្លើង ចំណែកពួកវង្សអេសាវ គេនឹងបានដូចជាជញ្ជ្រាំង ហើយភ្លើងនោះនឹងឆេះនៅកណ្តាលគេ ព្រមទាំងបន្សុសគេអស់រលីងទៅ ឥតមានអ្នកណាសល់នៅក្នុងពួកវង្សអេសាវឡើយ ដ្បិតព្រះយេហូវ៉ា ទ្រង់បានចេញវាចាហើយ
ឱកូនស្រីនៃស៊ីយ៉ូនអើយ ចូរក្រោកឡើងបញ្ជាន់ទៅចុះ ដ្បិតអញនឹងធ្វើឲ្យស្នែងឯងបានទៅជាដែក ហើយក្រចកឯងទៅជាលង្ហិន ឯងនឹងបំបែកសាសន៍ជាច្រើនឲ្យខ្ទេចខ្ទី ហើយអញនឹងញែកកំរៃរបស់គេចេញ ទុកជាដង្វាយដល់ព្រះយេហូវ៉ា គឺទ្រព្យសម្បត្តិរបស់គេ ថ្វាយដល់ព្រះអម្ចាស់នៃផែនដីទាំងមូល
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះអញនឹងប្រមូលអស់អ្នកណាដែលខ្វិន ហើយនឹងភ្ជុំអស់អ្នកដែលបានត្រូវបណ្តេញចេញ ព្រមទាំងអស់អ្នកដែលអញបានធ្វើទុក្ខផង ឲ្យមកវិញ
អ្នកនោះនឹងឈរឡើងឃ្វាលហ្វូងចៀមរបស់ខ្លួន ដោយសារឥទ្ធិឫទ្ធិនៃព្រះយេហូវ៉ា នឹងឫទ្ធានុភាពរបស់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃខ្លួន នោះគេនឹងស្ថិតស្ថេរនៅ ដ្បិតអ្នកនោះនឹងបានជាធំ រហូតដល់ចុងផែនដីបំផុត
យ៉ាងនោះដៃឯងនឹងបានលើកឡើងលើពួកដែលតតាំងនឹងឯង ហើយពួកខ្មាំងសត្រូវរបស់ឯងនឹងត្រូវកាត់ចេញទៅ។
អស់ទាំងសាសន៍នឹងឃើញ ហើយនឹងឡើងមុខស្លាំង ដោយព្រោះឥទ្ធិឫទ្ធិរបស់គេ ពួកទាំងនោះនឹងដាក់ដៃខ្ទប់មាត់ ហើយត្រចៀកគេនឹងត្រូវថ្លង់ទៅដែរ
ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានវិលមកឯក្រុងយេរូសាឡិមទាំងមានសេចក្ដីអាណិតមេត្តា វិហាររបស់អញនឹងបានសង់ឡើងវិញនៅទីនេះ ហើយនឹងមានខ្សែវាស់សន្ធឹងនៅលើក្រុងយេរូសាឡិម នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
អញនឹងចំរើនកំឡាំងគេក្នុងព្រះយេហូវ៉ា ហើយគេនឹងដើរចុះឡើង ដោយនូវព្រះនាមទ្រង់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ហើយអញនឹងនាំភាគទី៣នោះទៅក្នុងភ្លើង អញនឹងសំរងគេដូចជាសំរងប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវដល់ឈ្មោះអញ ហើយអញនឹងស្តាប់គេ អញនឹងថា គេជារាស្ត្រអញ ឯគេនឹងថា ព្រះយេហូវ៉ាជាព្រះនៃខ្លួន។
តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ឥឡូវនេះ អញនឹងមិនប្រព្រឹត្តនឹងសំណល់ជនជាតិនេះ ដូចកាលជាន់មុនទៀតទេ
នៅថ្ងៃនោះ ព្រះយេហូវ៉ា ជាព្រះនៃគេ ទ្រង់នឹងជួយសង្គ្រោះគេ ទុកដូចជាហ្វូងចៀម ជារាស្ត្ររបស់ទ្រង់ ដ្បិតគេនឹងបានដូចជាត្បូងដាំនៅមកុដដែលភ្លឺផ្លេក នៅលើស្រុករបស់ទ្រង់