Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អូបាឌា 1:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នោះ​ពួក​វង្ស​យ៉ាកុប​នឹង​បាន​ដូច​ជា​ភ្លើង ឯ​ពួក​វង្ស​យ៉ូសែប​ជា​អណ្តាត​ភ្លើង ចំណែក​ពួក​វង្ស​អេសាវ គេ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ហើយ​ភ្លើង​នោះ​នឹង​ឆេះ​នៅ​កណ្តាល​គេ ព្រម​ទាំង​បន្សុស​គេ​អស់​រលីង​ទៅ ឥត​មាន​អ្នក​ណា​សល់​នៅ​ក្នុង​ពួក‌វង្ស​អេសាវ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ចេញ​វាចា​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពូជ​ពង្ស​យ៉ាកុប​នឹង​បាន​ដូច​ជា​ភ្លើង ឯពូជ​ពង្ស​យ៉ូសែប​ជា​អណ្ដាត​ភ្លើង ចំណែក​ពូជ​ពង្ស​អេសាវ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ហើយ​ភ្លើង​នោះ​នឹងឆាប​ឆេះ​គេ រួច​បន្សុស​គេ​អស់​ទៅ គ្មាន​អ្នកណា​សល់​នៅ​ក្នុង​ពូជ​ពង្ស​អេសាវ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ាមាន​ព្រះ​បន្ទូល​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 កូន​ចៅ​យ៉ាកុប​នឹង​ប្រៀប​ដូច​ជា​ភ្លើង កូន​ចៅ​យ៉ូសែប​ប្រៀប​ដូច​ជា​អណ្ដាត​ភ្លើង រីឯ​កូន​ចៅ​អេសាវ​នឹង​ប្រៀប​ដូច​ជា​ចំបើង ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ ហើយ​ក្នុង​ចំណោម​កូន​ចៅ​របស់​អេសាវ គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​ឡើយ» ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 កូន​ចៅ​យ៉ាកកូប​នឹង​ប្រៀប​ដូច​ជា​ភ្លើង កូន​ចៅ​យូសុះ​ប្រៀប​ដូច​ជា​អណ្ដាត​ភ្លើង រីឯ​កូន​ចៅ​អេសាវ​នឹង​ប្រៀប​ដូច​ជា​ចំបើង ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ ហើយ​ក្នុង​ចំណោម​កូន​ចៅ​របស់​អេសាវ គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​ឡើយ» ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច្នេះ។

សូមមើលជំពូក ចម្លង




អូបាឌា 1:18
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទូលបង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់​យល់​ឃើញ​ថា បាន​ធ្វើ​អាក្រក់​ហើយ ហេតុ​នោះ​បាន​ជា​ទូលបង្គំ​មក​ដល់ នៅ​ថ្ងៃ​នេះ មុន​ជាង​បណ្តា​វង្សា‌នុវង្ស​នៃ​យ៉ូសែប​ទៅ​ទៀត ដើម្បី​នឹង​ចុះ​មក​ទទួល​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ


ដូច្នេះ បណ្តាជន​ទាំង‌ឡាយ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​រក​រើស​ជញ្ជ្រាំង​មក​ជំនួស​ចំបើង


ឯ​ពន្លឺ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​នឹង​បាន​សំរាប់​ជា​ភ្លើង ហើយ​ព្រះ​ដ៏​បរិសុទ្ធ​របស់​គេ​ជា​អណ្តាត​ភ្លើង ភ្លើង​នោះ​នឹង​ឆេះ​ឡើង ហើយ​បន្សុស​ពួក​បន្លានឹង​អញ្ចាញ​របស់​គេ​នៅ​ថ្ងៃ​តែ​១


ឯ​ថ្មដា​របស់​គេ​នឹង​បាត់​ទៅ ដោយ​ព្រោះ​សេចក្ដី​តក់‌ស្លុត ហើយ​ពួក​ចៅហ្វាយ​របស់​គេ​នឹង​ស្រយុត​ចិត្ត ដោយ​ព្រោះ​ទង់‌ជ័យ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ភ្លើង​របស់​ទ្រង់​កំពុង​ឆេះ​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​គុក​ភ្លើង​របស់​ទ្រង់​ក៏​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។


មើល គេ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ភ្លើង​នឹង​ឆេះ​គេ​អស់​ទៅ គេ​នឹង​ដោះ​ខ្លួន​ឲ្យ​រួច​ពី​អំណាច​ភ្លើង​មិន​បាន ភ្លើង​នោះ​នឹង​មិន​បាន​ជា​រងើក ដែល​គ្រាន់​តែ​ល្មម​នឹង​អាំង​កំដៅ​ខ្លួន ឬ​ជា​ភ្លើង​ដែល​នឹង​អង្គុយ​ជុំវិញ​ប៉ុណ្ណោះ​ទេ


ហេតុ​ដូច្នោះ បែប​ដូច​ជា​អណ្តាត​ភ្លើង​ឆេះ​បន្សុស​ជញ្ជ្រាំង ហើយ​ស្មៅ​ក្រៀម​ស្រុត​ចុះ​ក្នុង​ភ្លើង​យ៉ាង​ណា នោះ​ឫស​របស់​ពួក​អ្នក​ទាំង​នោះ​នឹង​បាន​ដូច​ជា​អ្វី​ដែល​ពុក‌រលួយ ហើយ​ផ្កា​របស់​គេ​នឹង​ហុយ​ឡើង ដូច​ជា​ធូលី​យ៉ាង​នោះ​ដែរ ដ្បិត​គេ​បាន​លះ​ចោល​បញ្ញត្ត​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​មើល‌ងាយ​ចំពោះ​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ផង


ដ្បិត​អំពើ​អាក្រក់​ឆេះ​ដូច​ជា​ភ្លើង ក៏​ឆេះ​បន្សុស​ទាំង​អញ្ចាញ នឹង​គុម្ព​បន្លា​អស់​រលីង​ទៅ អើ ភ្លើង​នោះ​ក៏​កាត់​ឡើង​ក្នុង​ទី​ស្តុក​នៅ​ព្រៃ ហើយ​ឆេះ​រាល​ឡើង​ហុយ​ផ្សែង​ទ្រលោម


ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នោះ​ស្រុក​ត្រូវ​ឆេះ​រលីង​ទៅ ហើយ​បណ្តាជន​ក៏​ដូច​ជា​ចំណី​ភ្លើង គ្មាន​អ្នក​ណា​ប្រណី​ដល់​បង​ប្អូន​ខ្លួន​ទេ


ហើយ​នឹង​គ្មាន​សំណល់​សល់​ដល់​គេ​ឡើយ ដ្បិត​នៅ​ឆ្នាំ​ដែល​អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​ក្រុង​អាន៉ាថោត នោះ​អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ​ជា​ពិត។


កូន​មនុស្ស​អើយ ចូរ​យក​បន្ទះ​ឈើ​១​មក​សរសេរ​ចុះ​ថា សំរាប់​ពួក​យូដា នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​ភឿន‌មិត្រ​របស់​គេ រួច​យក​បន្ទះ​ឈើ​១​ទៀត​សរសេរ​ថា សំរាប់​ពួក​យ៉ូសែប ជា​ឈើ​របស់​ពួក​អេប្រា‌អិម នឹង​ពួក​វង្ស​អ៊ីស្រាអែល​ជា​ភឿន‌មិត្រ​របស់​គេ


នោះ​ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​នឹង​យក​បន្ទះ​ឈើ​របស់​ពួក​យ៉ូសែប ដែល​នៅ​ដៃ​អេប្រា‌អិម នឹង​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​ជា​ភឿន‌មិត្រ​របស់​គេ ដាក់​ភ្ជាប់​ជា​មួយ​នឹង​បន្ទះ​ឈើ​១​នោះ​ដែល​ជា​របស់​ពួក​យូដា ឲ្យ​បាន​ជាប់​ជា​បន្ទះ​តែ​១​វិញ រួច​វា​នឹង​បាន​ជាប់​តែ​១​នៅ​ក្នុង​ដៃ​អញ


គេ​កញ្ឆល​ឮ​សន្ធឹក ដូច​ជា​រទេះ​ចំបាំង​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន គឺ​ដូច​ជា​សន្ធឹក​អណ្តាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង ហើយ​ដូច​ជា​កង‌ទ័ព​យ៉ាង​ខ្លាំង​ពូកែ​ដែល​តំរៀប​គ្នា​ប្រុង​ចូល​ច្បាំង


អញ​នឹង​កាត់​ពួក​អ្នក​នៅ​ក្រុង​អាសដូឌ​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​នៃ​ក្រុង​អាស‌កា‌ឡូន​ផង អញ​ក៏​នឹង​បែរ​ដៃ​ទៅ​ទាស់​នឹង​ក្រុង​អេក្រុន​ដែរ នោះ​សំណល់​នៃ​ពួក​ភីលីស្ទីន​នឹង​ត្រូវ​វិនាស​បង់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ​វិញ ចូរ​តាំង​ឲ្យ​មាន​សេចក្ដី​យុត្តិ‌ធម៌​នៅ​ត្រង់​ទ្វារ​ក្រុង​ចុះ នោះ​ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ប្រព្រឹត្ត​ដល់​សំណល់​នៃ​ពួក​យ៉ូសែប ដោយ​ករុណា​គុណ​ទេ​ដឹង។


ក៏​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ដោយ​ចាន‌គោម ហើយ​បំព្រំ​ខ្លួន​ដោយ​ប្រេង​យ៉ាង​វិសេស តែ​ឥត​មាន​ចិត្ត​ព្រួយ​ចំពោះ​ការ​វេទនា​របស់​យ៉ូសែប​ទេ។


ដ្បិត​ដែល​ឯង​បាន​ផឹក​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ​ជា​យ៉ាង​ណា នោះ​អស់​ទាំង​សាសន៍​ដទៃ​នឹង​ផឹក​យ៉ាង​នោះ​ជានិច្ច​ដែរ អើ គេ​នឹង​ផឹក ហើយ​លេប​ចុះ​ទៅ រួច​នឹង​ត្រឡប់​ដូច​ជា​មិន​ដែល​កើត​មក​វិញ។


យ៉ាង​នោះ​ដៃ​ឯង​នឹង​បាន​លើក​ឡើង​លើ​ពួក​ដែល​តតាំង​នឹង​ឯង ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង​នឹង​ត្រូវ​កាត់​ចេញ​ទៅ។


ដ្បិត​គេ​នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ ដូច​ជា​ជញ្ជ្រាំង​ស្ងួត ដោយ​គេ​ស្រេះ​ប្រទាក់​គ្នា​ដូច​ជា​បន្លា ក៏​ស្រវឹង​ដូច​ជា​បាន​ផឹក​ស្រា​ហើយ


នៅ​ថ្ងៃ​នោះ អញ​នឹង​ធ្វើ​ឲ្យ​ពួក​ចៅហ្វាយ​នៃ​សាសន៍​យូដា បាន​ដូច​ជា​ជើង‌ក្រាន មាន​ភ្លើង​ឆេះ​នៅ​កណ្តាល​ឧស ហើយ​ដូច​ជា​ចន្លុះ​ឆេះ​នៅ​កណ្តាល​កណ្តាប់​ស្រូវ គេ​នឹង​បន្សុស​អស់​ទាំង​សាសន៍​នៅ​ព័ទ្ធ​ជុំវិញ ទោះ​ទាំង​ខាង​ឆ្វេង នឹង​ខាង​ស្តាំ​ផង រួច​ពួក​ក្រុង​យេរូ‌សាឡិម​នឹង​អាស្រ័យ​នៅ​ក្នុង​កន្លែង​របស់​គេ​ម្តង​ទៀត គឺ​នៅ​ក្រុង​យេរូ‌សាឡិម​នោះ​ឯង


ដ្បិត​មើល ថ្ងៃ​នោះ​កំពុង​តែ​មក​ដល់ ថ្ងៃ​នោះ​ឆេះ​ធ្លោ ដូច​ជា​គុក​ភ្លើង នោះ​អស់​ពួក​អ្នក​ឆ្មើង‌ឆ្មៃ ហើយ​នឹង​អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជា​ជញ្ជ្រាំង ហើយ​ថ្ងៃ​ដែល​ត្រូវ​មក​ដល់​នោះ នឹង​ឆេះ​បន្សុស​គេ​ទាំង​អស់​ទៅ ឥត​ទុក​ឲ្យ​គេ​មាន​ឫស ឬ​មែក​នៅ​សល់​ឡើយ នេះ​ហើយ ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ


បើ​អ្នក​ណា​យក​មាស ប្រាក់ ត្បូង ឈើ ស្បូវ ឬ​ស្លឹក ដើម្បី​នឹង​ធ្វើ​ពី​លើ​ជើង​ជញ្ជាំង​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម