Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 11:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ទ្រង់​នឹង​លើក​ទង់​១​ឡើង​សំរាប់​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​ពួក​ព្រាត់‌ប្រាស​នៃ​សាសន៍​អ៊ីស្រាអែល ព្រម​ទាំង​រួប‌រួម​ពួក​ខ្ចាត់​ខ្ចាយ​របស់​សាសន៍​យូដា​មក​ពី​ទិស​ទាំង​៤​នៃ​ផែនដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ព្រះអង្គ​នឹង​លើក​ទង់សញ្ញា​មួយ​ឡើង​សម្រាប់​ប្រជាជាតិ​នានា ហើយ​កោះហៅ​អ្នកដែល​ត្រូវបាន​បណ្ដេញចេញ​នៃ​អ៊ីស្រាអែល ក៏​នឹង​ប្រមូល​អ្នកដែល​ខ្ចាត់ខ្ចាយ​នៃ​យូដា ពី​ជ្រុង​ទាំង​បួន​នៃ​ផែនដី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ព្រះ‌អង្គ​នឹង​លើក​ទង់​មួយ​ឡើង សម្រាប់​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​ពួក​ព្រាត់‌ប្រាស នៃ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​រួប‌រួម​ពួក​ខ្ចាត់‌ខ្ចាយ​របស់​សាសន៍​យូដា មក​ពី​ទិស​ទាំង​បួន​នៃ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះអង្គ​នឹង​លើក​ទង់​មួយ ជា​សញ្ញា​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដឹង​ថា ព្រះអង្គ​នឹង​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គេ​កៀរ​យក​ទៅ ហើយ​នាំ​ជន‌ជាតិ​យូដា​ដែល​បែក‌ខ្ញែក​គ្នា ទៅ​ពាស‌ពេញ​សកល​លោក​ទាំង​មូល ឲ្យ​វិល​ត្រឡប់​មក​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ទ្រង់​នឹង​លើក​ទង់​មួយ ជា​សញ្ញា​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដឹង​ថា ទ្រង់​នឹង​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​គេ​កៀរ​យក​ទៅ ហើយ​នាំ​ជន‌ជាតិ​យូដា​ដែល​បែក‌ខ្ញែក​គ្នា ទៅ​ពាស‌ពេញ​សកល​លោក​ទាំង​មូល ឲ្យ​វិល​ត្រឡប់​មក​វិញ។

សូមមើលជំពូក ចម្លង




អេសាយ 11:12
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ប្រមូល​មក​ពី​គ្រប់​ទាំង​ស្រុក គឺ​ពី​ទិស​ខាង​កើត ទិស​ខាង​លិច ទិស​ខាង​ជើង ហើយ​ទិស​ខាង​ត្បូង​ផង។


ព្រះ‌យេហូវ៉ា​ទ្រង់​កំពុង​តែ​សង់​ក្រុង​យេរូ‌សាឡិម​ឡើង ទ្រង់​កំពុង​តែ​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល ដែល​ត្រូវ​បំបរ​ទៅ​ជា​ឈ្លើយ មក​វិញ


តែ​ទ្រង់​បាន​ប្រទាន​ទង់‌ជ័យ​១​ដល់​ពួក​អ្នក​ដែល​កោត ខ្លាច​ទ្រង់ ដើម្បី​ឲ្យ​បាន​លើក​ឡើង​ឲ្យ​ឃើញ ដោយ​ព្រោះ​សេចក្ដី​ពិត។ –បង្អង់


ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​នាំ​គេ​ត្រឡប់​មក​ពី​ស្រុក​បាសាន អញ​នឹង​នាំ​គេ​ឲ្យ​វិល​ពី​បាត​សមុទ្រ​មក​វិញ


នៅ​គ្រា​នោះ ឫស​នៃ​អ៊ីសាយ​នឹង​បាន​តាំង​ឡើង ទុក​ជា​ទង់​ដល់​ជន‌ជាតិ​ទាំង‌ឡាយ ឯ​គ្រប់​សាសន៍ គេ​នឹង​ស្វែង​រក​អ្នក​នោះ ឯ​ទី​សំរាក​របស់​អ្នក​នោះ នឹង​បាន​ជា​ទី​រុងរឿង​ឧត្តម។


ឱ​មនុស្ស​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​លោកីយ នឹង​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផែនដី​អើយ កាល​ណា​ដំឡើង​ទង់​១​ឡើង​នៅ​លើ​ភ្នំ នោះ​ចូរ​មើល​ចុះ ហើយ​កាល​ណា​ផ្លុំ​ត្រែ​ឡើង នោះ​ចូរ​ស្តាប់​ដែរ។


យើង​បាន​ឮ​បទ​ចំរៀង​មក​ពី​ចុង​ផែនដី​បំផុត​ថា សិរី​សួស្តី​ចូរ​មាន​ដល់​ព្រះ​ដ៏​សុចរិត តែ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​កំពុង​តែ​រីងរៃ​ទៅ វរ‌ហើយ​ខ្ញុំៗ​កំពុង​តែ​រីងរៃ​ទៅ ពួក​មនុស្ស​ឧបាយ គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ អើ ពួក​មនុស្ស​ឧបាយ គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ជា​ខ្លាំង


ហើយ​នៅ​គ្រា​នោះ នឹង​ឮ​សូរ​ត្រែ​ធំ​ផ្លុំ​ឡើង នោះ​ពួក​អ្នក​នៅ​ក្នុង​ស្រុក​អាសស៊ើរ ដែល​ហៀប​នឹង​វិនាស​បាត់ នឹង​ពួក​អ្នក​ដែល​ត្រូវ​បំបរ‌បង់​ចេញ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ គេ​នឹង​វិល​មក​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​បរិសុទ្ធ ត្រង់​ក្រុង​យេរូ‌សាឡិម។


អញ​នឹង​បង្គាប់​ដល់​ទិស​ខាង​ជើង​ថា ចូរ​ប្រគល់​គេ​មក ហើយ​ដល់​ទិស​ខាង​ត្បូង​ថា កុំ​ឃាត់​គេ​ទុក​ឡើយ ចូរ​នាំ​អស់​ទាំង​កូន​ប្រុស​របស់​អញ​មក​ពី​ទី​ឆ្ងាយ ហើយ​ពួក​កូន​ស្រី​អញ​មក​ពី​ចុង​ផែនដី​ចុះ


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​បោយ​ដៃ​ហៅ​អស់​ទាំង​សាសន៍ ហើយ​នឹង​លើក​ទង់‌ជ័យ​អញ​ឡើងសំរាប់​ប្រជា‌ជាតិ​ទាំង‌ឡាយ រួច​គេ​នឹង​បី​យក​កូន​ប្រុសៗ​របស់​ឯង​មក ហើយ​នឹង​បញ្ជិះ​កូន​ស្រីៗ​របស់​ឯង​នៅ​លើ​ស្មា​គេ


ឥឡូវ​នេះ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ជប​បង្កើត​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​បំរើ​ទ្រង់ សំរាប់​នឹង​នាំ​ពួក​យ៉ាកុប​មក​ឯ​ទ្រង់​វិញ ហើយ​ឲ្យ​ពួក​អ៊ីស្រាអែល​បាន​មូល​មក​ឯ​ទ្រង់ ដ្បិត​ខ្ញុំ​ជា​ទី​រាប់‌អាន​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ​នៃ​ខ្ញុំ​ទ្រង់​ជា​កំឡាំង​នៃ​ខ្ញុំ


អ្នក​បាន​បោះ‌បង់​ចោល​ឯង​តែ​១​ភ្លែត​ទេ តែ​អញ​នឹង​ទទួល​ឯង​មក​វិញ ដោយ​សេចក្ដី​មេត្តា​ជា​ខ្លាំង


ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​ដែល​ប្រមូល​អស់​អ្នក ដែល​ត្រូវ​បំបរ‌បង់ ក្នុង​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ប្រមូល​មនុស្ស​ដទៃ​មក​ជា​មួយ​ដែរ គឺ​ជា​ពួក​អ្នក​ក្រៅ​ពី​ពួក​អ៊ីស្រាអែល​ដែល​បាន​ប្រមូល​ហើយ។


យ៉ាង​នោះ​គេ​នឹង​កោត‌ខ្លាច ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា​ចាប់​តាំង​ពី​ទិស​ខាង​លិច ហើយ​ដល់​សិរី‌ល្អ​នៃ​ទ្រង់ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ កាល​ណា​ខ្មាំង​នឹង​ចូល​មក​ដូច​ជា​ទឹក​ជន់ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​លើក​ទង់‌ជ័យ​ឡើង​ទាស់​នឹង​វា


ចូរ​ងើប​ភ្នែក​ឯង​មើល​ជុំវិញ គេ​មូល​គ្នា​មក​ឯ​ឯង ទាំង​អស់​ហើយ ពួក​កូន​ប្រុសៗ​របស់​ឯង​នឹង​មក​ពី​ឆ្ងាយ ហើយ​នឹង​មាន​គេ​បី​ពួក​កូន​ស្រីៗ​នៃ​ឯង​មក​ដែរ


ចូរ​ចូល​ទៅ ចូរ​ចូល​ទៅ​តាម​ទ្វារ​ចុះ ចូរ​រៀប​ផ្លូវ​សំរាប់​ប្រជា‌ជន ចូរ​លើក ចូរ​លើក​ថ្នល់​ឡើង ចូរ​ប្រមូល​យក​ថ្ម​ចេញ ហើយ​បង្ហូត​ទង់‌ជ័យ​១​សំរាប់​ជន‌ជាតិ​ទាំង‌ឡាយ


អញ​នឹង​តាំង​ទី​សំគាល់​១​នៅ​កណ្តាល​ពួក​គេ ហើយ​ចាត់​ពួក​គេ​ណា​ខ្លះ​ដែល​រួច​ខ្លួន ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ គឺ​ទៅ​ឯ​ស្រុក​តើស៊ីស ស្រុក​ពូល នឹង​ស្រុក​លូឌ ជា​សាសន៍​ដែល​ជំនាញ​ធ្នូ ហើយ​ស្រុក​ទូបាល នឹង​ស្រុក​យ៉ាវ៉ាន ហើយ​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន ដែល​នៅ​ឆ្ងាយ ជា​ពួក​អ្នក​ដែល​មិន​ទាន់​ឮ​និយាយ​ពី​កិត្តិសព្ទ​របស់​អញ ឬ​ឃើញ​សិរី‌ល្អ​របស់​អញ​នៅ​ឡើយ អ្នក​ទាំង​នោះ​នឹង​ប្រកាស​ប្រាប់​ពី​សិរី‌ល្អ​របស់​អញ នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន


រួច​អញ​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​អញ ចេញ​ពី​គ្រប់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ឯ​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចំរើន​ឡើង


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​មើល​ឯង​ឲ្យ​ជា ហើយ​នឹង​ធ្វើ​ឲ្យ​របួស​ឯង​បាន​សះ​ទៅ ពី​ព្រោះ​គេ​បាន​ហៅ​ឯង​ជា​ពួក​បំបរ‌បង់ ដោយ​ពាក្យ​ថា នេះ​ក្រុង​ស៊ីយ៉ូន​ដែល​ឥត​មាន​អ្នក​ណា​ស្វែង​រក​សោះ។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​មក ទាំង​ខ្លួន​គេ នឹង​ពួក​កូន​ចៅ​យូដា​ទាំង​អស់​គ្នា​ផង គេ​នឹង​ដើរ​តាម​ផ្លូវ ទាំង​យំ​បណ្តើរ ហើយ​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ


ចូរ​ដំឡើង​ទង់‌ជ័យ​ទាស់​នឹង​កំផែង​ក្រុង​បាប៊ីឡូន​ចុះ ត្រូវ​ឲ្យ​ពួក​យាម​បាន​កំឡាំង​ឡើង ចូរ​ដាក់​ពួក​ចាំ​យាម ហើយ​រៀប​ទ័ព​បង្កប់​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច ហើយ​បាន​បង្ហើយ​ការ ដែល​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ណា​អញ​បាន​ប្រមូល​ពួក​វង្ស​អ៊ីស្រាអែល មក​ពី​គ្រប់​សាសន៍ ដែល​គេ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ ហើយ​អញ​បាន​ញែក​ជា​បរិសុទ្ធ​នៅ​ក្នុង​ពួក​គេ ចំពោះ​ភ្នែក​នៃ​សាសន៍​ដទៃ នោះ​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ដែល​អញ​បាន​ឲ្យ​ដល់​យ៉ាកុប ជា​អ្នក​បំរើ​អញ


គ្រា​នោះ ពួក​កូន‌ចៅ​យូដា នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​បាន​រួប‌រួម​គ្នា ក៏​នឹង​តាំង​ឲ្យ​មាន​អ្នក​ជា​ប្រមុខ​តែ​១​លើ​ពួក​ខ្លួន ហើយ​នឹង​ឡើង​ចេញ​ពី​ស្រុក​ទៅ ដ្បិត​ថ្ងៃ​នៃ​យេស‌រាល​នឹង​បាន​ជា​ថ្ងៃ​យ៉ាង​សំបើម។


ចូរ​ស្តី​ប្រដៅ​ដល់​ម្តាយ​ឯង ចូរ​ស្តី​ប្រដៅ​ចុះ ដ្បិត​នាង​មិន​មែន​ជា​ប្រពន្ធ​អញ​ទេ អញ​ក៏​មិន​មែន​ជា​ប្ដី​នាង​ដែរ ត្រូវ​ឲ្យ​នាង​លះ​ចោល​ការ​កំផិត​ពី​មុខ​នាង​ចេញ ហើយ​ការ​កន្លង​បវេណី​ពី​កណ្តាល​ទ្រូង​នាង​ទៅ


ពួក​ថ្វាយ‌បង្គំ​អញ គឺ​កូន​ស្រី​នៃ​ពួក​អញ​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ គេ​នឹង​នាំ​យក​ដង្វាយ​ពី​ខាង​នាយ​អស់​ទាំង​ទន្លេ​ស្រុក​អេធីយ៉ូពី មក​ថ្វាយ​អញ


អញ​នឹង​ចំរើន​កំឡាំង​ពួក​វង្ស​យូដា អញ​នឹង​ជួយ​សង្គ្រោះ​ពួក​វង្ស​យ៉ូសែប ហើយ​នឹង​នាំ​គេ​មក​វិញ ដ្បិត​អញ​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ យ៉ាង​នោះ គេ​នឹង​មាន​សណ្ឋាន ដូច​ជា​អញ​មិន​បាន​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ ហើយ​អញ​នឹង​ស្តាប់​គេ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​អញ​ឲ្យ​រួច​ពី​ស្រុក​ខាង​កើត ហើយ​ពី​ស្រុក​ខាង​លិច​ដែរ


នោះ​ពួក​សាសន៍​យូដា​និយាយ​គ្នា​គេ​ថា តើ​អ្នក​នេះ​គិត​ទៅ​ឯ​ណា ដែល​យើង​នឹង​រក​មិន​ឃើញ តើ​គិត​ទៅ​ឯ​ពួក​អ្នក​ខ្ចាត់​ខ្ចាយ នៅ​ក្នុង​សាសន៍​ក្រេក ដើម្បី​នឹង​បង្រៀន​ដល់​សាសន៍​នោះ​ឬ​អី


អញ​បាន​ប្រាប់​ថា អញ​នឹង​កំចាត់‌កំចាយ​គេ​ឲ្យ​ទៅ​ជា​ឆ្ងាយ អញ​នឹង​បំបាត់​សេចក្ដី​នឹក​ចាំ​ពី​គេ ចេញ​ពី​ពួក​មនុស្ស​លោក​ទៅ


សំបុត្រ​យ៉ាកុប ជា​បាវ​បំរើ​របស់​ព្រះ ហើយ​របស់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ខ្ញុំ​ផ្ញើ​មក​ជំរាប​សួរ​ដល់​ពូជ​អំបូរ​ទាំង​១២ ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ។


ពួក​ទាំង​នោះ​ក៏​ច្រៀង​ទំនុក​១​ថ្មី​ថា ទ្រង់​គួរ​នឹង​យក​ក្រាំង​នេះ ហើយ​នឹង​បក​ត្រា​ផង ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះ‌លោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ


ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​៤​រូប ឈរ​នៅ​ជ្រុង​ផែនដី​ទាំង​៤ ទាំង​ទប់​ខ្យល់​នៅ​ផែនដី​ទាំង​៤​ទិស មិន​ឲ្យ​បក់​មក​លើ​ផែនដី ឬ​សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម