រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៦។
ចោទិយកថា 32:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្តិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គជាថ្មដា ការរបស់ព្រះអង្គសុទ្ធតែគ្រប់លក្ខណ៍ ដ្បិតអស់ទាំងផ្លូវរបស់ព្រះអង្គសុទ្ធតែយុត្តិធម៌ ព្រះអង្គជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ព្រះអង្គក៏ត្រឹមត្រូវ ហើយទៀងត្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គជាថ្មដា ហើយស្នាព្រះហស្ដរបស់ព្រះអង្គល្អឥតខ្ចោះ។ មាគ៌ារបស់ព្រះអង្គសុទ្ធតែទៀងត្រង់។ ព្រះអង្គជាព្រះដ៏ស្មោះត្រង់ ព្រះអង្គមិនអយុត្តិធម៌ឡើយ ដ្បិតព្រះអង្គសុចរិត និងយុត្តិធម៌។ អាល់គីតាប អុលឡោះតាអាឡាជាថ្មដា ហើយស្នាដៃរបស់ទ្រង់ល្អឥតខ្ចោះ។ មាគ៌ារបស់ទ្រង់សុទ្ធតែទៀងត្រង់។ អុលឡោះជាម្ចាស់ដ៏ស្មោះត្រង់ ទ្រង់មិនអយុត្តិធម៌ឡើយ ដ្បិតទ្រង់សុចរិត និងយុត្តិធម៌។ |
រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៦។
មិនគួរគប្បីឲ្យទ្រង់ប្រព្រឹត្តដូច្នោះ នឹងសំឡាប់មនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់នោះទេ យ៉ាងនោះឈ្មោះថាធ្វើឲ្យមនុស្សសុចរិតបានដូចជាមនុស្សអាក្រក់ដែរ សូមកុំឲ្យទ្រង់ធ្វើដូច្នោះឡើយ ឯព្រះដ៏ជាចៅក្រមផែនដីទាំងមូល តើទ្រង់មិនត្រូវប្រព្រឹត្តដោយយុត្តិធម៌ទេឬអី
ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ សូមក្រាបថ្វាយបង្គំដល់ថ្មដានៃទូលបង្គំ ហើយសូមឲ្យព្រះដ៏ជាថ្មដានៃសេចក្ដីសង្គ្រោះទូលបង្គំ បានលើកជាខ្ពស់ឡើង
ព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានមានបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែលបានមានបន្ទូលមកខ្ញុំថា អ្នកណាដែលសោយរាជ្យលើប្រជាជន នោះត្រូវតែបានសុចរិត ហើយត្រូវសោយរាជ្យ ដោយសេចក្ដីកោតខ្លាចដល់ព្រះ
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាមានសេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ាចុះ ចូរប្រយ័ត ហើយសំរេចការនោះទៅ ដ្បិតគ្មានសេចក្ដីទុច្ចរិតណា នៅនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឡើយ ក៏គ្មានសេចក្ដីលំអៀងទៅខាងអ្នកណា ឬស៊ីសំណូកផង។
ទ្រង់បានឃើញថា លោកមានចិត្តស្មោះត្រង់នៅចំពោះទ្រង់ រួចតាំងសញ្ញានឹងលោកថា នឹងប្រទានស្រុករបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍យេប៊ូស នឹងសាសន៍គើកាស៊ី ដល់ពូជរបស់លោក ទ្រង់ក៏បានសំរេចតាមព្រះបន្ទូលទ្រង់ហើយ ដ្បិតទ្រង់សុចរិត។
ដូច្នេះ ឱមនុស្សមានយោបល់អើយ សូមស្តាប់ខ្ញុំចុះ កុំឲ្យយើងថាព្រះទ្រង់ធ្វើអាក្រក់ ឬថាព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់ប្រព្រឹត្តសេចក្ដីទុច្ចរិតនោះឡើយ
ចំណង់បើលោក ដែលពោលថា លោកមើលទ្រង់មិនឃើញ នោះតើយ៉ាងណាទៅ ឯរឿងរ៉ាវនោះក៏នៅចំពោះទ្រង់ ហើយគឺលោកវិញដែលត្រូវរង់ចាំទ្រង់ទេតើ
តើអ្នកណាបានបង្គាប់បង្ហាញផ្លូវ ដែលទ្រង់ត្រូវដើរ ឬអ្នកណាហ៊ានថា ទ្រង់បានប្រព្រឹត្តការទុច្ចរិត
តើព្រះទ្រង់ដែលបង្វែរសេចក្ដីយុត្តិធម៌ចេញឬទេ តើព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់ដែលបង្វែរសេចក្ដីសុចរិតដែរឬ
ពីព្រោះព្រះយេហូវ៉ាទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច ហើយសេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏នៅអស់ទាំងដំណមនុស្សតទៅ។
ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យជំនឿនរបស់ទូលបង្គំបាន ពេញខ្នាតឡើង ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសរបស់ទ្រង់ ស្ថិតស្ថេរនៅជាដរាប សូមទ្រង់កុំបោះបង់ចោលអស់ទាំងស្នាដៃនៃព្រះហស្ត ទ្រង់ឡើយ។
ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ
ជាព្រះដែលបង្កើតផ្ទៃមេឃ នឹងផែនដី ព្រមទាំងសមុទ្រនឹងរបស់សព្វសារពើ ដែលនៅស្ថានទាំងនោះផង ទ្រង់ក៏រក្សាសេចក្ដីពិតត្រង់ជាដរាប
ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង ក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ ហើយជាប៉មយ៉ាងខ្ពស់ផង
ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ សូមសរសើរដល់ថ្មដានៃទូលបង្គំ ក៏សូមឲ្យព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ បានថ្កើងឡើង
៙ ឯក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ សេចក្ដីបន្ទាល់នៃព្រះយេហូវ៉ាជាពិត ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា
ទូលបង្គំប្រគល់ព្រលឹងវិញ្ញាណនៅក្នុងព្រះហស្តទ្រង់ ឱព្រះយេហូវ៉ា ជាព្រះនៃសេចក្ដីពិតអើយ ទ្រង់បានលោះទូលបង្គំទុក
ដ្បិតព្រះបន្ទូលនៃព្រះយេហូវ៉ាត្រឹមត្រូវ ហើយបណ្តាកិច្ចការនៃទ្រង់បានធ្វើដោយស្មោះត្រង់ដែរ
គេក៏នឹកចាំថា ព្រះទ្រង់ជាថ្មដារបស់ខ្លួនគេ គឺព្រះដ៏ខ្ពស់បំផុត ទ្រង់ជាអ្នកប្រោសលោះដល់គេ។
ព្រះយេហូវ៉ាទ្រង់បានសំដែងមកឲ្យស្គាល់ ទ្រង់បានសំរេចតាមសេចក្ដីយុត្តិធម៌ ពួកមនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃគេធ្វើ។ – វាយភ្លេងស្រងូតទទួល –បង្អង់
សូមឲ្យកិច្ចការរបស់ទ្រង់សំដែងមកច្បាស់ ដល់ពួកអ្នកបំរើទ្រង់ ហើយឲ្យឃើញសិរីល្អនៃទ្រង់ស្ថិតលើកូនចៅគេផង
ដើម្បីនឹងសំដែងឲ្យឃើញថា ព្រះយេហូវ៉ាទ្រង់ទៀងត្រង់ ទ្រង់ជាថ្មដានៃខ្ញុំ គ្មានសេចក្ដីទុច្ចរិតណានៅក្នុងទ្រង់ឡើយ។
មានពពក នឹងសេចក្ដីងងឹតបាំងជុំវិញទ្រង់ សេចក្ដីសុចរិត នឹងសេចក្ដីយុត្តិធម៌ ជាជើងថ្កល់បល្ល័ង្កទ្រង់
ទ្រង់បាននឹកចាំពីសេចក្ដីសប្បុរស នឹងសេចក្ដីស្មោះត្រង់ របស់ទ្រង់ ចំពោះវង្សអ៊ីស្រាអែលហើយ អស់ទាំងចុងផែនដីបានឃើញសេចក្ដីសង្គ្រោះរបស់ព្រះ នៃយើងខ្ញុំ
៙ ឯកំឡាំងនៃមហាក្សត្រ នោះគឺដោយស្រឡាញ់ សេចក្ដីយុត្តិធម៌ គឺទ្រង់ដែលតាំងឲ្យមានសេចក្ដីទៀងត្រង់ ទ្រង់ក៏សំរេចតាមសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅក្នុងពួកយ៉ាកុប
ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ
យើងក៏ដឹងដែរ ថាការអ្វីដែលព្រះទ្រង់ធ្វើ នោះនឹងស្ថិតស្ថេរនៅជាដរាប នឹងបន្ថែមអ្វីចូល ឬដកអ្វីចេញមិនបានឡើយ ១ទៀតព្រះទ្រង់ធ្វើការនោះ ដើម្បីឲ្យមនុស្សទាំងឡាយបានកោតខ្លាចនៅចំពោះទ្រង់
ពីព្រោះឯងបានភ្លេចព្រះដែលជួយសង្គ្រោះឯង ហើយមិនបាននឹកចាំពីព្រះដ៏ជាថ្មដានៃកំឡាំងឯង ហេតុនោះបានជាឯងដាំដំណាំដែលគាប់ចិត្តឯង ព្រមទាំងផ្សាំមែកប្លែកៗផង
ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកដំកើងទ្រង់ឡើង ទូលបង្គំនឹងសរសើរដល់ព្រះនាមទ្រង់ ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសំរេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ
ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច
ហេតុនោះបានជា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល អញដាក់ថ្ម១នៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងលហើយ ជាថ្មទីជ្រុងដ៏មានដំឡៃ ដែលបានដាក់យ៉ាងមាំមួន ឯអ្នកណាដែលជឿ នោះមិនត្រូវរួសរាន់ឡើយ
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាសនឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្ដីអាណិតមេត្តាដល់ឯង ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំទ្រង់
ហើយមនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ
តែព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ពិតវិញ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ទ្រង់ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់បានឡើយ
ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្ដីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់អញថា អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្ដីសប្បុរស សេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្តចំពោះសេចក្ដីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
លុះដល់ផុតពេលកំណត់ហើយ នោះនេប៊ូក្នេសា យើងបានងើបភ្នែកឡើងទៅលើមេឃ ហើយសតិស្មារតីក៏ត្រឡប់មកឯយើងវិញ រួចយើងបានក្រាបថ្វាយបង្គំដល់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរ ហើយលើកដំកើងព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចផង ដោយព្រោះអំណាចគ្រប់គ្រងរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យទ្រង់ក៏នៅអស់ទាំងដំណមនុស្សតរៀងទៅ
ឥឡូវនេះ នេប៊ូក្នេសា យើងក៏សរសើរ ហើយលើកដំកើង ព្រមទាំងពណ៌នាគុណដល់មហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងការនៃទ្រង់សុទ្ធតែពិតត្រង់ ហើយផ្លូវប្រព្រឹត្តទាំងប៉ុន្មានរបស់ទ្រង់ក៏យុត្តិធម៌ដែរ ទ្រង់អាចនឹងបន្ទាបអស់អ្នកដែលប្រព្រឹត្តដោយចិត្តធំទៅ។
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ជាព្រះដ៏បរិសុទ្ធនៃទូលបង្គំអើយ តើទ្រង់មិនគង់នៅតាំងពីអស់កល្បរៀងមកទេឬអី យើងខ្ញុំរាល់គ្នានឹងមិនស្លាប់ទេ ឱព្រះយេហូវ៉ាអើយ ទ្រង់បានដំរូវទុកគេឲ្យត្រូវជំនុំជំរះ ហើយឱថ្មដាអើយ ទ្រង់បានតាំងគេឡើង ដើម្បីវាយផ្ចាល
ទ្រង់មានព្រះនេត្របរិសុទ្ធក្រៃលែង នឹងទតមើលការអាក្រក់មិនបាន ក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរ ហេតុអ្វីបានជាទ្រង់ទតមើលចំពោះពួកអ្នកដែលប្រព្រឹត្តកម្បថ ហើយនៅតែស្ងៀម ក្នុងកាលដែលពួកអ្នកអាក្រក់លេបមនុស្សដែលសុចរិតជាងខ្លួនបាត់ទៅដូច្នេះ
តែព្រះយេហូវ៉ាដែលគង់នៅកណ្តាលវា ទ្រង់សុចរិតទេ ទ្រង់មិនព្រមប្រព្រឹត្តអំពើទុច្ចរិតសោះរាល់តែព្រឹក ទ្រង់នាំយកសេចក្ដីយុត្តិធម៌របស់ទ្រង់មកដាក់នៅពន្លឺ ឥតខានឡើយ តែមនុស្សអាក្រក់មិនចេះខ្មាសទេ
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ។
ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ នឹងសេចក្ដីពិត
ដ្បិតបណ្តាក្រិត្យវិន័យទាំងប៉ុន្មាន បានប្រទានមក ដោយសារលោកម៉ូសេ តែឯព្រះគុណ នឹងសេចក្ដីពិត នោះបានមក ដោយសារព្រះយេស៊ូវគ្រីស្ទវិញ
ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ
ព្រះវរបិតាទ្រង់មិនជំនុំជំរះអ្នកណាទេ ទ្រង់បានប្រគល់គ្រប់ការជំនុំជំរះ ដល់ព្រះរាជបុត្រាវិញ
គេក៏ស្គាល់សេចក្ដីជំនុំជំរះដ៏សុចរិតរបស់ព្រះថា អស់អ្នកដែលប្រព្រឹត្តការយ៉ាងដូច្នោះ នោះគួរនឹងស្លាប់ហើយ ប៉ុន្តែគេមិនគ្រាន់តែប្រព្រឹត្តយ៉ាងនោះប៉ុណ្ណោះ គឺគេចូលចិត្តយល់ព្រមនឹងអស់អ្នកណា ដែលប្រព្រឹត្តដូច្នោះផងដែរ។
តែយើងរាល់គ្នាដឹងថា ចំណែកសេចក្ដីជំនុំជំរះរបស់ព្រះវិញ នោះត្រូវនឹងសេចក្ដីពិត ទាស់នឹងពួកអ្នកដែលប្រព្រឹត្តយ៉ាងនោះ
តែដោយអ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្ដីក្រោធ ទុកសំរាប់ខ្លួនដល់ថ្ងៃនៃសេចក្ដីក្រោធវិញ ជាថ្ងៃដែលសេចក្ដីជំនុំជំរះដ៏សុចរិតរបស់ព្រះនឹងសំដែងមក
ប៉ុន្តែ បើសិនជាសេចក្ដីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្ដីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច តើព្រះទ្រង់ទុច្ចរិតឬអី ដែលទ្រង់ធ្វើទោសនោះ (នេះខ្ញុំនិយាយតាមបែបមនុស្សលោក)
ហើយគ្រប់គ្នាបានផឹកទឹកដដែលខាងព្រលឹងវិញ្ញាណដែរ ដ្បិតបានផឹកពីថ្មដាខាងព្រលឹងវិញ្ញាណដែលតាមគេ ឯថ្មដានោះ គឺជាព្រះគ្រីស្ទ
ទ្រង់សំរេចសេចក្ដីសុចរិតដល់ពួកកំព្រា នឹងពួកមេម៉ាយ ក៏ស្រឡាញ់អ្នកប្រទេសក្រៅ ទាំងប្រទានឲ្យមានអាហារ នឹងសំលៀកបំពាក់ផង
តែយេស៊ូរុន បានឡើងសាច់ ហើយបានធាត់ឡើងវិញ គេបានចំរើនសាច់ឡើង បានត្រឡប់ជាក្រាស់មាំហើយ ក៏ធាត់រលីក នោះគេបានបោះបង់ចោលព្រះដែលបង្កើតខ្លួនមក ហើយបានមើលងាយដល់ថ្មដានៃសេចក្ដីសង្គ្រោះរបស់ខ្លួន
ឯព្រះដ៏ជាថ្មដាដែលទ្រង់បង្កើតឯង នោះឯងឥតរវល់វិញ គឺបានបំភ្លេចព្រះដែលបានបង្កើតជីវិតឯងមក។
ដូច្នេះ ចូរដឹងថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ពិតជាព្រះហើយ គឺជាព្រះស្មោះត្រង់ ដែលទ្រង់កាន់តាមសេចក្ដីសញ្ញា ហើយនឹងសេចក្ដីសប្បុរសដរាបដល់ទាំងពាន់ដំណ របស់ពួកអ្នកដែលស្រឡាញ់ទ្រង់ហើយកាន់តាមបញ្ញត្តរបស់ទ្រង់
គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្ដីផ្លាស់ប្រែក៏គ្មានដែរ
ឯអ្នកដែលតែងក្រិត្យវិន័យ ហើយជំនុំជំរះផង នោះមានតែ១ទេ គឺជាព្រះ ដែលទ្រង់អាចនឹងជួយសង្គ្រោះ ឬបំផ្លាញក៏បាន ចុះតើអ្នកជាអ្វី ដែលថ្កោលទោសអ្នកដទៃនោះ។
ពីព្រោះមានសេចក្ដីចែងទុកមកក្នុងគម្ពីរថា «មើល អញដាក់ថ្មជ្រុង១នៅក្រុងស៊ីយ៉ូន ជាថ្មដែលជ្រើសរើស ហើយវិសេសវិសាល អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»
គ្មានព្រះណាបរិសុទ្ធ ដូចព្រះយេហូវ៉ាឡើយ ដ្បិតក្រៅពីទ្រង់គ្មានព្រះឯណាទៀតសោះ ក៏គ្មានព្រះឯណាដែលទុកជាថ្មដា ឲ្យដូចព្រះនៃយើងខ្ញុំដែរ