Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 90 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


ប៉ែក​ទី​៤
សេចក្ដី​អធិស្ឋាន​របស់​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ។

1 ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​ធ្វើ​ជា​ទី​អាស្រ័យ​នៅ​នៃ​យើង​ខ្ញុំ នៅ​អស់​ទាំង​ដំណ​ត​មក

2 គឺ​មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើង ក្នុង​កាល​ដែល​ទ្រង់​មិន​ទាន់​បង្កើត​ផែនដី នឹង​មនុស្ស​លោក​នៅ​ឡើយ ចាប់​តាំង​ពី​អស់‌កល្ប រៀង​ទៅដល់​អស់‌កល្ប‌ជានិច្ច នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ

3 ទ្រង់​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ដោយ​បន្ទូល​ថា អស់​ទាំង​មនុស្ស​ជាតិ​អើយ ចូរ​ត្រឡប់​វិល​ទៅ​វិញ​ចុះ

4 ដ្បិត​នៅ​ព្រះ‌នេត្រ​ទ្រង់ នោះ​១​ពាន់​ឆ្នាំ​រាប់​ដូច​ជា​ថ្ងៃ​ម្សិល ដែល​កន្លង​ហួស​ទៅ​ហើយ ក៏​ដូច​ជា​យាម​១​ក្នុង​វេលា​យប់​ប៉ុណ្ណោះ

5 ទ្រង់​កៀរ​យក​គេ​ទៅ ដូច​ជា​ទឹក​ជន់ ដូច​ជា​ដេក​លក់​មួយ​ស្របក់​ប៉ុណ្ណោះ នៅ​ពេល​ព្រឹក​គេ​ធៀប​ដូច​ជា​ស្មៅ​ដែល​លាស់​ឡើង

6 គឺ​នៅ​ពេល​ព្រឹក​វា​រីក​ផ្កា ហើយ​លាស់​ឡើង ដល់​ល្ងាច​គេ​ត្រូវ​ច្រូត​កាត់​ទៅ ហើយ​ក៏​ក្រៀម​ស្វិត​វិញ

7 ដ្បិត​យើង​ខ្ញុំ​ត្រូវ​វិនាស​ទៅ​ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ ហើយ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ក៏​បំភ័យ​យើង​ខ្ញុំ

8 ទ្រង់​បាន​ដាក់​អស់​ទាំង​អំពើ​ទុច្ចរិត របស់​យើង​ខ្ញុំ​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​អំពើ​បាប​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង ឲ្យ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់​ផង

9 ដ្បិត​អស់​ទាំង​ថ្ងៃ​អាយុ​របស់​យើង​ខ្ញុំ​បាន​កន្លង​បាត់​ទៅ ដោយ​សេចក្ដី​ក្រោធ​នៃ​ទ្រង់ យើង​ខ្ញុំ​បង្ហើយ​អាយុ​យើង​ខ្ញុំ​ដូច​ជា​សូរ​ថ្ងូរ

10 កំណត់​អាយុ​នៃ​យើង​ខ្ញុំ គឺ​បាន​ត្រឹម​៧០​ឆ្នាំ​ទេ ឬ​បើ​មាន​កំឡាំង​ច្រើន នោះ​បាន​ដល់​៨០​ឆ្នាំ​ប៉ុណ្ណោះ គង់​តែ​អ្វីៗ​ដែល​ជា​ទី​អួត​ក្នុង​ឆ្នាំ​ទាំង​នោះ សុទ្ធ​តែ​ជា​ការ​នឿយ​លំបាក នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ទទេ ដ្បិត​អាយុ​យើង​ខ្ញុំ​ឆាប់​កន្លង​ទៅ ហើយ​យើង​ខ្ញុំ​ហើរ​ទៅ​បាត់

11 តើ​មាន​អ្នក​ណា​ដែល​ស្គាល់​អំណាច​នៃ​សេចក្ដី​ខ្ញាល់ នឹង​សេចក្ដី​ក្រោធ​របស់​ទ្រង់ តាម​ដែល​គួរ​កោត‌ខ្លាច​ដល់​ទ្រង់​នោះ

12 ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មី‌ឃ្មាត ឲ្យ​បាន​សតិ‌បញ្ញា

13 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​វិល​មក​វិញ តើ​ដល់​កាល​ណា​ទៅ សូម​សំរាល​ព្រះ‌ហឫទ័យ ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់​ផង

14 ឱ​សូម​ចំអែត​យើង​ខ្ញុំ ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់ នៅ​ពេល​ព្រឹក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រីក‌រាយ​ឡើង ហើយ​មាន​សេចក្ដី​អំណរ​រហូត​ដល់​អស់​១​ជីវិត

15 សូម​ឲ្យ​យើង​ខ្ញុំ​បាន​ថ្ងៃ​អរ​សប្បាយ ឲ្យ​ស្មើ​នឹង​ថ្ងៃ ដែល​ទ្រង់​បាន​ធ្វើ​ទុក្ខ​ដល់​យើង​ខ្ញុំ​ហើយ គឺ​ឲ្យ​ស្មើ​នឹង​អស់​ទាំង​ឆ្នាំ ដែល​យើង​ខ្ញុំ​ទ្រាំ​រង សេចក្ដី​អាក្រក់​នោះ

16 សូម​ឲ្យ​កិច្ច‌ការ​របស់​ទ្រង់​សំដែង​មក​ច្បាស់ ដល់​ពួក​អ្នក​បំរើ​ទ្រង់ ហើយ​ឲ្យ​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់​ស្ថិត​លើ​កូន​ចៅ​គេ​ផង

17 សូម​ឲ្យ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​សណ្ឋិត​លើ​យើង​ខ្ញុំ ហើយ​តាំង​ការ​នៃ​ដៃ​យើង​ខ្ញុំ ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង អើ សូម​តាំង​ការ​នៃ​ដៃ​យើង​ខ្ញុំ​ឲ្យ​ស្ថិត‌ស្ថេរ​ចុះ។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម