Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង។

1 ផ្ទៃ​មេឃ​សំដែង​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ ដែល​ព្រះ‌ហស្ត​ទ្រង់​ធ្វើ

2 ថ្ងៃ​១​ពោល​ប្រាប់​ត​ដល់​ថ្ងៃ​១​ទៀត ហើយ​យប់​១​ក៏​សំដែង​ចំណេះ​ដល់​យប់​១​ទៀត​ដែរ

3 ឯ​ពាក្យ​សំដី ឬ​ភាសា នោះ​គ្មាន​ឮ​ឡើយ គ្មាន​អ្នក​ណា​ដែល​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ទេ

4 ប៉ុន្តែដំណឹង​ដែល​របស់​ទាំង​នោះ​ផ្សាយ​មក ក៏​បាន​ចេញ​ទៅ​គ្រប់​លើ​ផែនដី ហើយ​សេចក្ដី​នោះ​បាន​ឮ​ទៅ​ដល់​ទី​បំផុត​លោកីយ នៅ​លើ​មេឃ ទ្រង់​បាន​ដំឡើង​ត្រសាល​សំរាប់​ព្រះ‌អាទិត្យ

5 ដែល​ទុក​ដូចជា​ប្ដី​ថ្មោង‌ថ្មី​កំពុង​តែ​ចេញ​ពី​បន្ទប់​ដេក ទាំង​មាន​សេចក្ដី​អំណរ​នឹង​រត់​តាម​ផ្លូវ​ខ្លួន ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ

6 ព្រះ‌អាទិត្យ​ក៏​រះ​ពី​ជើង​មេឃ​ម្ខាង ហើយ​ដើរ​វង់​ទៅ​ដល់​ជើង​មេឃ​ម្ខាង គ្មាន​របស់​អ្វី​លាក់​កំបាំង​ពី​កំដៅ​នៃ​ព្រះ‌អាទិត្យ​ទេ។

7 ៙ ឯ​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​នោះ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ សេចក្ដី​បន្ទាល់​នៃ​ព្រះ‌យេហូវ៉ា​ជា​ពិត ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា

8 សេចក្ដី​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ ក៏​បណ្តាល​ឲ្យ​ចិត្ត​រីក‌រាយ​សប្បាយ ក្រិត្យ‌ក្រម​នៃ​ព្រះ‌យេហូវ៉ា​ជា​សុទ្ធ‌សាធ ក៏​បំភ្លឺ​ភ្នែក

9 សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​បរិសុទ្ធ ក៏​នៅ​ជាប់​ជា​រៀង​រាប​ដរាប អស់​ទាំង​ខ​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់​ជំពូក

10 សេចក្ដី​ទាំង​នោះ​គួរ​ចង់​បាន​លើស​ជាង​មាស អើ ជា​ជាង​មាស​សុទ្ធ​ជា​ច្រើន​ផង ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​ជាង​ដំណក់​ស្រក់​ពី​សំណុះ​ផង

11 មួយ​ទៀត ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ក៏​ចេះ​ប្រយ័ត ដោយ‌សារ​សេចក្ដី​ទាំង​នោះ​ដែរ ហើយ​ដែល​កាន់​តាម នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ

12 តើ​អ្នក​ណា​នឹង​ស្គាល់​អំពើ​ខុស‌ឆ្គង​របស់​ខ្លួន​បាន សូម​ជំរះ​ទូលបង្គំ​ឲ្យ​ជ្រះ​ស្អាត​ពី​អំពើ​លាក់​កំបាំង​ផង

13 សូម​រាំង‌រា​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​រួច​ពី​បាប​ដែល​ធ្វើ​ដោយ​ល្មើស​ដែរ កុំ​ឲ្យ​បាប​នោះ​មាន​អំណាច​លើ​ទូលបង្គំ​ឡើយ នោះ​ទូលបង្គំ​នឹង​បាន​ទៀង​ត្រង់ ហើយ​នឹង​បាន​រួច​ពី​អំពើ រំលង​យ៉ាង​ធំ​ផង

14 ឱ​ព្រះ‌យេហូវ៉ា ជា​ថ្មដា ហើយ​ជា​អ្នក​ប្រោស​លោះ​នៃ ទូលបង្គំ​អើយ សូម​ឲ្យ​ពាក្យ​សំដី​ដែល​ចេញ​មក​ពី​មាត់​ទូលបង្គំ នឹង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូលបង្គំ បាន​គួរ​គាប់​នៅ​ព្រះ‌នេត្រ​ទ្រង់។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម