Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 មួយ​ទៀត អេលី‌ហ៊ូវ​និយាយ​ថា

2 សេចក្ដី​នេះ​តើលោក​ស្មាន​ថា គួរ​គប្បី​ឬ ដែល​លោក​ចង់​ថា សេចក្ដី​សុចរិត​របស់​លោក នោះ​លើស​ជាង​សេចក្ដី​សុចរិត​របស់​ព្រះ

3 ដោយ​ពាក្យ​ថា តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ ហើយ​បើ​ខ្ញុំ​មិន​បាន​ធ្វើ​បាប នោះ​តើ​នឹង​បាន​កំរៃ​ជា​ជាង​យ៉ាង​ណា​ទៅ

4 ខ្ញុំ​នឹង​តប​ឆ្លើយ​ដល់​លោក ហើយ​ដល់​ពួក‌ម៉ាក​របស់​លោក​នេះ​ដែរ

5 សូម​ពិចារណា​មើល​ស្ថាន​សួគ៌​ចុះ ហើយ​រំពឹង​មើល​ផ្ទៃ​មេឃ ដែល​ខ្ពស់​ជាង​លោក​ជា​យ៉ាង​ណា

6 បើ​លោក​បាន​ធ្វើ​បាប នោះ​តើ​លោក​បាន​ធ្វើ​ឲ្យ​ដាប​ដល់​ទ្រង់​យ៉ាង​ណា​ខ្លះ បើ​អំពើ​រំលង​របស់​លោក​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង នោះ​តើ​លោក​បាន​ធ្វើ​ឲ្យ​ដាប​ដល់​ទ្រង់​ជា​យ៉ាង​ណា

7 ឬ​បើ​លោក​សុចរិត​វិញ នោះ​តើ​លោក​បាន​បន្ថែម​អ្វី​ដល់​ទ្រង់ ឬ​ទ្រង់​ទទួល​អ្វី​ពី​ដៃ​លោក

8 អំពើ​អាក្រក់​របស់​លោក​អាច​នឹង​ធ្វើ​បង្ខូច​ដល់​អ្នក​ដទៃ​បាន ជា​មនុស្ស​ដូច​ជា​លោក​ដែរ ហើយ​សេចក្ដី​សុចរិត​របស់​លោក​នឹង​មាន​ប្រយោជន៍​ដល់​កូន​របស់​មនុស្ស​ដទៃ​បាន​ដែរ។

9 មាន​គេ​ថ្ងូរ ដោយ​ព្រោះ​សេចក្ដី​សង្កត់‌សង្កិន​យ៉ាង​សន្ធឹក ក៏​មាន​គេ​ស្រែក​រក​មនុស្ស​ជួយ ដោយ​ព្រោះ​តែ​ដៃ​របស់​មនុស្ស​មាន​អំណាច​មែន

10 តែ​ឥត​មាន​អ្នក​ណា​ថា ឯ​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​បង្កើត​ខ្ញុំ​មក ដែល​ទ្រង់​បណ្តាល​ឲ្យ​ច្រៀង​នៅ​វេលា​យប់

11 ហើយ​បង្រៀន​ដល់​យើង ជា​ជាង​សត្វ​តិរច្ឆាន​នៅ​ផែនដី ក៏​ឲ្យ​មាន​ប្រាជ្ញា​លើស​ជាង​សត្វ​ហើរ​លើ​អាកាស តើ​ទ្រង់​នៅ​ឯ​ណា នោះ​ទេ

12 គេ​ស្រែក​នៅ​ទី​នេះ ឥត​មាន​អ្នក​ណា​ឆ្លើយ​ឡើយ ដោយ​ព្រោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​អាក្រក់

13 ពិត​ប្រាកដ​ជា​ព្រះ‌ទ្រង់​មិន​ព្រម​ស្តាប់​សំរែក​ដែល​ស្រែក​ជា​ទទេៗ​ដែរ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​មិន​ព្រម​ទាំង​ក្រឡេក​មើល​ផង

14 ចំណង់​បើ​លោក ដែល​ពោល​ថា លោក​មើល​ទ្រង់​មិន​ឃើញ នោះ​តើ​យ៉ាង​ណា​ទៅ ឯ​រឿង‌រ៉ាវ​នោះ​ក៏​នៅ​ចំពោះ​ទ្រង់ ហើយ​គឺ​លោក​វិញ​ដែល​ត្រូវ​រង់‌ចាំ​ទ្រង់​ទេ​តើ

15 ប៉ុន្តែ ឥឡូវ​នេះ​ដែល​យ៉ូប​ថា ទ្រង់​មិន​ធ្វើ​ទោស​ដោយ​សេចក្ដី​ក្រោធ​ទេ ក៏​មិន‌សូវ​រវល់​នឹង​សេចក្ដី​ឆ្មើង‌ឆ្មៃ​ដែរ

16 នោះ​ខ្ញុំ​ថាលោក​បាន​បើក​មាត់​បញ្ចេញ​តែ​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​បាន​ចំរើន​ពាក្យ​សំដី​ឥត​បើ​គិត​វិញ។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម