Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ចោទិយ‌កថា 32 - អាល់គីតាប


បទ​ចំរៀង​របស់​ណាពី​ម៉ូសា

1 «ផ្ទៃ​មេឃ​អើយ ចូរ​ត្រង់​ត្រាប់​ស្តាប់​សេចក្តី ដែល​ខ្ញុំ​នឹង​ថ្លែង! ផែនដី​អើយ ចូរ​ស្តាប់​ពាក្យ​ដែល​ខ្ញុំ​និយាយ!

2 សូម​ឲ្យ​ដំបូន្មាន​របស់​ខ្ញុំ​ធ្លាក់​ដូច​ទឹក​ភ្លៀង សូម​ឲ្យ​ពាក្យ​សំដី​របស់​ខ្ញុំ​ស្រក់​ដូច​សន្សើម ដូច​ភ្លៀង​បង្អុរ​មក​លើ​រុក្ខជាតិ​ខៀវ​ខ្ចី ឬ​ដូច​ដំណក់​ទឹក​ធ្លាក់​ទៅ​លើ​ស្មៅ

3 ដ្បិត​ខ្ញុំ​នឹង​ប្រកាស​អំពី​នាមអុលឡោះ‌តាអាឡា! ចូរ​លើក​តម្កើង​ភាព​ថ្កុំ‌ថ្កើង​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង!

4 អុលឡោះ‌តាអាឡា​ជា​ថ្ម​ដា ហើយ​ស្នា​ដៃ​របស់​ទ្រង់​ល្អ​ឥត​ខ្ចោះ។ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​ទៀង​ត្រង់។ អុលឡោះ​ជា​ម្ចាស់​ដ៏​ស្មោះ​ត្រង់ ទ្រង់​មិន​អយុត្តិធម៌​ឡើយ ដ្បិត​ទ្រង់​សុចរិត និង​យុត្តិធម៌។

5 អុលឡោះ​ជ្រាប​ថា អ្នក​រាល់​គ្នា​ក្បត់​ទ្រង់ ដោយ​អ្នក​រាល់​គ្នា​មាន​មារយាទ​បែប​នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បុត្រ​ធីតា របស់​ទ្រង់​ទៀត​ទេ អ្នក​រាល់​គ្នា​ជា​មនុស្ស​អប្រិយ និង​មាន​ចិត្ត​វៀច​វេរ។

6 ប្រជា‌ជន​ល្ងី‌ល្ងើ ឥត​ប្រាជ្ញា​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អុលឡោះ ដែល​ប្រៀប​ដូច​ជា​ឪពុក​ដែល​បាន​បង្កើត​អ្នក​មក! ទ្រង់​បាន​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌ជាតិ​មួយ ព្រម​ទាំង​ពង្រឹង​អ្នក​ឲ្យ​មាំ​មួន​ទៀត​ផង។

7 ចូរ​នឹក​ចាំ​ពី​អតីត‌កាល ចូរ​រិះ​គិត​អំពី​ឆ្នាំ​នា​នា​ដែល​កន្លង​ហួស​មក​ហើយ ចូរ​សុំ​ឲ្យ​ឪពុក‌ម្តាយ និង​ជីដូន​ជីតា​របស់​អ្នក រៀប​រាប់​អំពី​ហេតុ‌ការណ៍​នៅ​ជំនាន់​មុនៗ។

8 ពេល​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ប្រទាន​ទឹក​ដី ឲ្យ​ប្រជា‌ជាតិ​ទាំង​ឡាយ ទុក​ជា​កេរ‌មត៌ក ពេល​អុលឡោះ​បំបែក​មនុស្ស​លោក​ចេញ​ពី​គ្នា ទ្រង់​បាន​កំណត់​ព្រំដែន ឲ្យ​ជាតិ​សាសន៍​នា​នា ដោយ​យោង​តាម​ចំនួន​កូន​ចៅ​អ៊ីស្រ‌អែល។

9 អុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​អ៊ីស្រ‌អែល ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​ជ្រើស​រើស​កូន​ចៅ​យ៉ាកកូប ទុក​ជា​ចំណែក​មត៌ក​របស់​ទ្រង់​ផ្ទាល់។

10 ទ្រង់​បាន​រក​ឃើញ​អ៊ីស្រ‌អែល នៅ​វាល​រហោ‌ស្ថាន ក្នុង​ទឹក​ដី​ហួត​ហែង ដែល​មាន​តែ​ឆ្កែ​ព្រៃ​រស់​នៅ ទ្រង់​បី​បាច់​ថ្នាក់​ថ្នម និង​អប់រំ​អ៊ីស្រ‌អែល ទ្រង់​ការ‌ពារ​គេ ដូច​ប្រស្រី​នេត្រ​របស់​អុលឡោះ។

11 អុលឡោះ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រ‌អែល ដូច​សត្វ​ឥន្ទ្រី​បង្រៀន​កូន​នៅ​ក្នុង​សំបុក ព្រម​ទាំង​ហើរ​ការ‌ពារ​ពី​លើ​កូន​របស់​វា ហើយ​ត្រដាង​ស្លាប​ក្រុង​កូន​របស់​វា និង​ដាក់​កូន​នៅ​លើ​ចំអេង​ស្លាប​ផង។

12 មាន​តែអុលឡោះ‌តាអាឡា​មួយ​គត់ ដែល​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ គឺ​ទ្រង់​មិន​ត្រូវ​ការ​ព្រះ​ដទៃ​ឡើយ។

13 អុលឡោះ​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ឡើង​ទៅ រស់​នៅ​តាម​តំបន់​ភ្នំ ហើយ​ឲ្យ​ពួក​គេ​បរិភោគ ភោគ​ផល​ដែល​ដុះ​នៅ​តាម​ចម្ការ ទ្រង់​ឲ្យ​ពួក​គេ​បរិភោគ​ទឹក​ឃ្មុំ និង​ប្រេង នៅ​តាម​កន្លែង​ដែល​មាន​ថ្ម។

14 គោ​ញី និង​ពពែ​ញី​ផ្តល់​ទឹក​ដោះ​ឲ្យ​ពួក​គេ ពួក​គេ​មាន​សាច់​សត្វ​ដ៏​ធាត់ៗ​បរិភោគ គឺ​កូន​ចៀម និង​ចៀម​ឈ្មោល​នៅ​ស្រុក​បាសាន ព្រម​ទាំង​ពពែ​ឈ្មោល ពួក​គេ​បរិភោគ​នំបុ័ង​ធ្វើ​ពី​ម្សៅ​ដ៏​ល្អៗ ហើយ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ដ៏​ឆ្ងាញ់​ពិសា។

15 អ៊ីស្រ‌អែល បាន​ធំ​ធាត់ មាន​កម្លាំង​រឹង‌ប៉ឹង (ពិត​មែន​ហើយ អ្នក​បាន​ធំ​ធាត់ និង​មាំ​មួន!) ហើយ​គេ​ក៏​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ដែល​បាន​បង្កើត​ខ្លួន​មក គេ​បាន​មាក់‌ងាយ​អុលឡោះ​ដែល​ជា​ថ្ម​ដា និង​ជា​អ្នក​សង្គ្រោះ​របស់​ខ្លួន។

16 ពួក​គេ​ធ្វើ​ឲ្យ​អុលឡោះ​ប្រច័ណ្ឌ ព្រោះ​ពួក​គេ​បែរ​ទៅ​គោរព​ព្រះ​ដទៃ ពួក​គេ​ធ្វើ​ឲ្យ​ទ្រង់​ខឹង ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម។

17 ពួក​គេ​សែន​ព្រេន​អារក្ស​ដែល​មិន​មែន​ជា​អុលឡោះ ព្រម​ទាំង​សែន​ព្រេន​ដល់​ព្រះ​ទាំង​ឡាយ ដែល​ខ្លួន​ពុំ​ស្គាល់ គឺ​ជា​ព្រះ​ថ្មីៗ​ដែល​បុព្វ‌បុរស​របស់​ខ្លួន​ពុំ​ធ្លាប់​គោរព។

18 អ្នក​បាន​ប្រមាថ​មាក់‌ងាយ​អុលឡោះដែល​ជា​ថ្ម​ដា ហើយ​បាន​បង្កើត​អ្នក​មក អ្នក​បាន​បំភ្លេច​ទ្រង់​ដែល​ផ្តល់​ជីវិត​ឲ្យ​អ្នក។

19 អុលឡោះ‌តាអាឡា​មើល​ឃើញ​ដូច្នេះ ទ្រង់​បោះ​បង់​ចោល​ពួក​គេ។ បុត្រ​ធីតា​របស់​ទ្រង់​បាន​ធ្វើ​ឲ្យ​ទ្រង់​ខឹង។

20 អុលឡោះ​ក៏​មាន​បន្ទូល​ថា៖ «យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ហើយ យើង​មុខ​ជា​ឃើញ​ថា ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។ ពួក​គេ​ជា​មនុស្ស​ពាល គ្មាន​នរណា​អាច​ទុក​ចិត្ត​ពួក​គេ​បាន​ឡើយ។

21 ពួក​គេ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ ដោយ​សារ​ព្រះ‌ក្លែង‌ក្លាយ ពួក​គេ​ធ្វើ​ឲ្យ​យើង​ខឹង ដោយ​សារ​ព្រះ​ដែល​ឥត​បាន​ការ។ ដូច្នេះ យើង​ក៏​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ប្រច័ណ្ឌ ដោយ​សារ​មនុស្ស​ដែល​មិន​មែន​ជា​ប្រជា‌ជន យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ខឹង ដោយ​សារ​ប្រជា‌ជាតិ​ដែល​មិន​ដឹង​ខុស​ត្រូវ។

22 ភ្លើង​កំហឹង​របស់​យើង​កំពុង​តែ​ឆាប​ឆេះ រាល​ដាល​រហូត​ទៅ​ដល់​ក្នុង​ផ្នូរ​ខ្មោច។ ភ្លើង​នេះ​នឹង​ឆាប​ឆេះ​ផែនដី និង​ភោគ​ផល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រម​ទាំង​ឆាប​ឆេះ​គ្រឹះ​របស់​ភ្នំ​នា​នា​ផង។

23 យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា កើត​មាន​ដល់​ពួក​គេ​ផ្ទួនៗ​គ្នា។ យើង​នឹង​បាញ់​ព្រួញ​ទាំង​ប៉ុន្មាន​របស់​យើង ទៅ​លើ​ពួក​គេ។

24 ពួក​គេ​នឹង​ធ្លាក់​ខ្លួន​ខ្សោយ ដោយ​សារ​ទុរ្ភិក្ស ឈឺ​រ៉ាំរ៉ៃ ដោយ​ជំងឺ​គ្រុន​ក្តៅ និង​ជំងឺ​ឆ្លង។ យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ចង្កូម របស់​សត្វ​សាហាវ និង​ពស់​អាសិ‌រពិស។

25 នៅ​ខាង​ក្រៅ​ផ្ទះ ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ ខាង​ក្នុង ពួក​គេ​ស្លាប់​ដោយ​ភ័យ​ញាប់‌ញ័រ។ សេចក្តី​ស្លាប់​កើត​មាន​ដល់​ពួក​គេ​គ្រប់​គ្នា ទាំង​កំលោះ ទាំង​ក្រមុំ ទាំង​ទារក​ដែល​នៅ​បៅ ទាំង​ចាស់​សក់​ស្កូវ។

26 យើង​មាន​បំណង​បំផ្លាញ​ពួក​គេ​ទាំង​ស្រុង យើង​ចង់​លុប​បំបាត់​ពួក​គេ​ពី​ផែនដី មិន​ឲ្យ​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។

27 ប៉ុន្តែ យើង​នឹង​បារម្ភ ក្រែង​លោ​ខ្មាំង​សត្រូវ​យល់​ច្រឡំ ហើយ​ចំអក និង​ប្រមាថ​មើល​ងាយ​យើង ដោយ​ពោល​ថា “ពួក​យើង​ជា​មនុស្ស​ខ្លាំង​ពូកែ គឺ​មិន​មែនអុលឡោះ‌តាអាឡា​ទេ​ដែល​សម្រេច​ការ​នេះ”។

28 អ៊ីស្រ‌អែល​ជា​ប្រជា‌ជាតិ​ឥត​ដឹង​ខុស​ត្រូវ ពួក​គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។

29 ប្រសិន​បើ​ពួក​គេ​មាន​ប្រាជ្ញា នោះ​ពួក​គេ​មុខ​ជា​ពិចារ‌ណា ហើយ​យល់​ថា នៅ​អនាគត តើ​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា។

30 ប្រសិន​បើអុលឡោះ‌តាអាឡា ដែល​ជា​ថ្ម​ដា​របស់​ពួក​គេ មិន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់ ខ្មាំង​សត្រូវ​ទេ​នោះ តើ​ខ្មាំង​សត្រូវ​តែ​ម្នាក់​អាច​ដេញ​តាម អ៊ីស្រ‌អែល​ដល់​ទៅ​មួយ​ពាន់​នាក់ ហើយ​ខ្មាំង​សត្រូវ​តែ​ពីរ​នាក់​អាច​ធ្វើ​ឲ្យ អ៊ីស្រ‌អែល​មួយ​ម៉ឺន​នាក់​បាក់​ទ័ព កើត​ឬ?

31 ប៉ុន្តែ ខ្មាំង​សត្រូវ​របស់​យើង​ដឹង​ស្រាប់​ហើយ​ថា ព្រះ​ដែល​ជា​ថ្ម​ដា​របស់​ពួក​គេ ពុំ​អាច​ផ្ទឹម​ស្មើ​នឹងអុលឡោះ‌តាអាឡា ដែល​ជា​ថ្ម​ដា​របស់​យើង​បាន​ឡើយ។

32 ចំណែក​ឯ​ពួក​គេ​វិញ ពួក​គេ​ប្រៀប​ដូច​ជា អ្នក​ក្រុង​សូដុម និង​អ្នក​ក្រុង​កូម៉ូ‌រ៉ា ហើយ​ប្រៀប​ដូច​ជា​ដើម​ទំពាំង​បាយ​ជូរ ដែល​មាន​ផ្លែ​ល្វីង និង​មាន​ជាតិ​ពុល។

33 ស្រា​ទំពាំង​បាយ​ជូរ​របស់​ពួក​គេ ប្រៀប​ដូច​ជា​ពិស​របស់​នាគ និង​ដូច​ជា​ពិស​ដ៏​សាហាវ​របស់​ពស់​វែក។

34 យើង​រៀប​ចំ​គម្រោង​ការ​មួយ​ដ៏​លាក់​កំបាំង ដែល​យើង​បំរុង​ទុក ប្រឆាំង​នឹង​ពួក​គេ។

35 ការ​សង​សឹក​ស្រេច​តែ​លើ​យើង យើង​នឹង​តប​ទៅ​ពួក​គេ​វិញ នៅ​ពេល​ដែល​ពួក​គេ​ជំពប់​ដួល! ដ្បិត​ថ្ងៃ​វេទនា​ជិត​មក​ដល់​ហើយ ថ្ងៃ​អន្សា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។

36 អុលឡោះ‌តាអាឡា​រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ អុលឡោះ​អាណិត​អាសូរ​អ្នក​បម្រើ​របស់​ទ្រង់ នៅ​ពេល​ទ្រង់​មើល​ឃើញ​ពួក​គេ​អស់​កម្លាំង ដោយ​គ្មាន​អ្វី​ធ្វើ​ជា​ទី​ពឹង និង​ជួយ​រំដោះ​ពួក​គេ។

37 អុលឡោះ‌តាអាឡា​នឹង​សួរ​ពួក​គេ​ថា “តើ​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ព្រះ​ដែល​អ្នក​រាល់​គ្នា​ទុក​ជា​ថ្ម​ដា ដើម្បី​ពឹង​ផ្អែក​នោះ នៅ​ឯ​ណា?

38 អ្នក​រាល់​គ្នា​ធ្វើ​យញ្ញបូជា និង​ពិធី​ច្រូច​ស្រា សែន​ព្រះ​ទាំង​នោះ បើ​ព្រះ​ទាំង​នោះ​ចេះ​ស៊ី​ផឹក​មែន ឲ្យ​ពួក​គេ​ក្រោក​ឡើង ជួយ​សង្គ្រោះ និង​ការ‌ពារ​អ្នក​រាល់​គ្នា​ទៅ!

39 ឥឡូវ​នេះ ចូរ​ទទួល​ស្គាល់​ថា មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ជាអុលឡោះ‌តាអាឡា ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។ យើង​ផ្តល់​ជីវិត និង​ដក​ជីវិត យើង​ធ្វើ​ឲ្យ​របួស និង​ធ្វើ​ឲ្យ​ជា​វិញ គ្មាន​នរណា​អាច​រំដោះ​ពី​ដៃ​យើង​បាន​ទេ។

40 យើង​លើក​ដៃ​ឆ្ពោះ​ទៅ​លើ​មេឃ ហើយ​សច្ចា​ក្នុង​នាម​យើង ដែល​ជា​អុលឡោះ​នៅ​អស់‌កល្ប​ជា​និច្ច​ថា:

41 យើង​សំលៀង​ដាវ និង​ខាត់​វា​យ៉ាង​រលោង ដើម្បី​រក​យុត្តិធម៌ ដោយ​ដៃ​យើង​ផ្ទាល់ គឺ​យើង​តទល់​នឹង​បច្ចា‌មិត្ត​របស់​យើង ហើយ​សង​សឹក​នឹង​អស់​អ្នក​ដែល​ស្អប់​យើង។

42 យើង​នឹង​ធ្វើ​ឲ្យ​ព្រួញ​របស់​យើង ជោក​ដោយ​ឈាម ដាវ​របស់​យើង​ចាក់​ទម្លុះ​សាច់​របស់​ខ្មាំង​សត្រូវ គ្មាន​ទាហាន​ណា​ម្នាក់​របស់​ពួក​គេ គេច​ផុត​ពី​មុខ​ដាវ​នេះ​បាន​ឡើយ គឺ​ទាំង​អ្នក​របួស ទាំង​អ្នក​ជាប់​ជា​ឈ្លើយ នឹង​ត្រូវ​វិនាស​ដូច​គ្នា។

43 ចូរ​ឲ្យ​ប្រជា‌ជាតិ​ទាំង​ឡាយ​អប‌អរ‌សាទរ ប្រជា‌រាស្ត្រ​របស់អុលឡោះ‌តាអាឡា! ដ្បិត​ទ្រង់​សង​សឹក​ជួស​អ្នក​បម្រើ​របស់​ទ្រង់ ទ្រង់​ដាក់​ទោស​បច្ចា‌មិត្ត។ ទ្រង់​ធ្វើ​ឲ្យ​ទឹក​ដី និង​ប្រជា‌រាស្ត្រ របស់​ទ្រង់​រួច​ផុត​ពី​សៅ‌ហ្មង»។

44 ម៉ូសា និង​យ៉ូស្វេ ជា​កូន​របស់​លោក​នូន នាំ​យក​បន្ទូល​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​បទ​ចំរៀង​នេះ មក​ប្រកាស​ឲ្យ​ប្រជា‌ជន​បាន​ឮ។

45 ពេល​ម៉ូសា​ប្រកាស​បន្ទូល​ទាំង​នេះ​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ចប់​សព្វ​គ្រប់​ហើយ

46 គាត់​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ប្រៀន​ប្រដៅ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​កាន់ និង​ប្រតិបត្តិ​តាម​ពាក្យ​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​ហ៊ូកុំ​នេះ។

47 បន្ទូល​ទាំង​នេះ​មិន​មែន​ឥត​ខ្លឹម​សារ​ទេ ផ្ទុយ​ទៅ​វិញ ជា​បន្ទូល​ដែល​ផ្តល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត និង​មាន​អាយុ​យឺន​យូរ​នៅ​ក្នុង​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទន្លេ​យ័រ‌ដាន់​ចូល​ទៅ​កាន់​កាប់»។


អុលឡោះ‌តាអាឡា ​ប្រកាស​អំពី​ការ​ស្លាប់​របស់​ណាពី​ម៉ូសា

48 នៅ​ថ្ងៃ​ដដែល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ដូច​តទៅ៖

49 «ចូរ​ឡើង​ទៅ​កំពូល​ភ្នំ​នេបូ ដែល​ស្ថិត​នៅ​លើ​ជួរ​ភ្នំ​អាបា‌រីម ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​ទន្លេ​យ័រ‌ដាន់ ហើយ​សម្លឹង​មើល​ស្រុក​កាណាន​ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល ទុក​ជា​កម្ម‌សិទ្ធិ។

50 អ្នក​នឹង​ស្លាប់​នៅ​លើ​ភ្នំ​ដែល​អ្នក​ឡើង​ទៅ​នោះ គឺ​អ្នក​នឹង​ទៅ​ជួប​ជុំ​ដូន​តា​របស់​អ្នក ដូច​ហារូន​ដែល​បាន​ស្លាប់​នៅ​លើ​ភ្នំ​ហោរ ទៅ​ជួប​ជុំ​ដូន​តា​របស់​គាត់​ដែរ។

51 កាល​នៅ​ក្បែរ​ប្រភព​ទឹក​មេរី‌បា នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ស៊ីន អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់​ចំពោះ​យើង នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​អ្នក​ទាំង​ពីរ​ពុំ​បាន​លើក​តម្កើង​យើង​ជា​ម្ចាស់​ដ៏​វិសុទ្ធ នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ។

52 ដូច្នេះ អ្នក​នឹង​មើល​ឃើញ​ស្រុក​ដែល​ស្ថិត​នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឡើយ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម