ទំនុកតម្កើង 146 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ចូរសរសើរដល់ព្រះយេហូវ៉ា នែ ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ 2 កាលខ្ញុំកំពុងរស់នៅឡើយ នោះខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា ខ្ញុំនឹងច្រៀងសរសើរដល់ព្រះនៃខ្ញុំ ក្នុងកាលដែលនៅមានជីវិតតទៅ 3 កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ គេនឹងជួយឯងមិនបានទេ 4 គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ 5 សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុប ជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន 6 ជាព្រះដែលបង្កើតផ្ទៃមេឃ នឹងផែនដី ព្រមទាំងសមុទ្រនឹងរបស់សព្វសារពើ ដែលនៅស្ថានទាំងនោះផង ទ្រង់ក៏រក្សាសេចក្ដីពិតត្រង់ជាដរាប 7 ទ្រង់សំរេចសេចក្ដីសុចរិតដល់ពួកអ្នក ដែលត្រូវគេសង្កត់សង្កិន ក៏ប្រទានអាហារដល់អស់អ្នកដែលឃ្លានដែរ ព្រះយេហូវ៉ាទ្រង់ស្រាយពួកអ្នក ដែលជាប់ចំណង ឲ្យរួចចេញ 8 ព្រះយេហូវ៉ាទ្រង់បំភ្លឺភ្នែករបស់មនុស្សខ្វាក់ ព្រះយេហូវ៉ាទ្រង់លើកអស់អ្នកដែលត្រូវឱន ឲ្យត្រង់ឡើងវិញ ព្រះយេហូវ៉ាទ្រង់ស្រឡាញ់ពួកមនុស្សសុចរិត 9 ព្រះយេហូវ៉ាទ្រង់ការពារពួកអ្នកប្រទេសដទៃ ទ្រង់ទប់ទល់ពួកកូនកំព្រា នឹងស្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់ នោះទ្រង់បំបត់បំបែនវិញ 10 ព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ច គឺព្រះនៃឯង ឱក្រុងស៊ីយ៉ូនអើយ ទ្រង់នឹងសោយរាជ្យ ដរាបដល់អស់ទាំងដំណតទៅ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia