Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​ឲ្យ​មេ​ភ្លេង ត្រូវ​លេង​តាម​បទ «កូន​ប្រុស​ស្លាប់​ហើយ»។

1 ទូលបង្គំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​អស់​អំពី​ចិត្ត ទូលបង្គំ​នឹង​និទាន ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់

2 ទូលបង្គំ​នឹង​អរ​សប្បាយ ហើយ​រីក‌រាយ​ឡើង​ក្នុង​ទ្រង់ ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ ទូលបង្គំ​នឹង​ច្រៀង​ដំកើង​ដល់​ព្រះ‌នាម​ទ្រង់

3 កាល​ណា​ពួក​ខ្មាំង​សត្រូវ​ទូលបង្គំ​ថយ​ចេញ​ទៅ នោះ​គេ​ស្លុត​ជង្គង់​ដួល ហើយ​វិនាស​បាត់​នៅ​ចំពោះ​ទ្រង់

4 ដ្បិត​ទ្រង់​បាន​រាំង​ពារ​សេចក្ដី​ទៀង​ត្រង់ នឹង​រឿង​ក្តី​របស់​ទូលបង្គំ ទ្រង់​គង់​លើ​បល្ល័ង្ក​កំពុង​តែ​ជំនុំ‌ជំរះ​ដោយ​យុត្តិ‌ធម៌

5 ទ្រង់​បាន​បន្ទោស​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ក៏​បាន​បំផ្លាញ​ពួក​មនុស្ស​អាក្រក់​ចេញ ទ្រង់​បាន​លុប​ឈ្មោះ​គេ ឲ្យ​បាត់‌បង់​ទៅ​ជា​ដរាប​រៀង​ត​ទៅ

6 ឱ​ខ្មាំង​សត្រូវ​អើយ ការ​ហិន‌វិនាស​បាន​ផុត​ទៅ​ជានិច្ច ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​បំផ្លាញ នោះ​ទាំង​សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​បាត់​ឈឹង​ទៅ​ដែរ

7 ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​អស់‌កល្ប‌ជានិច្ច ទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់ ទុក​សំរាប់​នឹង​ជំនុំ‌ជំរះ​ហើយ

8 ទ្រង់​នឹង​ជំនុំ‌ជំរះ​មនុស្ស​លោក​ដោយ​យុត្តិ‌ធម៌ ក៏​នឹង​វិនិច្ឆ័យ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​សុចរិត

9 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បាន​ជា​ទី​ពឹង​ជ្រក ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន គឺ​ជា​ទី​ពឹង​នៅ​គ្រា​លំបាក

10 ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​មិន​បាន​បោះ‌បង់​ចោល​ពួក​អ្នក ដែល​ស្វែង​រក​ទ្រង់​ឡើយ

11 ចូរ​ច្រៀង​ទំនុក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ចុះ ចូរ​ថ្លែង​ប្រាប់​ពី​ការ​នៃ​ទ្រង់ នៅ​ក្នុង​ចំណោម​បណ្តាជន​ផង

12 ដ្បិត​កាល​ណា​ទ្រង់​ស៊ើប​សួរ​ពី​ឈាម នោះ​ទ្រង់​នឹង​នឹក​ចាំ​ពី​ពួក​អ្នក​ទាំង​នោះ ទ្រង់​មិន​ដែល​ភ្លេច​សំរែក​របស់​ពួក​មនុស្ស​ក្រីក្រ​ឡើ​យ

13 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​មេត្តា​ប្រោស​ទូលបង្គំ សូម​ទ្រង់​ទត​មើល​សេចក្ដី​ទុក្ខ​លំបាក​របស់​ទូលបង្គំ​ផង ជា​ការ​ដែល​ទូលបង្គំ​ទ្រាំ​រង​នេះ ដោយ‌សារ​ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ គឺ​ទ្រង់​ហើយ ដែល​លើក​ទូលបង្គំ​ឡើង ឲ្យ​រួច​ពី​ទ្វារ​នៃ​សេចក្ដី​ស្លាប់

14 ដើម្បី​ឲ្យ​ទូលបង្គំ​បាន​សំដែង​ចេញ​អស់​ទាំង​សេចក្ដី សរសើរ​នៃ​ទ្រង់ នៅ​គ្រប់​ទាំង​ទ្វារ​នៃ​កូន​ស្រី​ស៊ីយ៉ូន ទូលបង្គំ​នឹង​រីក‌រាយ​ឡើង ក្នុង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់

15 អស់​ទាំង​សាសន៍​ដទៃ​បាន​ផុង​ទៅ ក្នុង​រណ្តៅ​ដែល​ខ្លួន​បាន​ជីក ជើង​គេ​ជាប់​នៅ​ក្នុង​អន្ទាក់​វាត់ ដែល​ខ្លួន​គេ​បាន​បង្កប់​ទុក

16 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំដែង​មក​ឲ្យ​ស្គាល់ ទ្រង់​បាន​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ពួក​មនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់ ដោយ​ការ​ដែល​ដៃ​គេ​ធ្វើ។ – វាយ​ភ្លេង​ស្រងូត​ទទួល –បង្អង់

17 ៙ ពួក​មនុស្ស​អាក្រក់ នឹង​ត្រូវ​បំបែរ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ គឺ​គ្រប់​ទាំង​សាសន៍​ដែល​ភ្លេច​ព្រះ​បង់

18 ដ្បិត​មនុស្ស​កំសត់​មិន​ត្រូវ​គេ​ភ្លេច​ជា​ដរាប​ទេ ហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទ័ល‌ក្រ ក៏​មិន​ត្រូវ​វិនាស​បាត់​ជានិច្ច​ដែរ

19 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​តើន​ឡើង សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ឡើយ សូម​ឲ្យ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ត្រូវ​ជំនុំ‌ជំរះ​នៅ​ចំពោះ​ទ្រង់

20 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បណ្តាល​ឲ្យ​គេ​តក់‌ស្លុត សូម​ឲ្យ​គ្រប់​សាសន៍​បាន​ដឹង​ខ្លួន​ថា គេ​ជា​មនុស្ស​ទេ។ –បង្អង់

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម