១ ថែស្សាឡូនីច 3:12 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះអម្ចាស់បង្កើន និងប្រទានយ៉ាងសម្បូរហូរហៀរដល់អ្នករាល់គ្នានូវសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក និងចំពោះមនុស្សទាំងអស់ ដូចដែលយើងមានសេចក្ដីស្រឡាញ់ចំពោះអ្នករាល់គ្នាដែរ Khmer Christian Bible សូមព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ច្រើនឡើង ហើយហូរហៀរដល់គ្នាទៅវិញទៅមក ព្រមទាំងដល់មនុស្សទាំងអស់ដូចដែលយើងបានស្រឡាញ់អ្នករាល់គ្នាដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយសូមឲ្យព្រះអម្ចាស់ ប្រទានឲ្យអ្នករាល់គ្នាចម្រើនកាន់តែច្រើនឡើងជាបរិបូរ ខាងឯសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងដល់មនុស្សទាំងអស់ ដូចជាយើងស្រឡាញ់អ្នករាល់គ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់ប្រទានឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗជាអនេក ដូចយើងបានស្រឡាញ់បងប្អូនដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះអម្ចាស់ចំរើនសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ឲ្យបានពេញពោរហូរហៀរដល់គ្នាទៅវិញទៅមក ព្រមទាំងដល់មនុស្សទាំងអស់ផង ដូចជាយើងខ្ញុំស្រឡាញ់ដល់អ្នករាល់គ្នាដែរ អាល់គីតាប សូមអ៊ីសាជាអម្ចាស់ប្រទានឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗជាអនេកដូចយើងបានស្រឡាញ់បងប្អូនដែរ។ |
រីឯបទបញ្ជាទីពីរក៏ដូចទីមួយដែរ គឺ:‘ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង’។
ដោយហេតុនេះ អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តដល់អ្នករាល់គ្នា ចូរប្រព្រឹត្តដល់គេយ៉ាងនោះដែរ។ ជាការពិត នេះជាសេចក្ដីបង្រៀនរបស់ក្រឹត្យវិន័យ និងគម្ពីរព្យាការី។
កុំជំពាក់អ្វីដល់អ្នកណាឡើយ ក្រៅពីការស្រឡាញ់គ្នាទៅវិញទៅមក។ ជាការពិត អ្នកដែលស្រឡាញ់អ្នកដទៃ បានបំពេញក្រឹត្យវិន័យឲ្យសម្រេចហើយ។
ព្រះអង្គដែលផ្គត់ផ្គង់គ្រាប់ពូជដល់អ្នកសាបព្រោះ និងផ្គត់ផ្គង់អាហារសម្រាប់ហូប ព្រះអង្គនឹងផ្គត់ផ្គង់ ហើយធ្វើឲ្យគ្រាប់ពូជរបស់អ្នករាល់គ្នាកើនឡើង ព្រមទាំងចម្រើនផលនៃសេចក្ដីសុចរិតរបស់អ្នករាល់គ្នាផង។
រីឯផលផ្លែរបស់ព្រះវិញ្ញាណគឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់
ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ដែលសំខាន់។
ខ្ញុំអធិស្ឋានការនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាកាន់តែចម្រើនឡើងក្នុងការយល់ដឹងត្រឹមត្រូវ និងសមត្ថភាពដឹងខុសដឹងត្រូវគ្រប់ជំពូក
ដូច្នេះ ដោយយើងស្រឡាញ់អ្នករាល់គ្នាខ្លាំងដល់ម្ល៉េះ បានជាយើងពេញចិត្តនឹងចែកចាយដល់អ្នករាល់គ្នា មិនគ្រាន់តែដំណឹងល្អរបស់ព្រះប៉ុណ្ណោះទេ គឺថែមទាំងជីវិតរបស់ខ្លួនយើងទៀតផង ពីព្រោះអ្នករាល់គ្នាបានក្លាយជាទីស្រឡាញ់ដល់យើង។
ជាទីបញ្ចប់ បងប្អូនអើយ យើងសូមអង្វរ និងជំរុញទឹកចិត្តអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវថា ដូចដែលអ្នករាល់គ្នាបានរៀនពីយើងនូវរបៀបដែលអ្នករាល់គ្នាគួរតែដើរ និងបំពេញព្រះហឫទ័យព្រះយ៉ាងណា——គឺដូចដែលអ្នករាល់គ្នាកំពុងដើរមែន——នោះចូរអ្នករាល់គ្នាធ្វើយ៉ាងនោះឲ្យកាន់តែប្រសើរឡើងថែមទៀត
ត្រូវប្រាកដថា កុំឲ្យអ្នកណាតបសងនឹងការអាក្រក់ដោយការអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរស្វែងរកការល្អជានិច្ច ទាំងសម្រាប់គ្នាទៅវិញទៅមក ទាំងសម្រាប់មនុស្សទាំងអស់។
បងប្អូនអើយ យើងត្រូវតែអរព្រះគុណជានិច្ចដល់ព្រះ អំពីអ្នករាល់គ្នា ដ្បិតដែលធ្វើដូច្នេះជាការស័ក្ដិសម ពីព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់របស់អ្នកទាំងអស់គ្នាម្នាក់ៗចំពោះគ្នាទៅវិញទៅមក ក៏កំពុងចម្រើនឡើងដែរ។
គ្រប់ទាំងជំនូនដ៏ល្អ និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ សុទ្ធតែមកពីខាងលើ គឺចុះមកពីព្រះបិតានៃពន្លឺ; ចំពោះព្រះអង្គគ្មានការផ្លាស់ប្ដូរ ឬស្រមោលនៃការប្រែប្រួលឡើយ។
បន្ថែមសេចក្ដីស្រឡាញ់ជាបងប្អូនលើការគោរពព្រះ ហើយបន្ថែមសេចក្ដីស្រឡាញ់លើសេចក្ដីស្រឡាញ់ជាបងប្អូន។
ផ្ទុយទៅវិញ ចូរចម្រើនឡើងក្នុងព្រះគុណ និងចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ នៅឥឡូវនេះ ព្រមទាំងរហូតដល់ថ្ងៃនៃសេចក្ដីអស់កល្បជានិច្ច! អាម៉ែន៕៚