ដានីយ៉ែល 9:7 - ព្រះគម្ពីរខ្មែរសាកល “ព្រះអម្ចាស់អើយ សេចក្ដីសុចរិតយុត្តិធម៌ជារបស់ព្រះអង្គ រីឯយើងខ្ញុំវិញ ដូចសព្វថ្ងៃនេះ ការអាម៉ាស់មុខយ៉ាងខ្លាំងជារបស់យើងខ្ញុំ គឺជារបស់មនុស្សនៃយូដា របស់អ្នកដែលរស់នៅយេរូសាឡិម និងរបស់អ៊ីស្រាអែលទាំងមូល ដែលនៅជិតនៅឆ្ងាយ នៅក្នុងអស់ទាំងស្រុកដែលព្រះអង្គបានបណ្ដេញពួកគេទៅនោះ ដោយព្រោះអំពើក្បត់របស់ពួកគេដែលពួកគេបានក្បត់នឹងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់អើយ សេចក្ដីសុចរិតជារបស់ព្រះអង្គ តែចំពោះយើងខ្ញុំវិញ ដូចសព្វថ្ងៃនេះ មានតែសេចក្ដីអាម៉ាស់មុខ គឺទាំងអ្នកស្រុកយូដា អ្នកនៅក្រុងយេរូសាឡិម និងសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ដែលនៅជិតនៅឆ្ងាយ គឺនៅអស់ទាំងស្រុកដែលព្រះអង្គបានបណ្តេញគេទៅ ព្រោះតែអំពើរំលង ដែលគេបានប្រព្រឹត្តទាស់នឹងព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះអម្ចាស់! មានតែព្រះអង្គទេដែលសុចរិត រីឯយើងខ្ញុំ សព្វថ្ងៃនេះ យើងខ្ញុំត្រូវអាម៉ាស់ គឺទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹម និងជនជាតិអ៊ីស្រាអែលទាំងមូល ទាំងអ្នកនៅជិត និងអ្នកនៅឆ្ងាយដែលព្រះអង្គបណ្ដេញឲ្យទៅរស់នៅតាមស្រុកទាំងប៉ុន្មាន ព្រោះតែយើងខ្ញុំបានប្រព្រឹត្តខុសចំពោះព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់អើយ សេចក្ដីសុចរិតជារបស់ផងទ្រង់ហើយ តែខាងយើងខ្ញុំ មានតែសេចក្ដីជ្រប់មុខវិញ ដូចជាសព្វថ្ងៃនេះ គឺទាំងពួកមនុស្សនៅស្រុកយូដា ពួកអ្នកនៅក្រុងយេរូសាឡិម នឹងសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ដែលនៅជិតនៅឆ្ងាយ នៅក្នុងអស់ទាំងប្រទេសដែលទ្រង់បានបណ្តេញគេ ដោយព្រោះអំពើរំលង ដែលគេបានប្រព្រឹត្តទាស់នឹងទ្រង់ផង អាល់គីតាប អុលឡោះតាអាឡាអើយ! មានតែទ្រង់ទេដែលសុចរិត រីឯយើងខ្ញុំ សព្វថ្ងៃនេះ យើងខ្ញុំត្រូវអាម៉ាស់ គឺទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹម និងជនជាតិអ៊ីស្រអែលទាំងមូល ទាំងអ្នកនៅជិត និងអ្នកនៅឆ្ងាយដែលទ្រង់បណ្ដេញឲ្យទៅរស់នៅតាមស្រុកទាំងប៉ុន្មាន ព្រោះតែយើងខ្ញុំបានប្រព្រឹត្តខុសចំពោះទ្រង់។ |
វាល់ព្រឹកវាល់ល្ងាច ភាពអាប់យសរបស់ទូលបង្គំនៅចំពោះទូលបង្គំ ហើយសេចក្ដីអាម៉ាស់នៃមុខទូលបង្គំបានគ្របដណ្ដប់ទូលបង្គំ
ឱព្រះដ៏ជាព្រះនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ សូមរំដោះទូលបង្គំពីការបង្ហូរឈាមផង នោះអណ្ដាតរបស់ទូលបង្គំនឹងច្រៀងដោយអំណរ អំពីសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ។
ចំពោះព្រះអង្គ គឺចំពោះព្រះអង្គតែមួយអង្គគត់ប៉ុណ្ណោះ ដែលទូលបង្គំបានប្រព្រឹត្តបាប ទូលបង្គំបានប្រព្រឹត្តការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះអង្គ ដូច្នេះព្រះអង្គត្រូវបានរាប់ជាសុចរិតយុត្តិធម៌ នៅពេលព្រះអង្គមានបន្ទូល ព្រះអង្គត្រូវបានរាប់ជាបរិសុទ្ធ នៅពេលព្រះអង្គជំនុំជម្រះ។
នៅថ្ងៃនោះ ព្រះអម្ចាស់របស់ខ្ញុំនឹងលាតព្រះហស្តរបស់ព្រះអង្គម្ដងទៀតជាលើកទីពីរ ដើម្បីលោះសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ពីអាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និងពីកោះទាំងឡាយនៅសមុទ្រមកវិញ។
អស់ទាំងជាងធ្វើរូបបដិមាករនឹងអាម៉ាស់មុខ ហើយអៀនខ្មាស ពួកគេនឹងចេញទៅទាំងទទួលការអាប់យសជាមួយគ្នា។
ដោយហេតុនេះ ព្រះយេហូវ៉ាបានត្រៀមទុកមហន្តរាយនោះ ហើយឲ្យវាធ្លាក់មកលើយើងខ្ញុំ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំ ទ្រង់សុចរិតយុត្តិធម៌ក្នុងគ្រប់ទាំងកិច្ចការរបស់ព្រះអង្គដែលព្រះអង្គបានធ្វើ ប៉ុន្តែយើងខ្ញុំមិនបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គឡើយ។
ព្រះនៃទូលបង្គំអើយ សូមផ្ទៀងព្រះកាណ៌ព្រះអង្គសណ្ដាប់ផង! សូមបើកព្រះនេត្រព្រះអង្គទតមើលការហិនហោចរបស់យើងខ្ញុំ និងទីក្រុងដែលត្រូវបានហៅតាមព្រះនាមរបស់ព្រះអង្គផង ដ្បិតយើងខ្ញុំថ្វាយពាក្យអង្វរកររបស់យើងខ្ញុំនៅចំពោះព្រះអង្គ មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់យើងខ្ញុំទេ គឺដោយព្រោះសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គវិញ។
ព្រះយេហូវ៉ាអើយ ការអាម៉ាស់មុខយ៉ាងខ្លាំងជារបស់យើងខ្ញុំ គឺជារបស់ពួកស្ដេចយើងខ្ញុំ របស់ពួកមេដឹកនាំយើងខ្ញុំ និងរបស់ពួកដូនតាយើងខ្ញុំ ពីព្រោះយើងខ្ញុំបានប្រព្រឹត្តបាបទាស់នឹងព្រះអង្គ។
ចុះកាលនោះ តើអ្នករាល់គ្នាបានផលអ្វីពីអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ? ដ្បិតលទ្ធផលចុងក្រោយនៃអំពើទាំងនោះ គឺសេចក្ដីស្លាប់។