Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

រ៉ូម 6 - ព្រះគម្ពីរខ្មែរសាកល


ជីវិតថ្មីនៅក្នុងព្រះគ្រីស្ទ

1 បើដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? តើ​យើង​គួរ​បន្ត​ក្នុង​បាប​ទៀត ដើម្បីឲ្យ​ព្រះគុណ​បាន​កើនឡើង​ឬ​?

2 មិនមែនដូច្នោះជាដាច់ខាត​! យើង​ដែល​ស្លាប់​ចំពោះ​បាប​ហើយ តើ​យើង​នៅតែ​រស់នៅ​ក្នុង​បាប​ទៀត​ដូចម្ដេចកើត​?

3 ឬមួយក៏​អ្នករាល់គ្នា​មិនយល់​ថា អស់អ្នកណាដែល​ទទួលពិធីជ្រមុជទឹក​ទៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ គឺ​ទទួលពិធីជ្រមុជទឹក​ទៅក្នុង​ការសុគត​របស់​ព្រះអង្គ​ដែរ​ទេឬ​?

4 ដូច្នេះ យើង​ត្រូវបាន​បញ្ចុះជាមួយ​ព្រះអង្គ​ទៅក្នុង​សេចក្ដីស្លាប់ តាមរយៈ​ពិធីជ្រមុជទឹក ដើម្បីឲ្យ​យើង​បាន​ដើរ​ក្នុង​ភាពថ្មី​នៃ​ជីវិត ដូចដែល​ព្រះ​គ្រីស្ទ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ តាមរយៈ​សិរីរុងរឿង​របស់​ព្រះ​បិតា​យ៉ាងនោះ​ដែរ​។

5 ពោលគឺ ប្រសិនបើ​យើង​បាន​រួមជាមួយ​ព្រះគ្រីស្ទ​ដោយ​មាន​ភាពដូចគ្នា​ក្នុង​ការសុគត​របស់​ព្រះអង្គ យើង​ពិតជា​នឹង​រួមជាមួយ​ព្រះអង្គ​ក្នុង​ការរស់ឡើងវិញ​របស់​ព្រះអង្គ​ដែរ​។

6 យើង​ដឹង​ការនេះ​ថា បុគ្គល​ចាស់​របស់យើង​ត្រូវបាន​ឆ្កាងជាមួយ​ព្រះអង្គ ដើម្បីឲ្យ​រូបកាយ​នៃ​បាប​បាន​សាបសូន្យ និង​ដើម្បី​កុំឲ្យ​យើង​បម្រើ​បាប​ទៀត​។

7 ដ្បិត​អ្នក​ដែល​ស្លាប់ ត្រូវបាន​រំដោះ​ពី​បាប​ហើយ​។

8 ដូច្នេះ ប្រសិនបើ​យើង​បាន​ស្លាប់​ជាមួយ​ព្រះ​គ្រីស្ទ យើង​ជឿ​ថា យើង​ក៏​នឹង​រស់ជាមួយ​ព្រះអង្គ​ដែរ​។

9 យើង​ដឹង​ហើយ​ថា ព្រះ​គ្រីស្ទ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ព្រះអង្គ​មិន​សុគត​ទៀតឡើយ ហើយ​សេចក្ដីស្លាប់​ក៏​លែង​គ្រប់គ្រង​លើ​ព្រះអង្គ​ទៀត​ដែរ​។

10 ដ្បិត​ការដែល​ព្រះអង្គ​បាន​សុគត គឺ​សុគត​ម្ដងជាសម្រេច​ចំពោះ​បាប ប៉ុន្តែ​ការដែល​ព្រះអង្គ​មានព្រះជន្មរស់ គឺ​មានព្រះជន្មរស់​ចំពោះ​ព្រះ​។

11 ដូចគ្នាដែរ អ្នករាល់គ្នា​ក៏​ត្រូវ​ចាត់ទុក​ខ្លួនឯង​ថា អ្នករាល់គ្នា​ជា​មនុស្សស្លាប់​ចំពោះ​បាប ហើយ​មានជីវិតរស់​ចំពោះ​ព្រះ នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។

12 ដូច្នេះ កុំឲ្យ​បាប​គ្រងរាជ្យ​លើ​រូបកាយ​របស់អ្នករាល់គ្នា​ដែលរមែងតែងតែស្លាប់ ដើម្បី​ស្ដាប់បង្គាប់​តណ្ហា​របស់​វា​ឡើយ

13 ហើយក៏កុំ​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ដល់​បាប ទុកជា​ឧបករណ៍​នៃ​សេចក្ដីទុច្ចរិត​ដែរ​។ ផ្ទុយទៅវិញ ចូរ​ថ្វាយ​ខ្លួនអ្នក​ដល់​ព្រះ ទុកជា​អ្នក​ដែល​រស់​ពីចំណោម​មនុស្សស្លាប់ ព្រមទាំង​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ដល់​ព្រះ ទុកជា​ឧបករណ៍​នៃ​សេចក្ដីសុចរិត​។

14 ដ្បិត​បាប​នឹង​លែង​គ្រប់គ្រង​លើ​អ្នករាល់គ្នា​ទៀត​ហើយ ពីព្រោះ​អ្នករាល់គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ទេ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ​។


ទាសកររបស់បាបក្លាយជាទាសកររបស់ព្រះ

15 ចុះ​ម្ដេចទៅ​? ដោយសារ​យើង​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ តើ​ឲ្យ​យើង​ប្រព្រឹត្តបាប​ឬ​? មិនមែនដូច្នោះជាដាច់ខាត​!

16 តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​? ប្រសិនបើ​អ្នករាល់គ្នា​ថ្វាយ​ខ្លួន​ជា​ទាសករ ហើយ​ទៅ​ស្ដាប់បង្គាប់​អ្នកណា នោះ​អ្នករាល់គ្នា​ជា​ទាសករ​របស់​អ្នកដែល​អ្នករាល់គ្នា​ស្ដាប់បង្គាប់​នោះឯង ទោះបី​អ្នករាល់គ្នា​ជា​ទាសករ​នៃ​បាប​ដែល​នាំទៅរក​សេចក្ដីស្លាប់​ក្ដី ឬ​ជា​ទាសករ​នៃ​ការស្ដាប់បង្គាប់​ដែល​នាំទៅរក​សេចក្ដីសុចរិត​ក្ដី​។

17 សូម​អរព្រះគុណ​ដល់​ព្រះ ដែល​ពីដើម​អ្នករាល់គ្នា​ធ្លាប់​ជា​ទាសករ​របស់​បាប ប៉ុន្តែ​អ្នករាល់គ្នា​បាន​ស្ដាប់បង្គាប់​អស់ពី​ចិត្ត​ចំពោះ​ក្បួន​នៃ​សេចក្ដីបង្រៀន​ដែល​ត្រូវបាន​ប្រគល់​មក​អ្នករាល់គ្នា

18 ហើយ​ដោយ​ត្រូវបាន​រំដោះ​ពី​បាប អ្នករាល់គ្នា​បានជាទាសករ​របស់​សេចក្ដីសុចរិត​ហើយ​។

19 ខ្ញុំ​កំពុង​និយាយ​តាម​បែបមនុស្ស ដោយសារតែ​ភាពខ្សោយ​នៃ​សាច់ឈាម​របស់អ្នករាល់គ្នា​។ ដូច្នេះ ដូចដែល​អ្នករាល់គ្នា​ធ្លាប់​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ជាទាសករ​ដល់​ការស្មោកគ្រោក និង​ការឥតច្បាប់​ដែល​នាំទៅរក​ការឥតច្បាប់​យ៉ាងណា ឥឡូវនេះ ចូរ​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ជាទាសករ​ដល់​សេចក្ដីសុចរិត​ដែល​នាំទៅរក​ការញែកជាវិសុទ្ធ​យ៉ាងនោះដែរ​។

20 កន្លងមក កាល​អ្នករាល់គ្នា​ជា​ទាសករ​របស់​បាប អ្នករាល់គ្នា​មិននៅក្រោមអំណាច​សេចក្ដីសុចរិត​ទេ​។

21 ចុះ​កាលនោះ តើ​អ្នករាល់គ្នា​បាន​ផល​អ្វី​ពី​អំពើ​ដែល​ឥឡូវនេះ​អ្នករាល់គ្នា​អៀនខ្មាស​វិញ​? ដ្បិត​លទ្ធផលចុងក្រោយ​នៃ​អំពើ​ទាំងនោះ គឺ​សេចក្ដីស្លាប់​។

22 ប៉ុន្តែ​ឥឡូវនេះ ដោយ​អ្នករាល់គ្នា​ត្រូវបាន​រំដោះ​ពី​បាប ហើយ​បានជាទាសករ​របស់​ព្រះ ដូច្នេះ​អ្នករាល់គ្នា​បាន​ផល​ដែល​នាំទៅរក​ការញែកជាវិសុទ្ធ ហើយ​លទ្ធផលចុងក្រោយ​នៃការនេះ គឺ​ជីវិតអស់កល្បជានិច្ច​។

23 ដ្បិត​ថ្លៃឈ្នួល​របស់​បាប គឺ​សេចក្ដីស្លាប់ រីឯ​អំណោយទាន​របស់​ព្រះ គឺ​ជីវិតអស់កល្បជានិច្ច នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម