គំរូរបស់ប៉ូលក្នុងនាមជាសាវ័ក1 តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវ័កទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូវព្រះអម្ចាស់នៃយើងទេឬ? តើអ្នករាល់គ្នាមិនមែនជាស្នាដៃរបស់ខ្ញុំក្នុងព្រះអម្ចាស់ទេឬ? 2 ថ្វីត្បិតតែខ្ញុំមិនមែនជាសាវ័កសម្រាប់អ្នកដទៃក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ ខ្ញុំជាសាវ័កសម្រាប់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាជាត្រានៃមុខងារជាសាវ័ករបស់ខ្ញុំក្នុងព្រះអម្ចាស់។ 3 នេះជាពាក្យឆ្លើយការពារខ្លួនរបស់ខ្ញុំដល់ពួកអ្នកដែលវិនិច្ឆ័យខ្ញុំ: 4 តើយើងគ្មានសិទ្ធិហូប និងផឹកទេឬ? 5 តើយើងគ្មានសិទ្ធិធ្វើដំណើរជាមួយប្រពន្ធដែលជាអ្នកជឿ ដូចសាវ័កឯទៀត ដូចប្អូនៗរបស់ព្រះអម្ចាស់ និងដូចកេផាសទេឬ? 6 ឬមួយក៏មានតែខ្ញុំ និងបារណាបាសប៉ុណ្ណោះឬ ដែលគ្មានសិទ្ធិឈប់ធ្វើការ? 7 តើដែលមានអ្នកណាធ្វើជាទាហានដោយចំណាយថវិកាផ្ទាល់ខ្លួនឬ? តើមានអ្នកណាធ្វើចម្ការទំពាំងបាយជូរ ហើយមិនហូបផ្លែវា? តើមានអ្នកណាឃ្វាលហ្វូងចៀម ហើយមិនផឹកទឹកដោះពីហ្វូងនោះ? 8 តើខ្ញុំកំពុងនិយាយសេចក្ដីទាំងនេះតាមរបៀបមនុស្សឬ? តើក្រឹត្យវិន័យក៏មិនបានចែងសេចក្ដីទាំងនេះដែរទេឬ? 9 ដ្បិតនៅក្នុងក្រឹត្យវិន័យរបស់ម៉ូសេ មានសរសេរទុកមកថា:“កុំឃ្លុំមាត់គោ ពេលវាកំពុងបញ្ជាន់ស្រូវឡើយ” តើព្រះខ្វល់ព្រះហឫទ័យរឿងគោឬ? 10 ឬមួយក៏ព្រះអង្គមានបន្ទូលដូច្នេះ តាមពិតសម្រាប់យើង? មែនហើយ មានសរសេរទុកមកដូច្នេះ គឺសម្រាប់យើងទេតើ! ដ្បិតអ្នកភ្ជួរគួរតែភ្ជួរដោយសង្ឃឹម ហើយអ្នកបោកស្រូវក៏គួរតែបោកស្រូវដោយសង្ឃឹមនឹងទទួលចំណែកដែរ។ 11 ដោយព្រោះយើងបានសាបព្រោះគ្រាប់ពូជខាងវិញ្ញាណក្នុងចំណោមអ្នករាល់គ្នា តើហួសហេតុពេកឬ បើយើងច្រូតរបស់របរខាងលោកីយ៍ពីអ្នករាល់គ្នា? 12 ប្រសិនបើអ្នកឯទៀតមានសិទ្ធិនេះលើអ្នករាល់គ្នា តើយើងគ្មានសិទ្ធិលើសជាងគេទៅទៀតទេឬ? យ៉ាងណាមិញ យើងមិនប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងទ្រាំនឹងការទាំងអស់ ដើម្បីកុំឲ្យយើងធ្វើឲ្យមានឧបសគ្គណាមួយដល់ដំណឹងល្អរបស់ព្រះគ្រីស្ទឡើយ។ 13 តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នកដែលធ្វើការខាងព្រះវិហារ ហូបចំណីអាហារពីព្រះវិហារ ហើយអ្នកដែលចាំបម្រើនៅអាសនា ក៏ទទួលចំណែកពីអាសនាដែរ? 14 ដូចគ្នាដែរ ព្រះអម្ចាស់បានបង្គាប់អ្នកដែលផ្សព្វផ្សាយដំណឹងល្អ ឲ្យចិញ្ចឹមជីវិតដោយដំណឹងល្អ។ 15 ប៉ុន្តែខ្ញុំមិនបានប្រើសិទ្ធិណាមួយក្នុងចំណោមសិទ្ធិទាំងនេះឡើយ។ ខ្ញុំសរសេរសេចក្ដីទាំងនេះ មិនមែនដើម្បីឲ្យគេប្រព្រឹត្តដូច្នោះដល់ខ្ញុំទេ ដ្បិតខ្ញុំសុខចិត្តស្លាប់វិញ ប្រសើរជាងមានអ្នកណាម្នាក់ដកយកមោទនភាពរបស់ខ្ញុំ។ 16 ជាការពិត ប្រសិនបើខ្ញុំផ្សាយដំណឹងល្អ នោះមិនមែនជាមោទនភាពសម្រាប់ខ្ញុំទេ ពីព្រោះការផ្សាយដំណឹងល្អជាកាតព្វកិច្ចដែលត្រូវបានផ្ទុកលើខ្ញុំ។ វេទនាដល់ខ្ញុំហើយ ប្រសិនបើខ្ញុំមិនផ្សាយដំណឹងល្អ! 17 ដ្បិតប្រសិនបើខ្ញុំធ្វើការនោះដោយស្ម័គ្រចិត្ត នោះខ្ញុំក៏ទទួលរង្វាន់ ប៉ុន្តែប្រសិនបើខ្ញុំមិនស្ម័គ្រចិត្ត ក៏វានៅតែជាតួនាទីដែលត្រូវបានផ្ទុកផ្ដាក់នឹងខ្ញុំ។ 18 ចុះរង្វាន់របស់ខ្ញុំជាអ្វី? រង្វាន់របស់ខ្ញុំគឺ ការដែលខ្ញុំជូនដំណឹងល្អដោយឥតគិតថ្លៃកាលណាខ្ញុំផ្សព្វផ្សាយ ដើម្បីកុំឲ្យខ្ញុំប្រើសិទ្ធិរបស់ខ្ញុំក្នុងដំណឹងល្អឡើយ។ 19 ខ្ញុំមានសេរីភាពមិនជាប់ចំណងអ្នកណាមែន ប៉ុន្តែខ្លួនខ្ញុំផ្ទាល់បានធ្វើជាទាសករដល់មនុស្សទាំងអស់ ដើម្បីឈ្នះបានគេមកវិញកាន់តែច្រើន។ 20 ចំពោះជនជាតិយូដា ខ្ញុំត្រឡប់ដូចជាជនជាតិយូដា ដើម្បីឈ្នះបានជនជាតិយូដាមកវិញ; ចំពោះអ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យ ទោះបីជាខ្លួនខ្ញុំមិនស្ថិតនៅក្រោមក្រឹត្យវិន័យក៏ដោយ ក៏ខ្ញុំត្រឡប់ដូចជាស្ថិតនៅក្រោមក្រឹត្យវិន័យ ដើម្បីឈ្នះបានអ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យមកវិញ; 21 ចំពោះអ្នកដែលគ្មានក្រឹត្យវិន័យ ខ្ញុំត្រឡប់ដូចជាគ្មានក្រឹត្យវិន័យ ដើម្បីឈ្នះបានអ្នកដែលគ្មានក្រឹត្យវិន័យមកវិញ——តាមពិត ខ្ញុំមិនមែនគ្មានក្រឹត្យវិន័យរបស់ព្រះទេ គឺខ្ញុំស្ថិតនៅក្រោមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទវិញ។ 22 ចំពោះអ្នកខ្សោយ ខ្ញុំត្រឡប់ជាអ្នកខ្សោយ ដើម្បីឈ្នះបានអ្នកខ្សោយមកវិញ។ ចំពោះមនុស្សគ្រប់ប្រភេទ ខ្ញុំត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដើម្បីឲ្យបានសង្គ្រោះអ្នកខ្លះ។ 23 ខ្ញុំធ្វើអ្វីៗទាំងអស់សម្រាប់ដំណឹងល្អ ដើម្បីបានរួមចំណែកក្នុងដំណឹងល្អ។ 24 តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នកដែលរត់ក្នុងការប្រណាំង គេរត់ទាំងអស់គ្នាមែន ប៉ុន្តែអ្នកទទួលរង្វាន់មានតែម្នាក់ប៉ុណ្ណោះ? ចូរអ្នករាល់គ្នារត់ដូច្នោះដែរ ដើម្បីឲ្យបានរង្វាន់។ 25 អស់អ្នកដែលប្រកួតកីឡា គ្រប់គ្រងចិត្តក្នុងរឿងគ្រប់ជំពូក; យ៉ាងណាមិញ គេធ្វើដូច្នោះដើម្បីទទួលមកុដដែលរមែងតែងតែសាបសូន្យ រីឯយើងវិញ យើងធ្វើដូច្នោះដើម្បីទទួលមកុដដែលមិនចេះសាបសូន្យ។ 26 ដូច្នេះ ខ្ញុំរត់យ៉ាងដូច្នោះដែរ គឺមិនមែនរត់ដូចជាគ្មានគោលដៅទេ; ខ្ញុំប្រដាល់យ៉ាងដូច្នោះដែរ គឺមិនមែនដូចជាដាល់ខ្យល់ទេ; 27 ផ្ទុយទៅវិញ ខ្ញុំវាយប្រដៅរូបកាយរបស់ខ្ញុំ ហើយបង្ខំឲ្យចុះចូល ក្រែងលោក្រោយពីខ្ញុំប្រកាសដំណឹងល្អដល់អ្នកដទៃហើយ ខ្លួនខ្ញុំត្រូវបានដកសិទ្ធិទៅវិញ៕ |