ព្រះយេហូវ៉ាលើកអង្គទ្រង់ឡើង1 វេទនាដល់អ្នកហើយ! ជនបំផ្លាញដែលមិនត្រូវបានបំផ្លាញ និងជនក្បត់ដែលមិនត្រូវបានក្បត់អើយ! កាលណាអ្នកឈប់បំផ្លាញ អ្នកនឹងត្រូវគេបំផ្លាញ កាលណាអ្នកក្បត់រួចហើយ គេនឹងក្បត់អ្នកវិញ។ 2 ព្រះយេហូវ៉ាអើយ សូមមេត្តាដល់យើងខ្ញុំផង យើងខ្ញុំទន្ទឹងរង់ចាំព្រះអង្គ។ សូមធ្វើជាដើមដៃដល់យើងខ្ញុំរៀងរាល់ព្រឹក សូមធ្វើជាសេចក្ដីសង្គ្រោះដល់យើងខ្ញុំនៅក្នុងគ្រានៃទុក្ខវេទនាផង! 3 ជាតិសាសន៍ទាំងឡាយបានរត់គេចដោយឮសូរគឹកកង ប្រជាជាតិនានាបានខ្ចាត់ខ្ចាយដោយការលើកអង្គទ្រង់ឡើង។ 4 ជ័យភណ្ឌរបស់អ្នករាល់គ្នានឹងត្រូវបានប្រមូល ដូចជាការប្រមូលផលរបស់ដង្កូវមេអំបៅ; ដូចដែលការពពាក់ពពូនរបស់កណ្ដូបជាយ៉ាងណា គេនឹងសង្គ្រុបលើជ័យភណ្ឌទាំងនោះយ៉ាងនោះដែរ។ 5 ព្រះយេហូវ៉ាត្រូវបានលើកតម្កើងហើយ ពីព្រោះព្រះអង្គគង់នៅស្ថានដ៏ខ្ពស់ ព្រះអង្គបានបំពេញស៊ីយ៉ូនដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត។ 6 ព្រះអង្គនឹងបានជាស្ថិរភាពក្នុងគ្រារបស់អ្នក ជាទ្រព្យសម្បត្តិនៃសេចក្ដីសង្គ្រោះ ប្រាជ្ញា និងចំណេះដឹង រីឯការកោតខ្លាចព្រះយេហូវ៉ាជារតនសម្បត្តិរបស់អ្នក។ 7 មើល៍! អ្នកខ្លាំងពូកែរបស់ពួកគេស្រែកឡើងនៅតាមផ្លូវ ពួកទូតនៃសន្តិភាពយំសោកយ៉ាងល្វីងជូរចត់។ 8 មហាវិថីបានស្ងាត់ជ្រងំ អ្នកដំណើរក៏លែងមានទៀត; សម្ពន្ធមេត្រីត្រូវបានផ្ដាច់ ទីក្រុងនានាត្រូវបានមើលងាយ ហើយមនុស្សក៏មិនត្រូវបានឲ្យតម្លៃដែរ។ 9 ផែនដីកាន់ទុក្ខ ហើយអន់ថយទៅ លីបង់ទទួលការអាប់យស ហើយក្រៀមស្វិត សារ៉ូនបានដូចជាវាលខ្សាច់ រីឯបាសាន និងកើមែលជម្រុះស្លឹកចេញ។ 10 ព្រះយេហូវ៉ាមានបន្ទូលថា៖ “ឥឡូវនេះ យើងនឹងក្រោកឡើង ឥឡូវនេះ យើងនឹងលើកខ្លួនយើងឡើង ឥឡូវនេះ យើងនឹងត្រូវបានតម្កើងឡើង។ 11 អ្នករាល់គ្នានឹងមានផ្ទៃពោះជាស្មៅក្រៀម អ្នករាល់គ្នានឹងសម្រាលកូនជាចំបើង ដង្ហើមរបស់អ្នករាល់គ្នាជាភ្លើង វានឹងស៊ីបំផ្លាញអ្នករាល់គ្នា។ 12 ជាតិសាសន៍ទាំងឡាយនឹងត្រូវបានដុតជាផេះ គឺដូចជាបន្លាដែលត្រូវគេកាប់ ហើយដុតក្នុងភ្លើង។ 13 អ្នកដែលនៅឆ្ងាយអើយ ចូរស្ដាប់អ្វីដែលយើងបានធ្វើ! អ្នកដែលនៅជិតអើយ ចូរទទួលស្គាល់មហិទ្ធិឫទ្ធិរបស់យើង!”។ 14 ពួកមនុស្សបាបនៅស៊ីយ៉ូនភ័យខ្លាច ការញ័ររន្ធត់បានចាប់ពួកមនុស្សមិនគោរពព្រះ។ ពួកគេពោលថា៖ “តើនរណាក្នុងចំណោមពួកយើងអាចរស់នៅជាមួយភ្លើងដែលស៊ីបំផ្លាញបាន? តើនរណាក្នុងចំណោមពួកយើងអាចរស់នៅជាមួយចំហេះដ៏អស់កល្បបាន?”។ 15 អ្នកដែលដើរក្នុងសេចក្ដីយុត្តិធម៌ ហើយនិយាយសេចក្ដីទៀងត្រង់ ជាអ្នកដែលបដិសេធកម្រៃទុច្ចរិតពីការសង្កត់សង្កិន ជាអ្នកដែលរាដៃមិនទទួលសំណូក ជាអ្នកដែលខ្ទប់ត្រចៀករបស់ខ្លួនមិនស្ដាប់ការបង្ហូរឈាម ហើយបិទភ្នែករបស់ខ្លួនមិនមើលទៅការអាក្រក់ 16 គឺអ្នកនោះហើយ បានស្នាក់នៅកន្លែងខ្ពស់។ ទីពឹងជ្រករបស់អ្នកនោះជាបន្ទាយនៃថ្មដា អាហាររបស់អ្នកនោះនឹងត្រូវបានប្រទានមក ទឹករបស់អ្នកនោះនឹងមាននៅជានិច្ច។ 17 ភ្នែករបស់អ្នកនឹងរំពឹងមើលព្រះមហាក្សត្រនៅក្នុងសោភ័ណភាពរបស់ព្រះអង្គ ក៏មើលឃើញទឹកដីដែលនៅឆ្ងាយ។ 18 ចិត្តរបស់អ្នកនឹងជញ្ជឹងគិតអំពីការគួរឲ្យភ័យរន្ធត់នោះថា៖ “តើអ្នករាប់នៅឯណា? តើអ្នកថ្លឹងនៅឯណា? តើអ្នករាប់ប៉មនៅឯណា?”។ 19 អ្នកនឹងលែងឃើញជាតិសាសន៍ដ៏កាចសាហាវ ជាជាតិសាសន៍មានភាសាពិបាកយល់ដែលស្ដាប់មិនបាន មានអណ្ដាតត្រដិតដែលមិនអាចយល់បាន។ 20 ចូររំពឹងមើលស៊ីយ៉ូន ជាទីក្រុងសម្រាប់ពិធីបុណ្យដែលមានកំណត់របស់ពួកយើង! ភ្នែករបស់អ្នកនឹងឃើញយេរូសាឡិម ជាលំនៅដ៏សុខដុមរមនា ជារោងដែលនឹងមិនត្រូវបានរើរុះ; ស្នឹងរបស់វានឹងមិនត្រូវបានដកចេញជារៀងរហូត ហើយក៏គ្មានខ្សែណាមួយរបស់វាត្រូវបានផ្ដាច់ដែរ។ 21 ផ្ទុយទៅវិញ ព្រះយេហូវ៉ាដ៏ធំឧត្ដមគង់នៅទីនោះសម្រាប់ពួកយើង ជាកន្លែងដែលមានទន្លេ និងព្រែកធំទូលាយ ដែលគ្មានសំពៅមានច្រវាទៅមកនៅទីនោះ ក៏គ្មាននាវាដ៏រុងរឿងឆ្លងកាត់ទីនោះដែរ។ 22 ដ្បិតព្រះយេហូវ៉ាជាចៅក្រមរបស់ពួកយើង ព្រះយេហូវ៉ាជាអ្នកតែងច្បាប់របស់ពួកយើង ព្រះយេហូវ៉ាជាព្រះមហាក្សត្ររបស់ពួកយើង ព្រះអង្គនឹងសង្គ្រោះពួកយើង។ 23 ខ្សែរបស់អ្នកបានធូរ មិនអាចរឹតជើងដងក្ដោងបានទេ ពួកគេលាក្ដោងមិនបានឡើយ។ ដូច្នេះ គេបានចែករំពានៃជ័យភណ្ឌយ៉ាងច្រើន ពួកមនុស្សខ្វិនក៏ប្លន់យករបឹបដែរ។ 24 គ្មានអ្នកស្រុកនិយាយថា៖ “ខ្ញុំមានជំងឺ” ទៀតឡើយ ប្រជាជនដែលរស់នៅទីនោះនឹងត្រូវបានលើកលែងទោសចំពោះអំពើទុច្ចរិត៕ |