ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 16 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
អេសាយ 16

1 ចូរ​ផ្ញើ​កូនចៀម​ទៅ​មេគ្រប់គ្រង​នៃ​ទឹកដី​នេះ គឺ​ចេញពី​សិឡា កាត់តាម​ទីរហោស្ថាន ទៅឯ​ភ្នំ​នៃ​កូនស្រី​ស៊ីយ៉ូន​!

2 នៅ​កន្លែងឆ្លងទឹក​នៃ​ទន្លេអើណូន កូនស្រី​ម៉ូអាប់​នឹង​បាន​ដូចជា​បក្សាបក្សី​ដែល​រត់គេច ក៏បាន​ដូចជា​សម្បុក​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​។

3 ម៉ូអាប់ពោលថា​៖ “សូម​ផ្ដល់​សេចក្ដីប្រឹក្សា​មក ហើយ​អនុវត្ត​សេចក្ដីយុត្តិធម៌​; នៅកណ្ដាល​ថ្ងៃត្រង់ សូម​ធ្វើឲ្យ​ម្លប់​របស់អ្នក​បាន​ដូចជា​យប់ សូម​បំពួន​ពួកអ្នកដែល​ត្រូវបាន​បណ្ដេញចេញ សូម​កុំ​បើកបង្ហាញ​ពួកអ្នកដែល​រត់គេច​នោះ​ឡើយ​។

4 សូមឲ្យ​ពួកអ្នកដែល​ត្រូវបាន​បណ្ដេញចេញ​របស់យើង គឺ​ម៉ូអាប់ បាន​រស់នៅបណ្ដោះអាសន្ន​ក្នុងចំណោម​អ្នក សូម​ធ្វើជា​ទីលាក់កំបាំង​ដល់​ពួកគេ ពី​អ្នក​បំផ្លាញ​ផង”។ កាលណា​អ្នកសង្កត់សង្កិន​អស់ទៅ ការបំផ្លាញ​បាន​ចប់ ហើយ​អ្នក​ជាន់ឈ្លី​បាន​វិនាស​ពី​ទឹកដី​នោះ

5 ពេលនោះ នឹង​មាន​បល្ល័ង្ក​មួយ​ត្រូវបាន​តាំងឡើង​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល ក៏​នឹង​មាន​ម្នាក់​អង្គុយ​លើ​បល្ល័ង្កនោះ​ដោយ​សេចក្ដីពិតត្រង់ ក្នុង​រោង​របស់​ដាវីឌ ទាំង​ជំនុំជម្រះ ហើយ​ស្វែងរក​សេចក្ដីយុត្តិធម៌ ព្រមទាំង​រហ័ស​នឹងអនុវត្ត​សេចក្ដីសុចរិតយុត្តិធម៌​ផង​។

6 ពួកយើង​បាន​ឮ​អំពី​អំនួត​របស់​ម៉ូអាប់ ពួកគេ​មានអំនួត​ណាស់ហ្ន៎​! គឺ​ពួកយើង​បាន​ឮ​អំពី​ភាពព្រហើន​របស់ពួកគេ អំនួត​របស់ពួកគេ និង​សេចក្ដីក្ដៅក្រហាយ​របស់ពួកគេ​; ការអួតបំផ្លើស​របស់ពួកគេ​មិន​ពិត​ទេ​។

7 ដោយហេតុនេះ ចូរឲ្យ​ជនជាតិម៉ូអាប់​ទ្រហោយំ​ចំពោះ​ជនជាតិម៉ូអាប់ ចូរឲ្យ​ពួកគេ​គ្រប់គ្នា​ទ្រហោយំ​ចុះ​។ អ្នករាល់គ្នា​នឹង​យំសោក​ចំពោះ​នំទំពាំងបាយជូរក្រៀម​នៃ​គារ-ហារ៉ាសែត ទាំង​ឈឺផ្សា​ក្រៃលែង

8 ដ្បិត​ចម្ការ​នៃ​ហែសបូន និង​ដើមទំពាំងបាយជូរ​នៃ​ស៊ីបម៉ា​បាន​ក្រៀមស្វិត​ទៅ ពួក​ចៅហ្វាយ​នៃ​ប្រជាជាតិ​នានា​បាន​វាយកម្ទេច​មែកទំពាំងបាយជូរដ៏ល្អបំផុត​របស់ពួកគេ ដែល​លូត​រហូតដល់​យ៉ាស៊ើរ ដែល​ដុះរាលដាល​ទៅ​ទីរហោស្ថាន លំពង់​របស់វា​ក៏​បែកសាយ​កាត់​សមុទ្រ​។

9 ហេតុនេះហើយបានជា​ខ្ញុំ​យំសោក​ដោយ​ការយំសោក​របស់​យ៉ាស៊ើរ ចំពោះ​ដើមទំពាំងបាយជូរ​របស់​ស៊ីបម៉ា​។ ហែសបូន និង​អេលាលេ​អើយ ខ្ញុំ​នឹង​បញ្ជោក​អ្នក​ដោយ​ទឹកភ្នែក​របស់ខ្ញុំ ពីព្រោះ​ការស្រែកហ៊ោ​ចំពោះ​ផ្លែឈើរដូវក្ដៅ​របស់អ្នក និង​ចំពោះ​ចម្រូត​របស់អ្នក ឈប់មាន​ហើយ​។

10 អំណរ និង​សេចក្ដីត្រេកអរ​ត្រូវបាន​ដកចេញ​ពី​ចម្ការសម្បូរផល គេ​លែង​ច្រៀងដោយអំណរ លែង​ស្រែកហ៊ោសប្បាយ​នៅក្នុង​ចម្ការទំពាំងបាយជូរ ក៏​លែង​មាន​អ្នក​ជាន់ ដែល​ជាន់​ក្នុង​ទីបញ្ជាន់ផ្លែ​ដើម្បីធ្វើ​ស្រាទំពាំងបាយជូរ​ដែរ គឺ​យើង​បាន​បញ្ឈប់​ការស្រែកហ៊ោ​ហើយ​!

11 ដោយហេតុនេះ ដួងចិត្ត​របស់ខ្ញុំ​នឹង​ស្រែកថ្ងូរ​ដូច​ពិណហាប​ចំពោះ​ម៉ូអាប់ ផ្នែកខាងក្នុងនៃរូបកាយ​ខ្ញុំ​ស្រែកថ្ងូរ​ចំពោះ​គារ-ហារ៉ាសែត​។

12 លុះ​ពេល​ម៉ូអាប់​លេចមក ពេល​គេ​នឿយហត់​នៅ​ទីខ្ពស់ ពេល​គេ​ចូលទៅ​ទីវិសុទ្ធ​របស់គេ​ដើម្បី​អធិស្ឋាន នោះក៏​គ្មានប្រយោជន៍អ្វី​ដែរ​។

13 នេះ​ជា​សេចក្ដី​ដែល​ព្រះយេហូវ៉ា​បាន​មានបន្ទូល​កាលពីមុន ស្ដីអំពី​ម៉ូអាប់​។

14 ប៉ុន្តែ​ឥឡូវនេះ ព្រះយេហូវ៉ា​មានបន្ទូល​ថា​៖ “ក្នុង​បី​ឆ្នាំ​ទៀត តាម​ឆ្នាំ​របស់​ឈ្នួល សិរីរុងរឿង​របស់​ម៉ូអាប់​នឹង​ត្រូវគេ​មើលងាយ រួមទាំង​ប្រជាជន​ដ៏ច្រើន​ទាំងអស់​ផង រីឯ​សំណល់​មនុស្ស​មាន​តិចតួចណាស់ ក៏មិន​ខ្លាំង​ដែរ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative