ពាក្យស្រែកហៅរបស់ប្រាជ្ញា1 តើប្រាជ្ញាមិនស្រែកហៅទេឬ? តើការយល់ដឹងមិនបន្លឺសំឡេងទេឬ? 2 នាងឈរលើកំពូលនៃកន្លែងខ្ពស់ក្បែរផ្លូវ នៅកន្លែងផ្លូវប្រសព្វ 3 នៅក្បែរទ្វារក្រុង នៅខ្លោងទ្វារទីក្រុង នៅច្រកចូលទ្វារ ទាំងស្រែកយ៉ាងខ្លាំងថា៖ 4 “មនុស្សអើយ ខ្ញុំស្រែកហៅអ្នករាល់គ្នា នេះជាសំឡេងរបស់ខ្ញុំដល់មនុស្សលោក! 5 មនុស្សខ្វះចំណេះដឹងអើយ ចូរយល់ច្បាស់នូវសេចក្ដីឆ្លាតវៃចុះ! មនុស្សល្ងង់អើយ ចូរយល់ច្បាស់នូវប្រាជ្ញាចុះ! 6 ចូរស្ដាប់ចុះ! ដ្បិតខ្ញុំនិយាយអំពីសេចក្ដីល្អប្រសើរ បបូរមាត់របស់ខ្ញុំបើកបញ្ចេញសេចក្ដីទៀងត្រង់; 7 មាត់របស់ខ្ញុំថ្លែងសេចក្ដីពិត រីឯសេចក្ដីអាក្រក់ជាទីស្អប់ខ្ពើមដល់បបូរមាត់របស់ខ្ញុំ។ 8 អស់ទាំងពាក្យពីមាត់របស់ខ្ញុំជាសេចក្ដីសុចរិត ក្នុងពាក្យទាំងនេះ គ្មានអ្វីក្រវិចក្រវៀន ឬវៀចវេរឡើយ។ 9 ពាក្យទាំងនេះសុទ្ធតែប្រាកដច្បាស់ដល់អ្នកដែលយល់ច្បាស់ ហើយសុទ្ធតែទៀងត្រង់ដល់អ្នកដែលរកឃើញចំណេះដឹង។ 10 ចូរទទួលយកការប្រៀនប្រដៅរបស់ខ្ញុំចុះ គឺមិនមែនប្រាក់ទេ; ចូរទទួលយកចំណេះដឹង ជាជាងមាសដែលសម្រិតសម្រាំង; 11 ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយអស់ទាំងសេចក្ដីប្រាថ្នាក៏មិនអាចប្រៀបផ្ទឹមនឹងនាងបានឡើយ។ 12 ខ្ញុំជាប្រាជ្ញា ខ្ញុំរស់នៅជាមួយសេចក្ដីឆ្លាតវៃ ហើយខ្ញុំរកបានចំណេះដឹង និងសមត្ថភាពពិចារណា។ 13 ការកោតខ្លាចព្រះយេហូវ៉ា គឺស្អប់សេចក្ដីអាក្រក់; ខ្ញុំស្អប់ភាពក្រអឺតក្រទម អំនួត ផ្លូវនៃសេចក្ដីអាក្រក់ និងមាត់នៃសេចក្ដីកំហូច។ 14 ដំបូន្មាន និងប្រាជ្ញាត្រឹមត្រូវជារបស់ខ្ញុំ; ខ្ញុំជាការយល់ដឹង ហើយអំណាចជារបស់ខ្ញុំ។ 15 ដោយសារតែខ្ញុំ ស្ដេចទាំងឡាយគ្រងរាជ្យ ហើយបណ្ដាមេគ្រប់គ្រងស្ថាបនាសេចក្ដីសុចរិតយុត្តិធម៌។ 16 ដោយសារតែខ្ញុំ ពួកអ្នកដឹកនាំបានគ្រប់គ្រង គឺពួកអភិជន និងអស់ទាំងចៅក្រមដ៏យុត្តិធម៌។ 17 ខ្ញុំស្រឡាញ់អ្នកដែលស្រឡាញ់ខ្ញុំ ហើយអ្នកដែលខំប្រឹងស្វែងរកខ្ញុំ នឹងរកខ្ញុំឃើញ។ 18 ភាពស្ដុកស្ដម្ភ និងសិរីរុងរឿងនៅជាមួយខ្ញុំ ទ្រព្យសម្បត្តិដ៏នៅគង់វង្ស និងសេចក្ដីសុចរិតក៏នៅជាមួយខ្ញុំដែរ។ 19 ផលផ្លែរបស់ខ្ញុំប្រសើរជាងមាស គឺប្រសើរជាងមាសសុទ្ធទៅទៀត រីឯភោគផលរបស់ខ្ញុំក៏ប្រសើរជាងប្រាក់ដែលសម្រិតសម្រាំងដែរ។ 20 ខ្ញុំដើរក្នុងផ្លូវនៃសេចក្ដីសុចរិត គឺនៅក្នុងចំណោមគន្លងទាំងឡាយនៃសេចក្ដីយុត្តិធម៌ 21 ដើម្បីឲ្យអ្នកដែលស្រឡាញ់ខ្ញុំ បានទទួលទ្រព្យសម្បត្តិជាមរតក ដើម្បីឲ្យខ្ញុំបានបំពេញឃ្លាំងរបស់ពួកគេ។ 22 ព្រះយេហូវ៉ាមានខ្ញុំហើយ តាំងពីដើមដំបូងនៃការនិម្មិតបង្កើតពិភពលោក គឺមុនកិច្ចការពីបុរាណកាលរបស់ព្រះអង្គទៅទៀត។ 23 ខ្ញុំត្រូវបានតាំងឡើង តាំងពីយូរលង់ តាំងពីដើមដំបូង តាំងពីមុនមានផែនដី។ 24 កាលមិនទាន់មានទីជម្រៅ គឺកាលមិនទាន់មានប្រភពដែលទឹកផុសឡើង ខ្ញុំបានកើតមកហើយ; 25 មុនភ្នំនានា និងទីទួលនានាត្រូវបានចាក់គ្រឹះ ខ្ញុំបានកើតមកហើយ; 26 គឺកាលព្រះអង្គមិនទាន់បង្កើតផែនដី ឬស្រែចម្ការ ឬធូលីដំបូងនៃពិភពលោកនៅឡើយ។ 27 កាលព្រះអង្គតាំងបណ្ដាមេឃឡើង ខ្ញុំបាននៅទីនោះ—— កាលព្រះអង្គស្ថាបនាដំបូលក្រឡូមនៅលើផ្ទៃនៃទីជម្រៅ 28 កាលព្រះអង្គតាំងពពកនៅខាងលើ កាលព្រះអង្គធ្វើឲ្យប្រភពទឹកនៃទីជម្រៅផុសចេញ 29 កាលព្រះអង្គកំណត់ព្រំដែនឲ្យសមុទ្រ ដើម្បីកុំឲ្យទឹកឡើងរំលងសេចក្ដីបង្គាប់របស់ព្រះអង្គ កាលព្រះអង្គស្ថាបនាគ្រឹះនៃផែនដី—— 30 នៅគ្រានោះ ខ្ញុំគឺជាជាងជំនាញនៅក្បែរព្រះអង្គ ក៏ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គជារៀងរាល់ថ្ងៃ ទាំងសើចសប្បាយនៅចំពោះព្រះអង្គគ្រប់ពេល; 31 ខ្ញុំសើចសប្បាយចំពោះពិភពលោកទាំងមូលរបស់ព្រះអង្គ ហើយក៏ពេញចិត្តនឹងមនុស្សលោកដែរ។ 32 ដូច្នេះឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ដាប់តាមខ្ញុំចុះ! មានពរហើយ អ្នកដែលរក្សាផ្លូវរបស់ខ្ញុំ! 33 ចូរស្ដាប់សេចក្ដីប្រៀនប្រដៅ ហើយឲ្យមានប្រាជ្ញាចុះ កុំធ្វើព្រងើយឡើយ។ 34 មានពរហើយ មនុស្សដែលស្ដាប់តាមខ្ញុំដោយចាំយាមនៅមាត់ទ្វាររបស់ខ្ញុំជារៀងរាល់ថ្ងៃ ទាំងរង់ចាំនៅសសរទ្វាររបស់ខ្ញុំ! 35 ជាការពិត អ្នកដែលរកឃើញខ្ញុំ គឺរកឃើញជីវិត ហើយទទួលបានការគាប់ព្រះហឫទ័យពីព្រះយេហូវ៉ា 36 ប៉ុន្តែអ្នកដែលឃ្វាងពីខ្ញុំ អ្នកនោះកំពុងតែធ្វើទុក្ខព្រលឹងរបស់ខ្លួន; អស់អ្នកដែលស្អប់ខ្ញុំ គឺស្រឡាញ់សេចក្ដីស្លាប់”៕ |