Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 7 - ព្រះគម្ពីរខ្មែរសាកល

1 កូន​របស់ខ្ញុំ​អើយ ចូរ​រក្សា​ពាក្យ​របស់ខ្ញុំ ហើយ​សន្សំ​សេចក្ដីបង្គាប់​របស់ខ្ញុំ​ទុក​ក្នុង​អ្នក​ចុះ​!

2 ចូរ​កាន់តាម​សេចក្ដីបង្គាប់​របស់ខ្ញុំ ហើយ​មានជីវិតរស់​ចុះ​; ចូរ​កាន់តាម​សេចក្ដីបង្រៀន​របស់ខ្ញុំ​ដូចជា​ប្រស្រី​ភ្នែក​របស់អ្នក​។

3 ចូរ​ចង​វា​ភ្ជាប់​នឹង​ម្រាមដៃ​អ្នក ចូរ​ចារឹក​វា​លើ​បន្ទះ​ដួងចិត្ត​អ្នក

4 ចូរ​និយាយ​នឹង​ប្រាជ្ញា​ថា​៖ “អ្នក​ជា​បងប្អូនស្រី​របស់ខ្ញុំ” ចូរ​ហៅ​ការយល់ដឹង​ថា​សាច់ញាតិ​។

5 នេះគឺ​ដើម្បី​ការពារ​អ្នក​ពី​ស្ត្រី​ផិតក្បត់ ពី​ស្រីក្រៅ​ដែល​លួងលោម​ដោយ​ពាក្យសម្ដី​របស់នាង​។


រឿងអំពីការល្បួង

6 ដ្បិត​ពី​បង្អួច​ផ្ទះ​របស់ខ្ញុំ ខ្ញុំ​បាន​អើតមើល​តាម​ចម្រឹង

7 ក៏​ឃើញ​ក្នុងចំណោម​មនុស្សខ្វះចំណេះដឹង ហើយ​សង្កេតឃើញ​ក្នុងចំណោម​យុវជន មាន​យុវជន​ម្នាក់​ដែល​ខ្វះ​វិចារណញ្ញាណ​។

8 គាត់​ឆ្លងកាត់​តាម​ផ្លូវតូច​នៅក្បែរ​កែងផ្លូវ​របស់ស្ត្រីនោះ ក៏​ដើរ​តាម​ផ្លូវ​ទៅ​ផ្ទះ​របស់នាង

9 គឺ​នៅពេល​ថ្ងៃលិច នៅ​ពេល​ល្ងាច នៅ​ពាក់កណ្ដាល​យប់​ងងឹតសូន្យ​។

10 ពេលនោះ មើល៍! មាន​ស្ត្រី​ម្នាក់​មក​ជួប​គាត់ ដោយ​សម្លៀកបំពាក់​ជា​ស្ត្រីពេស្យា ទាំង​មានឧបាយកល​ក្នុង​ចិត្ត​។

11 នាង​ឡូឡា ហើយ​សេពអបាយមុខ​; ជើង​របស់នាង​មិន​ចេះនៅ​ផ្ទះ​របស់ខ្លួន​ឡើយ​។

12 ជួនកាល​នាង​នៅតាម​ផ្លូវ ជួនកាល​នាង​នៅតាម​កន្លែងសាធារណៈ ទាំង​សម្ងំចាំ​នៅ​គ្រប់​កែងផ្លូវ​។

13 នាង​ចាប់​កំលោះនោះ ហើយ​ថើប​គាត់ ក៏​និយាយ​នឹង​គាត់​ដោយមុខក្រាស់​ថា​៖

14 “មាន​យញ្ញបូជា​នៃ​តង្វាយមេត្រី​នៅនឹង​ខ្ញុំ ថ្ងៃនេះ ខ្ញុំ​បាន​លាបំណន់​របស់ខ្ញុំ​ហើយ

15 ហេតុនេះហើយបានជា​ខ្ញុំ​ចេញមក​ជួប​អ្នក ដើម្បី​ខំរក​មុខ​អ្នក ឥឡូវនេះ ខ្ញុំ​រក​អ្នក​ឃើញ​ហើយ​។

16 ខ្ញុំ​បាន​ក្រាល​កម្រាល​លើ​គ្រែ​ខ្ញុំ ជា​ក្រណាត់ប៉ាក់​ធ្វើពី​អំបោះផាឌិប​អេហ្ស៊ីប​;

17 ខ្ញុំ​បាន​អប់​គ្រែ​ខ្ញុំ​ដោយ​ជ័រល្វីងទេស ក្រឹស្នា និង​ឈើអែម​។

18 មក៍! ចូរឲ្យ​យើង​បាន​ស្កប់ស្កល់​នឹង​ក្ដីស្នេហ៍​រហូតដល់​ព្រឹក ចូរឲ្យ​យើង​បាន​ត្រេកត្រអាល​ជាមួយនឹង​ស្នេហា

19 ពីព្រោះ​ប្ដី​ខ្ញុំ​អត់​នៅ​ផ្ទះ​ទេ គាត់​បាន​ចេញ​ដំណើរ​ទៅ​ឆ្ងាយ​ហើយ​។

20 គាត់​បាន​យក​ថង់​ប្រាក់​ក្នុង​ដៃ ដល់​ថ្ងៃពេញបូណ៌មី ទើប​គាត់​មកផ្ទះវិញ”។

21 នាង​បាន​ល្បួង​កំលោះនោះ​ដោយ​ហេតុផល​ជាច្រើន នាង​អូសទាញ​គាត់​ដោយ​ភាពរលូន​នៃ​បបូរមាត់​របស់នាង​។

22 គាត់​ក៏​ទៅ​តាម​នាង​ភ្លាម ដូចជា​គោ​ទៅ​ទីពិឃាត ដូចជា​មនុស្សល្ងីល្ងើ​ត្រូវគេដាក់​ខ្នោះជើង​យក​ទៅ​វាយប្រដៅ

23 រហូតដល់​ព្រួញ​ទម្លុះ​ថ្លើម​ខ្លួន​—— គាត់ក៏​ដូច​សត្វស្លាប​ដែល​ប្រញាប់​ចូល​អន្ទាក់ ប៉ុន្តែ​គាត់​មិន​ដឹង​ថា​ការនេះ​ដកយក​ព្រលឹង​របស់ខ្លួន​ឡើយ​។

24 ដូច្នេះ​ឥឡូវនេះ កូន​រាល់គ្នា​អើយ ចូរ​ស្ដាប់តាម​ខ្ញុំ ហើយ​ប្រុងស្ដាប់​ពាក្យ​ពី​មាត់​របស់ខ្ញុំ​ចុះ​!

25 កុំឲ្យ​ចិត្ត​អ្នក​បែរចេញ​ទៅរក​ផ្លូវ​របស់នាង​ឡើយ ក៏​កុំឲ្យ​វង្វេង​ទៅតាម​គន្លង​របស់នាង​ដែរ​។

26 ជាការពិត នាង​បាន​ធ្វើឲ្យ​ជនរងគ្រោះ​ជាច្រើន​ដួល ហើយ​អស់អ្នក​ដែល​ត្រូវ​នាង​សម្លាប់​ក៏​មាន​ច្រើនរាប់មិនអស់​ដែរ​។

27 ផ្ទះ​នាង​ជា​ផ្លូវ​ទៅ​ស្ថានមនុស្សស្លាប់ ដែល​នាំចុះទៅ​ទីឃុំឃាំង​នៃ​សេចក្ដីស្លាប់​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម