ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សុភា‌សិត 6 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
សុភា‌សិត 6

ជំពាក់ជំពិនខាងលុយកាក់

1 កូន​របស់ខ្ញុំ​អើយ ប្រសិនបើ​អ្នក​បាន​ធានា​ឲ្យ​អ្នកជិតខាង​របស់អ្នក ប្រសិនបើ​អ្នក​បាន​ចាប់ដៃសន្យា​ឲ្យ​ជនមិនស្គាល់

2 ហើយ​អ្នក​បាន​ជាប់អន្ទាក់​ដោយ​សម្ដី​ពី​មាត់​អ្នក ឬ​ត្រូវបាន​ចាប់​ដោយ​សម្ដី​ពី​មាត់​អ្នក

3 នោះ​កូន​របស់ខ្ញុំ​អើយ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំដោះ​ខ្លួនចេញ​ចុះ ដ្បិត​អ្នក​បាន​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​អ្នកជិតខាង​របស់អ្នក​ហើយ ដូច្នេះ​ចូរ​ទៅ​បន្ទាបខ្លួន ហើយ​អង្វរ​អ្នកជិតខាង​របស់អ្នក​ចុះ​;

4 កុំ​ផ្ដល់​ដំណេក​ឲ្យ​ភ្នែក​អ្នក ឬ​ផ្ដល់​ការរលីវ​ឲ្យ​ត្របកភ្នែក​អ្នក​ឡើយ​;

5 ចូរ​រំដោះ​ខ្លួនចេញ ដូច​ឈ្លូស​រួចពី​ដៃ​អ្នកប្រមាញ់ ដូច​សត្វស្លាប​រួចពី​ដៃ​ព្រាន​។

មនុស្សខ្ជិលច្រអូស

6 មនុស្ស​ខ្ជិលច្រអូស​អើយ ចូរ​ទៅ​រក​ស្រមោច​ទៅ​! ចូរ​សង្កេតមើល​កិរិយា​របស់វា ហើយ​ឲ្យ​មានប្រាជ្ញា​ចុះ​!

7 ទោះបីជា​វា​គ្មាន​អ្នកដឹកនាំ អ្នកត្រួតត្រា ឬ​មេគ្រប់គ្រង​ក៏ដោយ

8 ក៏​វា​រៀបចំ​អាហារ​របស់វា​ទុក​នៅ​រដូវក្ដៅ ហើយ​ប្រមូល​ស្បៀង​វា​ទុក​នៅ​រដូវច្រូតកាត់​ដែរ​។

9 មនុស្ស​ខ្ជិលច្រអូស​អើយ តើ​អ្នក​នឹង​ដេក​ដល់ពេលណា​? តើ​អ្នក​នឹង​ក្រោក​ពី​ដំណេក​នៅ​ពេលណា​?

10 ដេក​បន្តិច រលីវ​បន្តិច ឱបដៃ​សម្រាក​បន្តិច

11 នោះ​ភាពក្រីក្រ​របស់អ្នក​នឹង​មក​ដូចជា​ចោរប្លន់ ហើយ​ភាពខ្វះខាត​របស់អ្នក​នឹង​មក​ដូចជា​អ្នកកាន់គ្រឿងសឹក​។

មនុស្សព្យាបាទ

12 មនុស្ស​អប្រិយ គឺ​មនុស្ស​ទុច្ចរិត ដើរចុះឡើង​ដោយ​មាត់​វៀចវេរ

13 គេ​មិច​ភ្នែក ធ្វើសញ្ញា​ដោយ​ជើង ហើយ​ចង្អុល​ដោយ​ម្រាមដៃ​;

14 គេ​ប៉ងធ្វើ​អាក្រក់​ដោយ​មាន​សេចក្ដីកំហូច​នៅក្នុង​ចិត្ត ព្រមទាំង​សាបព្រោះ​ជម្លោះ​គ្រប់ពេល​;

15 ដូច្នេះ សេចក្ដីអន្តរាយ​របស់គេ​នឹង​មកដល់​ក្នុងមួយរំពេច​; គេ​នឹង​ត្រូវបាន​កម្ទេច​ភ្លាម រហូតដល់​ស្ដារឡើងវិញលែងបាន​។

អ្វីដែលព្រះអម្ចាស់ទ្រង់ស្អប់

16 មាន​ប្រាំមួយ​យ៉ាង​ដែល​ព្រះយេហូវ៉ា​ទ្រង់​ស្អប់ ក៏​មាន​ប្រាំពីរ​ផង ដែលជា​ទីស្អប់ខ្ពើម​ដល់​អង្គទ្រង់ គឺ​:

17 ភ្នែក​ដែល​ឆ្មើងឆ្មៃ អណ្ដាត​ដែល​ភូតភរ ដៃ​ដែល​បង្ហូរឈាម​មនុស្ស​ឥតទោស

18 ចិត្ត​ដែល​ប៉ងធ្វើ​ផែនការ​ទុច្ចរិត ជើង​ដែល​ឆាប់​រត់ទៅ​រក​ការអាក្រក់

19 សាក្សី​ភូតភរ​ដែល​បញ្ចេញ​ពាក្យភូតភរ និង​អ្នកដែល​សាបព្រោះ​ជម្លោះ​នៅក្នុងចំណោម​បងប្អូន​។

កុំផិតក្បត់

20 កូន​របស់ខ្ញុំ​អើយ ចូរ​រក្សា​សេចក្ដីបង្គាប់​របស់​ឪពុក​អ្នក ហើយ​កុំ​បោះបង់ចោល​សេចក្ដីបង្រៀន​របស់​ម្ដាយ​អ្នក​ឡើយ​!

21 ចូរ​ចង​វា​ក្រវាត់​នឹង​ចិត្ត​អ្នក​ជានិច្ច ហើយ​ចង​វា​ភ្ជាប់​នឹង​ក​អ្នក​។

22 កាលណា​អ្នក​ដើរចុះឡើង វា​នឹង​នាំផ្លូវ​អ្នក​; កាលណា​អ្នក​ដេក វា​នឹង​ថែរក្សា​អ្នក​; កាលណា​អ្នក​ភ្ញាក់ឡើង វា​នឹង​សន្ទនា​ជាមួយ​អ្នក​;

23 ដ្បិត​សេចក្ដីបង្គាប់​ជា​ចង្កៀង សេចក្ដីបង្រៀន​ជា​ពន្លឺ ហើយ​ពាក្យស្ដីបន្ទោស​នៃ​ការប្រៀនប្រដៅ​ជា​ផ្លូវ​នៃ​ជីវិត

24 ដើម្បី​ការពារ​អ្នក​ពី​ស្ត្រី​អាក្រក់ ពី​អណ្ដាត​រលូន​របស់​ស្រីក្រៅ​។

25 កុំ​លោភចង់បាន​សម្រស់​របស់នាង​ក្នុង​ចិត្ត​អ្នក​ឡើយ ហើយក៏​កុំឲ្យ​នាង​ចាប់​អ្នក​ជាប់​ដោយ​ត្របកភ្នែក​របស់នាង​ដែរ​។

26 ជាការពិត មនុស្សម្នាក់ធ្លាក់ខ្លួន​រហូតដល់​មានតម្លៃត្រឹមតែ​នំប៉័ង​មួយ​ដុំ​ប៉ុណ្ណោះ ដោយសារតែ​ស្រី គឺ​ស្រីសំផឹង ហើយ​ប្រពន្ធគេ​ប្រមាញ់យក​ព្រលឹង​ដ៏មានតម្លៃ​។

27 តើ​មនុស្ស​អាច​ឱប​ភ្លើង​នៅនឹង​ទ្រូង ដោយ​មិន​ឆេះ​សម្លៀកបំពាក់​របស់ខ្លួន​បាន​ឬ​?

28 តើ​មនុស្ស​អាច​ដើរ​លើ​រងើកភ្លើង ដោយ​មិន​រលាក​ជើង​របស់ខ្លួន​បាន​ឬ​?

29 អ្នកដែល​ចូលទៅឯ​ប្រពន្ធ​របស់​អ្នកជិតខាង​ក៏ដូច្នោះដែរ​; អស់អ្នក​ដែល​ប៉ះពាល់​នាង នឹង​មិន​រួចទោស​ឡើយ​។

30 គេ​មិន​មើលងាយ​ចោរ​ឡើយ ប្រសិនបើ​វា​លួច​ដើម្បី​បំពេញ​សេចក្ដីត្រូវការ​នៅពេល​វា​អត់ឃ្លាន​;

31 ប៉ុន្តែ​ប្រសិនបើ​វា​ត្រូវគេ​ចាប់បាន វា​ត្រូវតែ​សង​មួយជាប្រាំពីរ ទោះបីជា​ត្រូវ​ប្រគល់​របស់របរ​ទាំងអស់​ក្នុង​ផ្ទះ​ខ្លួន​ក៏ដោយ​។

32 អ្នកដែល​ប្រព្រឹត្តអំពើផិតក្បត់​ជាមួយ​ស្រី គឺ​ខ្វះ​វិចារណញ្ញាណ​; អ្នកដែល​ប្រព្រឹត្ត​ដូច្នេះ គឺ​បំផ្លាញ​ព្រលឹង​របស់ខ្លួន​។

33 អ្នកនោះ​នឹង​ទទួលបាន​របួស និង​ភាពអាប់យស ហើយ​សេចក្ដីអាម៉ាស់​របស់អ្នកនោះ​នឹង​លុបចេញ​មិនបានឡើយ​។

34 ដ្បិត​សេចក្ដីប្រច័ណ្ឌ​ជា​សេចក្ដីក្ដៅក្រហាយ​របស់​ប្ដី ហើយ​នៅ​ថ្ងៃ​នៃ​ការសងសឹក គាត់​នឹង​មិន​ប្រណី​ឡើយ​;

35 គាត់​នឹង​មិន​ក្រឡេកមើល​ថ្លៃលោះ​ណាមួយ​ឡើយ ហើយ​ទោះបីជា​បន្ថែម​ជំនូន​ឲ្យច្រើន​ក៏ដោយ ក៏​គាត់​មិន​ព្រម​ដែរ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative