ជជែកអំពីថ្ងៃសប្ប័ទ1 នៅថ្ងៃសប្ប័ទមួយ មានកើតឡើងដូច្នេះ: នៅពេលព្រះយេស៊ូវយាងចូលទៅសោយអាហារក្នុងផ្ទះរបស់មេគ្រប់គ្រងម្នាក់ខាងផារិស៊ី ពួកគេក៏តាមឃ្លាំមើលព្រះអង្គ។ 2 ពេលនោះ មើល៍! មានបុរសម្នាក់ដែលមានជំងឺហើមទឹក នៅពីមុខព្រះអង្គ។ 3 ដូច្នេះ ព្រះយេស៊ូវទ្រង់សួរពួកអ្នកច្បាប់ និងពួកផារិស៊ីថា៖“តើការដែលប្រោសឲ្យជានៅថ្ងៃសប្ប័ទ ត្រូវច្បាប់ឬទេ?”។ 4 ប៉ុន្តែពួកគេនៅស្ងៀម។ ព្រះអង្គក៏គ្រាហ៍គាត់ឡើង ហើយប្រោសគាត់ឲ្យជា រួចឲ្យគាត់ទៅវិញ។ 5 បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើមាននរណាក្នុងអ្នករាល់គ្នាដែលមានកូនប្រុសឬគោ ហើយវាធ្លាក់ទៅក្នុងអណ្ដូងនៅថ្ងៃសប្ប័ទ ក៏មិនស្រង់វាឡើងភ្លាមៗ?”។ 6 ពួកគេមិនអាចឆ្លើយតបនឹងសេចក្ដីទាំងនេះបានទេ។ បង្រៀនអំពីការបន្ទាបខ្លួន7 នៅពេលព្រះយេស៊ូវទ្រង់សង្កេតឃើញរបៀបអ្នកដែលត្រូវបានអញ្ជើញតែងតែជ្រើសរើសកន្លែងកិត្តិយស ព្រះអង្គក៏មានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖ 8 “កាលណាអ្នករាល់គ្នាត្រូវគេអញ្ជើញទៅចូលរួមក្នុងពិធីមង្គលការ កុំអង្គុយនៅកន្លែងកិត្តិយសឡើយ ក្រែងលោគេបានអញ្ជើញភ្ញៀវដែលមានកិត្តិយសជាងអ្នក 9 ហើយអ្នកដែលបានអញ្ជើញអ្នកនិងគាត់ នឹងមកនិយាយនឹងអ្នកថា: ‘សូមឲ្យកន្លែងអ្នកទៅលោកនេះ!’ ពេលនោះ អ្នកនឹងអង្គុយនៅកន្លែងអន់ជាងគេទាំងអាម៉ាស់មុខ។ 10 “ផ្ទុយទៅវិញ កាលណាអ្នកត្រូវគេអញ្ជើញ ចូរទៅអង្គុយនៅកន្លែងអន់ជាងគេ ដើម្បីនៅពេលអ្នកដែលអញ្ជើញអ្នកមកដល់ គាត់នឹងនិយាយមកអ្នកថា: ‘សម្លាញ់អើយ សូមឡើងមកកន្លែងកិត្តិយសមក៍!’ ពេលនោះ អ្នកនឹងមានកិត្តិយសនៅមុខអស់អ្នកដែលកំពុងរួមតុអាហារជាមួយអ្នក។ 11 ដ្បិតអស់អ្នកដែលលើកតម្កើងខ្លួន នឹងត្រូវបានបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវបានលើកតម្កើង”។ 12 បន្ទាប់មក ព្រះយេស៊ូវក៏មានបន្ទូលនឹងអ្នកដែលអញ្ជើញព្រះអង្គដែរថា៖“កាលណាអ្នករៀបចំជប់លៀងអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច កុំហៅមិត្តភក្ដិ បងប្អូន ឬសាច់ញាតិរបស់អ្នកឡើយ ហើយក៏កុំហៅអ្នកជិតខាងដែលជាអ្នកមានដែរ ក្រែងលោពួកគេនឹងអញ្ជើញអ្នកវិញ ហើយអ្នកនឹងទទួលបានការតបស្នង។ 13 ផ្ទុយទៅវិញ កាលណាអ្នករៀបចំពិធីជប់លៀង ចូរអញ្ជើញមនុស្សក្រីក្រ មនុស្សពិការដៃជើង មនុស្សខ្វិន និងមនុស្សខ្វាក់ភ្នែក។ 14 ធ្វើដូច្នេះ អ្នកនឹងមានពរ ពីព្រោះពួកគេគ្មានអ្វីសងអ្នកទេ។ អ្នកនឹងទទួលបានការតបស្នង នៅថ្ងៃនៃការរស់ឡើងវិញរបស់មនុស្សសុចរិត”។ ពាក្យឧបមាអំពីពិធីជប់លៀងធំ15 នៅពេលឮសេចក្ដីទាំងនេះ ម្នាក់ក្នុងភ្ញៀវរួមតុអាហារក៏ទូលព្រះយេស៊ូវថា៖ “មានពរហើយ អ្នកណាដែលនឹងហូបអាហារនៅក្នុងអាណាចក្ររបស់ព្រះ!”។ 16 ព្រះយេស៊ូវមានបន្ទូលនឹងអ្នកនោះថា៖“មានបុរសម្នាក់បានរៀបចំពិធីជប់លៀងធំមួយ ហើយអញ្ជើញមនុស្សជាច្រើន។ 17 លុះដល់ម៉ោងជប់លៀង លោកក៏ចាត់បាវបម្រើម្នាក់ឲ្យទៅប្រាប់ពួកអ្នកដែលត្រូវបានអញ្ជើញថា: ‘សូមអញ្ជើញមក ដ្បិតពិធីជប់លៀងបានរៀបចំជាស្រេចហើយ!’។ 18 “ប៉ុន្តែពួកគេទាំងអស់គ្នាសុទ្ធតែចាប់ផ្ដើមដោះសា។ អ្នកទីមួយនិយាយថា: ‘ខ្ញុំបានទិញដីមួយកន្លែង ដូច្នេះខ្ញុំត្រូវតែចេញទៅមើលដីនោះ សូមលោកព្រមឲ្យខ្ញុំដកខ្លួនផង’។ 19 “ម្នាក់ទៀតនិយាយថា: ‘ខ្ញុំបានទិញគោប្រាំនឹម ខ្ញុំត្រូវទៅសាកពួកវាមើល៍ សូមលោកព្រមឲ្យខ្ញុំដកខ្លួនផង’។ 20 “ម្នាក់ផ្សេងទៀតនិយាយថា: ‘ខ្ញុំទើបតែរៀបការប្រពន្ធ ដូច្នេះខ្ញុំមិនអាចទៅបានទេ’។ 21 “នៅពេលត្រឡប់មកវិញ បាវបម្រើនោះក៏ជម្រាបចៅហ្វាយរបស់ខ្លួនអំពីការទាំងនេះ។ ពេលនោះម្ចាស់ផ្ទះក៏ខឹង ហើយនិយាយនឹងបាវបម្រើនោះថា: ‘ចូរប្រញាប់ចេញទៅតាមផ្លូវ និងច្រកល្ហកក្នុងទីក្រុង ហើយនាំមនុស្សក្រីក្រ មនុស្សពិការដៃជើង មនុស្សខ្វាក់ភ្នែក និងមនុស្សខ្វិនមកទីនេះចុះ’។ 22 “បន្ទាប់មក បាវបម្រើនោះជម្រាបថា: ‘លោកម្ចាស់ អ្វីដែលលោកបង្គាប់ បានធ្វើរួចហើយ ប៉ុន្តែនៅមានកន្លែងអង្គុយទៀត’។ 23 “ចៅហ្វាយក៏និយាយនឹងបាវបម្រើនោះថា: ‘ចូរចេញទៅតាមផ្លូវ និងច្រកល្ហក ហើយតឿនគេឲ្យចូលមក ដើម្បីឲ្យបានពេញផ្ទះរបស់ខ្ញុំ។ 24 ខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាក្នុងចំណោមអ្នកទាំងនោះដែលត្រូវបានអញ្ជើញ នឹងបានភ្លក់អាហាររបស់ខ្ញុំឡើយ’”។ ការបាត់បង់នៅក្នុងការដើរតាមព្រះយេស៊ូវ25 មានហ្វូងមនុស្សជាច្រើនកំពុងធ្វើដំណើរជាមួយព្រះយេស៊ូវ ព្រះអង្គក៏ងាកមកមានបន្ទូលនឹងពួកគេថា៖ 26 “ប្រសិនបើអ្នកណាមកឯខ្ញុំ ហើយមិនស្អប់ឪពុក ម្ដាយ ប្រពន្ធ កូនៗ បងប្អូនប្រុស និងបងប្អូនស្រីរបស់ខ្លួន ថែមទាំងមិនស្អប់ជីវិតរបស់ខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។ 27 អ្នកណាក៏ដោយដែលមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។ 28 “ក្នុងចំណោមអ្នករាល់គ្នា នៅពេលចង់សាងសង់អគារធំមួយ មាននរណាមិនអង្គុយគណនាចំណាយជាមុនសិន ថាតើមានគ្រប់គ្រាន់នឹងបង្ហើយឬយ៉ាងណា? 29 ក្រែងលោពេលចាក់គ្រឹះហើយ មិនអាចបង្ហើយបាន នោះអស់អ្នកដែលឃើញនឹងសើចចំអកដាក់អ្នកនោះ 30 ថា: ‘អ្នកនេះបានចាប់ផ្ដើមសាងសង់ ប៉ុន្តែបង្ហើយមិនបាន!’។ 31 “មួយវិញទៀត នៅពេលចេញទៅច្បាំងនឹងស្ដេចមួយទៀត មានស្ដេចមួយណាមិនអង្គុយពិចារណាជាមុនសិន ថាតើទ្រង់អាចតទល់នឹងទ័ពពីរម៉ឺននាក់ដែលកំពុងមកច្បាំងនឹងទ្រង់ ដោយទ័ពមួយម៉ឺននាក់បានឬយ៉ាងណា? 32 បើមិនបានទេ ទ្រង់នឹងចាត់រាជទូតឲ្យទៅសុំចរចារកសន្តិភាព ខណៈដែលស្ដេចមួយទៀតនៅឆ្ងាយនៅឡើយ។ 33 ដូចគ្នាដែរ អ្នកណាក៏ដោយក្នុងអ្នករាល់គ្នា ដែលមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមាន អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។ 34 “ដូច្នេះ អំបិលជារបស់ល្អ ប៉ុន្តែបើសូម្បីតែអំបិលក៏បាត់រសជាតិទៅហើយ តើនឹងធ្វើឲ្យវាប្រៃឡើងវិញដោយអ្វី? 35 វាមិនត្រូវនឹងដី ហើយក៏មិនត្រូវនឹងជីដែរ។ គេនឹងបោះវាចោលទៅខាងក្រៅ។ អ្នកដែលមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!”៕ |