លូកា 13 - ព្រះគម្ពីរខ្មែរសាកលមិនកែប្រែចិត្ត មានតែវិនាស 1 នៅពេលដដែលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូវអំពីអ្នកកាលីឡេដែលពីឡាត់បានលាយឈាមពួកគេជាមួយយញ្ញបូជារបស់ពួកគេ។ 2 ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“តើអ្នករាល់គ្នាគិតថា អ្នកកាលីឡេទាំងនេះមានបាបធ្ងន់ជាងអ្នកកាលីឡេទាំងអស់ ដោយសារពួកគេបានរងទុក្ខយ៉ាងដូច្នេះឬ? 3 ទេ មិនមែនទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមិនកែប្រែចិត្តទេ នោះនឹងវិនាសទាំងអស់គ្នាដូច្នោះដែរ។ 4 មួយវិញទៀត តើអ្នករាល់គ្នាគិតថា មនុស្សដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំលើ ហើយសម្លាប់នោះ ពួកគេមានបាបធ្ងន់ជាងមនុស្សទាំងអស់ដែលរស់នៅយេរូសាឡិមឬ? 5 ទេ មិនមែនទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមិនកែប្រែចិត្តទេ នោះនឹងវិនាសទាំងអស់គ្នាដូច្នោះដែរ”។ ពាក្យឧបមាអំពីដើមល្វាគ្មានផ្លែ 6 បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលជាពាក្យឧបមានេះថា៖“បុរសម្នាក់មានដើមល្វាមួយដើមដាំនៅក្នុងចម្ការទំពាំងបាយជូររបស់ខ្លួន។ គាត់មករកផ្លែពីដើមនោះ ប៉ុន្តែរកមិនបានអ្វីសោះ 7 ក៏និយាយនឹងអ្នកថែចម្ការថា: ‘មើល៍! បីឆ្នាំមកហើយ ខ្ញុំមករកផ្លែពីដើមល្វានេះ ប៉ុន្តែរកមិនបានអ្វីសោះ។ ចូរកាប់វាចោលទៅ! ទុកឲ្យវាបង្ខាតទាំងដីធ្វើអី?’។ 8 “ប៉ុន្តែអ្នកថែចម្ការនោះតបនឹងគាត់ថា: ‘លោកម្ចាស់ សូមលោកទុកវាមួយឆ្នាំនេះសិនទៅ ចាំខ្ញុំជីកដីជុំវិញ ហើយដាក់ជីមើល៍ 9 ក្រែងលោវាចេញផ្លែនៅឆ្នាំក្រោយ ប៉ុន្តែបើគ្មានទេ នោះលោកកាប់វាចោលចុះ’”។ ប្រោសស្រ្តីកោងខ្នងឲ្យជា 10 នៅថ្ងៃសប្ប័ទ ព្រះយេស៊ូវកំពុងបង្រៀនក្នុងសាលាប្រជុំមួយ។ 11 ពេលនោះ មើល៍! មានស្ត្រីម្នាក់ដែលមានវិញ្ញាណនៃជំងឺចូលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់មិនបានសោះ។ 12 នៅពេលទតឃើញនាង ព្រះយេស៊ូវក៏ហៅនាងមក ហើយមានបន្ទូលនឹងនាងថា៖“ស្ត្រីអើយ នាងត្រូវបានរំដោះពីជំងឺរបស់នាងហើយ!”។ 13 បន្ទាប់មក ព្រះអង្គទ្រង់ដាក់ព្រះហស្តលើនាង ខ្នងរបស់នាងក៏ត្រូវបានតម្រង់ឡើងភ្លាម ហើយនាងលើកតម្កើងសិរីរុងរឿងដល់ព្រះ។ 14 ប៉ុន្តែអ្នកគ្រប់គ្រងសាលាប្រជុំទើសចិត្ត ពីព្រោះព្រះយេស៊ូវទ្រង់ប្រោសគេឲ្យជានៅថ្ងៃសប្ប័ទ ក៏និយាយនឹងហ្វូងមនុស្សថា៖ “មានប្រាំមួយថ្ងៃដែលត្រូវធ្វើការ ដូច្នេះចូរមកទទួលការព្យាបាលឲ្យជានៅក្នុងថ្ងៃទាំងនោះចុះ! កុំមកក្នុងថ្ងៃសប្ប័ទឡើយ”។ 15 ព្រះអម្ចាស់មានបន្ទូលតបនឹងគាត់ថា៖“មនុស្សមានពុតអើយ! តើអ្នករាល់គ្នាម្នាក់ៗមិនស្រាយគោ ឬលារបស់ខ្លួនចេញពីក្រោល ហើយដឹកទៅឲ្យផឹកទឹកនៅថ្ងៃសប្ប័ទទេឬ? 16 ចំណែកឯស្ត្រីនេះវិញ ជាកូនចៅរបស់អ័ប្រាហាំ ដែលសាតាំងបានចងនាង មើល៍! ដប់ប្រាំបីឆ្នាំមកហើយ តើមិនត្រូវស្រាយនាងឲ្យរួចពីចំណងនេះ នៅថ្ងៃសប្ប័ទទេឬ?”។ 17 នៅពេលព្រះយេស៊ូវមានបន្ទូលដូច្នេះ អស់អ្នកដែលប្រឆាំងនឹងព្រះអង្គក៏ត្រូវអាម៉ាស់មុខ ហើយហ្វូងមនុស្សទាំងមូលក៏អរសប្បាយនឹងអស់ទាំងកិច្ចការដ៏ល្អរុងរឿងដែលកើតឡើងតាមរយៈព្រះអង្គ។ ពាក្យឧបមាអំពីគ្រាប់ពូជម៉ូតាត និងមេម្សៅ 18 បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលថា៖“តើអាណាចក្ររបស់ព្រះប្រៀបដូចជាអ្វី? តើខ្ញុំនឹងប្រៀបប្រដូចអាណាចក្ររបស់ព្រះទៅនឹងអ្វី? 19 គឺដូចជាគ្រាប់ពូជម៉ូតាតមួយ ដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងសួនរបស់ខ្លួន នៅពេលវាដុះឡើង វាក៏ទៅជាដើមឈើមួយហើយបក្សាបក្សីនៅលើអាកាសមកធ្វើសម្បុកតាមមែករបស់វា”។ 20 ព្រះយេស៊ូវមានបន្ទូលទៀតថា៖“តើខ្ញុំនឹងប្រៀបប្រដូចអាណាចក្ររបស់ព្រះទៅនឹងអ្វី? 21 គឺដូចជាមេម្សៅដែលស្ត្រីម្នាក់បានយកមកលាយក្នុងម្សៅបីរង្វាល់រហូតដល់ធ្វើឲ្យម្សៅទាំងមូលដោរឡើង”។ ចូរចូលតាមទ្វារចង្អៀត 22 ព្រះយេស៊ូវយាងកាត់តាមទីក្រុង និងភូមិនានា ទាំងបង្រៀនបណ្ដើរ បន្តធ្វើដំណើរទៅយេរូសាឡិមបណ្ដើរ។ 23 មានមនុស្សម្នាក់ទូលសួរព្រះអង្គថា៖ “ព្រះអម្ចាស់អើយ តើអ្នកដែលបានសង្គ្រោះ មានតិចទេឬ?”។ ព្រះយេស៊ូវមានបន្ទូលនឹងគេថា៖ 24 “ចូរតស៊ូចូលតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនព្យាយាមចូល ប៉ុន្តែនឹងមិនអាចចូលបានទេ។ 25 កាលណាម្ចាស់ផ្ទះក្រោកឡើងបិទទ្វារហើយ នោះអ្នករាល់គ្នាចាប់ផ្ដើមឈរនៅខាងក្រៅ គោះទ្វារ ទាំងនិយាយថា: ‘ព្រះអម្ចាស់អើយ! សូមបើកទ្វារឲ្យយើងខ្ញុំផង!’។ ម្ចាស់ផ្ទះក៏នឹងឆ្លើយមកអ្នករាល់គ្នាថា: ‘យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ’។ 26 ពេលនោះ អ្នករាល់គ្នានឹងចាប់ផ្ដើមនិយាយថា: ‘យើងខ្ញុំធ្លាប់ហូប និងផឹកជាមួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់បង្រៀននៅតាមផ្លូវរបស់យើងខ្ញុំដែរ’។ 27 ប៉ុន្តែម្ចាស់ផ្ទះនឹងនិយាយមកអ្នករាល់គ្នាថា: ‘យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ។ អស់ទាំងអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញពីយើងទៅ!’។ 28 នៅពេលអ្នករាល់គ្នាឃើញអ័ប្រាហាំ អ៊ីសាក យ៉ាកុប និងព្យាការីទាំងអស់នៅក្នុងអាណាចក្ររបស់ព្រះ ប៉ុន្តែអ្នករាល់គ្នាត្រូវបានបោះចោលទៅខាងក្រៅវិញនោះនឹងមានការទួញសោក និងការសង្កៀតធ្មេញនៅទីនោះ។ 29 មានមនុស្សនឹងមកពីទិសខាងកើត ទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង ហើយអង្គុយនៅក្នុងអាណាចក្ររបស់ព្រះ។ 30 មើល៍! មានមនុស្សក្រោយគេដែលនឹងត្រឡប់ជាមុនគេ ហើយមានមនុស្សមុនគេដែលនឹងត្រឡប់ជាក្រោយគេវិញ”។ ព្រះយេស៊ូវ និងហេរ៉ូឌ 31 នៅពេលដដែលនោះ មានពួកផារិស៊ីខ្លះបានចូលមកជិត ទូលព្រះយេស៊ូវថា៖ “សូមលោកចាកចេញពីទីនេះទៅ ដ្បិតហេរ៉ូឌចង់សម្លាប់លោក!”។ 32 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរទៅប្រាប់កញ្ជ្រោងនោះថា មើល៍! ខ្ញុំដេញអារក្សឲ្យចេញ ហើយប្រោសមនុស្សឲ្យជានៅថ្ងៃនេះ និងថ្ងៃស្អែក លុះដល់ថ្ងៃទីបីកិច្ចការរបស់ខ្ញុំនឹងត្រូវបានបង្ហើយ។ 33 យ៉ាងណាមិញ ខ្ញុំត្រូវតែធ្វើដំណើរ នៅថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃខានស្អែកទៀត ដ្បិតព្យាការីមិនអាចត្រូវគេសម្លាប់នៅខាងក្រៅយេរូសាឡិមបានឡើយ! សោកស្ដាយចំពោះយេរូសាឡិម 34 “យេរូសាឡិម យេរូសាឡិមអើយ! អ្នកដែលសម្លាប់បណ្ដាព្យាការី ហើយគប់ដុំថ្មសម្លាប់មនុស្សដែលត្រូវបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនចៅរបស់អ្នក ដូចដែលមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប ប៉ុន្តែអ្នកមិនព្រមទេ។ 35 មើល៍! ផ្ទះរបស់អ្នករាល់គ្នានឹងត្រូវទុកចោល។ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាមិនឃើញខ្ញុំទៀតឡើយ រហូតដល់ពេលវេលានោះមកដល់ ដែលអ្នករាល់គ្នានិយាយថា:‘សូមឲ្យមានព្រះពរដល់ព្រះអង្គដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់’”៕ |