ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ម៉ាថាយ 8 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ម៉ាថាយ 8

មនុស្សឃ្លង់បានបរិសុទ្ធ

1 នៅពេល​ព្រះយេស៊ូវ​យាង​ចុះមក​ពី​ភ្នំ ហ្វូងមនុស្ស​ជាច្រើន​ក៏​ទៅតាម​ព្រះអង្គ​។

2 ពេលនោះ មើល៍! មាន​មនុស្សឃ្លង់​ម្នាក់​បាន​ចូលមកជិត ថ្វាយបង្គំ​ព្រះអង្គ​ទូលថា​៖ “ព្រះអម្ចាស់​អើយ បើសិន​ព្រះអង្គ​សុខចិត្ត ព្រះអង្គ​អាច​ប្រោស​ទូលបង្គំ​ឲ្យបរិសុទ្ធ​បាន”។

3 ព្រះយេស៊ូវ​ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់ ទាំង​មានបន្ទូលថា​៖“ខ្ញុំ​សុខចិត្ត​! ចូរឲ្យ​បានបរិសុទ្ធ​ចុះ”។ ភ្លាមនោះ គាត់​បានបរិសុទ្ធ​ពី​ជំងឺឃ្លង់​។

4 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ត្រូវប្រាកដថា កុំឲ្យ​ប្រាប់​អ្នកណាឡើយ ផ្ទុយទៅវិញ ចូរ​ទៅ​បង្ហាញ​ខ្លួនអ្នក​ដល់​បូជាចារ្យ ហើយ​ថ្វាយ​តង្វាយ​តាម​ដែល​ម៉ូសេ​បាន​បង្គាប់​ចុះ ដើម្បី​ជា​ទីបន្ទាល់​ដល់​គេ”។

ជំនឿរបស់មេទាហានលើមួយរយនាក់

5 នៅពេល​ព្រះអង្គ​យាង​ចូល​ទៅ​កាពើណិម មាន​មេទាហានលើមួយរយនាក់​ចូលមកជិត ទូល​អង្វរ​ព្រះអង្គ

6 ថា៖ “ព្រះអម្ចាស់​អើយ អ្នកបម្រើ​របស់ទូលបង្គំ​ស្លាប់មួយចំហៀងខ្លួន ដេក​នៅ​ផ្ទះ​ទាំង​ឈឺចាប់​យ៉ាងខ្លាំង”។

7 ព្រះយេស៊ូវ​មានបន្ទូល​នឹង​លោក​ថា​៖“ខ្ញុំ​នឹង​ទៅ​ប្រោស​គាត់​ឲ្យជា”។

8 មេទាហានលើមួយរយនាក់​ទូល​តប​ថា៖ “ព្រះអម្ចាស់​អើយ ទូលបង្គំ​មិន​ស័ក្ដិសម​នឹង​ទទួល​ព្រះអង្គ​មក​ក្រោម​ដំបូល​ផ្ទះ​របស់ទូលបង្គំ​ទេ​។ ប៉ុន្តែ​សូម​ព្រះអង្គ​គ្រាន់តែ​មានបន្ទូល​មួយ​ព្រះឱស្ឋ​ប៉ុណ្ណោះ នោះ​អ្នកបម្រើ​របស់ទូលបង្គំ​នឹង​ជាសះស្បើយ​។

9 តាមពិត ទូលបង្គំ​ក៏​ជា​មនុស្ស​នៅ​ក្រោម​អំណាច​គេ ហើយ​មាន​ទាហាន​នៅ​ក្រោម​ទូលបង្គំ​ដែរ​។ ទូលបង្គំ​ប្រាប់​ម្នាក់​ថា​: ‘ទៅ’ គេ​ក៏​ទៅ​; ប្រាប់​ម្នាក់ទៀត​ថា​: ‘មក’ គេ​ក៏​មក​; ហើយ​ប្រាប់​បាវបម្រើ​របស់ទូលបង្គំ​ថា​: ‘ធ្វើ​ការនេះ’ គេ​ក៏​ធ្វើ”។

10 នៅពេល​បាន​ឮ​ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​ស្ងើច រួច​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​មកតាម​ថា៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​មិនដែល​ឃើញ​អ្នកណា​មាន​ជំនឿ​ខ្លាំងបែបនេះ​ក្នុង​អ៊ីស្រាអែល​ឡើយ​។

11 ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​មនុស្ស​ជាច្រើន​នឹង​មក​ពី​ទិសខាងកើត និង​ទិសខាងលិច ហើយ​អង្គុយ​ជាមួយ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​នៅក្នុង​អាណាចក្រស្ថានសួគ៌​។

12 ប៉ុន្តែ​ពួក ‘កូន​នៃ​អាណាចក្រ’ នឹង​ត្រូវបាន​បោះចោល​ទៅក្នុង​សេចក្ដីងងឹត​ខាងក្រៅ​វិញ​។ នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ”។

13 បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​មេទាហានលើមួយរយនាក់​នោះ​ថា៖“អញ្ជើញ​ទៅ​ចុះ ចូរឲ្យ​បាន​សម្រេច​តាមដែល​អ្នក​បាន​ជឿ”។ រីឯ​អ្នកបម្រើ​របស់​លោក​ក៏​ត្រូវបាន​ប្រោសឲ្យជា​នៅ​វេលា​នោះ​ឯង​។

ការប្រោសឲ្យជានៅកាពើណិម

14 នៅពេល​ព្រះយេស៊ូវ​យាង​ចូលក្នុង​ផ្ទះ​របស់​ពេត្រុស ក៏​ទត​ឃើញ​ម្ដាយក្មេក​របស់​ពេត្រុស​កំពុង​ដេក​គ្រុន​។

15 ព្រះអង្គ​ទ្រង់​ពាល់​ដៃ​គាត់ នោះ​គ្រុន​ក៏​ចាកចេញ​ពី​គាត់ ហើយ​គាត់​ក្រោកឡើង ចាប់ផ្ដើម​បម្រើ​ព្រះអង្គ​។

16 លុះដល់​ពេលល្ងាច គេ​នាំ​មនុស្ស​ជាច្រើន​ដែល​មាន​អារក្សចូល មក​រក​ព្រះអង្គ​។ ព្រះអង្គ​ក៏​ដេញ​វិញ្ញាណ​ទាំងនោះ​ឲ្យចេញ​ដោយ​ព្រះបន្ទូល ព្រមទាំង​ប្រោស​អស់អ្នក​ដែល​មានជំងឺ​ឲ្យជា​ផង​។

17 នេះគឺ​ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “លោក​បាន​ទទួលយក​ភាពខ្សោយ​របស់យើង ហើយ​ផ្ទុក​រោគា​របស់យើង​ដែរ”។

ទៅតាមព្រះយេស៊ូវ

18 នៅពេល​ព្រះយេស៊ូវ​ទត​ឃើញ​ហ្វូងមនុស្ស​នៅ​ជុំវិញ​ព្រះអង្គ ព្រះអង្គ​ក៏​បង្គាប់​ឲ្យ​ឆ្លង​ទៅ​ត្រើយម្ខាង​។

19 មាន​គ្រូវិន័យ​ម្នាក់​ចូលមកជិត ទូល​ព្រះអង្គ​ថា​៖ “លោកគ្រូ ទីណាក៏ដោយដែល​លោក​ទៅ ខ្ញុំ​នឹង​ទៅតាម​លោក”។

20 ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“កញ្ជ្រោង​មាន​រូង ហើយ​បក្សាបក្សីនៅលើអាកាស​ក៏​មាន​សម្បុក​ដែរ រីឯ​កូនមនុស្ស​វិញ គ្មាន​កន្លែង​កើយ​ក្បាល​ឡើយ”។

21 ម្នាក់ទៀត​ក្នុង​ពួក​សិស្ស​របស់​ព្រះអង្គ ទូល​ព្រះអង្គ​ថា៖ “ព្រះអម្ចាស់​អើយ សូម​អនុញ្ញាតឲ្យ​ទូលបង្គំ​ទៅ​បញ្ចុះសព​ឪពុក​របស់ទូលបង្គំ​ជាមុនសិន”។

22 ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​មកតាម​ខ្ញុំ​! ទុកឲ្យ​មនុស្សស្លាប់​បញ្ចុះ​មនុស្សស្លាប់​គ្នាគេ​ទៅ”។

ខ្យល់ និងរលកស្ដាប់បង្គាប់

23 នៅពេល​ព្រះយេស៊ូវ​យាង​ចុះ​ទូក ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ទៅតាម​ព្រះអង្គ​។

24 ពេលនោះ មើល៍! មាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង​បាន​កើតឡើង​នៅលើ​បឹង ធ្វើឲ្យ​ទូក​នោះ​ត្រូវ​រលក​គ្របដណ្ដប់ ប៉ុន្តែ​ព្រះយេស៊ូវ​កំពុង​ផ្ទំលក់​។

25 ពួកសិស្ស​ក៏​ចូលទៅជិត ហើយ​ដាស់​ព្រះអង្គ​ឡើង​ដោយ​ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង យើងខ្ញុំ​កំពុង​វិនាស​ហើយ​!”។

26 ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖“មនុស្ស​មានជំនឿតិច​អើយ​! ម្ដេចក៏​អ្នករាល់គ្នា​កំសាក​ម្ល៉េះ​?”។ បន្ទាប់មក​ព្រះអង្គ​ក៏​ក្រោកឡើង ស្ដីឲ្យ​ខ្យល់ និង​រលក ពេលនោះ​មាន​ភាពស្ងប់ស្ងាត់​ឈឹង​។

27 ពួកគេ​ក៏​ភ្ញាក់ផ្អើល ទាំង​និយាយថា​៖ “តើ​លោកនេះ​ជា​មនុស្ស​បែបណា​? សូម្បីតែ​ខ្យល់ និង​រលក​ក៏​ស្ដាប់បង្គាប់​លោក​ដែរ​!”។

ដេញអារក្សនៅគេរ៉ាស៊ីន

28 នៅពេល​ព្រះយេស៊ូវ​យាង​មក​ដល់​ត្រើយម្ខាង គឺ​ដល់​តំបន់​របស់​ពួក​អ្នកកាដារ៉ា មាន​បុរស​ពីរ​នាក់​ដែល​មាន​អារក្សចូល ចេញ​ពី​រូងផ្នូរ​មកជួប​ព្រះអង្គ​។ ពួកគេ​កាចសាហាវ​ណាស់ បានជា​គ្មាន​អ្នកណា​អាច​ឆ្លងកាត់​តាមផ្លូវ​នោះ​បាន​ឡើយ។

29 ពេលនោះ មើល៍! ពួកគេ​ស្រែកឡើង​ថា៖ “​ព្រះបុត្រារបស់ព្រះ​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​យើងខ្ញុំ​? តើ​ព្រះអង្គ​យាង​មក​ទីនេះ​ដើម្បី​ធ្វើទុក្ខ​យើងខ្ញុំ​មុន​ពេលកំណត់​ឬ?”។

30 មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រកស៊ី​នៅ​ឆ្ងាយ​ពី​ពួកគេ​។

31 អារក្ស​ទាំង​នោះ​ទូល​អង្វរ​ព្រះយេស៊ូវ​ថា៖ “បើសិន​ព្រះអង្គ​បណ្ដេញ​យើងខ្ញុំ សូម​ឲ្យ​យើងខ្ញុំ​ទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ទៅ”។

32 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកវា​ថា៖“ទៅ​ចុះ​!” ពួកវា​ក៏​ចេញទៅ ចូល​ក្នុង​ជ្រូក​។ ពេលនោះ មើល៍! ហ្វូង​ជ្រូក​ទាំងមូល​បាន​បោល​ចុះ​តាម​ចំណោតភ្នំ​ទៅក្នុង​បឹង ហើយ​ងាប់​ក្នុង​ទឹក​អស់ទៅ​។

33 ពួក​អ្នក​ចិញ្ចឹម​ជ្រូក​ក៏​រត់គេច ហើយ​ចូលទៅ​ក្នុង​ទីក្រុង ប្រាប់​រឿង​ទាំងអស់ និង​រឿង​ពួក​អ្នក​ដែល​មាន​អារក្សចូល​ដែរ​។

34 ពេលនោះ មើល៍! អ្នក​ក្រុង​ទាំងមូល​ក៏​ចេញមក​ជួប​ព្រះយេស៊ូវ​។ នៅពេល​ឃើញ​ព្រះអង្គ ពួកគេ​ក៏​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ចាកចេញ​ពី​តំបន់​របស់​ពួកគេ៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative