ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 78 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 78

កុំភ្លេចកិច្ចការដ៏អស្ចារ្យរបស់ព្រះ
ទំនុក​ម៉ាស្គីល ​របស់​អេសាភ​។

1 ប្រជាជន​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់​ក្រឹត្យវិន័យ​របស់ខ្ញុំ ចូរ​ផ្ទៀងត្រចៀក​របស់អ្នករាល់គ្នា​នឹង​ពាក្យ​ពី​មាត់​របស់ខ្ញុំ​ចុះ​!

2 ខ្ញុំ​នឹង​បើក​មាត់​របស់ខ្ញុំ​ជា​សុភាសិត ខ្ញុំ​នឹង​ថ្លែង​ប្រស្នា​តាំងពីបុរាណមក

3 ជាសេចក្ដី​ដែល​យើង​ធ្លាប់​ឮ និង​ធ្លាប់​ដឹង ជាសេចក្ដី​ដែល​ដូនតា​របស់យើង​បាន​រៀបរាប់ប្រាប់​ដល់​យើង​។

4 យើង​នឹង​មិន​លាក់​ពី​កូនចៅ​របស់ពួកគាត់​ឡើយ គឺ​យើង​នឹង​រៀបរាប់ប្រាប់​ជំនាន់​ក្រោយ​នូវ​សេចក្ដីសរសើរតម្កើង​នៃ​ព្រះយេហូវ៉ា និង​ឫទ្ធានុភាព​របស់ព្រះអង្គ ព្រមទាំង​កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ​ផង​។

5 ព្រះអង្គ​បាន​ស្ថាបនា​សេចក្ដីបន្ទាល់​ក្នុង​យ៉ាកុប ហើយ​តាំង​ក្រឹត្យវិន័យ​ក្នុង​អ៊ីស្រាអែល ដែល​ព្រះអង្គ​បាន​បង្គាប់​ដូនតា​របស់យើង ឲ្យ​បង្រៀន​ក្រឹត្យវិន័យនោះ​ដល់​កូនចៅ​របស់ពួកគាត់

6 ដើម្បីឲ្យ​ជំនាន់​ក្រោយ គឺ​កូនចៅ​ដែល​នឹង​កើតមក បាន​ស្គាល់ នោះ​ពួកគេ​នឹង​ក្រោកឡើង ហើយ​រៀបរាប់ប្រាប់​កូនចៅ​របស់ពួកគេ​តទៅទៀត​;

7 ធ្វើដូច្នេះ ពួកគេ​នឹង​ដាក់​ការទុកចិត្ត​របស់ពួកគេ​លើ​ព្រះ ហើយ​មិន​ភ្លេច​កិច្ចការ​របស់​ព្រះ​ឡើយ ផ្ទុយទៅវិញ ពួកគេ​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ

8 ហើយ​មិន​បាន​ដូច​ដូនតា​របស់ពួកគេ ដែល​ជា​ជំនាន់​ចចេស និង​បះបោរ ជា​ជំនាន់​ដែល​ចិត្ត​ពួកគាត់​មិន​ស្ថិតស្ថេរ ហើយ​វិញ្ញាណ​ពួកគាត់​មិន​ស្មោះត្រង់​នឹង​ព្រះ​។

9 កូនចៅ​អេប្រាអិម​ជា​ខ្មាន់ធ្នូ​ដែល​បំពាក់អាវុធ បាន​បកក្រោយវិញ​នៅ​ថ្ងៃ​នៃ​សង្គ្រាម​។

10 ពួកគេ​មិន​បាន​រក្សា​សម្ពន្ធមេត្រី​របស់​ព្រះ ហើយ​មិនព្រម​ដើរ​ក្នុង​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។

11 ពួកគេ​ភ្លេច​អ្វីៗដែល​ព្រះអង្គ​បានធ្វើ និង​កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​សម្ដែង​ដល់​ពួកគេ​។

12 នៅចំពោះ​ដូនតា​របស់ពួកគេ ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ​នៅ​ដែនដី​អេហ្ស៊ីប គឺនៅ​វាល​សូអាន​។

13 ព្រះអង្គ​បាន​ញែក​សមុទ្រ ហើយ​ឲ្យ​ពួកគាត់​ឆ្លងកាត់ ព្រមទាំង​ធ្វើឲ្យ​ទឹក​ឈរឡើង​ដូចជា​គំនរ​។

14 ពេលថ្ងៃ ព្រះអង្គ​នាំផ្លូវ​ពួកគាត់​ដោយ​ពពក ហើយ​ពេញវេលាយប់ ព្រះអង្គ​នាំផ្លូវ​ពួកគាត់​ដោយ​ពន្លឺ​ភ្លើង​។

15 ព្រះអង្គ​ទ្រង់​បំបែក​ថ្មដា​នៅ​ទីរហោស្ថាន ហើយ​ឲ្យ​ពួកគាត់​ផឹក ដូចជា​ផឹក​ពី​ទីជម្រៅ​ដ៏បរិបូរ​។

16 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទឹក​ចេញ​ពី​ថ្មដា ហើយ​ធ្វើឲ្យ​ទឹក​ហូរចុះ​ដូច​ទន្លេ​។

17 ប៉ុន្តែ​ពួកគាត់​នៅតែ​បន្ត​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​ទៀត ដោយ​បះបោរ​នឹង​ព្រះ​ដ៏ខ្ពស់បំផុត​នៅ​ទីហួតហែង​។

18 ពួកគាត់​បាន​ល្បងល​ព្រះ​នៅក្នុង​ចិត្ត​របស់ពួកគាត់ ដោយ​ទាមទារ​អាហារ​តាម​ចំណង់​របស់ខ្លួន​។

19 ពួកគាត់​និយាយ​ទាស់នឹង​ព្រះ​ថា​៖ “តើ​ព្រះ​អាច​រៀប​តុអាហារ​នៅ​ទីរហោស្ថាន​បាន​ឬ​?

20 មើល៍! ព្រះអង្គ​បាន​វាយ​ថ្មដា នោះ​ទឹក​ក៏​បាញ់ចេញមក ហើយ​ជ្រោះទឹក​ក៏​ហៀរ ចុះ​ព្រះអង្គ​អាច​ប្រទាន​អាហារ ឬ​រៀបចំ​សាច់​សម្រាប់​ប្រជារាស្ត្រ​របស់ព្រះអង្គ​បាន​ដែរ​ឬ​?”។

21 នៅពេល​ព្រះយេហូវ៉ា​បាន​ឮ ព្រះអង្គ​ទ្រង់​ព្រះពិរោធយ៉ាងខ្លាំង ហើយ​ភ្លើង​បាន​ឆេះឡើង​ទាស់នឹង​យ៉ាកុប សេចក្ដីក្រេវក្រោធ​ក៏​ឆួលឡើង​ទាស់នឹង​អ៊ីស្រាអែល​;

22 ដ្បិត​ពួកគាត់​មិន​បាន​ជឿ​លើ​ព្រះ ហើយ​មិន​បាន​ទុកចិត្តលើ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ឡើយ​។

23 យ៉ាងណាមិញ ព្រះអង្គ​ទ្រង់​បង្គាប់​ពពក​នៅ​ខាងលើ ហើយ​បើក​ទ្វារ​នៃ​មេឃ​;

24 ព្រះអង្គ​បង្អុរ​ម៉ាណា​លើ​ពួកគាត់ ដើម្បីឲ្យ​ពួកគាត់​ហូប ហើយ​ប្រទាន​អាហារ​ពី​ស្ថានសួគ៌​ដល់​ពួកគាត់​។

25 មនុស្ស​បាន​ហូប​នំប៉័ង​របស់​ទូតសួគ៌​; ព្រះអង្គ​បាន​បញ្ជូន​អាហារ​ដល់​ពួកគាត់​ឲ្យ​បាន​ឆ្អែត​។

26 ព្រះអង្គ​បាន​ធ្វើឲ្យ​ខ្យល់ទិសខាងកើត​បក់​នៅ​លើមេឃ ហើយ​នាំផ្លូវ​ខ្យល់ទិសខាងត្បូង​ដោយ​ព្រះចេស្ដា​របស់ព្រះអង្គ

27 ព្រះអង្គ​បង្អុរ​សាច់​លើ​ពួកគាត់​ដូច​ធូលីដី ព្រះអង្គ​បង្អុរ​សត្វស្លាប​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ

28 ក៏​ទម្លាក់​ពួកវា​នៅកណ្ដាល​ជំរំ​របស់ពួកគាត់ នៅ​ជុំវិញ​លំនៅ​របស់ពួកគាត់​។

29 ពួកគាត់​ក៏​ហូប ហើយ​ឆ្អែត​ស្កប់ស្កល់ ដ្បិត​ព្រះអង្គ​បាន​ប្រទាន​ដល់​ពួកគាត់​តាម​ការលោភចង់បាន​របស់ពួកគាត់​។

30 ពេល​ពួកគាត់​មិនទាន់​បែរចេញ​ពី​ការលោភចង់បាន​របស់ខ្លួន ខណៈដែល​អាហារ​នៅតែ​នៅក្នុង​មាត់​របស់ពួកគាត់​នៅឡើយ

31 នោះ​ព្រះពិរោធ​របស់​ព្រះ​បាន​ឆួលឡើង​ទាស់នឹង​ពួកគាត់ ព្រះអង្គ​ក៏​សម្លាប់​ពួក​អ្នកមាំមួន​ក្នុងចំណោម​ពួកគាត់ ហើយ​វាយផ្ដួល​ពួក​មនុស្សកំលោះ​នៃ​អ៊ីស្រាអែល​។

32 ទោះបីជា​មាន​ការទាំងអស់​នេះ​ក៏ដោយ ក៏​ពួកគាត់​នៅតែ​ប្រព្រឹត្តបាប ហើយ​មិន​បាន​ជឿ​លើ​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ឡើយ​។

33 ដូច្នេះ ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ថ្ងៃ​របស់ពួកគាត់​អស់ទៅ​ក្នុង​ភាពឥតន័យ ហើយ​ធ្វើឲ្យ​ឆ្នាំ​របស់ពួកគាត់​អស់ទៅ​ក្នុង​ភាពតក់ស្លុត​។

34 កាលណា​ព្រះអង្គ​សម្លាប់​ពួកគាត់ ទើប​ពួកគាត់​ស្វែងរក​ព្រះអង្គ ក៏​បែរមកវិញ ហើយ​ខំប្រឹងស្វែងរក​ព្រះ​។

35 ពួកគាត់​ក៏​នឹកឃើញ​ថា​ព្រះ​ជា​ថ្មដា​របស់ពួកគាត់ ហើយ​នឹកឃើញ​ថា​ព្រះ​ដ៏ខ្ពស់បំផុត​ជា​ព្រះប្រោសលោះ​របស់ពួកគាត់​។

36 ប៉ុន្តែ​ពួកគាត់​បញ្ជោរ​ព្រះអង្គ​ដោយ​មាត់​របស់ពួកគាត់ ហើយ​ភូតភរ​ព្រះអង្គ​ដោយ​អណ្ដាត​របស់ពួកគាត់

37 រីឯ​ចិត្ត​របស់ពួកគាត់​មិន​នៅស្ថិតស្ថេរ​ចំពោះ​ព្រះអង្គ​ឡើយ ហើយក៏​មិន​ស្មោះត្រង់​នឹង​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ដែរ​។

38 យ៉ាងណាមិញ ព្រះអង្គ​មានសេចក្ដីមេត្តាករុណា​; ព្រះអង្គ​លុបលាង​អំពើទុច្ចរិត​របស់ពួកគាត់ ហើយ​មិន​បាន​បំផ្លាញ​ពួកគាត់​ទេ​។ ព្រះអង្គ​បាន​ទប់​ព្រះពិរោធ​របស់ព្រះអង្គ​ជាច្រើនលើកច្រើនសា គឺ​មិន​បាន​ធ្វើឲ្យ​សេចក្ដីក្រេវក្រោធ​ទាំងអស់​របស់ព្រះអង្គ​ឆួលឡើង​ឡើយ​។

39 ព្រះអង្គ​ទ្រង់​នឹកចាំ​ថា​ពួកគាត់​គ្រាន់តែជា​សាច់​ប៉ុណ្ណោះ ជា​ខ្យល់​ដែល​រសាត់បាត់ទៅ ហើយ​មិន​ត្រឡប់មកវិញ​។

40 ពួកគាត់​បះបោរ​នឹង​ព្រះអង្គ​នៅ​ទីរហោស្ថាន ហើយ​ធ្វើឲ្យ​ព្រះអង្គ​ព្រួយព្រះហឫទ័យ​នៅ​ទីហួតហែង​ញឹកញាប់យ៉ាងណាហ្ន៎​!

41 ពួកគាត់​ល្បងល​ព្រះ​ម្ដងហើយម្ដងទៀត ហើយ​រុកកួន​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។

42 ពួកគាត់​មិន​បាន​នឹកចាំ​អំពី​ព្រះហស្ត​របស់ព្រះអង្គ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​បាន​ប្រោសលោះ​ពួកគាត់​ពី​ខ្មាំងសត្រូវ​ឡើយ

43 កាល​ព្រះអង្គ​បាន​សម្ដែង​ទីសម្គាល់​របស់ព្រះអង្គ​នៅ​អេហ្ស៊ីប និង​បាន​សម្ដែង​ការអស្ចារ្យ​របស់ព្រះអង្គ​នៅ​វាល​សូអាន​។

44 កាលនោះ ព្រះអង្គ​បាន​ធ្វើឲ្យ​ទន្លេ​នានា​របស់អេហ្ស៊ីប​ក្លាយជា​ឈាម ហើយ​ពួកគេ​ផឹក​ពី​ព្រែក​របស់ពួកគេ​មិនបានឡើយ​។

45 ព្រះអង្គ​បាន​ចាត់​ហ្វូងរបោម​ឲ្យមក​ក្នុងចំណោម​ពួកគេ ដែល​ស៊ីបង្ហិន​ពួកគេ ហើយ​ចាត់​កង្កែប​ដែល​បំផ្លាញ​ពួកគេ​។

46 ព្រះអង្គ​បាន​ប្រគល់​ភោគផល​របស់ពួកគេ​ទៅ​ដង្កូវ ហើយ​ប្រគល់​ផលពីការនឿយហត់​របស់ពួកគេ​ទៅ​កណ្ដូប​។

47 ព្រះអង្គ​បំផ្លាញ​ដើមទំពាំងបាយជូរ​របស់ពួកគេ​ដោយ​ដុំទឹកកក ហើយ​បំផ្លាញ​ដើមឧទុម្ពរ​របស់ពួកគេ​ដោយ​សន្សើមកក​។

48 ព្រះអង្គ​បាន​ប្រគល់​ហ្វូងគោ​របស់ពួកគេ​ទៅ​ដុំទឹកកក ហើយ​ប្រគល់​ហ្វូងសត្វស្រុក​របស់ពួកគេ​ទៅ​រន្ទះ​។

49 ព្រះអង្គ​បាន​ចាត់​ព្រះពិរោធ​ដ៏ក្រេវក្រោធ​របស់ព្រះអង្គ សេចក្ដីក្ដៅក្រហាយ សេចក្ដីក្រេវក្រោធ និង​ទុក្ខវេទនា គឺ​កង​ទូតសួគ៌​នៃ​មហន្តរាយ ឲ្យទៅ​ឯ​ពួកគេ​។

50 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ផ្លូវ​រាបស្មើ​សម្រាប់​ព្រះពិរោធ​របស់ព្រះអង្គ ក៏មិន​បាន​សំចៃទុក​ព្រលឹង​របស់ពួកគេ​ពី​សេចក្ដីស្លាប់​ឡើយ គឺ​ព្រះអង្គ​បាន​ប្រគល់​ជីវិត​របស់ពួកគេ​ទៅ​ជំងឺរាតត្បាត​វិញ​។

51 ព្រះអង្គ​បាន​វាយសម្លាប់​អស់ទាំង​កូនច្បង​នៅ​អេហ្ស៊ីប ជា​ផលដំបូង​នៃ​កម្លាំង​ក្នុង​រោង​របស់​ហាំ​។

52 បន្ទាប់មក ព្រះអង្គ​ទ្រង់​នាំ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ចេញដំណើរ​ដូច​ហ្វូងចៀម ហើយ​នាំផ្លូវ​ពួកគាត់​ដូច​ហ្វូងចៀម​នៅ​ទីរហោស្ថាន​។

53 ព្រះអង្គ​បាន​ដឹកនាំ​ពួកគាត់​ដោយ​សុវត្ថិភាព ដើម្បីកុំឲ្យ​ពួកគាត់​ភ័យខ្លាច ប៉ុន្តែ​សមុទ្រ​បាន​គ្របលើ​ខ្មាំងសត្រូវ​របស់ពួកគាត់​វិញ​។

54 ព្រះអង្គ​បាន​នាំ​ពួកគាត់​ទៅ​ដល់​ព្រំប្រទល់​នៃ​ទឹកដី​ដ៏វិសុទ្ធ​របស់ព្រះអង្គ គឺដល់​ភ្នំ​ដែល​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​យកបាន​។

55 ព្រះអង្គ​បាន​បណ្ដេញ​ប្រជាជាតិ​នានា​ចេញ​ពីមុខ​ពួកគាត់ ហើយ​បែងចែក​មរតក​ដល់​ពួកគាត់​ដោយ​ខ្សែរង្វាស់ ក៏​ឲ្យ​បណ្ដា​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល​រស់នៅ​ក្នុង​រោង​របស់ខ្លួន​។

56 យ៉ាងណាមិញ ពួកគាត់​បាន​ល្បងល ហើយ​បះបោរ​នឹង​ព្រះ​ដ៏ខ្ពស់បំផុត ក៏​មិន​បាន​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ឡើយ​។

57 ពួកគាត់​បាន​បកក្រោយ ហើយ​ក្បត់​ដូច​ដូនតា​របស់ពួកគាត់​; ពួកគាត់​បាន​វៀច​ដូច​ធ្នូ​មិនត្រង់​។

58 ពួកគាត់​ធ្វើឲ្យ​ព្រះអង្គ​ក្រេវក្រោធ​ដោយ​ទីខ្ពស់​របស់ពួកគាត់ ហើយ​ធ្វើឲ្យ​ព្រះអង្គ​ប្រច័ណ្ឌ​ដោយ​រូបឆ្លាក់​របស់ពួកគាត់​។

59 នៅពេល​ព្រះ​បាន​ឮ ព្រះអង្គ​ទ្រង់​ព្រះពិរោធយ៉ាងខ្លាំង ហើយ​បោះបង់​អ៊ីស្រាអែល​ចោល​ទាំងស្រុង

60 រហូតដល់​ព្រះអង្គ​បាន​បោះបង់ចោល​ដំណាក់​នៅ​ស៊ីឡូរ ជា​ព្រះពន្លា​ដែល​ព្រះអង្គ​បាន​គង់នៅ​ក្នុងចំណោម​មនុស្សជាតិ​។

61 ព្រះអង្គ​បាន​ប្រគល់​ឫទ្ធានុភាព​របស់ព្រះអង្គ​ទៅក្នុង​ភាពជាឈ្លើយសឹក ក៏​បាន​ប្រគល់​សិរីរុងរឿង​របស់ព្រះអង្គ​ទៅក្នុង​កណ្ដាប់ដៃ​របស់​ខ្មាំងសត្រូវ​។

62 ព្រះអង្គ​ក៏​ប្រគល់​ប្រជារាស្ត្រ​របស់អង្គទ្រង់​ទៅ​មុខដាវ ហើយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធយ៉ាងខ្លាំង​ចំពោះ​មរតក​របស់ព្រះអង្គ​។

63 ភ្លើង​បាន​ស៊ីបំផ្លាញ​ពួក​មនុស្សកំលោះ​របស់ពួកគេ ហើយ​ពួក​ស្ត្រីព្រហ្មចារី​របស់ពួកគេ​ក៏​បាត់​ចម្រៀងអាពាហ៍ពិពាហ៍​។

64 ពួក​បូជាចារ្យ​របស់ពួកគេ​បាន​ដួល​ដោយ​មុខដាវ ហើយ​ពួក​ស្ត្រីមេម៉ាយ​របស់ពួកគេ​ក៏​មិន​យំសោក​ឡើយ​។

65 ពេលនោះ ព្រះអម្ចាស់​របស់ខ្ញុំ​តើនឡើង​ដូច​ភ្ញាក់ពីដំណេក ដូច​មនុស្ស​ខ្លាំងពូកែ​ស្រែកយ៉ាងខ្លាំង​ដោយព្រោះ​ស្រា​។

66 ព្រះអង្គ​វាយ​ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​ឲ្យថយទៅវិញ ក៏​បន្ថែម​សេចក្ដីអាម៉ាស់​អស់កល្បជានិច្ច​ដល់​ពួកគេ​។

67 ព្រះអង្គ​ទ្រង់​បដិសេធ​រោង​របស់​យ៉ូសែប ហើយ​មិន​បាន​ជ្រើសរើស​កុលសម្ព័ន្ធ​អេប្រាអិម​ឡើយ

68 ផ្ទុយទៅវិញ ព្រះអង្គ​បាន​ជ្រើសរើស​កុលសម្ព័ន្ធ​យូដា គឺ​ភ្នំ​ស៊ីយ៉ូន​ដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​។

69 ព្រះអង្គ​បាន​សាងសង់​ទីវិសុទ្ធ​របស់ព្រះអង្គ ឲ្យដូច​កំពូលខ្ពស់​នានា ឲ្យដូច​ផែនដី​ដែល​ព្រះអង្គ​បាន​តាំងឡើង​ឲ្យនៅ​ជារៀងរហូត​។

70 ព្រះអង្គ​ទ្រង់​ជ្រើសរើស​ដាវីឌ​បាវបម្រើ​របស់ព្រះអង្គ ហើយ​យក​គាត់​ចេញ​ពី​ក្រោល​ចៀម

71 គឺ​យក​គាត់​ចេញ​ពី​ការមើលថែ​មេចៀមបំបៅកូន ឲ្យ​ឃ្វាល​យ៉ាកុប​ជា​ប្រជារាស្ត្រ​របស់ព្រះអង្គ និង​អ៊ីស្រាអែល​ជា​មរតក​របស់ព្រះអង្គ​។

72 ដូច្នេះ ដាវីឌ​ក៏​ឃ្វាល​ពួកគេ​ដោយ​សេចក្ដីគ្រប់លក្ខណ៍​នៃ​ចិត្ត​របស់គាត់ ហើយ​ដឹកនាំ​ពួកគេ​ដោយ​ថ្វីដៃ​របស់គាត់​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative