ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 68 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 68

សរសើរតម្កើងព្រះចេស្ដា និងអានុភាពរបស់ព្រះ
ចម្រៀង​មួយ ជា​បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 សូមឲ្យ​ព្រះ​ក្រោកឡើង សូមឲ្យ​ខ្មាំងសត្រូវ​របស់ព្រះអង្គ​ត្រូវបាន​កម្ចាត់កម្ចាយ សូមឲ្យ​អ្នកដែល​ស្អប់​ព្រះអង្គ​រត់គេច​ពី​ព្រះភក្ត្រ​របស់ព្រះអង្គ​។

2 សូមឲ្យ​ព្រះអង្គ​ផាត់​ពួកគេ​ទៅ ដូច​ផាត់​ផ្សែង សូមឲ្យ​មនុស្ស​អាក្រក់​វិនាស​នៅចំពោះ​ព្រះ ដូច​ក្រមួន​រលាយ​នៅចំពោះ​ភ្លើង​។

3 ផ្ទុយទៅវិញ សូមឲ្យ​មនុស្ស​សុចរិត​អរសប្បាយ និង​អបអរ​នៅចំពោះ​ព្រះ សូមឲ្យ​គេ​រីករាយ​ដោយ​អំណរ​ចុះ​!

4 ចូរ​ច្រៀង​ទៅកាន់​ព្រះ ចូរ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ ចូរ​លើកតម្កើង​ព្រះអង្គដែល​ជិះ​លើ​ពពក​; ព្រះនាម​របស់ព្រះអង្គ​គឺ​យេហូវ៉ា​; ចូរ​លោតកញ្ឆេង​នៅចំពោះ​ព្រះអង្គ​ចុះ​!

5 ព្រះ​ដែលគង់នៅ​ក្នុង​ដំណាក់​ដ៏វិសុទ្ធ​របស់ព្រះអង្គ ជា​ឪពុក​ដល់​កូនកំព្រា និង​ជា​ចៅក្រម​ដល់​ស្ត្រីមេម៉ាយ​។

6 ព្រះ​ទ្រង់​ឲ្យ​មនុស្ស​ឯកោ​រស់នៅ​ក្នុង​ផ្ទះ​វិញ ព្រះអង្គ​ទ្រង់​នាំ​អ្នកទោស​ចេញមក ហើយឲ្យចូល​ក្នុង​សេរីភាព រីឯ​មនុស្ស​បះបោរ​រស់នៅ​ទឹកដីហួតហែង​។

7 ឱ​ព្រះ​អើយ នៅពេល​ព្រះអង្គ​យាង​ចេញ​នៅមុខ​ប្រជារាស្ត្រ​របស់ព្រះអង្គ នៅពេល​ព្រះអង្គ​ទ្រង់​យាត្រា​កាត់​ទីរហោស្ថាន សេឡា

8 ពេលនោះ ផែនដី​បាន​រញ្ជួយ ផ្ទៃមេឃ​បាន​បង្អុរភ្លៀង នៅចំពោះ​ព្រះ គឺ​ព្រះអង្គ​នៃ​ភ្នំ​ស៊ីណាយ នៅចំពោះ​ព្រះ គឺ​ព្រះ​នៃ​អ៊ីស្រាអែល​។

9 ឱ​ព្រះ​អើយ ព្រះអង្គ​បង្អុរ​ភ្លៀង​យ៉ាងបរិបូរ​; នៅពេល​មរតក​របស់ព្រះអង្គ​ចុះខ្សោយ ព្រះអង្គ​ស្ដារ​វា​ឡើងវិញ​!

10 សហគមន៍​របស់ព្រះអង្គ​រស់នៅ​ទីនោះ ឱ​ព្រះ​អើយ ព្រះអង្គ​បាន​ផ្គត់ផ្គង់​មនុស្ស​ទ័លក្រ​ក្នុង​សេចក្ដីល្អ​របស់ព្រះអង្គ​!

11 ព្រះអម្ចាស់​ប្រទាន​ព្រះបន្ទូល​; ពួកស្ត្រីដែល​ប្រកាសដំណឹងល្អ​ជា​ក្រុម​ដ៏ធំ​។

12 ពួកនាងប្រកាសថា​៖ “បណ្ដា​ស្ដេច​នៃ​កងទ័ព​រត់គេច​ហើយ ពួកគេ​រត់គេច​ហើយ​! ស្ត្រីៗ​ដែល​នៅ​ផ្ទះ​ចែក​ជ័យភណ្ឌ

13 ទោះបីជា​អ្នករាល់គ្នា​ដែលជាប្រុស ដេក​ក្នុង​ក្រោលចៀម​ក៏ដោយ​។ ស្លាប​របស់​សត្វព្រាប​ជាជ័យភណ្ឌ ត្រូវបាន​ស្រោប​ដោយ​ប្រាក់ ហើយ​ចំអេងស្លាប​របស់វា​ត្រូវបាន​ស្រោប​ដោយ​មាស​រលោង​!”។

14 កាលណា​ព្រះដ៏មានព្រះចេស្ដា​កម្ចាត់កម្ចាយ​ពួក​ស្ដេច​ក្នុង​ស្រុក សូមឲ្យ​សដូចហិមៈ​នៅ​សាលម៉ូន​។

15 ភ្នំ​បាសាន​ជា​ភ្នំ​របស់​ព្រះ ភ្នំ​បាសាន​ជា​ភ្នំ​ដែល​មាន​កំពូលច្រើន​។

16 ភ្នំ​មាន​កំពូលច្រើន​អើយ ហេតុអ្វីបានជា​ពួកអ្នក​សម្លឹងមើលទៅ​ភ្នំ​ដែល​ព្រះ​សព្វព្រះហឫទ័យ​គង់នៅ ដោយច្រណែន​ដូច្នេះ​? ជាការពិត ព្រះយេហូវ៉ា​នឹង​គង់នៅ​ជាដរាប​។

17 រទេះចម្បាំង​របស់​ព្រះ​មាន​រាប់លានរាប់កោដិ​; ព្រះអម្ចាស់​របស់ខ្ញុំ​គង់​នៅក្នុងចំណោម​ពួកគេ ដូចនៅភ្នំ​ស៊ីណាយ គឺ​នៅក្នុង​ទីវិសុទ្ធ​។

18 ព្រះអង្គ​បាន​យាង​ឡើងទៅ​ស្ថានដ៏ខ្ពស់ ទាំង​ចាប់​ឈ្លើយសឹក​នាំទៅ ព្រះអង្គ​បាន​ទទួល​អំណោយ​ពី​មនុស្ស គឺ​សូម្បីតែ​ពី​មនុស្ស​បះបោរ ដើម្បីឲ្យ​ព្រះយេហូវ៉ា​ជា​ព្រះ​បាន​គង់នៅ​ទីនោះ​!

19 សូមឲ្យ​មានព្រះពរ​ដល់​ព្រះអម្ចាស់ ដែល​ផ្ទុកបន្ទុក​ជំនួស​យើង​ជា​រៀងរាល់ថ្ងៃ​; ព្រះ​ជា​សេចក្ដីសង្គ្រោះ​របស់យើង​។ សេឡា

20 ព្រះ​របស់​យើង​ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ ហើយ​ការរួច​ពី​ស្លាប់​ក៏​ជារបស់​ព្រះអម្ចាស់​យេហូវ៉ា​ដែរ​។

21 ប្រាកដមែន ព្រះ​នឹង​វាយកម្ទេច​ក្បាល​ខ្មាំងសត្រូវ​របស់ព្រះអង្គ គឺ​ក្រយៅក្បាល​ដែលពេញដោយសក់ របស់​អ្នកដែល​ដើរ​ក្នុង​បាប​របស់ខ្លួន​។

22 ព្រះអម្ចាស់​របស់ខ្ញុំ​មានបន្ទូលថា​៖ “យើង​នឹង​យក​គេ​ពី​បាសាន​មកវិញ យើង​នឹង​យក​គេ​ពី​ជម្រៅ​សមុទ្រ​មកវិញ

23 ដើម្បីឲ្យ​ជើង​អ្នក​បាន​ជ្រលក់​នៅក្នុង​ឈាម ហើយ​អណ្ដាត​របស់​ឆ្កែ​អ្នក​ក៏មាន​ចំណែក​របស់វា​ពី​ពួក​ខ្មាំងសត្រូវ​ដែរ”។

24 ឱ​ព្រះ​អើយ គេ​បាន​ឃើញ​ក្បួនដង្ហែ​របស់ព្រះអង្គ ជា​ក្បួនដង្ហែ​របស់​ព្រះ​នៃទូលបង្គំ ជា​ព្រះមហាក្សត្រ​នៃទូលបង្គំ ដែលចូល​ទៅក្នុង​ទីវិសុទ្ធ

25 គឺ​អ្នក​ច្រៀង​នៅខាងមុខ អ្នក​លេងភ្លេង​នៅខាងក្រោយ ក៏​មាន​ស្ត្រីព្រហ្មចារី​វាយក្រាប់​នៅក្នុងចំណោម​ពួកគេដែរ​។

26 ចូរ​ថ្វាយពរ​ព្រះ​នៅក្នុង​អង្គប្រជុំ អ្នកដែល​ចេញពី​ប្រភពទឹក​នៃ​អ៊ីស្រាអែល​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!

27 នៅ​ទីនោះ​មាន​បេនយ៉ាមីន​ជា​កូនពៅ​ដែល​ដឹកនាំ​ពួកគេ ពួក​មេដឹកនាំ​នៃ​យូដា​និង​អង្គប្រជុំ​របស់ពួកគេ ពួក​មេដឹកនាំ​នៃ​សាប់យូឡូន និង​ពួក​មេដឹកនាំ​នៃ​ណែបថាលី​។

28 ព្រះ​របស់អ្នក​បាន​បង្គាប់ឲ្យ​អ្នក​មាន​កម្លាំង​។ ឱ​ព្រះ​អើយ សូម​សម្ដែងព្រះចេស្ដា​ដែល​ព្រះអង្គ​បាន​ប្រោស​ដល់​យើងខ្ញុំ​ផង​!

29 បណ្ដា​ស្ដេច​នាំ​តង្វាយ​មក​ថ្វាយ​ព្រះអង្គ ដោយសារតែ​ព្រះវិហារ​របស់ព្រះអង្គ​នៅ​យេរូសាឡិម​។

30 ចូរ​ស្ដីបន្ទោស​សត្វព្រៃ​ដែលនៅត្រង់​គុម្ពបបុស និង​ហ្វូង​គោបា​ក្នុងចំណោម​កូនគោ​របស់​បណ្ដាជន​; ចូរ​ជាន់ឈ្លី​អ្នកដែល​ចូលចិត្ត​ដុំ​ប្រាក់ ចូរ​កម្ចាត់កម្ចាយ​ប្រជាជន​ដែល​ចូលចិត្ត​សង្គ្រាម​។

31 រាជទូត​នឹង​មក​ពី​អេហ្ស៊ីប​; អេត្យូពី​នឹង​ប្រញាប់​លាត​ដៃ​របស់ខ្លួន​ទៅ​ព្រះ​។

32 អាណាចក្រ​ទាំងឡាយ​នៅលើ​ផែនដី​អើយ ចូរ​ច្រៀង​ទៅកាន់​ព្រះ ចូរ​ច្រៀងសរសើរតម្កើង​ព្រះអម្ចាស់​ចុះ​! សេឡា

33 ចូរច្រៀងសរសើរតម្កើងព្រះអង្គ​ដែល​ជិះ​លើ​បណ្ដាមេឃ គឺ​បណ្ដាមេឃ​តាំងពីបុរាណ​! មើល៍! ព្រះអង្គ​បញ្ចេញ​ព្រះសូរសៀង ជា​ព្រះសូរសៀង​ដ៏ខ្លាំងក្រៃលែង​!

34 ចូរ​ថ្វាយ​ព្រះចេស្ដា​ដល់​ព្រះ​; អានុភាព​របស់ព្រះអង្គ​នៅលើ​អ៊ីស្រាអែល ហើយ​ព្រះចេស្ដា​របស់ព្រះអង្គ​នៅក្នុង​ពពក​។

35 ឱ​ព្រះ​អើយ ព្រះអង្គ​គួរឲ្យស្ញែងខ្លាច​ពី​ទីវិសុទ្ធ​របស់ព្រះអង្គ​! គឺ​ព្រះ​នៃ​អ៊ីស្រាអែល​ហើយ ដែល​ប្រទាន​កម្លាំង និង​អំណាច​ដល់​ប្រជារាស្ត្រ​។ សូមឲ្យ​មានព្រះពរ​ដល់​ព្រះ​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative